​ភ្នំពេញៈ ការយកចិត្តទុកដាក់​ថែរក្សា​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​មុន​បានកំណត់​ទីតាំង​និយាម​ការ​ផ្សេងៗ និង​កែសម្រួល​កំណត់​តំបន់ ​១ តំបន់​ ២ និង​តំបន់ ​៣ សម្រេច​កាត់​ឆ្វៀល​រួចហើយ ប៉ុន្តែ​នៅមាន​ការងារ​មួយចំនួន​មិនទាន់​បញ្ចប់ ដែល​តម្រូវឱ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ធ្វើ​បន្ត​គឺ​ការចុះបញ្ជី​ដី គូស​ផែនទី និង​បោះ​បង្គោលព្រំ​ឡើងវិញ​ឱ្យបាន​ច្បាស់លាស់​។​


​ក្នុងការ​បន្តការងារ​នេះ អាជ្ញា​ធរ​ទន្លេសាប​កំពុងធ្វើកា​រងារ​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ ក្នុងការ​ផ្ទៀងផ្ទាត់​ទិន្នន័យ សំដៅ​ចុះ​បញ្ជី គូស​ផែនទី និង​បញ្ចូល​ទិន្ន​ន័យ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​គ្រប់គ្រង​តាមបែប​ទំនើប​ដោយ​ប្រើ​ដ្រូន​។​

​កាលពី​ថ្ងៃទី​ ៣០ ខែមករា ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ​២០២៣ របស់​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​ក្រសួង​ជំនាញ និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ឱ្យ​សហការគ្នា​ធ្វើយ៉ាងណា​ចុះបញ្ជី​ដី​ជា​ប្រព័ន្ធ និង​គូស​ផែនទី​ឱ្យបាន​រួចរាល់​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ងាយស្រួល​គ្រប់គ្រង​។​


​លោក​បញ្ជាក់ថា ការងារ​នេះ​ត្រូវធ្វើ​យ៉ាងណា​ធានា​ឱ្យបាន ​៣ ​ចំណុច​សំខាន់ៗ គឺ​សុក្រឹតភាព ចីរភាព និង​ប្រសិទ្ធភាព​ដើម្បី​បញ្ឈប់​កុំឱ្យ​មានការ​រំកិល​ដី​បន្តទៀត​។ បើតាម​លោក​ហ៊ុន ម៉ា​ណែ​ត ចំណុច​ទី​ ១ ដែល​ត្រូវ​ធានា​ឱ្យបាន​គឺ​សុក្រឹតភាព មានន័យថា ប្រជាជន​នៅ​គោលដៅ​ដែល​ត្រូវ​ទទួលបាន​គឺ​ត្រូវតែ​បាន​ផល ចៀសវាង​ដាច់ខាត​កុំឱ្យ​មាន​ករណី​កន្ទេល​ធំ​បន្លំ​ដេក​។ ចំណែក​ចីរភាព គឺ​លោក​ចង់ឱ្យមាន​ការកំណត់​ឱ្យបាន​ច្បាស់​លាស់​រយៈពេល​វែង​នៅ​តំបន់​ទាំងអស់​តាមរយៈ​ការចុះ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​បញ្ចូល​ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​។​

​ក្នុងន័យនេះ​លោក​បាន​បញ្ជាក់ថា ថ្ងៃក្រោយ​ទៅ ការ​ល្បាត​តាម​ទូក​អាច​នឹងត្រូវ​កាត់បន្ថយ​ច្រើន​ហើយ​ប្តូរ​មកវិញ​ដោយ​ការប្រើ​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​គ្រប់​គ្រង​ពីលើ​អាកាស​ដោយ​ការប្រើ​ដ្រូន​។ ថ្ងៃក្រោយ​អាជ្ញាធរ​ទន្លេសាប​ក៏ដូចជា​អាជ្ញាធរ​ផ្សេងៗ​ទៀត​ដែល​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប ត្រូវ​ប្រើ​បច្ចេកវិទ្យា​ថ្មី​នោះ​សម្រាប់​គ្រប់គ្រង ហេតុនេះ​ការងារ​ចំពោះមុខ​ពេលនេះ​គឺ​ធ្វើយ៉ាងណា​សហការគ្នា​ឱ្យ​បានល្អ​កំណត់​ព្រំ​ឱ្យបាន​ច្បាស់ បោះបង្គោល ដាក់​និយាម​ការ ដាក់​បច្ចេកទេស​ចូល​ឱ្យបាន​រួចរាល់​។​


