​ភ្នំពេញៈ មាន​សាលា​បឋម​សិក្សា អនុវិទ្យាល័យ និង​វិទ្យា​ល័យ​ចំនួន​​ ៣៩៥ នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត ត្រូវបាន​ក្រសួង​អប់រំ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​តាមដាន​ការសិក្សា​សិស្ស​ និង​ទំនាក់ទំនង​គ្រូ​ជាមួយ​អាណា​ព្យាបាល​សិស្ស​និង​ការគ្រប់គ្រង​សាលា​បែប​ឌីជីថល ខណៈ​អា​ណា​ព្យាបាល​សិស្ស​ក៏បាន​សាទរ​ចំពោះ​ប្រព័ន្ធ​នេះ​ផងដែរ​។​


School information system (SIS)​ ឬ​ប្រព័ន្ធ​ព័ត៌មាន​សាលា​ជា​ប្រព័ន្ធ​មួយ​ដែល​កំពុង​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់​គ្រង​សាលារៀន ការរៀន​និង​បង្រៀន​របស់​គ្រូ និង​សិ​ស្សា​នុ​-​សិស្ស​។​ ប្រព័ន្ធ​ (SIS) ​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​អាណា​ព្យា​បាល​សិស្ស​ក្នុងការ​ចូលរួម​តាមដាន​ការសិក្សា​របស់​កូនៗ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ​។ ​នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ថ្វីបើ​ប្រព័ន្ធ​ព័ត៌មាន​សាលា​ឬ​ហៅថា School information system(SIS)​ នេះ ទើប​ត្រូវបាន​ក្រសួង​អប់រំ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(​តិច​ណូ​)​ ដាក់ឱ្យ​ដំណើរ​ការសាកល្បង​នៅ​ចុង​ឆ្នាំមុន​ក៏ពិតមែន តែ​លោកគ្រូ អ្នកគ្រូ មួយចំនួន​បាន​អះអាងថា ប្រព័ន្ធ​នេះ​មាន​ប្រសិទ្ធភាព​និង​ធ្វើឱ្យ​ឪពុកម្តាយ​សិស្ស​មាន​ទំនុកចិត្ត​មកលើ​សាលា​កាន់តែខ្លាំង​ឡើង​។​


​ដូច​អ្វីដែល​បានលើកឡើង​ខាងលើ​ដែរ អ្នកស្រី​ អៀម សុ​ឃឿន បាន​ប្រាប់ថា អ្នកស្រី​មានកូន​ប្រុស​ម្នាក់​រៀន​ថ្នាក់​ទី​១១ ​នៃ​វិទ្យាល័យ​ហ៊ុនសែន​ឃ្លាំង​លើ ក្រុងព្រះសីហនុ​។ ខាង​វិទ្យាល័យ​បាន​ភ្ជាប់​អាណាព្យាបាល​សិស្ស​ដោយ​ចងក្រង​ជា​ក្រុម​តាម​តេ​​ឡេ​ក្រាម​ដើម្បី​ងាយស្រួល​ក្នុងការ​ទាក់ទង​ជាមួយ​សាលា​តាមរយៈ​កម្មវិធី​ ១ ​ហៅថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលា​ឬ ​(SIS)​។ ការ​ចងក្រង​ជា​ក្រុម​នេះ​អ្នកស្រី​យល់ថា​បាន​បង្ក​ភាពងាយស្រួល​ក្នុងការ​ទាក់ទង​ជាមួយ​លោកគ្រូ អ្នកគ្រូ ហើយ​អ្នកស្រី​បាន​ទើបតែ​ប្រើ​ប្រព័ន្ធ​នេះ​នៅ​ចុងឆ្នាំ​ ២០២៣ ​កន្លងមក​ដែរ​ទេ​។​

​អ្នក​ស្ត្រី សុឃឿន បានបញ្ជាក់​ប្រាប់ថា​៖ «​តាំងពី​ខ្ញុំ​បាន​ប្រើ​​ប្រាស់​ប្រព័ន្ធ​នេះ​មក​ខ្ញុំ​ហាក់​មាន​ភាពកក់ក្តៅ​ជាង​មុន​ស្ទើរតែ​ ១០០ ​ភាគរយ ​និង​ស្និទ្ធស្នាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទៀតផង​។​ពីមុន​បើ​គ្រូ​ចង់​ជួបប្រជុំ​ជាមួយ​ឪពុកម្តាយ​សិស្ស​គាត់​ផ្តាំ​តាម​កូនសិស្ស តែ​ឥឡូវ​គាត់​វ៉​យ​ (Voice)​ តាម​តេ​ឡេ​ក្រាម​មក​ខ្ញុំ​ដឹង​ភ្លាម​ក្នុង​ទូរស័ព្ទ​របស់ខ្ញុំ​»​។​


