​ភ្នំពេញៈ បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​រយៈពេល​ជាង ៣​ ឆ្នាំ​ជាប់​គ្នា​រួចមក វិស័យ​ទេសចរណ៍​កម្ពុជា​នៅក្នុង​ឆ្នាំ ​២០២៤ នេះ​ត្រូវ​អ្នកជំនាញ​អះអាងថា នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ ខណៈ​ឆ្នាំ ​២០២៣ ដែល​ទើប​កន្លងផុត​ជាង ១​ ខែ​មកនេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជិត ៥,៥ ​លាន​នាក់​។​

​យោងតាម​ទិន្នន័យ​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៤៥​ លាន​នាក់​ បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា កើនឡើង ១៣៩,៥ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ១,៨២ ​លាន​នាក់ ​(​កើន ១១៣,៣ ​ភាគរយ​)​ តាម​ពីក្រោយ​ដោយ​ជនជាតិ​វៀតណាម​ចំនួន ១,០២ ​លាន​នាក់ ​(​កើន ១១៩,៨​ភាគរយ​), ចិន ០,៥៥ ​លាន​នាក់ ​(​កើន ៤១២,៦ ភាគរយ​)​ និង​ឡាវ ០,៣៧ លាន​នាក់ (​កើន ៣០២ ​ភាគរយ​) ក្រៅពីនោះ​មាន អាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ម៉ាឡេស៊ី ជាដើម​។​


​កត្តា​រួមផ្សំ​ជាច្រើន​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​នៅក្នុង​ឆ្នាំ​ ២០២៤

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្តិ៍​ថា បរិបទ​សេដ្ឋកិច្ច​​សកល និង​កត្តា​ខាងក្នុង​របស់​ប្រទេស​កម្ពុជា​នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​បរទេស​ឱ្យមក​កម្សាន្ត​កាន់តែច្រើន​ក្នុង​ឆ្នាំ​ ២០២៤ នេះ​។​


​លោកស្រី​ពន្យល់ថា កត្តា​ខាងក្រៅ​ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក​នោះ ​គឺ​ការ​ផុតរលត់​ក្តីបារម្ភ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ខណៈ​កត្តា​ខាងក្នុង​សំដៅ​ដល់​កិច្ចខិតខំ និង​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា កំពុង​ធ្វើ​ក្នុងន័យ​បង្កើន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរ​កម្សាន្ត​នៅ​កម្ពុជា​។​

​លោកស្រី​បាន​បន្តថា គន្លឹះ​សំខាន់ៗ​នៃ​កត្តា​ខាងក្នុង រួមមាន ស្ថិរភាព​ន​យោ​បាយ​, សន្តិសុខ​, ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​, កំណើន​ការតភ្ជាប់​ជើង​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស​នានា​, ការបើក​ដំណើរការ​ឡើងវិញ​សេវាកម្ម​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​, ការដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មីៗ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការជួយ​គាំទ្រ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​, និង​ការដាក់​ឱ្យប្រើ​ប្រាស់​កាន់តែ​ទូលំទូលាយ និង​សម្បូរ​​បែប​នៃ​ប្រព័ន្ធ​ឌីជីថល​។​

​លោកស្រី​ថ្លែងថា​៖ «​ឆ្នាំ ​២០២៤ នេះ​ខ្ញុំ​មានការ​រំពឹង​ខ្ពស់​ថា វិស័យ​ទេស​ចរណ៍​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់ជាង​ឆ្នាំ ​២០២៣​។ កំណើន​ភ្ញៀវទេសចរ ពិសេស​ទេសចរ​បរទេស នឹង​ជួយ​ឱ្យ​កម្ពុជា​រក្សាបាន​កំណើន​ប្រាក់ចំណូល​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​»​។​

​យោងតាម​លោកស្រី ស៊ីវ​លីន កិច្ច​​ខិតខំ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទៅ​ជួបពិភាក្សា និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​នានា និង​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ កំពុង​ក្លាយជា​កម្លាំងចលករ និង​ជា​មេដែក​ដ៏​មាន​ថាមពល​ក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។​

​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅតាម​គោលដៅ​សំខាន់ៗ​បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​