​លោក​បាន​ថ្លែងថា​៖ «​អាដ្រូន​ហ្នឹង​វា​ហោះ វា​មាន​និយាម​ការ​វា​តែម្តង កន្លែង​ណា​ដែល​អត់​ត្រូវ​និយាម​ការ​គឺ​វា​លោត​ក្រហម​ភ្លាម​តែម្តង តែ​ឥឡូវ​យើង​អត់​ទាន់​មាន​ទិន្នន័យ​ហ្នឹង​ច្បាស់​លាស់​»​។​

​ចំណែក​ប្រសិទ្ធភាព លោកនាយក​រដ្ឋមន្ត្រី​ចង់​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​តំបន់​បឹង​ទន្លេសាប​ដែលជា​ទ្រព្យសម្បត្តិ​ជាតិ​។ ចំពោះ​ការ​អនុវត្ត​ការងារ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថា​នឹង​អនុវត្ត​អភិ​​ក្រម​ទាំង ​​៥​​ ភ្លាម​ប្រសិនបើ​ពិនិត្យឃើញថា ការងារ​គ្រប់គ្រង​រដ្ឋ​បាល គ្មាន​វិន័យ និង​ការទទួល​ខុសត្រូវ​។​

​លោក​បាន​ថ្លែងថា​៖ «​អភិក្រម​ទាំង ​៥ ខ្ញុំ​មិន​ចង់​ប្រើ​អំណាច​ចុង​ប៊ិច​ទេ តែបើ​បង្ខំ​ខ្ញុំ ខ្ញុំ​ត្រូវតែ​ប្រើ​ហើយ ការទទួលខុសត្រូវ​ដឹក​នាំ​រដ្ឋបាល បើ​គ្មាន​វិន័យ​ក្នុង​រដ្ឋ​​បាល​ធ្វើ​ការងារ​អី​មិន​ចេញ​ទេ ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​អ៊ីចឹង ខ្ញុំ​អត់​សូវ​ចេះ​មាត់​ទេ ប៉ុន្តែ​ដៃ​ខ្ញុំ​ចេះ​ស៊ី​ញ៉េ​»​។​

​លោក​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​បានឱ្យដឹងថា ការការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ជា​រឿង​សំខាន់​ដែល​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ក្នុង​រយៈពេល​វែង ប៉ុន្តែ​ការងារ​ចម្បង​ក្រោយពី​មានការ​ជំរុញ ណែនាំ​ពី​លោកនាយក​រដ្ឋមន្ត្រី​ពេលនេះ​អាជ្ញា​ធរ​ទន្លេសាប​កំពុង​ចុះ​បំពេញការងារ​យ៉ាង​មមាញឹក ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លោក​បាន​ថ្លែងថា​៖ «​អាជ្ញា​ធរ​ទន្លេសាប​កំពុងធ្វើកា​រ​យ៉ាង​មមាញឹក​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ជលផល អាជ្ញាធរ​ដែន​​ដី នៃ​ការចុះបញ្ជី​ទាំងនេះ ហើយនឹង​ទទួលផល​ក្នុងពេល​ឆាប់ៗ​»​។​

​លោក​ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​បានឱ្យដឹងថា ការងារ​ជាក់ស្តែង​ដែល​កំពុង​ធ្វើ​នៅ​មូលដ្ឋាន​ពេលនេះ គឺ​ក្រុមការងារ​កំពុង​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​ដែលមាន​ស្រាប់​​និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​តំបន់​ដែល​បាន​កាត់​ឆ្វៀល​ដើម្បី​រៀបចំ​គូស​ផែនទី​បញ្ចូល​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ឈានទៅ​ការ​គ្រប់​គ្រង​ដោយ​មិនចាំបាច់​ប្រើ​កម្លាំង​ចុះទៅ​ផ្ទាល់​ក្នុងការ​រកមើល​ទីតាំង​ល្មើស​។​

