​ភ្នំពេញ​: ទិវា​នៃ​ក្ដី​ស្រឡាញ់​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ​នេះហើយ​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ពី​ការផ្លាស់​ប្តូរ​យ៉ាងសំខាន់​នៃ​អាកប្ប​កិ​រិ​យា​របស់​យុវវ័យ​ចំពោះ​បញ្ហា​ផ្លូវភេទ​ក្នុងឱកាស​ប្រារឰ​ទិវា​នេះ​។ ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​ការសិក្សា​ដ៏​ទូលំ​ទូលាយ​មួយ​ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល ១៥​ ឆ្នាំ​កន្លងមកនេះ ចំពោះ​និន្នាការ​ថយចុះ​ភាព​ជ្រួលជ្រើម​ប្រារឰ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ប្រាសចាក​ន័យ​ដើម​។ ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ​បុណ្យ​សង្សារ មានការ​ពេញនិយម​ខ្លាំ​ង​ក្នុង​ស្រទាប់​យុវវ័យ ដែល​ឈានដល់​ចំណុចកំពូល​អំឡុង​ឆ្នាំ​ ២០០៩ ត្រូវបាន​មើល​ឃើញថា វា​មាន​និន្នាការ​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ ​២០២៤​។​


​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​រៀងរាល់ ៥​ ឆ្នាំ​ម្តង​ដោយ​លោក តុង សុ​ប្រាជ្ញ ទីប្រឹក្សា​សុខភាព​សាធារណៈ​កម្ពុជា និង​ជា​អតីត​អ្នកសរសេរ​អត្ថបទ​កិច្ចការ​សង្គម​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​នៅក្នុង​វិធី​ដែល​យុវជន​កម្ពុជា​យល់​ឃើញ និង​ប្រារព្ធ​ទិវា​នេះ​ផ្ដោត​សំខាន់​លើ​តែ​រឿង​ស្នេហា​។​

​លោក​បាន​និយាយថា នេះ​ជា​ឆ្នាំ​ចុងក្រោយ​ហើយ ដែល​លោក​ធ្វើការ​ស្រាវជ្រាវ​អំពី​ទំនោរ​យុវវ័យ​ក្នុង​ទិវា​នៃ​ក្ដីស្រឡាញ់ ដោយសារ​លោក​មើលឃើញថា ភាព​ជ្រួលជ្រើម​របស់​យុវវ័យ​មានការ​ថយចុះ​ខ្លាំង ដល់​កម្រិត​លែង​ព្រួយ​បារម្ភ​។


លោក​បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្នុងចំណោម​អ្នកចូលរួម​ក្នុងការ​សិក្សា​ចំនួន ១ ៤៦៩​ នាក់ នៅសល់តែ ១ ភាគ ​៣ នៃ​ពួកគាត់ ដែល​នៅតែ​គិតថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​ជា​ថ្ងៃ​សប្បាយ និង​ពិសេស​សម្រាប់​ពួកគាត់​»​។​

​ការសិក្សា​ដែល​បាន​ប្រៀប​ធៀប​ទិន្នន័យ​ពី​ឆ្នាំ​ ២០០៩ ឆ្នាំ​ ២០១៤ និង ២០១៩ ជាមួយនឹង​ការរកឃើញ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​ ២០២៤ បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ទិ​ន្នានា​ការ​ស្វែង​​រក​ការ​រួមភេទ​ចំណោម​យុវវ័យ​អាយុ​ពី​ ១៥-២៤ ​ឆ្នាំ​។​


​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​ ២០០៨ បាន​ឱ្យដឹងពី​ចំនួន​យុវជន​ដ៏​ច្រើន អាយុ​ពី ៩ ទៅ ​១៨ ​ឆ្នាំ ដែល​អ្នកចូលរួម​ស្នូល​ក្នុងការ​សិក្សា​នេះ ដោយ​ឥឡូវនេះ ពួកគេ​មាន​អាយុ ១៥-២៤​ឆ្នាំ​។​
​អ្នក​ជ្រួលជ្រើម​នឹង​ទិវា​នៃ​ក្ដី​​ស្រឡាញ់ បាន​ថយ​ចុះមក​ត្រឹម ៣៤,៤​ ភាគរយ​សម្រាប់​អ្នក​​ចូលរួម​ក្នុងការ​សិក្សា​នៅ​ឆ្នាំ​ ២០២៤ ខណៈ​អត្រា​នៅ​ឆ្នាំ​ ២០០៩ មាន​រហូតដល់ ៦១,២ ភាគរយ​។

