​ភ្នំពេញ​: ពាក់អាវ​ពណ៌​ខៀវផ្ទៃមេឃ និង​សំពត់​ខ្មៅ​ត្រឹម​ជង្គង់ កញ្ញា សៀង សុជាតា រំលេច​នូវ​ទឹកមុខ​ញញឹមញញែម បង្ហាញ​ពី​ភាពចាស់ទុំ​លើសពី​អាយុ​។ ភ្នែក​ដ៏​ទន់ភ្លន់ បង្ហាញ​ប្រាប់​ពី​ដំណើររឿង​នៃ​ភាព​នឹងធឹង​ប្រហែលជា​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពោរពេញ​ទៅដោយ​ឧបសគ្គ​និង​ជោគជ័យ​។​


​យុវតី​រូបនេះ​ក្លាយជា​បុគ្គល​ចុងក្រោយ​បំផុត​ម្នាក់ ដែល​ទទួលបាន​ឱកាស​អប់រំ​នូវ​អាហា​រូ​បក​​រណ៍សិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុងនាម​ជា​សិស្ស​ចេញពី​វិទ្យាស្ថាន Neeson Cripps Academy (NCA) ជា​កន្លែង​បានផ្ដល់​ការអប់រំ​ដល់​កុមារ​រស់ក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​ ដើម្បី​ស្វែងរក​ពន្លឺ​អនាគត​របស់ខ្លួន​។

ពេលនេះ​ក្នុង​វ័យ​​ ១៩ ​ឆ្នាំ សុជាតា កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​មួយ​ឧបត្ថម្ភ​ដោយ អេ អាយ អេ ​(​ខេ​ម​បូ​ឌា​) ដែល​ផ្តល់​ការគាំទ្រ​ដល់​បេស​ក​​កម្ម​របស់ CCF ក្នុងការ​ផ្តល់ឱកាស​សិ​ក្សា និង​អភិវឌ្ឍន៍​ដល់​កុមារ​ក្រីក្រ រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​


​សុជាតា​និយាយថា​៖ «​ខណៈពេល​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ខ្ញុំ​មានបំណង​ស្វែងរក​ឱកាស​ការងារ​យក​បទ​ពិសោធន៍​ផង និង​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់ខ្ញុំ ផងដែរ​»​។​

​ជីវិត​របស់​យុវតី ដែល​ចេញពី​សាលា​របស់  NCA បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​នៅពេល សុជាតា បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ម្តាយ​នៅ​ជិត​អតីត​ទីលាន​ចាក់​សំរាម​ស្ទឹងមានជ័យ​កាលពី ១០ ឆ្នាំមុន​។ កាលពី​អាយុ​ ៩ ឆ្នាំ កុមារី សុជាតា ដែល​រស់នៅ​ជាមួយ​តា​យាយ​ក្នុង​ខេត្តក្រចេះ​បាន​រំឭកថា ពេលមកដល់​ស្ទឹងមានជ័យ ខ្លួន​នាង​ផ្ទាល់​បាន​ជួប​មុខ​ជាមួយ​បារាំង​ស្បែក​សម្នាក់​នៅ​កន្លែង​ចាក់សំរាម​។


​ដំបូង ​សុជាតា មាន​អារម្មណ៍​ភ័យខ្លាច​ពេល​បានឃើញ​ជនបរទេស​ម​ក​និយាយ និង​សួរនាំ​រូបនាង​។ ប៉ុន្តែ​នៅពេលដែល​នាង​មើល​ក្មេងៗ​ផ្សេងទៀត​បាននាំគ្នា​មក​ចោមរោម​បារាំង​រូបនេះ​ទាំង​ទឹកមុខ​សប្បាយរីករាយ និង​សើច​ផង​នោះ ក្តីបារម្ភ​របស់​នាង​បាន​រលាយ​បន្តិច​ម្តងៗ​។​

​ជាមួយនឹង​ជំហាន​ស្ទាក់ស្ទើរ កុមារី សុជាតា ចាប់ផ្ដើម​ហ៊ាន​ចូល​ទៅជិត​បារាំង​ពោរពេញ​ដោយ​ស្នាមញញឹម​រូបនោះ​។ មិនយូរប៉ុន្មាន នាង​លែងមាន​អារម្មណ៍​ភ័យខ្លាច និង​ចាប់ផ្ដើម​បង្កើត​ភាពស្និទ្ធស្នាល​ដូច​កុមារ​ដទៃ​។ ជន​ចម្លែក​ដែល សុជាតា ធ្លាប់​ខ្លាច​នោះ ជា​វីរបុរស​ក្នុង​ចិ​ត្ដរបស់​នាង ដែល​ក្រោយមក កុមារី សុជាតា តែងតែ​ហៅ​បុរស​បារាំង​នោះ​ថា​ប៉ា ឬ​ប៉ា​ស្កុ​ត ជា​រៀង​រហូតមក​។​

