​ភ្នំពេញៈ ដោយ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩២ សហព័ន្ធ​កីឡា​ប៊ូល ​និង​ប៉េតង់​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់លោក សុខ អាន នាពេល​នោះបាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​ការ​លេង​បែប​កម្សាន្ត​ ដើម្បី​បញ្ចេញ​ញើស​ និង​បាយ​បាន​ទៅជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ដណ្តើមយក​មេដាយ​ជូន​ជាតិ បន្ទាប់ពី​ក្រុម​នេះ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ ​២០០១ នៅ​ប្រទេស​ម៉ាឡេស៊ី​។​


​នៅក្នុង​ដំណើរ​ការងារ​រយៈ​​ពេល​ ៧​ អាណត្តិ ចាប់តាំងពី​ឆ្នាំ​ ១៩៩២ រហូតមកទល់​បច្ចុប្បន្ន សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​​កម្ពុជា​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ជូន​ប្រ​ទស​ជាតិ​ច្រើនជាងគេ គឺ​គិត​ត្រឹម​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ ​២០២៣ សហព័ន្ធ​នេះ​បាន​មេដាយ​សរុប​ចំនួន​ ៤១៣ ក្នុងនោះ​មាន​មេដាយមាស ​១១៧ ប្រាក់ ១៤៥ និង​សំរឹទ្ធ​ចំនួន ​១៥១​។​

​ជាមួយនឹង​លទ្ធផល​ដ៏​ត្រចះ​​ត្រចង់​នេះ ក្រុម​ប៉េតង់​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ល្អៗ​ជាច្រើន​ដែល​ធ្វើឱ្យមាន​ភាព​ល្បី​រន្ទឺ​ខ្លាំង​លើ​ឆាក​អន្តរជាតិ ជាពិសេស​ការ​ឈ្នះ​បាន​មេដាយមាស​ចំនួន ​៥​ លើក​ជាប់ៗ​គ្នា​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ក្នុងការ​ប្រកួត​ជើង​ឯក​ពិភពលោក ដោយ​ក្នុងនោះ​វីរ​កីឡាការិនី កែ ឡេង ដែល​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ​ ២០២០ បានឈ្នះ​ចំនួន​ ៤​ លើក​ជាប់ៗ​គ្នា ហើយ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះ​បន្ថែម ​១​ លើក​ទៀត សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។​


​ទោះបីជា​យ៉ាងណា ការមិនអាច​ដណ្តើមបាន​មេដាយមាស គឺ​បាន​ត្រឹម​មេដាយប្រាក់​ ៦ និង​មេដាយ​សំរឹទ្ធ​ ៤ ក្នុងនាម​ជា​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ បានក្លាយ​ជាការ​បរាជ័យ​មួយ​ដែល​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា មិនអាច​សម្រេច​គោលដៅ​ដ៏​ធំ​របស់ខ្លួន​តាម​ការដាក់​សម្ទុះ​មេដាយមាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC​។ បញ្ហា​នេះ រួមទាំង​ចំណុច​ខ្វះខាត​មួយចំនួនទៀត ត្រូវបាន​ថ្នាក់ដឹកនាំ​សហព័ន្ធ លើក​យកមក​ពិភាក្សា ហើយ​បានកំណត់​នូវ​ផែនការ និង​ទិសដៅ​ជាក់លាក់​ដើម្បី​ពង្រឹង​ចំណុច​ខ្វះខាត​ទាំងនោះ​ឱ្យមាន​ភាពប្រសើរ​វិញ​។​

​តាម​ខ្លឹមសារ​ដែល​ត្រូវបាន​បង្ហាញ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ ឆ្នាំ​ ២០២៤ ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​​កម្ពុជា​នៅ​ទីស្នាក់ការ​គណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី ​២០ ខែមករា បានឱ្យដឹងថា នៅ​ឆ្នាំ​ ២០២៤ ​នេះ សហព័ន្ធ​នឹង​ពង្រីក​ខ្ទង់ចំណាយ​រហូត​ជាង​ ២៨​ ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ការងារ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​កម្រិត​ខ្ពស់​។​


