ភ្នំពេញៈ អ្នកដំណើរ ២ នាក់ កំពុងឈប់មើលការដាក់តាំងពិព័រណ៍បន្លែផ្លែឈើស្រស់ៗ និងផលិតផលកសិកម្មកែច្នៃផ្សេងៗ ក្រោមឆត្រពណ៌បៃតង តម្រៀបជាជួរ នៅបរិវេណលើចិញ្ចើមផ្លូវប្របរបងខាងមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ចូលដើរមើល និងចោមរោមទិញបន្លែផ្លែឈើធម្មជាតិ និងផលិតផលកែច្នៃកសិកម្មទាំងនោះយកទៅធ្វើម្ហូប ឬក៏ធ្វើជាកាដូជូនអ្នកជាទីស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់កាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៤។
ការទិញបន្លែសុវត្ថិភាព ដែលមានការវេចខ្ចប់តាក់តែងយ៉ាងស្អាត ដោយចងជាបាច់បន្លែចម្រុះពណ៌ មានសោភណភាពទាក់ទាញ យកទៅជូនអ្នកជាទីស្រឡាញ់ ជាបទពិសោធន៍ថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលជាតិ ជំនួសឱ្យការទិញកាដូផ្កា ដែលប្រើជាប្រយោជន៍មិនបានច្រើន ហើយទីបំផុតមានតែការបោះចោល ដោយសារការស្វិតស្រពោនក្រៀមខូច។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកុម្ភៈ ក្រសួងកសិកម្មបានអនុញ្ញាតឱ្យមានការរៀបចំដាក់តាំង និងលក់ផលិតផលបន្លែសរីរាង្គ អាហារសុវត្ថិភាព និងផលិតផលកសិកម្មកែច្នៃផ្សេងៗ ដើម្បីធ្វើជាកាដូផ្តល់ជូនសេចក្តីស្រឡាញ់ ផ្នែកសុខភាពតាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។
នៅពេលព្រឹកថ្ងៃតាំងពិព័រណ៍នោះ អាជីវករមកពីក្រុមហ៊ុន កសិដ្ឋាន និងសហគមន៍កសិកម្មសរុប ចំនួន ១៩ បានម្នីម្នាមករៀបចំដាក់តាំងបង្ហាញផលិតផលសរីរាង្គ និងផលិតផលកែច្នៃកសិកម្មផ្សេងៗរបស់ពួកគេ ក្នុងនោះមានការធ្វើភួងបន្លែផ្លែឈើ ដាក់លាយជាមួយផ្កាកុលាបខ្លះៗផង ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញក្នុងថ្ងៃនៃក្តីស្រឡាញ់។
កំពុងដើររកមើលទិញបន្លែសុវត្ថិភាពស្រស់ៗដែលត្រូវបានរៀបចំជាកាដូ អ្នកស្រីរិន រចនា អាយុ ៣៤ ឆ្នាំជាប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឱ្យដឹងថា ការទិញបន្លែសុវត្ថិភាពយកទៅធ្វើម្ហូប នាំឱ្យមានការទទួលទានប្រកបដោយទំនុកចិត្តមិនខ្លាចមានថ្នាំគីមីពុល ដែលអាចនាំមកនូវផលប៉ះពាល់ដល់សុខភាព។