​ក្រោយ​ទទួលបាន​ការអប់រំ​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) សុជាតា ចាប់ផ្ដើម​បង្កើន​ភាពក្លាហាន ជាមួយ​ការ​​ចូលរួម​សកម្មភាព​នានា ដូចជា ការបោះ​ជំរំ​សិក្សា ក្នុងនាម​ជា​អ្នកដឹកនាំ​យុវជន ជា​វាគ្មិន​នៅក្នុង​ព្រឹត្តិការណ៍​យុវជន​ប្រចាំឆ្នាំ ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដោយ​សារ​វា​បាន​លើកទឹកចិត្ត​យុវជន​ឱ្យ​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ និង​បំផុសគំនិត​អ្នកដទៃ​។​

​កញ្ញា សុជាតា ជា​និស្សិត​ម្នាក់​ក្នុងចំណោម​និស្សិត​ជិត ២ ​ពាន់​នាក់ ត្រូវបាន​គាំទ្រ​ដោយ​វិទ្យា​ស្ថាន (NCA) នៃ​អង្គការ (CCF) ដោយ​ផ្តោត​សំខាន់​លើ​ការដឹកនាំ​ពួកគេ​ឆ្ពោះ​ទទួលបាន​ការអប់រំ​។​

​លោក Scott Neeson ស្ថាប​​និក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​និយាយថា​៖ «​កុមារ​គ្រប់រូប សម​នឹង​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​និង​ឱកាស​ឆ្ពោះទៅរក​អនាគត​ដ៏​ភ្លឺស្វាង​។ ពួក​​គាត់​នីមួយៗ​សុទ្ធសឹង​តែមាន​សមត្ថ​ភាព និង​ពោរពេញ​ដោយ​សក្តានុពល ប្រសិនបើ​ពួកគាត់​ទទួលបាន​ការអប់រំ​និង​ការ​ផ្គត់​ផ្គង់​មើលថែ​ដ៏​ត្រឹមត្រូវ​»​។​

​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​ក្រុមហ៊ុន អេ អាយ អេ​ (​ខេ​ម​បូ​ឌា​)​ ចាប់​ដៃគូ​សហ​ការ​គ្នា ដោយ​ផ្តល់​អាហា​រូប​ករ​​ណ៍​សិក្សា និង​ឱកាស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ដល់​កុមារ​មកពី​អង្គការ ​(CCF)​។​

​ក្រុមហ៊ុន​នឹង​ឧបត្ថម្ភ​និស្សិត ៤ រូប​ដោយ​ធានារ៉ាប់រង​លើ​ការ​​ចំណាយ​ទាំងអស់ រួមមាន ថ្លៃ​សិ​ស្សា ប្រាក់ឧបត្ថម្ភ​សម្រាប់​ថ្លៃ​រស់នៅ មធ្យោបាយ​ធ្វើដំណើរ និង​ការចំណាយ​ផ្សេងៗ​ទៀត ដោយ​សម្រាប់​ឆ្នាំ​ ២០២៤​ ទទួល​និស្សិត​ ២ ​នាក់ និង ២ ​នាក់​ទៀត​នៅ​ឆ្នាំ​ ២០២៥ ក្នុង​ទឹកប្រាក់​សរុប​ចំនួន ៤១ ២០០ ដុល្លារ​អាមេរិក​។​

​លោក ស្កុ​ត បាន​ថ្លែង​នៅ​ថ្ងៃ​ចុះហត្ថលេខា​ជា​ផ្លូ​ការ លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រូវ​បានប្រកាស​ធ្វើឡើង​កាលពី​ថ្ងៃទី ​៣០ ខែមករា ថា​៖ «​យើង​ពិត​ជាមាន​ក្តីរំភើប​រីករាយ​ក្នុងការ​ចូលរួម​ជា​ដៃគូ​ជាមួយ អេ​អាយ​អេ (​ខេ​ម​បូ​ឌា​)​។ ក្រុម​ហ៊ុន​មាន​វប្បធម៌ និង​គុណ​តម្លៃ​ស្រដៀង​គ្នា​ទៅនឹង ស៊ី​ស៊ី​អេ​ហ្វ ហើយ​ការប្តេជ្ញាចិត្ត​របស់​ពួកគាត់​ចំពោះ​យុវជន​កម្ពុជា​គឺ​ស្របគ្នា​នឹង​បេសកកម្ម​របស់​យើង​»​។​

