​សៀមរាបៈ សៀមរាប​ គឺជា​ខេត្ដ​មួយ​ក្នុងចំណោម​ខេត្ត​ដែល​ស្ថិត​ជាប់​បឹង​ទន្លេសាប​ទាំង​ ៦ ហើយក៏​កំពុង​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​អភិរក្ស​ការពារ​បឹង​ទន្លេ​សាប​របស់​សហភាព​អឺរ៉ុប ​(EU) តាមរយៈ​គម្រោង​ «​បឹង​ទន្លេសាប​របស់​យើង​» ដែល​រហូត​មកទល់ពេលនេះ​បាន​អនុវត្ត​រយៈពេល​ប្រមាណ ៣ ​ឆ្នាំ​មកហើយ​។​


​ធនធានធម្មជាតិ​ដែលជា​តំបន់ដីសើម​ក្នុង​បឹង​ទន្លេសាប​ដែល​មានការ​ប្រទាក់ក្រឡា​គ្នា​រវាង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​ដែលជា​តំបន់​ស្នូល​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​។​

លោក​ ​អ៊ឹ​ង គឹម​លាង អភិបាលរង​ខេត្ដ​សៀមរាប​បានឱ្យដឹងថា បច្ចុប្បន្នប្រសិនបើ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ទៅ​ទស្សនា​តំបន់​អង្គរ​ក្នុងនោះ​ក៏មាន​អ្នក​ចូលទៅ​មើល​បឹង​ទន្លេសាប​ជាច្រើន​នាក់​ផងដែរ​។​


​លោក​ថ្លែងថា តម្លៃ​បឹង​ទន្លេ​សាប​នេះ ​គឺជា​គុណ​តម្លៃ​មួយ​ដ៏​ធំ​ថែមទៀត​។ បើ​ធ្វើការ​ប្រៀប​​ធៀប​ជាមួយនឹង​តម្លៃ​អង្គរ​​ «​ដ៏​រុងរឿង​របស់​យើង​» ទន្លេសាប​គឺជា​តំបន់​ទាក់ទាញ​ផងដែរ​ហើយ​សហគមន៍​នៅតាម​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប​ក៏មាន​ជីវភាព​ធូរធារ​តាមរយៈ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងនោះ​ដែរ​។​

​លោក​ អ៊ឹ​ង គឹម​លាង ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​ដំណើរ​ទស្សន​កិច្ច​កាលពី​ចុងខែ​មករា​របស់​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ (EU)​ ប្រចាំ​កម្ពុជា លោក Igor Driesmans ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា លោក​ Stefan Messerer និង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ទៅកាន់​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ និង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​


​លោក​ថ្លែងថា​៖ «​ដោយសារតែ​មានការ​គ្រប់គ្រង​របស់​ឯក​​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន រួមគ្នា​[​ក្នុង​]​កិច្ច​សហការ​ក្នុងការ​ចូលរួមចំណែក​ការអភិរក្ស​គ្រប់គ្រង​នៅ​ឆ្នាំ ២០២៤​ នេះ ប្រភេទ​ត្រី​កម្រ​មានការ​កើនឡើង​។ បរិមាណ​ត្រី​មានការ​សម្បូរ​ជាង​មុន ពិតមែនតែ​ទឹក​ឆ្នាំនេះ​មាន​លក្ខណៈ​តូច​ជាង​ឆ្នាំទៅ ប៉ុន្តែ​ធនធាន​ត្រី​មាន​លក្ខណៈ​ប្រែប្រួល​»​។​

​លោក​បាន​បន្ថែមថា​៖ «​នេះ​ជា​ចំណុច​សំខាន់​ហើយ​ស្រប​តាម​គោលការណ៍​របស់ ​EU​ ដែល​បាន​ជួយ​កន្លងមក សុំ​អរគុណ​ណាស់ ​គឺ​ជួយ​លើ​តំបន់​អភិរក្ស​ហើយ​តំបន់​ការពារ ជាពិសេស ​គឺ​ស្នាក់ការ​របស់​ជលផល​ត្រូវ​​បាន​គាំទ្រ​ដោយ ​EU​ ហើយ​សហ​គម​ន៍ និង​ដៃគូ​អភិវឌ្ឍន៍​នានា រួមជាមួយ​នឹង​តំបន់​ការពារ​មួយចំនួនទៀត​បានធ្វើឱ្យ​ត្រី​មានការ​ប្រែប្រួល​។ វិធានការ​បន្ត​របស់​ខេត្ត​គឺ​ត្រូវ​ពិនិត្យឡើងវិញ​លើ​តំបន់​អភិរក្ស​ដែលមាន​នៅ​ខេត្តសៀមរាប ​[​ក្នុងការ​]​ ស្តារ ការពារ និង​គ្រប់គ្រង​»​។​