​លោក សុ​ប្រាជ្ញ បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សុខភាព​សាធារណៈ និង​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ការ​ស្រាវ​​ជ្រាវ​យ៉ាង​ទូលំទូលាយ​របស់គាត់​ក្នុងការ​សិក្សា​អំពី​ចំនួន​ប្រជាជន ប្រជាសាស្ត្រ សុខ​​ភាព​បន្ត​ពូជ និង​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ ហើយ​លោក​ត្រូវបាន​ទទួលស្គាល់​ផងដែរ​សម្រាប់​ការងារ​របស់គាត់​ជា​សកម្មជន​សិទ្ធិមនុស្ស ជាពិសេស​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។

ការ​ទិញ​ផ្កា​ជូន​គូស្នេហ៍​លែង​សូវ​ជា​រឿង​សំខាន់​ចំពោះ​យុវវ័យ ដោយ​ប្ដូរ​ទៅជា​វត្ថុ​ខ្លឹម​ជាង​មុន និង​លែង​គិតតែ​ពី​កាដូ​អន្ទង​ចិ​ត្ដ​សម្រាប់​ការរួម​ភេទ ឬ​ការ​បង្កើត​បរិយាកាស​រ៉ូ​មែន​ទិ​ក ដូចជា ទទួលទាន​អាហារ សាសង ក្លឹប និង​ឡើង​ស​ណ្ឋា​គារ​។ យោងតាម​ការសិក្សា ការ​​ជូន​កាដូ​ដល់​គូសង្សារ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ពី ៧៦,៦​ ភាគរយ ក្នុង​ឆ្នាំ ​២០០៩ មក​ត្រឹមតែ ៤២,៥​ ភាគរយ ក្នុង​ឆ្នាំ​ ២០២៤​។​

​លោក សុ​ប្រាជ្ញ មើលឃើញថា យុវវ័យ​បច្ចុប្បន្ន​យក​ឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​នៅផ្ទះ ទៅ​សាលារៀន​ធម្មតា​វិញ​។ ពួកគេ​ហាក់​មានការ​យល់ដឹង​ច្រើន​ចំពោះ​ការផ្សព្វផ្សាយ និង​ព័ត៌មាន​ផ្សេងៗ​។ ទីកន្លែង​សម្រាប់​ការប្រារឰ​ទិវា​នៃ​ក្តី​ស្រឡាញ់​ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​កន្លែង​ឯកជន​ដែល​សម្រួល​ដល់​ការរួម​ផ្លូវភេទ​ទៅកាន់​កន្លែង​សាធារណៈ​ដូចជា​សា​លា​រៀន ផ្សារ​ទំនើប និង​រោង​​កុន​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ ការរំពឹងទុក​អំពី​ការរួម​​ភេទ​នៅ​ទិវា​នៃ​សេចក្តីស្រឡាញ់​បាន​ធ្លាក់ចុះ​ជាង ៥​ ដង​ចាប់​​តាំងពី​ឆ្នាំ​ ២០០៩​។ ការថយចុះ​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​ថមថយ​និន្នាការ​ពេញ​និយម​ដែល​ទិវា​នៃ​ក្តី​ស្រឡាញ់​លែង​ជា «​ថ្ងៃ​ពិសេស​» សម្រាប់​សកម្មភាព​បែប​នេះ​។​

​ចំណុច​សំខាន់បំផុត ទាក់​​ទង​ផែនការ​នៃ​ការ​រួមភេទ ដោយ​កាលពី​ឆ្នាំ​ ២០០៩ ផែន​ការ​នៃ​ការ​រួមភេទ​មានការ​កើន​ឡើង​ខ្លាំង​មែនទែន ក្នុង​អត្រា​នៃ​ការសិក្សា​បង្ហាញថា មាន​ចំនួន ១២,៤ ​ភាគរយ​។​

