​សៀមរាប​: ជាការ​លម្អ​សោ​ភណ​​ភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប ផ្ទាំងគំនូរ​ដ៏​ធំ​របស់​វិចិត្រករ​បារាំង​លោក Chifumi Krohom បានបង្ហាញ​នូវ​ភាពស្រស់ស្អាត​នៅក្នុង​ទីក្រុង​បេ​តិក​​ភណ្ឌ​របស់​ប្រទេស​កម្ពុជា ជា​ពិ​សេស​ឆ្លុះបញ្ចាំង​ពី​គំនូរ​ដ៏​ប្រណីត និង​ភាព​វិសេស​នៃ​ប្រាសាទ​តា​​ព្រហ្ម​។ ស្នាដៃ​សិល្បៈ​នេះ​ទាក់​ទាញ​អ្នកទស្សនា​ជាមួយនឹង​រូបភាព​ដ៏​ស្រស់បំព្រង​នៃ​របាំ​អប្សរា ជា​សិល្បៈ​ដែល​ចាក់​​ឫស​យ៉ាងជ្រៅ​នៅក្នុង​វប្បធម៌​ខ្មែរ​។​

​លោក Chifumi ជា​វិចិត្រ​ករ​ជនជាតិ​បារាំង​ម្នាក់​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ​​ ២០១៣ មក បាន​និយាយថា​៖ «​ក្នុង​ការងារ​សិល្បៈ​របស់ខ្ញុំ ជាធម្មតា ការ​បំផុសគំនិត​កើតចេញពី​ប្រវត្តិ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ជាក់ស្ដែង ចំពោះ​គម្រោង​នេះ ខ្ញុំ​បានជ្រើសរើស​បង្កើត​ស្នាដៃ​សិល្បៈ​ព្រះព្រហ្ម ដែល​បំផុសគំនិត​ពី​ចម្លាក់​សម័យអង្គរ​»​។​

​លោក​បាន​បន្ដថា​៖ «​ផ្ទាំងគំនូរ​នេះ​មាន​ទីតាំងនៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​តាមផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត ដូច្នេះ​វា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ក្នុងការ​រំលេច​នូវ​រចនាប័ទ្ម​វប្បធម៌​ជាតិ​»​។​


​លោក​បញ្ជាក់ថា សិល្បៈ​ពិសេស​មួយ​នេះ​មាន​ទំហំ​ធំ​បំផុត​ដែល​លោក​ធ្លាប់ធ្វើ ដែល​តម្រូវឱ្យធ្វើ​ការបន្ត​រយៈពេល​ ៣​ សប្តាហ៍​ដោយ​មិន​ឈប់សម្រាក​ ១ ​ថ្ងៃ​។​

​លោក​មានបំណង​ប្រាថ្នា​ដ៏​មុតមាំ​ក្នុងការ​បង្កើត​អ្វីមួយ​ដែល​ឆ្លើយតប​នឹង​សហគមន៍​មូលដ្ឋាន និង​បន្ថែម​អត្តសញ្ញាណ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប​។​


​ផ្ទាំងគំនូរ​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​​ទាំង​ដើរតួ​ជា​ផ្លូវ​វប្បធម៌ ភ្ជាប់​សមិទ្ធិផល​សិល្បៈ​ពី​អតីត​កាលដែល​ទទួលបាន​ការ​កោត​សរសើរ​ពី​សំណាក់​សាធារណ​​ជន​។

លោក Chifumi ជា​អ្នករៀបចំ​មហោស្រព​សិល្បៈ​ទីក្រុង​កម្ពុជា ជា​ព្រឹត្តិការណ៍​ដំបូង​សម្រាប់​សិល្បៈ​សាធារណៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​និយាយថា រាល់​រចនាប័ទ្ម​ទាំង​អស់កើត​ចេញពី​ទម្រង់​វប្បធម៌​ខ្មែរ ជាពិសេស​ពី​ទីតាំង​ក្រុង​នៃ​ខេត្តសៀមរាប និង​តំបន់​ប្រាសាទបុរាណ​។​