​លោក​ថា កិច្ចការ​នេះ​ក្រុម​ការងារ​បាន​ផ្ទៀងផ្ទាត់​នៅលើ​ផែនទី​ដើម្បី​ធ្វើ​ផែនទី​ថ្មី​តាម​ការ​ណែនាំ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ក្នុង​អង្គពិធី​សន្និបាត​ក្រសួង​កសិកម្ម​គឺកំណត់​តំបន់​ ៣ តំបន់​២ តំបន់​ ១​ ថ្មី​ដែលមាន​ការ​កាត់​ឆ្វៀល​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​បាន​ផ្ទៀងផ្ទាត់​ហើយ ពេលនេះ​កំពុងតែ Clean នៅលើ​ផែនទី​ដើម្បីឱ្យ​វា​ចេញ​ជា តំបន់​ ១ តំបន់​ ២ តំបន់ ​៣ ​ថ្មី​»​។​

​លោក​បាន​បញ្ជាក់ថា ការ​ផ្ទៀងផ្ទាត់​គូស​ចេញ​ជា​ផែនទី​ថ្មី​នេះ មិនមែន​កំណត់​យកតាម​ផែនទី​ហ្គូ​ហ្គ​ល​ (Google)​ មើល​តាម​ផ្កាយរណប​ដៅ​នោះទេ​គឺ​ធ្វើ​ទៅតាម​កម្មវិធី​ថ្មី តាម​បច្ចេក​ទេស​អ្នក​គូស​ផែនទី​ជំនាញ​ដោយ​ផ្ទៀងផ្ទាត់​មើល​ឱ្យ​ច្បាស់​កុំឱ្យ​មានការ​ជាន់គ្នា​លើ​តំបន់​គ្រប់​គ្រង​។ ទោះយ៉ាងណា​ក៏ដោយ ទំហំ​តំបន់​ទីតាំង​ទាំងនោះ​នៅលើ​ផែនទី​ថ្មី លោក​នៅ​មិនទាន់​អាច​ប្រាប់​បាន​នៅឡើយ​ទេ  ​ដោយឡែក​ក្រោយ​ការកំណត់​ផែនទី​ចេញ​ជា​លទ្ធផល​រួច​ទើប​អាចឈាន​ទៅដល់​ការបោះ​បង្គោលព្រំ​ឡើងវិញ​បាន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិ​​បាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋ​​បាល​ខេត្តបាត់ដំបង​បានឱ្យដឹងថា ការអនុវត្ត​ជាក់ស្តែង​ពេល​នេះ​អាជ្ញាធរខេត្ត​កំពុងធ្វើការ​ប្រកាស​តំបន់​វិនិច្ឆ័យ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ស្រុក​ទាំង​ ៤ ​នៃ​ខេត្តបាត់ដំបង​ ដែល​នៅជាប់​តំបន់​បឹង​ទន្លេសាប​គឺ​ស្រុក​​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល​។ ជា​មួយ​គ្នា​នោះ អាជ្ញាធរ​ក៏បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ដែលមាន​ក្បាលដី​នៅ​តំបន់​ទាំងនោះ ប្រកាស​ទីតាំង​ដី​របស់ខ្លួន និង​ធ្វើ​ការបោះ​បង្គោលព្រំ​ដើម្បី​មន្ត្រី​ជំនាញ​ធ្វើការ​វាស់​វែង​កំណត់​និយាម​ការ​។​