​លោក អ៊ឹ​ង គឹម​លាង បានឱ្យដឹង​ដែរ​ថា ក្នុងការ​រៀបចំ​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យបាន​ស្ថិតស្ថេរ​ក្នុង​តំបន់ដីសើម​នេះ​ខេត្ត​សៀម​រាប​មាន​វិធានការ​ចំនួន ​៣ គឺ​ប្រមូលផ្តុំ​ស្ថិតិ​ជន​ដែលមាន​ការ​ខុសឆ្គង​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​គ្រប់គ្រង និង​អប់រំ​ណែនាំ​ដោយមាន​កិច្ចសន្យា​, កែតម្រូវ​កិច្ច​ការ​ច្បាប់​មួយចំនួន​ឱ្យស្រប​ទៅតាម​ធនធាន​ដែល​ខេត្ត​មាន និង​វិធានការ​នៃ​ការបង្ក្រាប​ឱ្យខាងតែបាន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ក៏បាន​ជិះទូក​ទស្ស​នា​តំបន់​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹង​ល្វើយ​ព័ទ្ធជុំវិញ​ដោយ​ព្រៃ​លិច​ទឹក ដោយ​ចេញដំណើរ​ពី​កំពង់​ផែ​ទេសចរណ៍​ចុង​ឃ្នៀ​ស​នៃ​ខេត្តសៀមរាប​ឆ្ពោះទៅកាន់​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដែលមាន​ផ្ទៃក្រឡា​ជាង ២ ​ម៉ឺន​ហិ​ក​​តា ​ស្ថិតក្នុង​ខេត្តបាត់ដំបង និង​បាន​ទស្សនា​ប្រភេទ​សត្វ​ស្លាប​ដែលមាន​ជាង ២០០​ ប្រភេទ​នៅ​តំបន់​នោះ​ផងដែរ​។​

​លោក អ៊ឹ​ង គឹម​លាង ដែល​បានរួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ដំណើរ​ទស្សនកិច្ច​នេះ​ថា ដោយសារ​មានការ​ចូលរួមចំណែក​គាំទ្រ​ទាំង​ថវិកា ធនធានមនុស្ស និង​សម្ភារ​បរិក្ខារ​ធ្វើឱ្យ​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប​នេះ​ធានាបាន​គុណភាព​នៃ​ការការពារ ហើយ​ព្រៃ​លិច​ទឹក​ក៏​ធានាបាន​ការការពារ​បា​ន​ល្អ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​តំបន់​អភិរក្ស​ត្រី​នៅ​ទីនោះ គ្រាន់តែ​យើង​ជិះទូក មានការ​ឆ្លងកាត់​ទៅ យើង​ឃើញ​មាត់​ត្រី​លោត​ឡើង​។ សកម្មភាព​ប្រជាពលរដ្ឋ​នៅតាម​ដងស្ទឹង​ក៏មាន​សកម្មភាព​យ៉ាង​រស់​រវើក ដែល​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មួយ​អាច​វាយតម្លៃ​បាន​ថា ដោយសារ​មាន​គម្រោង​នេះហើយ​។ ជាពិសេស​យើង​ឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរ​ជាតិ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​មាន​ជីវភាព​ធូរធារ​»​។​

​លោក​ អ៊ឹ​ង គឹម​លាង បាន​បន្ថែមថា នេះ​គឺជា​ការចូលរួមចំណែក​ចំណង​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង ​EU និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ហើយ​លោក​ស្នើ​ឱ្យមាន​ការបន្ត​គម្រោង​នេះ​តទៅទៀត និង​សំណូមពរ​ឱ្យមាន​ការសិក្សា​អំពី​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ត្រី​នៅ​តំបន់​បឹង​ទន្លេ​​សាប រួមមាន សត្វ​ដែល​ស៊ី​ត្រី​ច្រើន ថា តើ​ក្នុង​ ១ ​ឆ្នាំ​អស់​ត្រី​ចំនួន​ប៉ុន្មាន​សម្រាប់​សត្វ ១ ​ក្បាល ហើយ​ត្រី​ដែល​នៅក្នុង​ទឹក​មាន​ប៉ុន្មាន​ដែល​អាច​នេសាទ​បាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា សត្វ​ដែល​ស៊ី​ត្រី​មាន​ច្រើន មាន​ទាំង​សត្វ​ភេ សត្វ​ស្លាប សត្វ​ពស់ និង​សត្វ​ដទៃទៀត ហើយ​រួមទាំង​មនុស្ស​ឡើង​។ អ៊ីចឹង​ប្រសិនបើ​យើង​សិក្សា​អំពី​តុល្យភាព​នៃ​ការប្រើប្រាស់​នេះ​បាន យើង​ធ្វើឱ្យ​បរិស្ថាន​ជីវចម្រុះ​នៅ​ទីនោះ​នឹង​អាចមាន​ស្ថិរភាព​ហើយ​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន​ទៀតផង​»​។​

EU កំពុង​គាំទ្រ​គម្រោង «​បឹង​ទន្លេសាប​របស់​យើង​» ដែល​ប្រើប្រាស់​ថវិកា​ចំនួន​ ៥,៣​ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ​៤ ឆ្នាំ ពី​ឆ្នាំ​ ២០២១​ ដល់​ឆ្នាំ ​២០២៤​។​ ជំនួយ​មូលនិធិ​របស់ EU បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​រក្សា​តុល្យ​ភាព​រវាង​ការអភិរក្ស​បរិស្ថាន និង​សុខុមាលភាព​សហគមន៍​ក្នុង​តំបន់​បឹង​ទន្លេសាប​។​

