​ជលផល​ជា​វិស័យ​មួយ ដែលជា​ប្រភព​ផ្តល់នូវ​អាហារូបត្ថម្ភ និង​ប្រាក់ចំណូល​មិនចេះ​អស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​តាំងពី​បរម​បុរាណ​មក ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។


​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​លើ​វិស័យ​មួយ​នេះ​សម្រាប់​កម្ពុជា អង្គការ​ស្បៀង និង​កសិកម្ម នៃ​សហប្រជាជាតិ (FAO)​ បាន​គាំទ្រ​លើ​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​ក្នុងការ​ចុះ​មូលដ្ឋាន​ផ្ទាល់​លើ​ប្រធានបទ​ទាក់ទង​វិស័យ​ជលផល​ស្ថិតនៅតាម​បណ្តា​ខេត្ត​តំបន់ឆ្នេរ និង​តំបន់​ទឹកសាប​។ និស្សិត​ដែល​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់ ពួកគេ​បាន​រៀនសូត្រ​ចំណេះ​ដឹង​ថ្មីៗ​ជាច្រើន ដូចជា​ការងារ​ជលផល រដ្ឋបាល ការស្រាវជ្រាវ ព្រមទាំង​បាន​ប្រមូលបាន​ទិន្ន​ន័យ​សម្រាប់​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យា​សាស្ត្រ​ជលផល ដើម្បី​បង្កើន​ប្រ​​សិទ្ធ​ភាព​ក្នុងការ​គ្រប់គ្រង​ជលផល តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអប់រំ និង​ការសិក្សា​ស្រាវជ្រាវ​។​

​ក្នុងពេល​សម្រាក​អាហារសម្រន់ បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ខ្លួន នៅ​សណ្ឋាគារ​សាន់វេ​កាលពី​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២៤ ​កញ្ញា ​តេង ស្រី​ពេជ្រ អាយុ​ ២៣ ​ឆ្នាំ ក្នុង​ឯកសណ្ឋាន​អាវ​ពណ៌​ផ្ទៃ​មេឃ និង​សំពត់​ខ្មៅ​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​ក្រចេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​មូលដ្ឋាន ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​សិក្សា​ពី​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ព្រៃកោងកាង​។​


​និយាយ​ច្បាស់ៗ​ដោយ​សំឡេង​ខ្លាំងៗ ប្រកបដោយ​ជំនឿ​ជាក់​លើ​ខ្លួនឯង ស្រី​ពេជ្រ ប្រាប់ថា ការចុះ​ស្រាវជ្រាវ​នេះ​ជាការ​ធ្វើ​សា​រណា​បិទ​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ​របស់​នាង​ផង និង​បានធ្វើ​ការហាត់​ការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​ផង​។ ចំណេះដឹង​ថ្មីៗ​ដែល​នាង​ទទួលបាន​ពី​ការ​ស្រាវ​ជ្រាវ​នេះ​គឺ​បានដឹង​ពី​ជីវភាព និង​ការរស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​និង​បានដឹង​ពី​របៀប​ធ្វើ​ការងារ​របស់​មន្ត្រី​ជំនាញ​ជលផល និង​ការងាររដ្ឋបាល​របស់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ 

​តាមរយៈ​ការចុះ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ស្រី​​ពេជ្រ​ យល់ឃើញថា បច្ចុប្បន្ន មន្ត្រីជលផល​ពិតជា​មានការ​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការងារ​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​។ ជាមួយគ្នា​នោះ​ស្រី​ពេជ្រ លើកឡើងថា សូម្បី​រាជរដ្ឋាភិបាល និង​អង្គការ​ក្រៅប្រទេស តួយ៉ាង​ដូចជា​អង្គការ FAO ក៏បាន​ចូលរួម ក្នុង​កិច្ចការងារ​ជំរុញ​ការអភិរក្ស​ជលផល​ផងដែរ​។ ហេតុនេះ​ស្រី​ពេជ្រ​យល់ថា ទៅ​ថ្ងៃមុខ​ធនធាន​ជលផល​អាច​នឹងមាន​អំណោយផល​ល្អ​ច្រើន​។


​ស្រី​ពេជ្រ​និយាយថា​៖ «​អង្គការ FAO បាន​បង្កើតជា​គម្រោង​គាំទ្រ​ការស្រាវជ្រាវ​នេះ ដើម្បី​យក​លទ្ធផល​ទាំងអស់នោះ​ទៅ​អភិវឌ្ឍន៍​នូវ​អ្វី​ខ្វះខាត អ៊ីចឹង​ខ្ញុំ​គិតថា ទៅ​ថ្ងៃមុខ​ទៀត​ធនធាន​ជលផល ក៏ដូចជា​ធនធានធម្មជាតិ​ទាក់ទង​នឹង​វិស័យ​ជលផល​ហ្នឹង ក៏​នឹង​កើនឡើង​វិញ​ដោយសារ​ការយក​ចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស និង​រក្សា​ធនធានធម្មជាតិ​ពី​មន្ត្រី​ជំនាញ​»​។

