​ភ្នំពេញៈ ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ពី ​«​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ ២»​ កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​យល់ព្រម​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ការតភ្ជាប់​ជើងហោះហើរ ដោយ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ឥណ្ឌូនេស៊ី មកកាន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា​ដូចជា ខេត្តសៀមរាប និង​តំបន់ឆ្នេរ ស្របពេល​ដែល​ការ​មកដល់​នៃ​ភ្ញៀវទេសចរ​ឥណ្ឌូ​​នេ​ស៊ី​កំពុង​កើនឡើង​។​

​លំហូរ​ទេសចរណ៍​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង ​២ ​នេះ​កំពុង​កើនឡើង​


​ការប្តេជ្ញាចិត្ត​លើ​ការលើក​កម្ពស់ ​«​ប្រទេស​ ២ ​គោលដៅ​តែ​ ១»​ បានធ្វើ​ឡើង​ក្នុងជំនួប​រវាង​លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា និង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាល​​ពីថ្ងៃ​ទី ​១៣ ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

​នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ ២​ បាន​ពិភាក្សា​ពី​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ពង្រឹង​វិស័យ​ទេសចរណ៍ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង​ស្តង់ដា​ទេស​ចរណ៍ ដើម្បី​ជំរុញ​ទេសចរ​ទៅ​​វិញ​ទៅមក​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​លោក​រដ្ឋមន្ត្រី និង​ឯក​​អគ្គរដ្ឋទូត​បានបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​លើកកម្ពស់​ការយល់ដឹង​ពី​គោល​ដៅ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ ២ ​តាម​រយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ឥណ្ឌូនេស៊ី មក​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជា​ខេត្ត​សៀម​​រាប និង​តំបន់ឆ្នេរ​ជាដើម​»​។​

​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវ​អាកាស​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌូនេស៊ី​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ១៩៦៩ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) កាលពី​ឆ្នាំ​ ២០០៦

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានឱ្យដឹងថា ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី សម្រាប់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ប្រជាជន ដែល​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ជុំវិញ​ការពង្រីក​ជើង​ហោះ​ហើរ​ត្រង់នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​ការហោះហើរ​ត្រង់​កាន់តែច្រើន​រវាង​ប្រទេស​ទាំង​ ២ ​នឹង​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​ប្រទេស​យើង​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ឥណ្ឌូនេស៊ី ក៏ដូចជា​ធុរជន​កាន់តែច្រើន​។ ដូច​យើង​អាច​មើលឃើញថា​ប្រទេស​ឥណ្ឌូនេស៊ី​អាចជា​ទីផ្សារ​ទេសចរណ៍​ឈានមុខ​គេ​នៅ​អាស៊ី​បើ​និយាយ​ពី​ចំនួន​ប្រជាជន​»​។ ប៉ុន្តែ​លោកស្រី​បានផ្តល់​អនុសាសន៍​ថា កម្ពុជា​បានរៀបចំ​កញ្ចប់​ទេសច​រណ៍​ណាមួយ​ឱ្យ​បានល្អ​ទាក់ទង​នឹង​ការ​ស្នាក់នៅ ហើយ​ជាពិសេស​អាហារ​ដូចជា​អាហារ​ហា​ឡា​ល ដើម្បី​បម្រើ​ដល់​ពួកគេ​។​

​លោកស្រី​លើកឡើងថា​៖«​យើង​យល់ថា កន្លងមក​ដោយសារ​យើង​ខ្វះ​អាហារ​​ហា​ឡា​ល​។ ភ្ញៀវទេសចរ​ភាគច្រើន​មានតែ​នៅតាម​តំបន់​ទេសចរណ៍​សំខាន់ៗ​ដូចជា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែលជា​កន្លែង​បម្រើ​អាហារ​ហា​ឡា​ល​។ ដូច្នេះហើយ នៅពេលនេះ គោលដៅ​ជាច្រើន​ផ្សេងទៀត​ត្រូវ​រៀបចំ​ឱ្យបាន​ល្អ ដើម្បី​បម្រើ​ពួកគេ​»​។​

​កាលពី​ខែមេសា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប Air Asia បានចាប់ផ្តើម​ការហោះហើ​រ​ត្រង់​រវាង​ទីក្រុង​ហ្សា​ការ​តា និង​រាជធានី​ភ្នំពេញ ជា​វិធាន​ការ​មួយ​ដែល​ត្រូវបាន​រំពឹងថា​នឹង​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍ និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។​

​ការបង្កើតឱ្យមាន​ជើងហោះហើរ​ត្រង់នេះ​ធ្វើឡើង​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ស្តីពី​កិច្ច​សហ​​ប្រតិបត្តិការ​ទេសចរ​ណ៍ ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ស្ថានទូត​ឥណ្ឌូនេស៊ី ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​ ១០ មេសា​។​

​មេដឹកនាំ​ទាំង ​២​ បាន​ប្តេជ្ញា​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៤ បាន​ជួបពិភាក្សា​ជាមួយ​លោក Darmosumarto ហើយ​លោក​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា កម្ពុជា និង​ឥណ្ឌូនេស៊ី ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​កែលម្អ​បន្ថែមទៀត​លើ​វិស័យ​នានា​ដូចជា សេដ្ឋ​​កិច្ច អប់រំ ការពារជាតិ និង​វិស័យ​ផ្សេងៗ​ទៀត​នៅ​ឆ្នាំនេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម លោក Santo បាន​វាយតម្លៃ​ខ្ពស់​ដល់​សមិទ្ធផល​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន​​ម៉ា​ណែ​ត រយៈពេល ១០០ ​ថ្ងៃ​ដំបូង​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា​៖ «​ឆ្នាំ ២០២៤ គឺជា​ខួប​លើក​ទី៦៥ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២​។ នៅក្នុង​ជំនួប​នោះ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើឱ្យ​ឆ្នាំ ២០២៤ ក្លាយជា​ឆ្នាំ​មួយ​នៃ​កិច្ចខិតខំ ​ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​រវាង​ប្រជាជាតិ​ទាំង ​២»​។​

​លោក ម៉ា​ណែ​ត បាន​ស្វាគមន៍​លោក Santo និង​សហការី ដោយបាន​កោត​សរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ​២​។​

​លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​។ ក្នុងជំនួប​នោះ ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សា​អំពី​ការជំរុញកិច្ចសហ ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ដូចជា​ការបង្កើន និង​បន្ត​ការនាំ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។​

​យោងតាម​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ ​២០២៣ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ការមកដល់​របស់​ភ្ញៀវ​បរទេស​ចំនួន​ជាង ៥,៤៥​ លាន​នាក់ កើនឡើង ១៣៩,៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ឥណ្ឌូនេស៊ី​មាន​ចំនួន ១២៧ ១៧៨​ នាក់ កើនឡើង​ជាង ៦៨​ ភាគរយ​៕