​លោក​បាន​ថ្លែងថា​៖ «​កាល​ណា​គាត់​ចង្អុល​ចូល​ជ្រៅ​ទៅ​តំបន់ ​៣​ អាហ្នឹង​គឺ​យើង​មិនអាច​ធ្វើការ​វាស់វែង​ឱ្យ​គាត់​បានទេ ​ប៉ុន្តែ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល តំបន់​ ១ ​គឺ​យើង​ផ្តល់​កម្ម​សិទ្ធ ប៉ុន្តែ​តំបន់ ​២ មិនមែន​ផ្តល់​កម្ម​សិទ្ធ​ទេ​ គឺ​គ្រាន់តែ​ឱ្យ​អា​ស្រ័យ​ផល​មិនអាច​យកទៅលក់​ដូរ​បា​ន​ទេ​ព្រោះ​ជា​ដី​រដ្ឋ​»​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​បានឱ្យដឹងថា អាជ្ញា​ធរ​ទន្លេសាប​កំពុងធ្វើកា​រ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​និយាម​ការដែល​មាន​តាម​អនុក្រឹត្យ​ដែល​បាន​កែ​សម្រួល​ថ្មី​ដើម្បី​យកទៅ​ចង​ធ្វើជា​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​គ្រប់គ្រង​ដោយ​ប្រើ​ដ្រូ​ន ហេតុនេះ​ទៅ​ថ្ងៃក្រោយ​ការត្រួតពិនិត្យ​រកមើល​កន្លែង​លួច​កា​ប់ទ​ន្រា​ន​មានការ​ងាយស្រួល​មិនចាំបាច់​ប្រើ​កម្លាំង​មន្ត្រី​ចុះទៅរ​កដោយ​ចំណាយពេល​ច្រើន​ទេ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្ងៃក្រោយ​យើង​អាច​ដឹងថា កន្លែង​ណា​មានការ​ទន្ទ្រាន​ដោយ​គ្រាន់តែ​ប​ង្ហ្រោះដ្រូន​​ពីលើ​ទៅ​ដឹង​ហើយ ឥឡូវ​ដោយសារ​យើង​មិនទាន់​គ្រប់​គ្រង​ការបញ្ចូល​ទិន្នន័យ​តាម​បច្ចេកវិទ្យា​ទំនើប​នេះ​បាន ការបង្ក្រាប​បទល្មើស​ទា​ម​ទារ​ត្រូវ​ប្រើ​កម្លាំង​មាន​សមត្ថកិច្ច​ចុះទៅ​ទីតាំង​ផ្ទាល់​»​។​

​លោក ខូ​យ រិ​ដា អភិបាល​​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា ផ្ទៃដី​បឹង​ទន្លេសាប​នៃ​ខេត្ត​ពោធិ៍​សាត់​ដែល​នឹងត្រូវ​កាត់​ឆ្វៀល​មាន​ចំនួន​ជាង ​៣ ​ពាន់​ហិកតា​។ ពេលនេះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដើម្បី​កំណត់​និយាម​ការឱ្យ​បានច្បាស់លាស់ សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​បែប​ទំនើប​។ លោក​បញ្ជាក់ថា សម្រាប់​ខេត្ត​ពោធិ៍​សាត់​មាន​ ២៨ ​ភូមិ ក្នុងស្រុក​ចំនួន​ ៣ គឺ​ស្រុក​ក្រគរ ស្រុក​កណ្តៀង និង​ស្រុក​បាកាន​ដែល​ត្រូវ​ចុះ​វាស់វែង​ផ្ទៀងផ្ទាត់​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​មិនទាន់​ដឹងថា មកទល់​ថ្ងៃនេះ​ធ្វើបាន​ប៉ុន្មាន​ភូមិ​ដែរ ប៉ុន្តែ​នៅ​អាទិត្យ​មុននេះ​យើង​ធ្វើបាន​ច្រើន​ភូមិ​ដែរ ហើយ​តែ​មិនទាន់បាន​ពាក់​កណ្តាល​នៅឡើយ​ទេ​នៅ​ធ្វើ​បន្តបន្ទាប់​ទៀត​។ ហេតុ​អី​បានធ្វើ​យឺត គឺ​ដី​តំបន់​ ២ ​តំបន់​ ៣ ​ជា​ដី​លិច​ទឹក អ៊ីចឹង​ទឹក​ស្រក​ទៅបាន​ចុះ​ធ្វើកើត​»​។​