និស្សិត​រូបនេះ​លើកឡើងថា ការងារ​ស្រាវជ្រាវ​របស​នាង​ដែល​គាំទ្រ​ដោយ​អង្គការ FAO មាន​រយៈពេល​ ៦ ខែ​សម្រាប់​ការស្រាវជ្រាវ​សារ​ណា​បិទ​បញ្ចប់​ការសិក្សា និង​រយៈពេល​ ៦​ ខែ​ទៀត សម្រាប់​ការធ្វើការងារ​ហាត់​ការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​។ 

​លទ្ធ​ផល​ស្រាវជ្រាវ​ដែល​នាង​ប្រមូលបាន អង្គការ FAO នឹង​យកទៅ​ប្រគល់ជូន​មន្ត្រី​ជំនាញ​ជលផល​ដើម្បី​បានជា​មូលដ្ឋានគ្រឹះ​ច្បាស់​លាស់​ងាយស្រួល​សម្រាប់​ដាក់ចេញ​ផែនការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំ​គោល​ដៅ​។ ជាមួយគ្នា​នោះ លទ្ធផល​ស្រាវជ្រាវ​នេះ​សំខាន់​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ជលផល​។

​មិន​ឆ្ងាយ​ពី​នោះ​លោក វៀត វាន និស្សិត​មកពី​វិទ្យាស្ថាន​ជាតិ​ក​សិ​កម្ម កំពង់ចាម វ័យ​ ២៣​ ឆ្នាំ ក្នុង​សម្លៀកបំពាក់​អាវ​ស ខោ​ខ្មៅ ជា​និស្សិត​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ការស្រាវជ្រាវ​នេះ​បានឱ្យដឹងថា លោក​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​សហគមន៍​នេសាទ​បឹង​ក្រ​ពិត ដែល​ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​មៀន និង​ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដើម្បី​សិក្សា​ស្រាវជ្រាវ ពី​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​អា​ស្រ័យ​ផល​ពី​ព្រៃ​លិច​ទឹក​។​

​ការជំរុញឱ្យ​លោក​ធ្វើការ​ស្រាវ​ជ្រាវ​នេះ​ព្រោះ​លោក​មើលឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ជលផល និង​ធនធាន​ជលផល ហើយ​ធន​ធាន​ព្រៃ​លិច​ទឹក​មាន​ទំនាក់ទំនង យ៉ាងសំខាន់​សម្រាប់​ការ​រ​ស់​នៅ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ និង​អ្នកនេសាទ​។

លោក​បន្ថែមថា ការដឹង​ច្បាស់​ពី​ស្ថានភាព​ជាក់​ស្តែង​នៃ​ប្រជា​នេសាទ និង​តំបន់​ដែល​ពួកគាត់​ពឹង​អាស្រ័យ​ផល ព្រមទាំង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កើតឡើង ជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​មន្ត្រី​ជំនាញ រៀបចំ​ផែន​ការគ្រប់គ្រង​។​

​បទពិសោធន៍​ជាក់ស្តែង​មិន​ខុសពី​កញ្ញា​ តេង ស្រី​ពេជ្រ ប៉ុន្មាន​នោះទេ លោក វៀត វាន ប្រាប់ថា ការស្រាវជ្រាវ​នេះ​ធ្វើឱ្យ​លោក​បាន ទទួល​ចំណេះដឹង​ថ្មីៗ​លើ​ការងាររដ្ឋបាល ការងារ​សហគមន៍​នេ​សាទ​ការងារ​អភិរក្ស​ធនធាន​ជល​ផល និង​ការងារ​វារីវប្បកម្ម​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា បទ​ពិសោធន៍​ការងារ​ទាំងនោះ មាន​សារៈប្រយោជន៍​សំខាន់​សម្រាប់​ខ្ញុំ ជាពិសេស​ទទួលបាន​នូវ​បទ​ពិ​សោធន៍​ល្អៗ ពី​លោកគ្រូ​អ្នកគ្រូ ថ្នាក់ដឹកនាំ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​លើ​កិច្ចការងារ​ជាច្រើន​»​។​