​លោក Chifumi បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ដោយសារ​គំនូរ​លើ​ជញ្ជាំង​នេះ​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ខ្ញុំ​បានជ្រើសរើស​រូបភាព​តំណាងឱ្យ​ព្រះព្រហ្ម ជា​អ្នកបង្កើត​លោក​តាម​ជំនឿ​បុរាណ​។ ខ្ញុំ​ជឿថា មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជាម​ជ្ឈ​មណ្ឌល​សម្ភព​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​។ ដើម្បី​រក្សា​ភាព​អរូបី​មួយចំនួន​នៅក្នុង​ការ​រចនា​នេះ ខ្ញុំ​ក៏បាន​រួមបញ្ចូល​នូវ​លម្អ ក្បាច់​ភ្ញីទេស ដែល​តំណាងឱ្យ​រុក្ខជាតិ​រីកដុះដាល និង​សម្បូរបែប​ដែល​បាន​រកឃើញ​នៅ​ជុំវិញ​ប្រាសាទ​»​។​

​គំនូរ​ព្រះព្រហ្ម​ដែលមាន​មូល​ដ្ឋា​ន​នៅ​ខេត្តសៀមរាប​នេះ​មិន​មែន​ជាការ​រួមចំណែក​សិល្បៈ​ដំបូង​របស់លោក​នោះទេ ប៉ុន្តែ​ជាការ​បន្ត​ស្នាដៃ​លើក​ទី​២​បន្ទាប់ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​បាន​គូរ​នៅក្នុង​ឆ្នាំ​ ២០២៣​។​

ផ្ទាំងគំនូរវប្បធម៌ជាតិលើជញ្ជាំងមន្ទីរពេទ្យគន្ធបុប្ផា។ រូបថត Chifumi

​វិចិត្រករ​រូបនេះ​សម្តែង​ការ​ដឹងគុណ​ចំពោះ​ឱកាស​ក្នុង​ការបន្ថែម​សោភ័ណភាព​ដល់​បរិ​យា​កាស​របស់​មន្ទីរពេទ្យ ហើយ​សង្ឃឹមថា អ្នកទស្សនា​នឹង​ទទួលបាន​នូវ​ភាព​រីករាយ ដែល​គំនូរ​នីមួយៗ​ជា​សក្ខីភាព​នៃ​ការងារ​សង្គ្រោះ​ជីវិត​មនុស្ស​របស់​មន្ទី​រ​ពេទ្យ​។​

​វិចិត្រករ​បារាំង​រូបនេះ​និយាយថា​៖ «​ខ្ញុំ​មានសំណាង​ណាស់​ដែលមាន​ឱកាស​បន្ត​បង្កើត​ផ្ទាំងគំនូរ​សម្រាប់​ពួកគេ ហើយ​ខ្ញុំ​សង្ឃឹមថា អ្នកទស្សនា​នឹង​រីករាយ​ជាមួយនឹង​សិល្បៈ​»​។​

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាលា​សិល្បៈ​នៅ​ប្រទេស​បារាំង លោក Chifumi បាន​ផ្លាស់​មក​ប្រទេស​កម្ពុជា ដោយ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជា​មួយ​នឹង​សិល្បៈ​បេតិកភណ្ឌ​បុរាណ​នៅ​កម្ពុជា​។​