​លោក ​Driesmans ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នេះ​ថា ក្រុម​ការងារ​គម្រោង​នេះ​ធ្វើការ​ជា​មួយក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អង្គការ​សមា​​គម​អភិរក្ស​សត្វព្រៃ ​(WCS) ដើម្បី​ជួយ​ដល់​សហគមន៍​មូល​​ដ្ឋា​ន អង្គការ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​អនុរក្ស​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុងការ​អភិរក្ស​ជីវចម្រុះ លើកកម្ពស់​ការអនុវត្ត​ប្រកប​​ដោយ​និរន្តរភាព​ដើម្បី​ធានាបាន​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ដែល​ធន់​។​

​សមិទ្ធផល​គម្រោង​ «​បឹង​ទន្លេ​សាប​របស់​យើង​»​​ ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ដំបូង លទ្ធផល​គម្រោង​នេះ​បាន​បង្ហាញថា ក្នុង​រយៈពេល ៣ ​ឆ្នាំ​ដំបូង​នៃ​គម្រោង​តំបន់​ការពារ​ថ្មី​នៃ​តំបន់​ទេសភាព​ការពារ​វាលស្មៅ​បាកាន​ដែល​ស្ថិតនៅក្នុង​ស្រុក​បាកាន និង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​កាលពី​ឆ្នាំ​ ២០២៣​។ ផែនការ​គ្រប់គ្រង​តំបន់​ស្នូល​នៅ​ព្រែក​ទាល់ បឹង​​ទន្លេ​ឆ្មា​រ៉ា​ម​សារ និង​ផែនការ​គ្រប់គ្រង​ទី​ ៣ ក្នុងការ​អភិវឌ្ឍ​តំបន់​ស្ទឹងសែន​រ៉ា​ម​សារ ត្រូវ​បានអនុម័ត​។​

​គម្រោង​បាន​គាំទ្រ​មន្ត្រី​អនុរក្ស​ក្នុងការ​យាមល្បាត​ចល័ត​ឆ្លាត​វៃ​ដោយ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​មន្ត្រី​អនុរក្ស​នៃ​នាយកដ្ឋាន​រដ្ឋាភិបាល​ចំនួន​ ១១ ដើម្បី​ធ្វើ​ការ​ល្បាត​ឆ្លាត​វៃ​ជា​ទៀងទាត់​។ គម្រោង​បាន​គាំទ្រ​ដល់​អង្គការ​សហគមន៍​មូលដ្ឋាន​ក្នុងការ​ល្បាត​ចល័ត​ឆ្លាត​វៃ​ដោយ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​ឆ្មាំ​ព្រៃ​នៃ​អង្គ​ការ​មូលដ្ឋានចំនួន ​២១ ដើម្បី​ធ្វើការ​ល្បាត​ចល័ត​ឆ្លាត​វៃ​ជា​​ទៀងទាត់​។​

​គម្រោង​នេះ​ក៏បាន​គាំទ្រ​ដល់​អង្គការ​សហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើត និង​អនុវត្ត​ផែនការ​គ្រប់​​គ្រង​អគ្គិភ័យ​តាម​សហគមន៍ តាមរយៈ​ការ​ល្បាត​ជាប្រចាំ និង​ដាំ​កូនឈើ​ជាង ២១ ០០០​ ដើម​នៅ​តំបន់​ព្រៃ​លិច​ទឹក​ដែល​បាន​ឆេះ​ផងដែរ​។​

​លទ្ធផល​គម្រោង​នេះ បានបង្ហាញ​ទៀតថា គម្រោង​បាន​គាំទ្រ​អង្គការ​សហគមន៍​មូល​ដ្ឋា​ន​ចំពោះ​ការដាំ​ឡើងវិញ និង​ជួយ​បង្កើត​ឡើងវិញ​នូវ​ព្រៃ​លិច​ទឹក​លើ​ផ្ទៃដី​សរុប​ចំនួន ​៥៣ ​ហិកតា​ ដែលមាន​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​ ១២ ៣១៦ ​ដើម និង​ផ្ទៃដី ​៤៩១​ ហិកតា​ទៀត សម្រាប់​ការកកើត​ឡើងវិញ​ទៅតាម​ធម្មជាតិ​។​

​គម្រោង​ថ្នាល​និរន្តរភាព​នៃ​ផលិតកម្ម​ដំណាំ​ស្រូវ​ត្រូវបាន​ពង្រីក​សម្រាប់​ការធ្វើ​កសិកម្ម​ដ៏​ល្អ​បំផុត​នៅក្នុង​តំបន់​ទំនាប​លិច​ទឹក​នៃ​បឹង​ទន្លេសាប ហើយ​ប្រជា​​កសិករ​ជាង ​១ ០០០​ គ្រួសារ​ ដែល​កំពុង​អនុវត្ត​គម្រោង​នេះ​បាន​លក់​ស្រូវ​របស់​ពួកគេ​ក្នុងតម្លៃ​ពិសេស​៕