ភ្នំពេញៈ នៅក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងមក គឺចាប់តាំងពីវិបត្តិសុខភាពកាលពីឆ្នាំ ២០២០ ហើយបន្ទាប់មកការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងតែបន្តដល់ពេលនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកលលោក និងតំបន់។ ការណ៍នេះបានបណ្ដាលឱ្យសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យធ្លាក់ចុះយ៉ាងខ្លាំងរួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។
សកម្មភាពសំណង់ និងអចលនទ្រព្យមានការរីកចម្រើនយឺត
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC) វិស័យសំណង់មានកំណើនទាប ១,១ ភាគរយ ធៀបនឹង ០,៥ ភាគរយ នៅឆ្នាំ ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ផ្លូវល្បឿនលឿន ស្ពាន និងអាកាសយានដ្ឋានជាដើម។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើន ៤,៧ ភាគរយ (ឆ្នាំមុនថយ ២៥,៦ ភាគរយ)។ ផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ដែលទទួលបានការអនុម័ត បានកើនឡើង ១ ដង ជាពិសេសគម្រោងសំណង់លំនៅឋាន និងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ ភាគរយ។
ចំណែកវិស័យអចលនទ្រព្យបន្តកើនឡើងទាបត្រឹម ០,៥ ភាគរយធៀបនឹង ០,២ ភាគរយនៅឆ្នាំ ២០២២។ សកម្មភាពលក់លំនៅឋាន (ផ្ទះល្វែង វីឡាភ្លោះ និងទោល) បានថយចុះ ៤៩,៧ ភាគរយ ខណៈការលក់ខុនដូកើន ២ ភាគរយ។ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) ថយចុះ ២,៤ ភាគរយដែលក្នុងនោះនៅរាជធានីភ្នំពេញថយចុះ ៣,២ ភាគរយ និងនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ ភាគរយ។
លោក ច្រឹក សុខនីម សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនយឺតនៃវិស័យសំណង់ និងអចលនវត្ថុនៅកម្ពុជាកាលពីឆ្នាំមុន គឺនឹងបន្តនៅឆ្នាំនេះ ប៉ុន្តែក្នុងអត្រាកំណើនទាប។
លោកពន្យល់ថា វិស័យនេះមានកំណើនខ្ពស់បំផុតក្នុងអំឡុងពេលមុនការរីករាលដាលជំងឺកូវីដ ជាពិសេសក្នុងឆ្នាំ ២០១៨ ឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ នៅពេលដែលកម្ពុជាបានទាក់ទាញការវិនិយោគតម្លៃរាប់ពាន់លានដុល្លារពីវិនិយោគិនបរទេស និងក្នុងស្រុក ដោយសារតម្រូវការខ្ពស់។ ទោះបីយ៉ាងណាលោកឱ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩ តម្រូវការបានធ្លាក់ចុះ ខណៈគម្រោងសាងសង់មួយចំនួនត្រូវបានផ្អាក និងគម្រោងខ្លះធ្វើការសាងសង់យឺត។
លោកថ្លែងថា៖ «យើងមើលឃើញថាវិស័យនេះមានភាពល្អប្រសើរឡើងតិចតួចបំផុតកាលពីឆ្នាំមុន បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងដោយការរីករាលដាលជំងឺកូវីដ ១៩ ហើយបន្ទាប់មកសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្តកើតឡើង។ ទោះយ៉ាងណាក៏ដោយ អត្រាកំណើននៅតែទាបខ្លាំងសម្រាប់ឧស្សាហកម្មនេះបើធៀបទៅនឹងស្ថានការណ៍មុនវិបត្តិ»។
ចំនួនការវិនិយោគដែលត្រូវបានអនុម័តក្នុងវិស័យសំណង់នៅតែរឹងមាំចន្លោះពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងចំនួន ៣ ១៤២ លើផ្ទៃក្រឡាសាងសង់ ១២,៦៩ លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគ ៥,២៥ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះចំនួនគម្រោងវិនិយោគក្នុងអំឡុងពេលកំណើនទុនវិនិយោគ និងផ្ទៃក្រឡាសំណង់ មានន័យថា គម្រោងភាគច្រើនដែលត្រូវបានអនុម័តដោយអាជ្ញាធរគឺជាគម្រោងធំ ហើយជាការវិនិយោគដែលមានដើមទុនច្រើន។ ការណ៍នេះបញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនធំៗ ពិសេសជនបរទេសដែលវិនិយោគនៅកម្ពុជា។
លោកលើកឡើងថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមស្ទុះងើបឡើងវិញបន្តិចម្តងៗពីការធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ កន្លងមក។
លោកបន្តថា៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ គឺជាមូលហេតុចម្បងដែលជួយឱ្យកម្ពុជាអាចទាក់ទាញវិនិយោគិនអចលនទ្រព្យ និងសំណង់កាន់តែច្រើនមកបណ្តាក់ទុន។ នៅពេលការវិនិយោគផ្ទាល់កើនឡើង តម្រូវការអគារការិយាល័យ និងរោងចក្រក៏កើនឡើងផងដែរ»។
ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានថ្លែងក្នុងពិធីបិទអង្គសន្និបាតប្រចាំឆ្នាំកាលពីចុងខែមករាថា ទស្សនវិស័យឆ្នាំ ២០២៤ នេះ គឺសេដ្ឋកិច្ចពិភពលោកនឹងនៅតែបន្តប្រឈមភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ។
លោកស្រីបន្តថា ហានិភ័យខាងក្នុងក៏អាចជាបញ្ហាប្រឈមផងដែរ រួមមាន ការងើបឡើងទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះនៃតម្រូវការក្នុងវិស័យអចលនទ្រព្យ ដោយសារវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ និងការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចនៅប្រទេសចិនដែលជាប្រទេសវិនិយោគដ៏ធំមួយសម្រាប់កម្ពុជា។ លំហូរទាបនៃការវិនិយោគបរទេសទៅកាន់វិស័យអចលនទ្រព្យ នឹងនាំឱ្យថយចុះប្រភពចំណូលមួយគាំទ្រដល់តម្រូវការអចលនទ្រព្យក្នុងស្រុកផងដែរ។
លោក សុខនីម បានផ្តល់អនុសាសន៍ថា គួរតែមានគំនិតផ្តួចផ្តើមមួយ ពីរដ្ឋាភិបាលក្នុងការរៀបចំមូលនិធិពិសេសតាមរយៈធនាគារពាណិជ្ជក្នុងការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដើម្បីអាចជួយអ្នកអភិវឌ្ឍន៍ដែលគម្រោងសាងសង់មិនទាន់បញ្ចប់។
លោកលើកឡើងថា៖ «យើងគួរតែមានមូលនិធិពិសេសមួយដើម្បីជួយសង្គ្រោះវិស័យនេះ។ ដូចដែលយើងមើលឃើញហើយថា ទោះបីជារដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ជាច្រើនកាលពីឆ្នាំ ២០២៣ ក៏ដោយ ក៏គម្រោងទាំងនោះមិនទាន់បានចាប់ផ្ដើមដំណើរការសាងសង់នៅឡើយទេ ខណៈដែលគម្រោងមួយចំនួនផ្សេងទៀតត្រូវបានបញ្ឈប់ និងមួយចំនួនសាងសង់ក្នុងល្បឿនយឺត»៕