​ចំណង់​ចំណូលចិត្ត​នេះ​បាន​នាំឱ្យ​រូបលោក​រៀបចំម​ហោ​ស្រព​សិល្បៈ​ទីក្រុង​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដោយ​លើក​​ទឹកចិត្ត​ឱ្យ​សិល្បករ​ក្នុងស្រុក​វ័យក្មេង​បង្ហាញ​ស្នាដៃ​។ សិល្បៈ​របស់លោក​ត្រូវបាន​បង្កើតឡើង​នៅ​កន្លែង​ផ្សេងៗ​គ្នា ដូច​ជា ប្រទេស​កម្ពុជា រដ្ឋ​កាលីហ្វ័រ​នី​ញ៉ា ម៉ា​ដា​ហ្គា​ស្ការ ឥណ្ឌា បារាំង ដា​ណឺ​ម៉ាក ក្រូ​អាត ថៃ នេ​ប៉ាល់ និង​អ៊ី​តា​លី​។​

​លោក Chifumi តែងតែ​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​ចំពោះ​វប្បធម៌​ខ្មែរ ដោយពេល​ទំនេរ​ទៅលេង​វត្ត និង​ប្រាសាទ​នានា​ទូទាំងប្រទេស​កម្ពុជា​។​បន្ទាប់ពី​ការផ្លាស់​ទីលំនៅ​ពី​ភ្នំ​ពេញ​ទៅ​ខេត្តសៀមរាប លោក​បាន​ចាប់យក​ឱកាស​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​បរិយាកាស​ពិសេស​ក្នុង​តំបន់​ដែល​សម្បូរ​ទៅដោយ​ប្រវត្តិសាស្ត្រ​សម័យអង្គរ​។​

​ជាមួយនឹង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្នាដៃ​បុរាណ​ទាំងនេះ វិចិត្រករ​បារាំង​រូបនេះ មានបំណង​ធ្វើឱ្យមាន​តុល្យ​ភាព​រវាង​ការបង្កើត​ថ្មី​ប្រកប​ដោយ​ច្នៃប្រឌិត និង​រក្សា​ប្រពៃណី​។​

​លោក​លើកឡើងថា មានតែ​សារមន្ទីរ និង​វិចិត្រសាល​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​ព្រះរាជា​ណា​ចក្រ​។ ថ្វីដ្បិតតែ​ជាធម្មតា​វា​ត្រូវបាន​ផ្តួចផ្តើម និង​បើក​ដំណើរការ​ដោយ​អ្នក​ស្រឡាញ់​សិល្បៈ​ពិតប្រាកដ​ក៏ដោយ ជា​​មួយចំនួន​ប្រជាជន​តិចតួច​មានឱកាស​ទៅ​ទស្សនា​។​

​លោក Chifumi បានឱ្យដឹងថា​៖ «​សិល្បៈ​សាធារណៈ​អាចឱ្យ​មនុស្ស​គ្រប់រូប​ពេញចិត្ត​ចំពោះ​សិល្បៈ ទោះបីជា​ធ្វើដំណើរ​ដោយ​ម៉ូតូ ឬ​ដើរ​តាមផ្លូវ​ក៏ដោយ​។ នេះ​ប្រហែលជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ភ្ជាប់​ជាមួយនឹង​សិល្បៈ និង​ឫសគល់​វប្បធម៌​។ ខ្ញុំ​គិតថា សិល្បករ​នៅទីនេះ​ត្រូវមាន​ការគាំទ្រ​បន្ថែមទៀត​សម្រាប់​ការបង្កើត​ទម្រង់​សិល្បៈ​ក្រៅ​អគារ​»​។​​

គំនូរព្រាង​របស់ Chifumi ត្រូវបាន​ផលិត​ជា​ឌីជីថល​ដោយ​ប្រើ​កម្មវិធី Illustrator ដោយ​ផ្អែកលើ​រូបថត​នៃ​ចម្លាក់​ខ្មែរ ឬ​អាទិទេព​។ គំនូរព្រាង​នីមួយៗ​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ជញ្ជាំង​អគារ​ណាមួយ​ដ៏​ជាក់លាក់​។ នៅក្នុង​គម្រោង​នេះ លោក​បានឱ្យដឹងថា បញ្ហា​ប្រឈម​គឺ​ការរួមបញ្ចូល​គ្រប់​ជ្រុង​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​។ លើសពីនេះ កម្ពស់ ១៨​ ម៉ែត្រ ជា​ផ្ទាំងគំនូរ​លើ​ជញ្ជាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។​