​និយាយ​ពី​ការចុះ​ស្រាវជ្រាវ​ជាក់ស្តែង​លោក វៀត វាន ប្រាប់ថា ក្រៅពី​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរជំនាញ និង​ភាគី​ពាក់ព័ន្ធ​លើ​ការងារ​គ្រប់គ្រង​ធន​​ធាន​ជលផល​នៅក្នុង​សហគមន៍ លោក​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ តាម​ភូមិ​ដើម្បី​សម្ភាស​ស្រង់​ទិន្នន័យ​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​ចុះ​ដល់ទី​តាំង​ព្រៃ​លិច​ទឹក កំណត់​ទំហំ​និង​សណ្ឋាន​ព្រៃ​លិច​ទឹក​និង​ធ្វើការ​វិភាគ​ចង​​ក្រង​ជា​ឯកសារ ដែល​ឯកសារ​នោះ​ជា​មូលដ្ឋាន​ល្អ​មួយ​សម្រាប់​ការផ្សព្វផ្សាយ​។ 

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បានទទួល​ឱកាស​ការងារ​ល្អៗ លើ​ការងារ​សិក្សា​ស្រាវជ្រាវ​ក៏ដូចជា​កិច្ចការងារ​ហាត់​ការ នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​។ ចុះ​ទំនាក់ទំនង​ជាមួយ​ប្រជា​នេសាទ​ផ្ទាល់ និង​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល ហើយ​ខ្ញុំ​បានទទួល​ប្រាក់ឧបត្ថម្ភ​ក្នុង​ការចុះ​ហាត់​ការ ពី​អង្គការ FAO តាមរយៈ​គម្រោង Ca PFISH-capture»​។​

​ដោយ​មើលឃើញថា ការគាំទ្រ​ដល់​វិស័យ​ជលផល​និង​វា​រី​វប្ប​កម្មពិត​ជាមាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់ ដល់​ការហូបចុក​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ មិនអាច​ខ្វះ​បាន​លោក វៀត វាន ប្តេជ្ញា​ថា នឹង​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ពីសា​រៈ​សំខាន់ នៃ​ធនធាន​ព្រៃ​លិច​ទឹក និង​ធនធាន​ជលផល​ព្រមទាំង​ចូលរួមចំណែក​លើ​កិច្ចការងារ​ផ្សេងៗ​ទៀត​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ជលផល​មាន​ភាព​រីកចម្រើន​។ 

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំឱ្យ​អ្នកពាក់ព័ន្ធ​ទាំ​អស់ សូម​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ការសិក្សា​ស្រាវ​ជ្រាវ​សំដៅ​លើកកម្ពស់​កម្រិត​ការយល់ដឹង​ក៏ដូចជា​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​បន្តទៅទៀត​»​។​

​ចំណែក​កញ្ញា ណាន់ បញ្ញា អាយុ​ ២៣ ​ឆ្នាំ ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ចុះ​ស្រាវជ្រាវ​ពី​ការ​​គ្រប់គ្រង​សហគមន៍​នេសាទ​ភ្នៀ​ត​កោះ​ពង​សត្វ នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយ​មានជ័យ បានឱ្យដឹងថា  ការចុះ​ស្រាវជ្រាវ​នេះ​ជា​ឱកាស​តែ​១​គត់​សម្រាប់​នាង​ក្នុងការ​ស្វែងយល់​ដោយផ្ទាល់​ពី​ការងារ​ក្នុង​វិស័យ​ជលផល និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការងារ​សហគមន៍​មូលដ្ឋាន​។​

​កញ្ញា​និយាយថា​៖ «​ខ្ញុំ​ពិតជា​បាន​រៀនសូត្រ​ច្រើន​ទាក់ទង​ទាំង​ការងាររដ្ឋបាល​ក្នុង​ខណ្ឌ​រដ្ឋបាល​ជលផល ការចុះ​បេសកកម្ម​ផ្សេងៗ​និង​ប​ចេ្ច​ក​ទេស​ផ្នែក​ជល​​ផល​ផងដែរ​។ វា​ពិតជា​ផ្ដល់​ប្រ​យោជន៍ ដល់​ខ្ញុំ​ដែល​អាចយ​កវា​ទៅប្រើ​ប្រាស់​ក្នុងការ​ស្វែងរក​ការ​ងារ​និង​ចែករំលែក​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ផងដែរ​»​។​