​លោក​ សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និបាត​នោះ​ថា​៖ «​ក្នុង​ឆ្នាំ​ ២០២៤​ នេះ យើង​នឹង​ជំរុញ​និង​ពង្រឹង​សហព័ន្ធ​របស់​យើង​ដោយ​យើង​ត្រូវចំ​ណាយ​ច្រើន​រហូតដល់ ១ ១៤៥​ លាន​រៀល ​(​ជាង​ ២៨ ​ម៉ឺន​ដុល្លារ​អាមេរិក​)​ ក្នុងនោះ​យើង​បាន​បង្កើន​ការងារ​បណ្តុះបណ្តាល​តាម​បច្ចេកទេស​ថ្មី​របស់​យើង​ពី​ ៥​ ភាគរយ​ កាលពី​ឆ្នាំមុន​ទៅ​ ២០ ភាគរយ​នៅ​ឆ្នាំនេះ ចំណែក​ការ​ប្រកួត​ក្នុងប្រទេស​ប្រហែល​ ៣៤ ​ភាគរយ​ និង​ប្រកួត​នៅក្រៅ​ប្រ​ទេស​ ៣២ ​ភាគរយ ខណៈពេល​នេះ​យើង​មាន​ចំណូល​ក្នុង​ដៃ​សល់​ពី​ឆ្នាំមុន​ ១៤៥​ លាន​រៀល​គឺ​នៅ​ខ្វះ​ចូល​ ១​ ពាន់​លាន​រៀល​ទៀត​»​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សុខ សូ​កាន បានឱ្យដឹង​ទៀតថា ឆ្នាំនេះ សហព័ន្ធ នឹង​ផ្តល់​អាទិភាព​ទៅលើ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​គឺ​សមាគម សម្ព័ន្ធ និង​ក្លិប​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ការពង្រឹង​លើ​ការ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​បច្ចេក​ទេស និង​យុទ្ធសាស្ត្រ ក្នុងពេល​ប្រកួត​ជា​ចំណុច​អាទិភាព​ចម្បង​ជាងគេ ដោយសារ​ប្រទេស​នៅក្នុង​តំបន់​ពេលនេះ មាន​សមត្ថ​ភាពកើនឡើង​គួរឱ្យកត់សម្គាល់​។​

​ចំពោះ​ចំណុច​នេះ លោក សូ​កាន បញ្ជាក់ថា​៖ «​ឆ្លងកាត់​ការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ យើង​បានឃើញ​ច្បាស់​ទាំងអស់គ្នា​នូវ​ការកើនឡើង​នៃ​សមត្ថភាព​គូប្រកួត​របស់​យើង​នៅក្នុង​តំបន់​ គឺ​បច្ចេកទេស​លេង​របស់គាត់​មានការ​កើនឡើង​គួរឱ្យ​ចាប់​អា​​រ​ម្មណ៍ ហេតុដូច្នេះ​បានជា​សហ​ព័ន្ធ​សម្រេច​ថា នៅ​ឆ្នាំនេះ យើង​ចាំបាច់​ត្រូវតែ​បង្កើន​បច្ចេកទេស​កម្រិត​ខ្ពស់​របស់​យើង​គឺ​ការជំរុញ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​​ទេស ហើយ​ក្នុងនោះដែរ រាល់​វិញ្ញាសា​ប្រឡង​ធ្វើតេស្ត​ប្រចាំខែ យើង​នឹង​បញ្ចូល​វិញ្ញាសា​ថ្មី​បន្ថែម​ទៅលើ​វិញ្ញាសា​ចាស់ រួច​ទើប​ធ្វើការ​ថ្លឹងថ្លែង​ការផ្តល់​ពិន្ទុ​សម្រាប់​វិញ្ញាសា​ទាំងនោះ​»​។​

​ជាមួយ​ផែនការ​នេះ សហព័ន្ធ នឹង​ចេញ​វិញ្ញាបនបត្រ​សម្រាប់​គ្រូបង្វឹក​ ៣​ កម្រិត​គឺ​កម្រិត ​C សំដៅលើ​គ្រូបង្វឹក​ដែល​អាច​រៀបចំ​ការប្រកួត​បាន ចំណែក​កម្រិត​B​ជា​គ្រូបង្វឹក អាច​រៀបចំ​ការប្រកួត​បាន​ហើយ​និង​ចេះ​ធ្វើ​បទ​បង្ហាញ​ដល់​កូនសិស្ស​ពី​របៀប​បោះ​ប៊ូល និង​ចូល​ប៊ូល​ទៀត រីឯ​កម្រិត​ A ជា​កម្រិត​ខ្ពស់​ជាងគេ​នោះ គឺ​គ្រូបង្វឹក ត្រូវតែ​ចេះ​រៀបចំ​ការប្រកួត​ផង ចេះ​ធ្វើ​បទ​បង្ហាញ​ផង​និង​ចេះ​វិភាគ​ប៊ូល​ទៀត​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ឱ្យ​ត្រូវ​ក្នុង​ការលេង ហើយ​លក្ខ​ខណ្ឌ​នៃ​បទ​ប្បញ្ញត្តិ​នៃ​ការបណ្តុះ​បណ្តាល​នេះ ត្រូវបាន​ទទួលស្គាល់ និង​ឯកភាព​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា​រួចហើយ​។​