​លោក Chifumi បាន​និយាយថា​៖ «​ការរក្សា​សមាមាត្រ​ត្រឹម​ត្រូវ និង​ពណ៌​ជាក់លាក់​ទាម​ទារ​ជំនាញ​ដ៏​អស្ចារ្យ អរគុណ​ចំពោះ​បទពិសោធន៍​ជាង ១០​ ឆ្នាំ​របស់ខ្ញុំ​ក្នុង​វិស័យនេះ​»​។​

Chifumi ត្រូវបាន​អ្នកសិល្បៈ​ជាច្រើនរូប​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ផលិត​ស្នាដៃ​ធំៗ ដោយ​ពួកគេ​បាន​ជួយ​ជ្រោមជ្រែង​អំឡុង​​ពេល​ចាប់ផ្ដើម​គម្រោង​ដំបូងៗ ក្រុមការងារ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ក៏បាន​ចូលរួម​ផងដែរ ជា​មួយ​ការរៀបចំ​ដោយ​សាងសង់​រន្ទា​។

ទោះជា​យ៉ាងណាក៏ដោយ លោក Chifumi បាន​ចាត់ទុកថា វា​ជា​កិច្ចខិតខំ​ប្រឹង​ប្រែង​ផ្ទាល់ខ្លួន​របស់លោក​ជា​ចម្បង​ដោយ​ត្រួតពិនិត្យ​ដំណើរ​ការ​ពី​គំនូរព្រាង​បឋម​រហូតដល់​ការសម្រេច​ចុងក្រោយ​។​

​លោក​ថា ស្ទីល​សិល្បៈ​របស់លោក​មាន​ឥទ្ធិពល​យ៉ាងខ្លាំង ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការយល់ដឹង​អំពី​បរិបទ​វប្បធម៌​នៅក្នុង​ប្រទេស​នីមួយៗ​ដែល​លោក​ធ្វើការ​។ លោក​ក៏​រីករាយ​នឹង​ដំណើរការ​ច្នៃប្រឌិត​នៃ​ការរួមបញ្ចូល​គ្នា​នូវ​ឥទ្ធិពល​ពី​វប្បធម៌​ផ្សេងៗ​។​

​លោក​ថា​៖ «​ជា​ឧទាហរណ៍ នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្ការ​កាលពី​ឆ្នាំមុន ខ្ញុំ​បាន​បង្កើត​ផ្ទាំងគំនូរ​មួយ​ដែល​រួមបញ្ចូល​គ្នា​រវាង​នាគ​ខ្មែរ និង​ទេវ​កថា​អ្រា​ហ្វិ​ក​។ លទ្ធផល​គឺ​អស្ចារ្យ​ណាស់ ព្រោះ​វប្បធម៌​នីមួយៗ​សុទ្ធតែ​បង្ហាញ​អត្ថន័យ​សិល្បៈ​តាមរយៈ​ស្នាដៃ​របស់​ពួកគេ​»​។​

​គំនូរ​យក្ស​លើ​ជញ្ជាំង​មន្ទីរពេទ្យ ស្ថិតក្នុង​បរិវេណ​អគារ​សង់​ថ្មី​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ត្រៀម​បើកសម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ដែល​មហាជន​នឹងមាន​ឱកាស​ទស្សនា​។ លោកគ្រោង​បន្ត​ការ​​ងារ​នៅ​ខេត្តសៀមរាប​ជាច្រើន​ខែ​បន្ទាប់ពី​បញ្ចប់​ការ​គូរគំនូរ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

ផ្ទាំងគំនូរវប្បធម៌ជាតិលើជញ្ជាំងមន្ទីរពេទ្យគន្ធបុប្ផា។ រូបថត Chifumi