​លោក សុ​ប្រាជ្ញ បាន​និយាយថា​៖ «​អត្រា ១២,៤​ ភាគរយ​នេះ ពិតជា​ធ្វើឱ្យ​យើង​បារម្ភ​ខ្លាំង​។ យើង​ធ្វើ​យុទ្ធនាការ រួមជាមួយ​ក្រសួង​កិច្ចការនារី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​អប់រំ​ជាដើម ដោយ​អត្រា​នៃ​ផែន​​ការរួម​ភេទ​នេះ​បាន​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់ រហូតដល់​ឆ្នាំ​ទី ​១៥ នេះ​គឺជា​ឆ្នាំ​ចុងក្រោយ ដែល​ធ្លាក់​ចុះមក​ត្រឹម ២,២ ភាគរយ ឬ​ធ្លាក់ចុះ ៥​ ដង​»​។​

​លោក ឈ​ត ប៊ុន​ថង អ្នក​ស្រាវជ្រាវ និង​អ្នកជំនាញ​ទស្សន​វិទ្យា នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា បានឱ្យដឹងថា យុវជន​ជំនាន់​នេះ​មាន​សេរីភាព​ច្រើនជាង​មុន និង​ទទួលយក​វប្បធម៌​ច្រើន​តាមរយៈ​បណ្ដាញ​សង្គម រឿង​អាសអាភាស និង​ផ្សេងៗ​។​

​លោក​ទទួលស្គាល់ថា ចំ​ពោះ​ការ​រួមភេទ ទោះបីជា​វា​មិន​កើតឡើង​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ វា​នៅតែ​កើតឡើង​ក្នុង​កម្រិត​មួយ​ខ្ពស់ជាង​សម័យមុនៗ​។ លោក​និយាយថា ការ​ជ្រួល​ជ្រើម​របស់​យុវជន​ចំពោះ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​ហាក់​មានការ​ថយចុះ​ប្រាកដ​មែន បើ​ធៀប​នឹង​ឆ្នាំមុនៗ ជាពិសេស មុន​កូ​វីដ​១៩​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​កាល​មុនៗ​នោះ វា​មាន​ភាព​គគ្រឹកគគ្រេង​ណាស់ ជា​ពិសេស យើង​អង្កេត​មើល​តាម​​រយៈ​ការលក់​ផ្កា ដែល​លក់ដាច់​ច្រើន និង​នៅ​ច្រើន​កន្លែង​។ យុវជន​ប្រមូល​ផ្ដុំគ្នា​នៅតាម​ទី​កន្លែង​កម្សាន្ដ ហើយ​អ្នកខ្លះ​ទៅដល់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​»​។ 

​ការសិក្សា​បានឱ្យដឹងថា មានតែ​យុវជន​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅតែ​ប៉ង​ផ្លូវភេទ​ក្នុងអំឡុងពេល​ទិវា​នៃ​ក្តី​ស្រឡាញ់​ក្នុង​ឆ្នាំ ​២០២៤ ​ជា​តួលេខ​មិនត្រូវ​បាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់​គ្រប់គ្រាន់​ដើម្បី​ធានាឱ្យមាន​អន្តរាគមន៍​ធ្ងន់ធ្ងរ​នោះទេ​។ ទោះបី​ជាមាន​និន្នាការ​វិជ្ជមាន​ទាំងនេះ​ក៏ដោយ ការ​សិក្សា​ក៏បាន​បំភ្លឺ​លើ​បញ្ហា​ជាប់​លាប់ ដូចជា​ចេតនា​មិន​ផ្លាស់​ប្តូរ​របស់​យុវជន​មួយចំនួន​ក្នុងការ​បង្ខិតបង្ខំ​ដៃគូ​របស់​ពួកគេ​ឱ្យ​រួមភេទ ជា​ដើមចម​ទាមទារ​ឱ្យមាន​វិធាន​ការអប់រំ​ស្តីពី​ការ​យល់ព្រម និង​សិទ្ធិ​ផ្លូវភេទ​។ 