​ស្រី​វ័យ​ ៤៤ ​ឆ្នាំ ដែល​កំពុង​រស់​​នៅក្នុង​សង្កាត់​លេខ​ ១ ក្រុងព្រះសីហនុ​រូបនេះ​បាន​បន្ថែមថា ប្រព័ន្ធ​មួយ​នេះ​អាចឱ្យ​អ្នកស្រី​ដឹង​ពី​ការរៀន​ឬ​ការមិន​មក​រៀន​របស់​កូន​អ្នកស្រី​បាន​ទាន់ពេលវេលា ដឹង​ពី​ចំណាត់ថ្នាក់​ប្រចាំខែ​ឬ​ព័ត៌មាន​ផ្សេងៗ​ទៀត​ពី​កូន​។​ចំណុច​ល្អ​មួយទៀត កាលពី​មិនទាន់​ប្រើ​ប្រព័ន្ធ​នេះ​គឺ​អ្នកស្រី​មិនបាន​ដឹង​ទូលំទូលាយ​ព័ត៌មាន​ពីសា​លា​ទេ ហើយ​អ្នកស្រី​ក៏​ពុំមាន​ភាពស្និទ្ធស្នាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ខ្លាំង​ដែរ​។​

​ប្រព័ន្ធ​ (SIS)​ នេះ​បាន​បង្ក​ភាពងាយស្រួល​ក្នុងការ​ផ្តល់ព័ត៌មាន​ទៅដល់​ឪពុកម្តាយ​សិស្ស​បាន​គ្រប់ពេល​ទាក់ទង​នឹង​ការសិក្សា​របស់​សិស្ស ហើយ​ឪពុកម្តាយ​អាច​តាមដាន​ការសិក្សា​របស់​កូនៗ​បាន​គ្រប់ពេល​ផងដែរ​។​ ម្យ៉ាងទៀត​សាលា​អាច​ទទួលបាន​សំណូមពរ​ឬ​ព័ត៌មាន​ផ្សេងៗ​ពី​អា​​ណា​ព្យាបាល​សិស្ស​ដើម្បី​យកមក​ដោះស្រាយបាន​រហ័ស​និង​ទាន់ពេលវេលា​ផង​។ នេះ​ជាការ​លើកឡើង​របស់លោក​ស៊ី វុទ្ធី ជា​គ្រូ​ទទួលបន្ទុក​ខាង​វិន័យ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ឃ្លាំង​លើ​។​

​លោក​បាន​បន្តថា ប្រព័ន្ធ​ (SIS)​ នេះ ប្រើ​សម្រាប់​តាមដាន​ការ​សិក្សា​របស់​សិស្ស អាណា​ព្យាបាល​សិស្ស​អាច​ឆ្លើយឆ្លង សួរ​នាំ​ពី​កូន​ជាមួយ​គ្រូ​បាន​លឿន ដែល​ខុស​ពីមុន​បើ​កូន​កុហកថា​ ម៉េច​ក៏បាន តែ​ពេលនេះ​កូន​លែង​ប្រើ​វិធី​នេះ​បាន​ទៀតហើយ​។​ ចំពោះ​វិន័យ​សាលា​វិញ គឺ​មានការ​រឹតបន្តឹង​បានល្អ​ជាង​មុន​និង​ជួយ​សម្រួល​បញ្ហា​ច្រើន​របស់​សាលា​ក្នុងការ​កែលម្អ​បរិស្ថាន​សាលារៀន​ឬក៏​លើក​ជា​គម្រោង​ផ្សេងៗ​ដែល​ត្រូវមាន​ការចូល​​រួម​ពី​ឪពុកម្តាយ​សិស្ស ហើយ​ឃើញថា ពួកគាត់​ចូលរួម​ច្រើនជាង​មុន​។ ប្រព័ន្ធ​នេះ​បានផ្តល់​ផលចំណេញ​ច្រើន​ទាំង​សិស្ស ទាំង​សាលារៀន និង​ឪពុកម្តាយ​ឬ​អាណាព្យាបាល​សិស្ស​។​

​លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ខ្ញុំ​យល់ថា ការដែល​ក្រសួង​អប់រំ​ឱ្យមាន​ប្រព័ន្ធ​ឡើង​នេះ​គឺ​សុទ្ធ​​តែ​ជា​ផែនការ​សម្រាប់​ប្រឡង​ប្រណាំង​សាលារៀន​ល្អ សាលា​រៀន​ស្អាត​។ ប្រព័ន្ធ​ (SIS)​ នេះ​សុទ្ធតែ​គ្របដណ្តប់​លើ​ការប្រឡងប្រណាំង​ទាំងអស់​។ ម្យ៉ាង​នៅពេល​ខាង​សាលា​ចង់​ប្រជុំ​ជា​មួយ​អាណាព្យាបាល​សិស្ស​គឺ​គាត់​អាច​ប្រជុំ​តាម​តេ​ឡេ​ក្រាម​ក៏បាន​ឬ​គាត់​មក​សាលា​ក៏បាន​ដូច្នេះ​ប្រព័ន្ធ​ (SIS) ​ល្អ​»​។​

​បើតាម​លោកគ្រូ វុទ្ធី  ​ចំពោះ​ការគ្រប់គ្រង​ប្រព័ន្ធ​នេះ​គឺ​វិទ្យា​ល័យ​បាន​ចាត់ចែង​ឱ្យមាន​គ្រូ​ម្នាក់​ជា​អ្នក​កាន់​ប្រព័ន្ធ​ (SIS)​ នេះ​។ ជាប្រចាំ​ថ្ងៃ​នៅ​គ្រប់​ម៉ោង​សិក្សា​របស់​សិស្ស​ក៏ដូចជា​វត្ត​មាន​របស់​លោកគ្រូ អ្នកគ្រូ ត្រូវ​ស្រង់​វត្តមាន​បញ្ជូនទៅ​គ្រូ​ដែល​កាន់​ប្រព័ន្ធ​នេះ​ដើម្បីឱ្យ​គាត់​ផ្ទុក​ទិន្នន័យ​ជា​របាយការណ៍​សាលា​ប្រចាំថ្ងៃ​ឬ​ប្រចាំខែ​។ បច្ចុប្បន្ន​វិទ្យាល័យ​ហ៊ុនសែន​ឃ្លាំង​លើ​មានការ​ចូលរួម​ច្រើន​ពី​អាណាព្យាបាល​សិស្ស បន្ទាប់ពី​បាន​ប្រើប្រាស់​ប្រព័ន្ធ​ (SIS)​ ក្នុងការ​កែលម្អ​បរិស្ថាន​សាលារៀន​ឬក៏​លើក​គម្រោង​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ​សាលារៀន​។​

ប្រព័ន្ធ​នេះ​មាន​ផលចំណេញ​ច្រើន​ទាំង​ខាង​សាលា ទាំង​ខាង​អាណាព្យាបាល​សិស្ស​និង​សិស្ស​ខ្លួនឯង​ផ្ទាល់ ហើយ​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស​ក៏​ល្អ​ជាង​មុន​ច្រើន​ដែរ ពីព្រោះ​ទោះជា​សិស្ស​ចេះ​ឬ​មិនចេះ​ក៏​គាត់​មក​សាលា​ដែរ ដោយ​សារ​គាត់​ខ្លាច​អវត្តមាន​ដឹង​ដល់​ឪពុកម្តាយ​។​

​ស្រដៀង​គ្នា​នេះ សាលា​បឋម​សិក្សា​អនុវត្ត​ ហ៊ុន សែន ព្រៃវែង​ស្ថិតនៅក្នុង​ខេត្តព្រៃវែង ក៏​ជា​សាលា​ប្រើប្រាស់​ប្រព័ន្ធ​ (SIS)​ នេះដែរ ក្នុងចំណោម​សាលាបឋមសិក្សា​ដទៃទៀត​ក្នុង​ខេត្ត​ព្រៃ​​វែង​។ លោក មាន រ៉ា នាយក​សាលាបឋមសិក្សា​អនុវត្ត​ ហ៊ុន​ សែន ព្រៃវែង បានឱ្យដឹង​ដែរ​ថា ចំពោះ​ប្រសិទ្ធភាព​វិញ​មាន​ពី ​៧០ ទៅ ​៨០ ​ភាគរយ ដែល​ខុសគ្នា​កាលពី​សាលា​មិនទាន់​ប្រើ​ប្រព័ន្ធ​ (SIS) ព្រោះ​បើ​សិស្ស​ណា​ម្នាក់​អវត្តមាន​គឺ​ខាង​សាលា​នឹង​ផ្តល់ដំណឹង​ដល់​ឪពុកម្តាយ​សិស្ស​ភ្លាម​តាមរយៈ​ទូរស័ព្ទ​ឬ​តេ​ឡេ​ក្រាម​ដែល​បាន​ចងក្រង​ឡើង​។​