និយាយពីការបង្ហាញក្តីស្រឡាញ់ ស្ត្រីរូបនេះលើកឡើងថា ការទិញភួងបន្លែចម្រុះពណ៌ ជូនអ្នកជាទីស្រឡាញ់ ជារឿងល្អ និងមានប្រយោជន៍ជាងការទិញផ្កាដើម្បីបញ្ជាក់ពីការស្រឡាញ់។ ផ្កាស្អាតតែរយៈពេលខ្លីប៉ុណ្ណោះ មិនយូរវានឹងស្រពោនស្វិតខូចប៉ុន្តែបន្លែគេអាចយកទៅធ្វើម្ហូបផ្សេងៗ សម្រាប់ទទួលទានជុំគ្នា បង្កើតបានបរិយាកាសរីករាយថែមទៀត។
អ្នកស្រីនិយាយថា៖ «ទិញផ្កាអស់លុយមួយគគោកហើយស្វិតបោះចោល តែបើទិញបន្លែយើងចំណាយលុយមែន តែយើងបានផលប្រយោជន៍មកវិញគឺបានញុាំ ហើយសុខភាពល្អទៀត ព្រោះអីបន្លែខ្មែរយើងធម្មជាតិពិតៗ»។
កំពុងដើរសម្លឹងរកមើលមុខបន្លែដើម្បីទិញយកទៅធ្វើម្ហូប អ្នកស្រី កែវ ណាវី អាយុ ៦៥ ឆ្នាំ ជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ដែរនោះបាននិយាយថា៖ «ថ្ងៃនៃក្តីស្រឡាញ់រាល់ឆ្នាំយើងចេះតែទិញកាដូជាផ្កាជូនសង្សារ ជូនម៉ាក់ប៉ា អ៊ីចឹងវាខាតបង់អត់ប្រយោជន៍ ដោយសារផ្កាអត់មានយកទៅញាំ យកទៅប្រើប្រាស់អីបានទេ។ អ៊ីចឹងពេលមានការតាំងពិព័រណ៍បែបនេះ ខ្ញុំមានការសប្បាយរីករាយ ឮភ្លាមខ្ញុំមកចូលរួមភ្លាម ដើម្បីជួយទិញផលិតផលខ្មែរយើង»។
ស្ត្រីជាអ្នកភូមិ ១៦ សង្កាត់ទន្លេបាសាក់រូបនេះ បានបង្ហាញក្តីរីករាយនៅពេលឃើញភាពរីកចម្រើននៃការដាំដុះដំណាំកសិកម្មរបស់ជនរួមជាតិ ដែលផលិតបានបន្លែសុវត្ថិភាពមានស្តង់ដាខ្ពស់ ចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារក្នុងស្រុកកាន់តែប្រសើរ ដែលមានអំណោយផលល្អសម្រាប់សុខុមាលភាពប្រជាជន។
ជាមួយគ្នានោះអ្នកស្រីបានអំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យចូលរួមជួយទិញបន្លែធម្មជាតិ ដែលដាំដោយដៃកូនខ្មែរ ព្រមទាំងផ្តាំផ្ញើដល់យុវវ័យ ដែលចូលចិត្តទិញកាដូផ្សេងៗ អាចប្តូរមកជាការទិញកាដូបន្លែសុវត្ថិភាពជូនមនុស្សជាទីស្រឡាញ់វិញ។
អ្នកស្រីនិយាយថា៖ «នេះគឺជាផលប្រយោជន៍របស់ខ្មែរយើង បើយើងប្រឹងធ្វើទាំងអស់គ្នា គឺយើងមិនបាច់នាំបន្លែពីស្រុកក្រៅមកទេ ព្រោះបន្លែពីស្រុកក្រៅគេប្រើថ្នាំគីមីច្រើន ហើយយើងញុាំទៅអត់ទុកចិត្តទេ»។
បុរសវ័យ ៥៧ ឆ្នាំ ឈ្មោះ ហេង ប៊ុន្នី ក្នុងសម្លៀកបំពាក់ខោខ្មៅអាវពណ៌ផ្ទៃមេឃ ជាមន្ត្រីក្រសួងកសិកម្ម បានទិញទំនិញមួយចំនួនដែលធ្វើដោយសាលាកសិកម្មចំការដូងមានដើមផ្កា ១ កន្ត្រក និងកន្ទុយហេះដែលផលិតដោយក្រុមហ៊ុន ព្រមទាំងផលិតផលកៃច្នៃកសិ-ឧស្សាហកម្ម រួមមានស្រាព្រីង ១ ដប គ្រាប់ស្វាយចន្ទី ចេកឆាបដាក់បញ្ជូលគ្នា ១ កន្ត្រកទៀតផងដែរយកទុកជូនគ្រួសារក្នុងថ្ងៃនៃក្តីស្រឡាញ់។