​ការ​សិក្សា​ថ្នាក់ជាតិ​បានបង្ហាញ​ពី​ការកើនឡើង​នៃ​ភាគរយ​នៃ​ស្ត្រី​វ័យ​ជំទង់ ដែល​ចូលរួម​ក្នុងការ​​រួមភេទ​មុន​រៀបការ​ពី ០,២ ភាគរយ ក្នុង​ឆ្នាំ​ ២០០០ ដល់ ១,១​ ភាគរយ ក្នុង​ឆ្នាំ​ ២០១៤​។ ទន្ទឹមនឹងនោះ ចំពោះ​បុរស មានការ​ថយចុះ​ដំបូង​ពី ១១,៥ ភាគរយ ក្នុង​ឆ្នាំ​ ២០០៥ មក​ត្រឹម ៨,៤​ ភាគរយ ក្នុង​ឆ្នាំ​ ២០១០ ​តែ​បាន​កើនឡើង​វិញ​ដល់ ១១,៣ ​ភាគរយ នៅត្រឹម​ឆ្នាំ​ ២០១៤​។ ថ្វីដ្បិតតែ​ជាទូទៅ​បុរស​មានឱកាស​ចេញ​ក្រៅ​ច្រើនជាង​នារី​យ៉ាងណាក៏ដោយ ក៏​ក្នុងឱកាស​ពិសេស ដូចជា ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​​អុំទូក ឬ​គ្រិ​ស្មាស់​ជាដើម នារី​បច្ចុប្បន្ន​ក៏មាន​ឱកាស​ចេញ​ក្រៅ​ច្រើន​ផងដែរ​។

​លោក សុ​ប្រាជ្ញ បាន​បន្ដ​មុនពេល​បិទ​បញ្ចប់​ការស្រាវជ្រាវ​ឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​ថា​៖ «​ឥឡូវនេះ វា​លែង​ក្លាយជា​ប្រធានបទ​សុខុមាលភាព​ផ្លូវភេទ​ទៀតហើយ ហើយ​លទ្ធ​ផល ២,២ ​ភាគរយ​នេះ​គឺជា​អត្រា​ទាប​បំផុត​ហើយ​។ ដូច្នេះ ឱកាស​រួមភេទ​អំឡុង​ថ្ងៃ​ពិសេសៗ​ទាំងនេះ មិន​ខុសពី​ឱកាស​រួម​​ភេទ​នៅ​អំឡុង​ថ្ងៃ​ធម្មតា​ទូទៅ​នោះទេ​»​។

​យ៉ាងណាមិញ លោក​បាន​និយាយថា នៅសល់​ករណី​តូចៗ​មួយចំនួនទៀត ដោយ​ករណី​កន្លងមក ការស្រាវជ្រាវ​បាន​រកឃើញថា នៅសល់ ១៧ ​នាក់ ដែល​បន្ដ​រួមភេទ​នៅ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ បើសិនជា​សង្សារ​របស់​ពួកគេ​មិន​ប្រកែក​។ អត្រា​នៅ​សេសសល់​តិចតួច​នេះ គឺជា​ឥរិយាបថ​របស់​យុវ​វ័យ​មួយចំនួន​ទូទៅ​។​

​នៅក្នុង​ការសិក្សា​ពីមុន គេ​បាន​រកឃើញថា បុគ្គល​ចំនួន ១៧ ​នាក់​ក្នុង​ឆ្នាំ ​២០០៩ និង ១៦​ បុគ្គល​ក្នុង​ឆ្នាំ​ ២០២៤ បាន​បន្ត​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវ​​ភេទ​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់ ប្រសិនបើ​ដៃគូ​របស់​ពួកគេ​មិន​ជំទាស់​។ អត្រា​សំណល់​ទាប​នេះ​បង្ហាញ​ពី​អាកប្បកិរិយា​ទូ​ទៅក្នុង​ចំណោម​យុវជន​មួយចំនួន​។

ការសិក្សា​បាន​លើក​ឡើង​ពី​មតិ​របស់​អ្នកចូលរួម​ជា​បុរស​ដែល​និយាយថា​៖ «​ខ្ញុំ​នឹង​និយាយ​ទៅកាន់​នាង​ប្រសិនបើ​យើង​មិន​រួមភេទ យើង​មិន​ស្រឡាញ់គ្នា​ពិតប្រាកដ​ដើម្បី​ព្យាយាម​ឱ្យ​នាង​យល់ព្រម ហើយ​ខ្ញុំ​នឹងដាក់​សម្ពាធ​នាង​ដោយ​យក​នាង​ទៅ​ឆ្ងាយ​ពី​ទី​ក្រុង​ដើម្បី​ព្យាយាម​រួមភេទ​ជា​មួយ​នាង​»​។​