​លោក​អភិបាលខេត្ត​ពោធិ៍​​សាត់ បាន​អះអាងថា ចំពោះ​ការការពារ​អភិរក្ស​តំបន់ ​៣ ​នៃ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ គឺ​មន្ត្រី​ជំនាញ អាជ្ញាធរ និង​សហគមន៍​បានរួម​គ្នា​ធ្វើ​ការងារ​យ៉ាង​យកចិត្តទុកដាក់ ការពារ​បាន​យ៉ាង​ល្អ និង​មានការ​ប៉ះពាល់​តិចតួច​បំផុត​។​

​លោក​ ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹង​ដែរ​ថា ផ្ទៃដី​តំបន់​ ៣​ ចំនួន​ជាង ​៧​ ម៉ឺន​ហិកតា សម្រាប់​ខេត្ត​កំពង់​ឆ្នាំង​បាន​ចុះបញ្ជី​កម្មសិទ្ធិ​របស់​ក្រសួង​ធនធានទឹក​រួចរាល់​តាំង​​ពី​ឆ្នាំ​ ២០២១​។ ចំណែក​ព្រំ​ប្រទល់​តំបន់​ ៣​ ក៏មាន​ការបោះបង្គោល​រួចរាល់ ព្រមទាំង​បាន​លើក​ផ្ទាំង​ប៉ាណូ​នៅក្នុង​តំបន់​នោះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាំង​ពី​ឆ្នាំ ​២០២១​ មក យើង​អត់​មានការ​បង្កបង្កើនផល និង​ការ​កាប់​រានទន្ទ្រាន​ថែមទៀត​ទេ ដោយសារ​យើង​រៀបចំ​ទីប​ញ្ជា​​ការ​ស្រាល​នៅតាម​គោលដៅ​ដើម្បី​ការពារ​ដី​តំបន់​ ៣ ​ទាំង​​អស់ហ្នឹង​ដែល​យើង​បាន​រឹបអូស លើកលែងតែ​ឆ្នាំនេះ​រាជ​​រដ្ឋាភិបាល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​បណ្តោះអាសន្ន​»​។​

​លោក​បញ្ជាក់ថា ប្រសិនបើ​មានការ​ទន្ទ្រាន​ថ្មី​អាជ្ញាធរខេត្ត​នឹង​អនុវត្ត​ច្បាប់​ដោយ​មិន​លើក​​លែង​។ ចំពោះ​កិច្ចការពារ​អភិ​​រក្ស​តំបន់​ ៣ អាជ្ញាធរខេត្ត​បាន​បង្កើតឱ្យមាន​ទីបញ្ជាកា​រ​ស្រាល​ចំនួន ​៥ គោលដៅ​តាំងពី​ឆ្នាំ ​២០២១ និង​បានធ្វើ​កិច្ចសន្យា​ជាមួយនឹង​អ្នកបើកបរ​ត្រាក់ទ័រ ដោយ​មិន​អនុញ្ញាត​ឱ្យចូល​ភ្ជួរ​លើដី​ថ្មី​ដាច់ខាត​។​

​ដោយឡែក លោក សុខ ហៃ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ធំ​បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដី​ជា​ប្រព័ន្ធ បានចាប់ផ្តើម​អនុវត្ត​ការងារ​នៅ​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ​។ យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​កន្លងមក​នេះ មាន​អាជ្ញាធរ​ក្រុង​ស្រុក​មួយចំនួន​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជូន​ប្រជា​​ពលរដ្ឋ​រួចហើយ ដើម្បីឱ្យ​ពួក​គាត់​បាន​ប្រុងប្រៀប​ចូលរួម​ជា​មួយ​មន្ត្រី​ជំនាញ​ក្នុង​ការចុះវាស់វែង​។ លោក​បាន​បញ្ជាក់ថា​៖«​ទីតាំង​ដី​ដែល​កាត់​ឆ្វៀល​មាន​ជាង​ ៣ ​ម៉ឺន​ហិកតា ក្នុង​តំបន់ ​២ នៅក្នុង ​៦​ ក្រុង​ស្រុក​»៕