លោកប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្មរូបនេះ យល់ឃើញថា ការដាក់តាំង និងលក់ផលិតផលបន្ថែធម្មជាតិចំថ្ងៃនៃក្តីស្រឡាញ់នេះ ជាសកម្មភាពល្អមួយក្នុងការពញ្ញាក់ស្មារតីកូនខ្មែរជាពិសេសយុវជនជំនាន់ក្រោយ ឱ្យផ្លាស់ប្តូរការគិត ថាថ្ងៃនៃក្តីស្រឡាញ់ មិនមែនមានតែការទិញផ្កាជូនក្រុមគ្រួសារ ឬគូសង្សារនោះទេ ការទិញកាដូជាបន្លែសុវត្ថិភាព កាន់តែល្អជាងការទិញផ្កាបង្ហាញក្តីស្រឡាញ់រវាងគ្នា និងគ្នា។
លោកនិយាយថា៖ «យើងជំរុញផលិតផលកសិកម្មនេះឱ្យកាន់តែមានគុណភាព សុវត្ថិភាព ហើយធ្វើម៉េចឱ្យទាក់ទាញអ្នកប្រើប្រាស់ថា វាល្អជាងផ្កា។ បើគិតទៅវាជាអាហារផង និងជាកាដូដ៏មានន័យក្នុងថ្ងៃនៃក្តីស្រឡាញ់ផង»។
កំពុងរៀបចំបន្លែស្រស់ៗ ដាក់តាំងលើតុទ្រវែងមានកម្រាលពណ៍បៃតង អ្នកស្រី សយ សុម៉ាលី អាយុ ៤៥ ឆ្នាំម្ចាស់ផ្សារសហគមន៍ខ្មែរដែលប្រមូលទិញបន្លែ ផ្លែឈើសុវត្ថិភាព និងសរីរាង្គគ្រប់ប្រភេទពីប្រជាកសិករ និងប្រជាសហគមន៍នៅតាមតំបន់ ដាច់ស្រយាល មកលក់នៅរាជធានីភ្នំពេញនិយាយថា៖ «ការដាក់តាំងលក់នេះ ខ្ញុំគិតថាល្អ ទី១ អាចជួយផ្សព្វផ្សាយពីបន្លែកសិផលរបស់កសិករដែលគាត់នៅតំបន់ដាច់ស្រយាល ទី ២ ពេលប្រជាពលរដ្ឋក្នុងទីក្រុងគាត់មកឃើញអ៊ីចឹង គាត់ស្គាល់កាន់តែច្រើនធ្វើឱ្យកសិផលរបស់កសិករអាចមានទីផ្សារល្អដែរ»។
អ្នកស្រីកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែលចូលទិញបន្លែក្នុងការដាក់តាំងពិព័រណ៍នេះ ហាក់មានទំនុកចិត្តខ្ពស់គ្មានការព្រួយបារម្ភចំពោះការប៉ះពាល់សុខភាពនោះទេ។ មួយវិញទៀត អ្នកចូលរួមទិញមានការចាប់អារម្មណ៍លើការតុបតែង បន្លែចម្រុះធ្វើជាបាច់ផ្កា។
អ្នកស្រីនិយាយថា៖ «ខ្ញុំចាប់អារម្មណ៍លើពពួកបន្លែដែលយើងច្នៃធ្វើជាបាច់ផ្កាអ៊ីចឹងទៅគាត់គិតថា ទិញអាហ្នឹងវាបានល្អជាងគាត់ទិញផ្កា គាត់អាចយកទៅផ្ញើអ្នកផ្ទះ ឬជូនមិត្តភក្តិអីមើលទៅវាល្អជាងផ្កា»។
ក្នុងសម្លៀកបំពាក់រ៉ូបឈុតពណ៌ខ្មៅដៃខ្លី ជាមួយនឹងសកម្មភាពលើកបាច់បន្លែដ៏ស្រស់ស្អាតដាក់តាំងលើតុ អ្នកស្រី សយ សុម៉ាលី ឱ្យដឹងថា ការគាំទ្របន្លែកសិផល របស់ប្រជាកសិករប្រសើរជាងការទិញផលិតផលកសិកម្មនាំចូល ព្រោះបន្លែសុវត្ថិភាពសរីរាង្គនេះមានប្រយោជន៍សម្រាប់សុខភាពជួយដល់ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលផង និង ឈប់ធ្វើការចំណាកស្រុកផង។