​ផ្ទុយទៅវិញ ១​ភាគ​៣ (៣២​ ភាគរយ​) នៃ​បុរស​ដែលមាន​គម្រោង​រួមភេទ​ដែរ ប៉ុន្តែ​បាន​និយាយថា ពួកគេ​នឹងមិន​ចូល​រួម​ក្នុងការ​រួមភេទ​ដែល​មិនមាន​ការព្រមព្រៀង​នោះទេ ដោយ​និយាយថា​«​ទេ​! ខ្ញុំ​មិនមាន​អារម្មណ៍​ខ្លាំង​នឹង​ការ​រួមភេទ ហើយ​គ្រាន់តែ​ដើរលេង​ជាមួយគ្នា​ដើម្បី​សប្បាយ​»​។​

​លោក យន់ ភា​រុន នាយក​​ប្រតិ​ប​ត្ដិ​សមាគម​ឈូកស​កំពុងផ្ដល់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​អ្នក​ផ្ទុក​ជំងឺអេដស៍​ជិត ៣​ ពាន់​នាក់ ជា​ក្រុម​ប្រឈម​ខ្ពស់ ក៏បាន​លើកឡើងថា យុវជន​សម័យ​ឥឡូវ​មិនសូវ​ភ្ញាក់ផ្អើល​ដូច​កាល​ពេលមុន​នោះទេ ដោយសារ​មានការ​ផ្សព្វផ្សាយ​ច្រើន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ងាក​មក​រំឭក​ដឹង​គុណ​ចំពោះ​មនុស្ស​ជាទី​ស្រ​ឡាញ់ ជា​ឪពុក ជា​ម្ដាយ ជា​សាច់ញាតិ​ជាជាង​សង្សារ​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ការផ្លាស់ប្ដូរ​ទាំងអស់​នេះ​ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​បាន​ផ្សព្វផ្សាយ​ទូលំ​​ទូលាយ​ទៅដល់​ក្រុម​យុវវ័យ រួមទាំង​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ​»​។

​ក្នុង​រយៈពេល ១៥​ ឆ្នាំ​កន្លងមកនេះ ការយល់ដឹង​របស់​មា​​តា​បិតា​ទាក់ទង​នឹង​ចេតនា​របស់​កូនៗ​ទាក់ទង​នឹង​សកម្ម​​ភាព​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅតែ​មិន​ផ្លាស់ប្តូរ ពោលគឺ​មិនសូវរ​វី​រវល់​ចំពោះ​ពួកគេ​។

ទន្ទឹមនឹងនោះ ការស្រាវជ្រាវ​បាន​លើក​ឡើង​ពី​និន្នាការ​ពាក់ព័ន្ធ​មួយ​ថា​៖ «​យុវជន​មួយចំនួន​តូច​មាន​គម្រោង​ប្រើ​ស្រោមអនាម័យ ហើយ​មានការ​ខ្វះខាត​ការ​យល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​សិទ្ធិ​ផ្លូវភេទ​ក្នុងចំណោម​ពួកគេ​។ ការយល់ដឹង​ទាំងនេះ​បង្ហាញ​ពី​តម្រូវការ​សំខាន់​សម្រាប់​ការធ្វើអន្តរាគមន៍​ដែល​មិន​កំណត់​ចំពោះ​ទិវា​នៃ​ក្តី​ស្រឡាញ់ តែ​គ្រប់ពេលវេលា​»​។​

​ការសិក្សា​នេះ​បាន​បង្ហាញថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​គួរតែ​ផ្ដល់​តម្លៃ​ទៅលើ​វប្បធម៌​​ខ្មែរ ការអប់រំ​អំពី​សិទ្ធិ​ផ្លូវភេទ សារៈសំខាន់​នៃ​ការយល់ព្រម និង​ការលើកកម្ពស់​ការអនុវត្ត​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិ​ភាព រួមទាំង​ការប្រើប្រាស់​ស្រោមអនាម័យ​ផងដែរ​»​។​

​លោក ប៊ុន​ថង បាន​លើក​​ឡើង​ថា ពី ​១​ ឆ្នាំ ទៅ ១​ ឆ្នាំ យុវជន​កាន់តែ​យល់ច្បាស់​អំពី​កម្មវិធី​បុណ្យ ដែល​រំឭក​ទៅដល់​គ្រិស្ដ​សាសនិក ក្រោយ​ទទួលបាន​ការបកស្រាយ​ពី​អ្នកជំនាញ អ្នក​អប់រំ​។ ទិវា​នេះ​មិនមែនជា​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ ឬ​មិនមែនជា​បុណ្យ​អន្ដរ​ជាតិ​ទេ​៕