​យ៉ាងណាក៏ដោយ ជាមួយ​ផែនការ​បណ្តុះបណ្តាល​បច្ចេក​ទេស​គ្រូបង្វឹក​កម្រិត​ខ្ពស់​នេះ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បណ្តុះបណ្តាល​បាន​គ្រូបង្វឹក​កម្រិត​ A ចំនួន​ ៧​ នាក់ និង​គ្រូបង្វឹក​កម្រិត B ចំនួន​ ៣​ នាក់​ហើយ ដោយ​អ្នក​ទាំង​ ១០ ​នេះ ត្រូវ​បានប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​នៅក្នុង​ស​ន្និ​បាត​កាលពី​ថ្ងៃទី​ ២០ ខែមករា​រួចហើយ​។​ ជាមួយគ្នា​នោះ​សហ​​ព័ន្ធ​ក៏បាន​តែងតាំង​ទីប្រឹក្សា​ចំនួន ​៦​ នាក់​បន្ថែមទៀត​ជា​ឥស្សរជន​ឆ្នើមៗ​ដែល​បាន​លះបង់ និង​រួម​ចំណែក​ជួយ​វិស័យ​កីឡា​ប៉េតង់​កម្ពុជា ជាច្រើន​ឆ្នាំកន្លងមក​។​

​ចំពោះ​គម្រោង​បណ្តុះបណ្តាល​បន្ទាប់​លោក សុខ សូ​កាន បាន​បញ្ជាក់ថា​៖ «​ចាប់ពី​ខែកុម្ភៈ ក្នុង​ឆ្នាំ​ ២០២៤​ នេះ សហព័ន្ធ នឹង​ចុះទៅ​បណ្តុះបណ្តាល​គ្រូបង្វឹក នៅតាម​ខេត្ត ព្រមទាំង​ប្រឡង​ធ្វើតេស្ត​ចេញ​វិញ្ញាបនបត្រ​គ្រូបង្វឹក​កម្រិត ​C​ មុនគេ រួច​ទើប​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កម្រិត B និង​កម្រិត​ A ទៅដល់​គ្រូបង្វឹក​នៅតាម​ខេត្ត​ដើម្បីឱ្យ​ពួកគាត់​បាន​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​ប៉េតង់​របស់​យើង​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជាមួយគ្នា​»​។​

​បន្ថែម​លើ​នេះ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ក៏បាន​ផ្តោតទៅលើ​ការពង្រឹង​ទិសដៅ​ការងារ​ជា​អាទិភាព​ចំនួន​ ៣​ ទៀតផង​ដែរ គឺ​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជាមួយ​សម្ព័ន្ធ​ក្លិប​នៅ​បណ្ដា​រាជធានី​-​ខេត្ត​,​ការ​បន្ត​ចូលរួម​ការប្រកួត​អន្តរជាតិ និង​ជំរុញ​ការប្រកួត​ក្នុងប្រទេស ពិសេស​កម្រិត​ខេត្ត​សម្ព័ន្ធ និង​ក្លិប​ព្រមទាំង​ពង្រីក​វិសាលភាព​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

​នៅក្នុង​សន្និបាត​នោះដែរ​លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែលជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​គាំទ្រ​ឱ្យមាន​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត ​A, B និង​កម្រិត ​C នៅតាម​ខេត្ត និង​តាម​ភូមិភាគ​នេះ ដោយ​លោក​លើកឡើងថា នេះ​ជា​កាយវិការ​មួយ​ដ៏​ល្អ​ក្នុង​ការបង្កើត​ធនធានមនុស្ស​ចាក់​​ចូលដល់​ថ្នាក់ក្រោម​ជាតិ​។ 