កំពុងរៀបចំឱ្យអ្នកចូលរួមទស្សនាធ្វើតេស្តរសជាតិគីមឈី នៅតុតាំងពិព័រណ៍របស់ខ្លួន លោក ម៉េង សុងហោរ ជាម្ចាស់ហាងផ្សារខ្មែរបន្លែធម្មជាតិ ដែលយកបន្លែផ្លែឈើសរីរាង្គ និងអាហារសុវត្ថិភាពជាច្រើនមកចូលរួមដាក់តាំងលក់ផងនោះឱ្យដឹងថា ការលើកទឹកចិត្ត និងការបង្កើតឱ្យមានកម្មវិធីពិព័រណ៍ជាច្រើនបែបនេះ គឺជាការជំរុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងយល់ដឹងពីឱកាសធ្វើទីផ្សារសម្រាប់សហគ្រាសក៏ដូចជាអ្នកប្រកបរបរកស៊ីផ្សេងៗ។
លោកថា៖ «ខ្ញុំមានឱកាសចូលរួមផ្សព្វផ្សាយបន្ថែមហើយជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រើប្រាស់អាហារសុវត្ថិភាពរបស់យើងកាន់តែច្រើន អ៊ីចឹង ទីផ្សារផលិតផលក្នុងស្រុករបស់យើងមានទីផ្សារកាន់តែច្រើនឡើងៗ តាមរយៈជំរុញឱ្យមានការតាំងពិព័រណ៍បែបហ្នឹងឱ្យកាន់តែច្រើន»។
កំពុងដើរមើលផលិតផលបន្លែធម្មជាតិក្នុងកម្មវិធីនោះ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់ថា ក្នុងការតាំងពិព័រណ៍នេះ មានការតាំងបង្ហាញទំនិញចម្រុះជាច្រើនប្រភេទ រួមមាន បន្លែ ផ្លែឈើក្រៀម ទឹកដោះគោខ្មែរ ស្ករត្នោត ស្រាត្នោត ស្រាព្រីង ស្វាយចន្ទី និងកសិផលដំណាំផ្សេងៗទៀតជាច្រើន។ នេះជាលើកទី ២ ហើយ ដែលក្រសួងកសិកម្ម អនុញ្ញាតឱ្យមានការរៀបចំការតាំងបង្ហាញ និងដាក់លក់បន្លែសុវត្ថិភាពជូនពលរដ្ឋទូទៅ។ ការរៀបចំកម្មវិធីនេះគឺជាការប្តូរបរិយាកាសពីការទិញផ្កាសម្រាប់អ្នកជាទីស្រឡាញ់ក្នុងថ្ងៃ ១៤ កុម្ភៈមកជាការទិញបន្លែសុវត្ថិភាពជូនអ្នកជាទីស្រឡាញ់វិញ។
ក្នុងសម្លៀកបំពាក់អាវពណ៌ស សំពត់ពណ៌ខ្មៅ អ្នកនាំពាក្យរាងស្តើងរូបនេះបញ្ជាក់ថា គោលបំណងសំខាន់នៃការដាក់តាំងបង្ហាញផលិតផលកសិកម្មទាំងនេះគឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អាម្មណ៍អំពីផលិតផលកសិផលរបស់ខ្មែរ បានដឹងពីការរីកចម្រើនក្នុងវិស័យកសិកម្ម។
កញ្ញានិយាយថា៖ «ឆ្នាំនេះយើងធ្វើធំជាងឆ្នាំមុនយើងមានស្តង់ច្រើនជាងមុន មានផលិតផលច្រើនជាងមុន។ ឆ្នាំមុនយើងដាក់តាំងបង្ហាញ និងលក់តែបន្លែសុវត្ថិភាពទេ ប៉ុន្តែឆ្នាំនេះយើងមានផលិតផលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអនុវិស័យកសិកម្មរបស់យើង»៕