​លោកស្រី Jane Tay អគ្គ​នា​យិ​ការ​ក្រុមហ៊ុន អេ​អាយ​អេ ​(​ខេ​ម​បូ​ឌា​)​ បាន​ថ្លែង​អំពី​ចំណាប់​អា​​រ​ម្មណ៍​រីករាយ​ក្នុងពេល​ប្រកាស​អំពី​ការឧបត្ថម្ភ​ដល់​សិស្ស​-​និស្សិត​របស់​អង្គការ​។

លោកស្រីបាន​និយាយថា​៖ «​កិច្ច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ នឹង​ផ្តោតលើ​ការឧបត្ថម្ភ​ផ្នែក​សិក្សា និង​ការអប់រំ​ដើម្បីឱ្យ​កុមារ​ខ្វះខាត ទទួលបាន​ជីវិត និង​សុខភាព​កាន់តែ​ប្រសើរ​»​។

​អ្នកទទួលបាន​អាហារូបករណ៍​ម្នាក់ទៀត​ឈ្មោះ​ ឈាន សម្ផស្ស អាយុ ​១៨ ​ឆ្នាំ បច្ចុប្បន្នកំពុង​សិក្សា​ឆ្នាំ​ទី​១ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ជំនាញ​ហិរញ្ញ​វត្ថុ និង​ធនាគារ​។ សម្ផស្ស បាន​ចែករំលែក​ថា កញ្ញា​បាន​ចូល​​រួមជាមួយ CCF ក្នុង​ឆ្នាំ ២០១០ ហើយ​ជឿថា ជីវិត​របស់​នាង​នឹងមាន​ការលំបាក​ខ្លាំង ប្រសិនបើ​មិនបាន​ជួប​លោក ស្កុ​ត នី​សុន​ ហើយ​បាន​ចូលរួម​ជាមួយ CCF​។

សម្ផស្ស បាន​និយាយថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​រៀន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ក្នុងពេល​តែមួយ ដូច​មិត្តភក្តិ​របស់ខ្ញុំ​ដែរ​។​ ​ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​តាមរយៈ​ការ​​សិក្សា​របស់ខ្ញុំ​នៅ CCF ខ្ញុំ​មិនដែល​នឹកស្មានថា ខ្ញុំ​មាន​បទ​​ពិសោធន៍​ថ្មីៗ​ទាំងនេះ​»​។​

ហុង រស្មី

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ ២០២២ CCF បាន​ចុះហត្ថលេខា​លើ​អនុ​​ស្សរណៈ​នៃ​ការយោគយល់​ជា​​មួយ Mengly J Quach Education Plc (MJQE) ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​ក្រីក្រ​។ កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​បណ្តុះបណ្តាល​គ្រូបង្រៀន និង​ផ្តល់​អាហារូបករណ៍ សម្ភារ​សិក្សា និង​ការគាំទ្រ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​ដល់​សិស្ស​ជិត ៨០០ ​នាក់​។ ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ CCF ក្នុងការ​លើកកម្ពស់​ល​ទ្ធ​ភាព​ទទួល​បានការ​អប់រំ​ប្រកប​ដោយ​គុណភាព​និង​សុខុមាល​ភាព​ទូទៅ​សម្រាប់​កុមារ​កម្ពុជា​។​

​នៅ​ឆ្នាំ ២០២០ CCF បាន​សហការ​ជាមួយ eMoney ដែល​ភាពជា​ដៃគូ​នេះ​មាន​គោល​បំណង​គាំទ្រ​កម្មវិធី​អប់រំ​នៅ NCA ជាពិសេស​លើ​មុខវិជ្ជា STEM​។ គំនិត​ផ្តួចផ្តើម​របស់​មូលនិធិ​កុមារ​កម្ពុជា (CCF) ចំពោះ​សាលា​សហគមន៍ NCA គឺ​ផ្តល់ឱ្យ​កុមារ​ទាំងនេះ​នូវ​ការ​អប់រំ និង​ការគាំទ្រ​ឱ្យ​ប្រសើរឡើង​នូវ​ឱកាស​នាពេល​អនាគតរ​បស់​ពួកគេ​។​