​លោក​បាន​បន្តថា​៖ «​កាលពី​មិនទាន់មាន​ប្រព័ន្ធ​ (SIS)​ បើ​សិស្ស​ទៅណា​មក​ណា​ក៏​មិនដឹង​ដែរ ហើយក៏​មិនដឹងថា ​ត្រូវ​ផ្តល់ព័ត៌មាន​ឱ្យ​ឪពុកម្តាយ​ដឹង​ភ្លាម​យ៉ាងម៉េច​ដែរ​។ តែ​ឥឡូវនេះ​យើង​ផ្តល់ព័ត៌មាន​ឱ្យ​គាត់​ដឹង​ភ្លាម​បើ​កូន​គាត់​អត់​ម​ករៀនតែ​យើង​គ្មាន​ជា​លក្ខណៈ​ស្កេ​ន​ម៉ាស៊ីន​ទេ យើង​ស្រង់​អវត្តមាន​ផ្ទាល់​ហើយ​បញ្ជូនទៅ​អ្នក​កាន់​ប្រព័ន្ធ​ (SIS)»​។​

​ទោះជា​យ៉ាងណា លោក​ ប៉ាវ​ សុធី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​ក៏បាន​ឱ្យដឹងថា នៅ​ខេត្តព្រៃវែង​មាន​សាលាបឋមសិក្សា​ចំនួន ៥៦១​ សាលា​អនុវិទ្យាល័យ​មាន ​៩២ ​​និង​វិទ្យាល័យ​មាន ​៣៣​។ ប៉ុន្តែ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ (SIS) ​នៅមាន​ចំនួន​តិច​នៅឡើយ ទាំង​នៅ​ថ្នាក់​បឋម​សិក្សា អនុវិទ្យាល័យ និង​វិទ្យា​ល័យ​នៅក្នុង​ខេត្តព្រៃវែង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មែន​ទែន​ទៅ​ប្រព័ន្ធ​នេះ​យើង​ចងក្រង​ជាមួយ​អាណាព្យាបាល​សិស្ស ហើយ​យើង​ផ្ញើ​សារ​ទៅ​គាត់​នៅពេល​កូន​គាត់​មិន​មក​រៀន​។​អាណាព្យាបាល​ក៏​អាចទាក់ទង​គ្រូៗ​បាន​ភ្លាមៗ​ដែរ​ពេល​គាត់​មាន​បញ្ហា​ពាក់ព័ន្ធ​ការ​សិក្សា​របស់​កូន​គាត់​»​។​

​ប្រព័ន្ធ​តាមដាន​ព័ត៌មាន​ត្រឡប់​ពី​អាណាព្យាបាល​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ពី​ក្នុង​សាលា​គឺ​វិទ្យាល័យ​បាក់​ទូក​រាជធានី​ភ្នំពេញ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក បាន​បង្ហាញថា មាន​ភាពងាយស្រួល​និង​ជួយ​សម្រួល​ដល់​ការងារ​ក្នុង​សាលា​បាន​ច្រើន​។ ដូចដែល​លោក តូច កន្តាល់ នាយក​វិទ្យាល័យ​នេះ​បាន​លើកឡើងថា ប្រព័ន្ធ​ (SIS) ​ប្រសិនបើ​លោកគ្រូ អ្នកគ្រូ​មាន​ឆន្ទៈ​នឹងធ្វើ ហើយ​គាត់​ចេះ​បច្ចេកវិទ្យា ​IT​ទៀត​នោះ គឺ​រឹតតែ​ងាយស្រួល​ថែមទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​នៅ​អនុ​និង​នៅ​វិទ្យាល័យ​គឺ​យើង​កំពុងតែ​អនុវត្ត​ហើយ​កំពុង​វិ​វ​ឌ្ឍ​ជឿន​លឿន​ទៅមុខ តែ​គ្រាន់តែ​ថា វា​មិនទាន់​ស្ទុះ​វឹង​ដូច​ឡាន​ថ្មី​ទេ​។​តាំងពី​អនុវត្ត​ប្រព័ន្ធ​នេះ​មក អ​វត្ត​មាន​សិស្ស​ថយចុះ​ខ្លាំង ហើយ​ឪពុកម្តាយ​មាន​ទំនុក​ចិត្តខ្លាំង​មកលើ​សាលា​»​។​