​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ PTM Travel & Tours Co.,Ltd លោក ស​សារិន បានឱ្យដឹងថា បន្ទាប់ពី​ការរីក​​រាលដាល​ជំងឺ​កូ​វីដ ​១៩ រមណីយដ្ឋាន​ទេសចរណ៍​នានា ពិសេស​ទេសចរណ៍ធម្មជាតិ​គឺ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវ ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក៏​កំពុង​ខំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ទេសចរណ៍ធម្មជាតិ​ផងដែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​ប្រាប់ថា​៖ «​វា​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវ​រួមដៃគ្នា​ព្រោះ​វា​អាច​ផ្តល់នូវ​ផាសុកភាព សុវត្ថិភាព និង​អនាម័យ​សម្រាប់​ភ្ញៀវទេសចរ ខណៈ​ប្រទេស​កម្ពុ​ជាមាន​ទាំង​តំបន់​ទេសចរ​ណ៍​បែប​ប្រវត្តិសាស្ត្រ ធម្មជាតិ សមុទ្រ និង​រមណីយដ្ឋាន​កែច្នៃ ជាច្រើន​»​។​

​បន្ថែម​ពីលើ​នេះ លោក អន​ហេង សុ​ភ័​ក្រ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា បានឱ្យដឹងថា បន្ទាប់ពី​ការគំរាមកំហែង​ពី​ជំងឺ​​កូ​វីដ ​១៩ បាន​បិទ​បញ្ចប់​ចំនួន​ភ្ញៀវ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​កាល​ពី​ឆ្នាំ ​២០២៣ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​ចំនួន​នេះ​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ប្រតិបត្តិ​ករ​ទេសចរណ៍​យើង​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​បន្ថែមទៀត ពិសេស ជនជាតិ​ចិន ខណៈ​ឆ្នាំ​ ២០២៤ រដ្ឋា​ភិ​បាល​ប្រទេស​ទាំង​ ២ កំណត់ថា​ជា​ឆ្នាំ​ផ្លាស់ប្ដូរ​វប្បធម៌ និង​ប្រជាជន​»​។​

​ចំណូល​ពី​ទេសចរ​អន្តរជាតិ​កើន​ជាង ១១៥ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០២៣

​ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ វិស័យ​ទេសចរណ៍​អន្តរជាតិ​បានផ្តល់​ចំណូល​ចូល​សេដ្ឋ​​កិច្ច​កម្ពុជា ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​ ពី​ចំនួន ១,៤១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គ​រលោក ខៀវ ធី បាន​ប្រាប់ថា កាល​ពី​ឆ្នាំ​ ២០១៩ វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ផ្តល់​ចំណូល​សម្រាប់​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ ពិសេស​អ្នក​នៅ​ខេត្តសៀមរាប​។

លោក​បន្តថា ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាច្រើន គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯក​​ជន​ត្រូវ​រួមគ្នា​ធ្វើ​កិច្ចការ​មួយចំនួន​ដូច​ជា ការធានា​សុវត្ថិភាព​, បរិស្ថាន​អ​នា​ម័​យ​, សេវាកម្ម​, វត្ថុ​អនុស្សាវរីយ៍​ដែល​លក់​ឱ្យ​ភ្ញៀវ​គឺមាន​គុណភាព​ល្អ​, ការ​បង្កើត​រមណីយដ្ឋាន​ថ្មីៗ​, និង​ការភ្ជាប់​ជើងហោះហើរ​អន្តរជាតិ​ទៅ​គោលដៅ​ទេសចរណ៍​ឱ្យបាន​ច្រើនជាង​មុន​។​

​លោក​លើកឡើងថា​៖ «​ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​យើង​ពិតជា​ចង់ឱ្យ​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​។ ចំនួន​ភ្ញៀវទេសចរ និង​ការ​ស្នាក់នៅ​យូរ​នឹង​ជួយ​ឱ្យ​អ្នក​ក្នុង​វិស័យនេះ​ទទួលបាន​ចំណូល​ច្រើន​»​។​

នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​ កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ រូបថត PSA

​កម្ពុជា​រំពឹង​ទទួលបាន​កំណើន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ធំ​បន្ថែមទៀត​