​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ស សុខា បន្ថែមថា​៖ «​ខ្ញុំ​គិតថា ការដាក់ទុន​នេះ​នឹង​អាច​ទទួលបាន​ផល​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ ៥ ​ឬ​ ៦ ​ឆ្នាំ​ខាងមុខ ហើយ​បើទោះជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​វិស័យ​ប៊ូល និង​ប៉េតង់​របស់​យើង វា​មិនទាន់​ល្អ​ដូច​អ្វីដែល​យើង​ចង់បាន ប៉ុន្តែ​វា​នៅតែ​ជា​ប្រភេទ​កីឡា​មួយ​ដែល​យើង​មានលទ្ធភាព​ក្នុងការ​បង្ហាញ​អន្តរជាតិ​ថា កម្ពុជា​គឺ​នៅ​នឹង​ដដែល​។ តែ​ក៏​ដល់​បន្ទាត់​ក្រហម​ដែល​យើង​គួរតែ​ពិនិត្យ​ក្នុង​ការធ្វើ​កំណែ​ទម្រង់​ដើម្បី​សម្រួច និង​ពង្រឹងស្មារតី​គឺ​ពង្រឹង​ទាំង​គុណភាព​និង​បរិមាណ​គ្រប់​សមាគម​ក្លិប​ទាំងអស់​»​។​

​ជាមួយគ្នា​នោះ លោក ស សុខា ក៏បាន​អបអរសាទរ​ពីរ​បាយ​ការណ៍​ប្រចាំឆ្នាំ​ ២០២៣ ដែល​សម្រេចបាន​សមិទ្ធ​ផល​ជាច្រើន​តាម​ផែនការ​សកម្មភាព និង​ទិសដៅ​ដែល​សហព័ន្ធ​បានកំណត់ ពិសេស​ភាពជោគជ័យ​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​-អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣​។ តែ​ទោះបីជា​យ៉ាងណា លទ្ធផល​មួយចំនួន​លោក​មើលឃើញថា នៅ​មិនទាន់​ឆ្លើយតប​នឹង​ការចង់បាន​នៅឡើយ​ទេ ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ និង​កែលម្អ ធ្វើ​ម៉េច​ឱ្យ​សហព័ន្ធ​ដំណើរការ​រលូន និង​ល្បីល្បាញ​ដូច​វីរ​កីឡាករ វីរ​កីឡាការិនី​ជំនាន់​មុន​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី បាន​បញ្ជាក់ថា​៖«​យើង​ត្រូវ​ទទួលស្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បណ្ដា​ប្រទេសជិតខាង​របស់​យើង គេ​រីកចម្រើន ឯ​យើង​មាន​កម្រិត​មួយ​ដែល​កំពុង​ធ្លាក់​បន្ដិច​។ អ៊ីចឹង​សូមឱ្យ​ពិនិត្យ​ទៅលើ​ចំណុច​ខ្វះខាត​នេះ ហើយ​សូមឱ្យ​កីឡាករ កីឡាការិនី​ទាំងអស់​គោរព​ទៅតាម​វិន័យ និង​ការណែនាំ​របស់​សហព័ន្ធ និង​សមាគម​ក្លិប ព្រោះ​មែនទែនទៅ​សហព័ន្ធ ដូចជា​អ្នក​សម្រប​សម្រួល​មួយ ឯ​ការបណ្ដុះបណ្ដាល និង​ការគ្រប់គ្រង​ធនធាន​ទាំងអស់ គឺ​សមាគម​​ក្លិប ជា​តួអង្គ​សំខាន់ ហេតុនេះ​ការពង្រឹង​វិន័យ​ហ្វឹក​ហាត់​ជា​រឿង​សំខាន់ រីឯ​គ្រូបង្វឹក​ជម្រើសជាតិ​ត្រូវតែមាន​ភាពម៉ឺងម៉ាត់​ជាមួយ​កីឡាករ កីឡា​ការិនី​»​។​