​ប្រព័ន្ធ​ (SIS) ​ដែល​ក្រសួង​អប់រំ​កំពុង​សហការ​ជាមួយ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ឬ​សាលា​តិច​ណូ​នេះ គឺជា​ការ​​គ្រប់គ្រង​ធនធាន​នានា​ដែលមាន​នៅក្នុង​សាលា និង​ដើម្បី​ពង្រឹង​វិន័យ​ទាំង​សិស្ស ទាំង​គុណភាព​អប់រំ​នៅក្នុង​សាលា​ហើយ​បច្ចុប្បន្ន​ក្រសួង​ពង្រាយ​បាន​ចំនួន​ ៣៩៥​ សាលា ​ហើយ​នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត​។​

​លោកស្រី​ ឃួន វិច្ឆិកា អ្នក​នាំ​​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទាក់ទង​ទៅនឹង​ការដាក់​ប្រព័ន្ធ​ (SIS) ​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​សហការ​ជាមួយ​សាលា​តិច​ណូ ដោយ​បែង​ចែកជា​ ២ ​ផ្នែក ទី​១- ​គឺ​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធាន​នានា​នៅក្នុង​សាលារៀន​មិន​ថា ធនធានមនុស្ស ធនធាន​ថវិកា ឬ​ម៉ោង​បង្រៀន​ឬក៏​ការងារ​ផ្សេងៗ​ដែលមាន​នៅក្នុង​សាលា​ទាំងអស់​ដែល​ក្រសួង​បានរៀបចំ​ជា​ប្រព័ន្ធ​ឌីជីថល​ទេ​។​

​ទី​២-​ គឺ​ការ​ស្រង់​វត្តមាន​សិស្ស​តាមរយៈ​ការ​ស្កេ​ន QR Cod (​សាលា​មួយចំនួន​)​។​ ដូច្នេះ​រឿង​ទី១​ គឺ​ក្រសួង​បាន​អនុវត្ត​នៅតាម​សាលា​គោលដៅ​ទាំង ​៣៩៥​ សាលា ដែល​បាន​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​នេះ​រួចរាល់​ហើយ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​អ៊ីចឹង​រឿង​ទី​១ គឺ​ក្រសួង​បាន​អនុវត្ត​នៅ​សាលា​គោលដៅ​បាន​ចំនួន​ ៣៩៥ ​សាលា​។ ទាំង​ ៣៩៥​ សា​​លា​នេះ​ក្រសួង​បាន​ដាក់ឱ្យអនុវត្ត​នូវ​ប្រព័ន្ធគ្រប់គ្រង​រួចរាល់​ហើយ ដោយឡែក​អ្វីដែល​កំពុង​សាកល្បង​បន្តទៀត​នៅក្នុង​ឆ្នាំ​ ២០២៤ ​នេះ គឺ​ស្កេ​ន QRCod លើ​អ្វីដែល​ប្រព័ន្ធ​កំពុង​អនុវត្ត​ពេលបច្ចុប្បន្ន​»​។​

​លោកស្រី​បញ្ជាក់ថា សាលា​ទាំង​ ៣៩៥​ នេះ រាយ​នៅ​គ្រប់​ ២៥ រាជធានី​-​ខេត្ត​។ ដោយ​ឡែក​មានតែ​ខេត្តកំពង់ចាម និង​ខេត្តតាកែវ​ប៉ុណ្ណោះ​ដែល​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​សម្រាប់​មធ្យមសិក្សា​ទាំងអស់ រីឯ​នៅ​ខេត្ត​ផ្សេងទៀត​មានតែ​ ៥ ឬ ៦​ សាលា​ទេ​ក្នុង​ ១ ​ខេត្ត​៕