​ក្នុង​មហិច្ឆតា​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាននិងកំពុង​ខិតខំ​បង្កើន​ការផ្សព្វផ្សាយ​ទៅ​គោល​ដៅ​ធំៗ​មួយចំនួន ពិសេស​ប្រទេស​នៅក្នុង​តំបន់​ដែលមាន​ប្រជាជន​ច្រើន​ដូច​​ជា ឥណ្ឌា និង​ឥណ្ឌូនេស៊ី ជាដើម​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ សូកេន នៅក្នុង​ជំនួប​ជាមួយនឹង​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រ​ចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​២០២៣ និង​ជំនួប​ជាមួយ​លោក Santo Darmosumarto ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺ​លោក​រដ្ឋមន្ត្រី​សុទ្ធតែ​បាន​ស្នើឱ្យ​គូសន្ទនា​ជួយ​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ជនជាតិ​រប​ស់​ពួក​គេ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ក៏ដូចជា​ការបង្កើន​ចំនួន​ជើងហោះហើរ​ត្រង់​មកកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​កម្ពុជា​ផងដែរ​។​​

យោងតាម​គេហទំព័រ worldometers.info គិត​ត្រឹម​ថ្ងៃទី ​១៥ ខែកុម្ភៈ ឆ្នាំ ​២០២៤ ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភព​លោក គឺ​ប្រមាណ ១ ៤៣៦,៨៣​ លាន​នាក់ នាំមុខ​ប្រទេស​ចិន​នៅ​លេខ​ ២ ដែលមាន​ប្រជាជន ១ ៤២៥,៤៤ ​លាន​នាក់​។ ចំណែក​ឥណ្ឌូនេស៊ី ស្ថិតនៅ​លេខ​ ៤ ដោយមាន​ប្រជាជន​សរុប ២៧៨,៩៥​ លាន​នាក់​។​

​កំណើន​ជើងហោះហើរ​ផ្លូវអាកាស​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល លោក​ ស៊ីន ចាន់​សិរី​វុត្ថា កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា កំណើន​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​កាល​ពី​ឆ្នាំ​ ២០២៣ ធៀប​នឹង​ឆ្នាំ​ ២០២២ គឺ​ចំនួន ១១៥ ​ភាគរយ​។

លោក​បន្តថា តាមរយៈ​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស និង​ក្រុម​​ហ៊ុន​ជាច្រើន​នោះ លោក​រំពឹងថា ចំនួន​អ្នកដំណើរ​តាមផ្លូវ​អាកាស​មក​កម្ពុ​ជា​នឹងមាន​ច្រើន​ក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

​លោក​ថ្លែងថា​៖ «​សរុបទៅ​គឺ​យើង​នៅតែមាន​វឌ្ឍនភាព​។ ក្នុងឆ្នាំនេះ​វា​អាច​នឹងមាន​កំណើន​ទៀត​។ ក្រសួង​​ទេសចរណ៍ ក៏ដូចជា​រដ្ឋលេខាធិកា​រ​​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​បាន​ព្យាករ​ថា នៅ​ចុងឆ្នាំ​ ២០២៤ ចំនួន​ទេសចរ​អាច​វិល​ត្រឡប់មក​ស្មើនឹង​ចំនួន​ភ្ញៀវ​ទេស​ចរ​នៅ​ឆ្នាំ​ ២០១៩ វិញ​»​។​

​បើតាម​លោក ចាន់​សិរី​វុត្ថា បន្ទាប់ពី​ផ្អាក​អំឡុងពេល​កូ​វីដ ​១៩ ពេលនេះ​មាន​ក្រុមហ៊ុន​អាកាសចរ​ណ៍ត​ភ្ជាប់​ជើងហោះហើរ​ឡើងវិញ​ជាមួយ​កម្ពុជា​ចំនួន ៣៤​ ក្រុមហ៊ុន ខណៈ​ឆ្នាំ ​២០១៩ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ប្រតិបត្តិ​ការ​ជើងហោះហើរ​ប្រហែល ៥០​។​

​ឆ្នាំ ​២០១៩ គឺជា​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត​ដោយមាន​ចំនួន ៦,៦១​ លាន​នាក់ កើន ៦,៦ ​ភាគរយ​។ ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី ទេសចរ​អន្តរជាតិ ៤,៩២​ ពាន់​លាន​ដុល្លារ​។ វិស័យ​ទេសចរណ៍​បានរួម​ចំណែក​ក្នុង​ផលិត​​ផល​ក្នុងស្រុក​សរុប ១២,១ ​ភាគរយ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