​បន្ថែម​លើ​នេះ លោក ស សុខា បានផ្តល់​ជា​អនុសាសន៍​ចំនួន ​៧ ចំណុច​ឱ្យ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា យកទៅអនុវត្ត ដើម្បី​ភាព​រីកចម្រើន​បន្តទៅ​មុខ​ទៀត​គឺ​ទី​១ ស្នើឱ្យ​សហព័ន្ធ ត្រូវ​ជំរុញ​និង​កែលម្អ​ចំណុចខ្សោយ ដែលមាន​និង​បាន​រកឃើញ​កន្លងមក ហើយ​ត្រូវខិតខំ​អភិ​វ​ឌ្ឍ​សមត្ថភាព​កីឡាករ កីឡាការិនី​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កម្រិត​ជាតិ និង​អន្តរ​ជាតិ រីឯ​ទី​២ ត្រូវ​បន្ត​បណ្តុះ​​បណ្តាល​ធនធានមនុស្ស ធន​​ធាន​កីឡាករ កីឡាការិនី​គ្រប់​កម្រិត ធនធាន​គ្រូបង្វឹក អាជ្ញា​​កណ្តាល មន្ត្រី​បច្ចេកទេស ដើម្បី​តាម​ឱ្យទាន់​បរិបទ​សកល និង​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ចំណែក​ទី​៣ សហព័ន្ធ​ត្រូវ​បន្ត​បង្កើត​សមត្ថភាព​ប្រកួត​ឱ្យ​កាន់តែ​ផុសផុល ទាំង​ការ​ប្រ​កួត​កម្រិត​ក្លិប សមាគម​តាម​បណ្តា​រាជធានី​-​ខេត្ត ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ក្រុម​ជម្រើស​ជាតិ​ ដើម្បីឱ្យ​ស្របតាម​ការគាំទ្រ​របស់​មហាជន និង​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ទី​៤ ត្រូវ​សិក្សា និង​ពិនិត្យ​លទ្ធភាព​សមាគម ក្លិប តាម​បណ្តា​ខេត្ត​ឱ្យបាន​រឹងមាំ និង​រីកចម្រើន ព្រមទាំង​កែលម្អ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកួត​ឱ្យបាន​ល្អ​ជាង​មុន​។​

​ចំពោះ​ចំណុច​ទី​៥ សហព័ន្ធ ត្រូវ​លើកទឹកចិត្ត​សម្រាប់​ការ​​ប្រកួត​របស់​អត្ត​ព​លិ​ក យុវជន​ស្ម័គ្រចិត្ត ជាពិសេស​ដៃគូ​គាំទ្រ និង​កៀរគរ​ធនធាន​រូបវន្ត សម្រាប់​បម្រើ​ដល់​ការរៀបចំ​ការប្រកួត​​ជាតិ និង​អន្តរជាតិ​។ ទី​៦ បន្តធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​សហព័ន្ធ​នៅក្នុង​តំបន់​អាស៊ាន​របស់​យើង ឬ​ជាមួយ​អាស៊ី និង​ពិភពលោក​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល​គ្នា និង​ការអភិវឌ្ឍ​ដើម្បី​នាំ​កម្ពុជា​ចូលទៅក្នុង​ការប្រកួត​អន្តរជាតិ​ឱ្យ​កាន់តែ​ខ្ពស់ជាង​មុន រីឯ​ទី៧ បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​ព្រឹត្តិការណ៍​នៅលើ​ឆាក​អន្តរជាតិ​ឱ្យបាន​ច្រើនជាង​មុន​ដើម្បី​នាំយក​មេដាយ និង​ពានរង្វាន់​ជា​មោទនភាព​ជូន​ជាតិ​។​

​បន្ថែម​លើ​ការផ្តល់​អនុសាសន៍​នេះ លោក ស សុខា បញ្ជាក់ថា​៖ «​គោលការណ៍​ជោគជ័យ​របស់​កីឡា មិនអាច​ធ្វើ​ផ្លូវ​កាត់​កើត​នោះទេ ចំណែក​ភាព​ជោគ​ជ័យ​នៅក្នុង​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​ក៏​ដូចគ្នា ដូច្នេះ​ខ្ញុំ​សូម​ស្នើឱ្យ​សហព័ន្ធ​ក៏ដូចជា​ក្រុមគ្រួសារ​កីឡា​ប៊ូល និង​ប៉េតង់​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ម៉េច​រឹតបន្តឹង អនុវត្ត​ច្បាប់ទម្លាប់​ទៅដល់​កីឡាករ កីឡាការិនី ក៏ដូចជា​គណៈ​គ្រប់​គ្រង​ទាំងអស់ ព្រោះ​ជោគជ័យ​ទាំងអស់​យើង​ត្រូវតែ​បង្ហាញ​គំរូ ដោយ​ចាប់ផ្តើម​ពី​យើង​មុនគេ ព្រោះ​បើ​ប្រៀបធៀប​ពី​ធនធាន​មនុស្ស និង​ចំនួន​មនុស្ស​ដែល​យើង​មាន​ពេលនេះ គឺ​យើង​មិន​អន់​ជាងគេ​នោះទេ​»៕