​លោក ស្កុ​ត នី​សុន បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ជាមួយនឹង​សិស្ស​ជិត ២ ​ពាន់​នាក់ NCA កំពុង​មើលឃើញ​ពី​វឌ្ឍនភាព​ដ៏​ជោគជ័យ ខណៈដែល ​៦០ ភាគ​​រយ​នៃ​សិស្ស​ទាំងនេះ​ឥឡូវនេះ​កំពុងធ្វើដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ហើយនឹង​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​»​។​

​សាលា​នេះ​ត្រូវបាន​រចនា​ឡើង​ ដើម្បី​ផ្ទុក​សិស្ស​ពី ៣០០ ទៅ ៣៥០ នាក់ ផ្តោតលើ​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ជា​ចម្បង​លើ​មុខវិជ្ជា STEM​។ គ្រឿង​បរិក្ខារ​នេះ​រួមមាន​ថ្នាក់រៀន​ទំនើប បន្ទប់ពិសោធន៍ និង​កន្លែង​កម្សាន្ត ដោយ​សង្កត់ធ្ងន់​លើ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់ និង​ជា​ផ្លូវ​ឆ្ពោះទៅរក​អាជីព​ផ្នែក​វិស្វកម្ម វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​សម្រាប់​កុមារ​នៅក្នុង​សហគមន៍​។​

​និស្សិត​មកពី​មូលនិធិ​កុមារ​កម្ពុជា ​(CCF) បានទទួល​ជោគ​ជ័យ​គួរឱ្យកត់សម្គាល់ ដោយ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ Trinity College ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​។​

​អាហារូបករណ៍​ទាំងនេះ​ គឺជា​សក្ខីភាព​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង CCF និង Trinity College ក្នុង​គោល​​បំណង​ផ្តល់នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព និង​ឱកាស​ផ្លាស់ប្តូរ​សម្រាប់​យុវជន​កម្ពុជា​ដែល​ខ្វះខាត​។​

​គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០២៣ និស្សិត CCF ចំនួន ​៩ នាក់​បានទទួល​អាហារូបករណ៍​ពេញ​លេញ​ដើម្បី​សិក្សា​នៅ​មហា​វិទ្យា​​ល័យ Trinity​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកទទួល​ថ្មីៗ ២ ​នាក់​គឺ យុវតី ប៊ុន ម៉ាលី​តា និង ឡេ​ន លាង​។

​អាហារូបករណ៍​ទាំងនេះ​បានផ្តល់​នូវ​ឱកាស​ផ្លាស់​ប្តូរជីវិត ដែល​អនុញ្ញាតឱ្យ​សិស្ស​ទាំងនេះ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​ស្ថាប័ន​ដ៏​មាន​កិត្យានុភាព និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរ​ផ្ទាល់ខ្លួន​និង​ការ​សិក្សា​របស់​ពួកគេ​។​

​អតីត​និស្សិត​គួរឱ្យកត់សម្គាល់​នៃ​ភាពជា​ដៃគូ​របស់ CCF-Trinity College គឺ​កញ្ញា រុន​ សុ​ភី​។ ដោយ​ធ្លាប់​រស់នៅ និង​រើស​អេតចាយ​នៅ​ទីលាន​ចាក់​សំរាម​ស្ទឹងមានជ័យ កញ្ញា សុ​ភី បាន​បោះជំហាន​មួយ​យ៉ាង​ធំ​ដោយបាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Melbourne ក្នុង​ឆ្នាំ ២០២២ ដោយ​ជំនាញ​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​អន្តរជាតិ​។​

Ben Waymire អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​នៅ​មហាវិទ្យាល័យ Trinity College បានឱ្យដឹងថា​៖ «​និស្សិត​ទាំងនេះ​មិន​ត្រឹមតែ​ទទួលបាន​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ពូកែ​ផងដែរ​។ ខ្ញុំ​គិតថា ដល់ពេល​ត្រូវ​មក​ជុំគ្នា​អបអរ​សមិទ្ធផល​ខ្លះៗ​របស់​ពួក​​គេ​»​។

នេះ​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការអប់រំ និង​ឱកាស​ដែល​បាន​បង្កើត​តាមរយៈ​ភាពជា​ដៃគូ​។ វា​បញ្ជាក់​អំពី​សក្តានុពល​សម្រាប់​ការផ្លាស់​ប្តូរជីវិត និង​ការ​បំបែក​វដ្ត​នៃ​ភាពក្រីក្រ​តាមរយៈ​ការ​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​និង​ឱកាស​អាហា​រូប​ករ​ណ៍​អន្តរជាតិ​៕ 

ហុង រស្មី