​កញ្ញា​ប្រាប់​ពី​ការមើលឃើញ​ជាក់ស្តែង​ក្នុងពេល​ចុះ​អនុវត្តន៍​ផ្ទាល់​ថា ការចុះទៅ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន ឃើញថា ទាំង​មន្ត្រី​ខណ្ឌ​ជលផល និង​អាជ្ញាធ​ក្នុង​តំបន់ ពិតជា​បាន​យកចិត្តទុកដាក់​លើ​ការងារ​ជល​ផល​យ៉ាង​មមាញឹក​ក្នុងការ​ថែរក្សា និង​អភិរក្ស​ធនធាន​ជលផល​ក៏ដូចជា​ផ្ដល់នូវ​បច្ចេកទេស​ដល់​ប្រជាជន​ក្នុង​តំបន់​។

​លោក ស្រ៊ុន លឹម​សុង អនុ​ប្រធាន​រដ្ឋបាល​ជលផល​បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ និង​ការចុះ​ហាត់​ការជាក់ស្តែង​នេះ ធ្វើឱ្យ​និស្សិត​ទទួលបាន​ការសិក្សា​រៀនសូត្រ​ប្រកបដោយ​វិជ្ជាជីវៈ​។ ជាមួយគ្នា​នោះ នៅតាម​បណ្តា​ខណ្ឌ​រដ្ឋបាល​ជលផល ក៏​ទទួលបាន​កម្លាំង​ការងារ​បន្ថែម​ព្រមទាំង​ចំណេះដឹង​ថ្មីៗ​ពី​និស្សិត​ផងដែរ​។​

​លោក​លើកឡើងថា ការងារ​ស្រាវជ្រាវ​នេះ​ពិតជា​ធាតុ​ចូល ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្មវិធីសិក្សា​ជំនាញ​ជលផល​។ ការកែលម្អ​កម្មវិធីសិក្សា គឺ​ដើម្បី​ធានាថា សាកលវិទ្យាល័យ នឹង​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ក្នុង​វិស័យ​ជលផល ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​។ 

​លោក​ថ្លែងថា​៖ «​ការកែលម្អ​កម្មវិធីសិក្សា​ផ្នែក​ជលផល​នេះ នឹង​រួមចំណែក ដល់​ការលើកកម្ពស់​ការគ្រប់គ្រង​ជលផល​ក្នុងប្រទេស​តាមរយៈ​ការបង្កើត និង​កសាង​សមត្ថ​ភាព​ចំណេះដឹង​និង​ជំនាញ​ដែល​ពាក់ព័ន្ធ​វិស័យ​ជលផល​ដល់​អ្នកជំនាន់ក្រោយ​»​។​

​លោក ​ហួន ថាវរៈ​ សាកល​វិទ្យា​​ធិ​ការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បានឱ្យដឹងថា រដ្ឋ​បាល​ជលផល​និង​អង្គការ FAO បាន​គាំទ្រ​ដល់​សាលា​ចំនួន​៤ ដើម្បី​ជ្រើសរើស​និស្សិត​ជិត​បញ្ចប់​ការសិក្សា សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​នេះ​។ ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម និង​សាកលវិទ្យាល័យ​ក្រចេះ​។

​លោក​ថា ដំណើរ​ការធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធីសិក្សា​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​បាន​គ្របដណ្តប់​ទៅលើ​វិស័យ​វិទ្យាសាស្ត្រ​ជលផល និង​វារីវប្បកម្ម​។ ការគាំទ្រ​នេះ​ផ្តល់ឱកាស​ដល់​និស្សិត​ចំនួន​ ៣៧ នាក់ ​មកពី​សាកលវិទ្យាល័យ​ទាំង ​៤​ ខាងលើ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ដែល​ទាក់ទង​វិស័យ​ជលផល​ដោយបាន​ពិគ្រោះ​យោបល់​និង​ស្នើឡើង​ដោយ​ខណ្ឌ រដ្ឋបាល​ជលផល​នៅ​ទូទាំង ​២០ ​ខេត្ត​នៅ​តំបន់ឆ្នេរ និង​តំបន់​ទឹកសាប​។​

​លោក​ថ្លែងថា​៖ «​ការគាំទ្រ​ដល់​កម្មវិធីសិក្សា របស់​សាកលវិទ្យាល័យ​ក្នុង​វិស័យ​ជលផល បានអនុញ្ញាត​ឱ្យធ្វើ​បច្ចុប្បន្នភាព​ខ្លឹមសារ នៃ​វគ្គ​សិក្សា និង​មេរៀន​សម្រាប់​បង្រៀន​ខណៈ​ដែល​ការកែលម្អ នឹងមាន​ការ​ផ្លាស់ប្តូរ​ដើម្បី​ឆ្លើយតប​តម្រូវការ​ក្នុង​វិស័យនេះ​។ និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​នឹង​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​សម្រាប់​តម្រូវការ​ទីផ្សារ​ការ​ងារ​នាពេល​បច្ចុប្បន្ន​»៕