​បាត់ដំបងៈ បាត់ដំបង ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​ ៦ (​កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ​)​ ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ មច្ឆជាតិ និង​ជីវចម្រុះ​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ដល់​សហគមន៍​មូលដ្ឋាន និង​សម្រាប់​ការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ច សង្គម​។​


​ខេត្តបាត់ដំបង​មាន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​បឹង​ទន្លេសាប​ដែលមាន​ផ្ទៃក្រឡា​ជាង​ ២ ​ម៉ឺន​ហិកតា​។ ខេត្ត​នេះ​មាន​តំបន់ដីសើម​ដ៏​សំខាន់​ដែលមាន​តម្លៃ​ខាង​ផ្នែក​សង្គមកិច្ច បរិស្ថាន និង​វប្បធម៌​ដែល​គាំទ្រ​ដល់​វិស័យ​កសិកម្ម ក៏​ដូច​ជា​ទេសចរណ៍ និង​ក៏មាន​តំបន់​ដី​សើម​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ ដែល​ក្នុងនោះ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​បឹង​ទន្លេសាប​ គឺជា​បេះដូង​នៃ​បឹង​ទន្លេសាប​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាល​រង​ខេត្តបាត់ដំបង​ថ្លែងថា តាម​​រយៈ​ទីតាំង​ភូមិសាស្ត្រ សណ្ឋាន​ដី​របប​ជលសា​ស្ត្រ និង​ផ្ទៃដី​បឹង​ទន្លេសាប​ដែល​ស្ថិតក្នុង​ភូមិ​សា​​ស្ត្រ​ខេត្តបាត់ដំបង​ដែលមាន​ផ្ទៃដី​ធំធេង​គឺ​ត្រូវតែ​ការពារ​ឱ្យខាងតែបាន​ដោយ​លោក​បាន​ដកស្រង់​សម្ដី​លោក​ សុខ លូ អភិបាលខេត្ត​បាត់ដំបង​ថា លោក​ សុខ លូ តែង​តែ​ជំរុញ និង​ក្រើនរំឭក​ដល់​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ការពារ​ធនធាន​ដែល​កំពុងមាន​នេះ​ដើម្បី​កុំឱ្យ​មានការ​បំផ្លិចបំផ្លាញ​។​


​លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប ​(EU)​ ប្រចាំ​កម្ពុជា​លោក Igor Driesmans ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក Stefan Messerer និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​ អ៊ាង​ សុផល្លែត​ ទៅកាន់​តំបន់​បឹង​ទន្លេ​សាប នៅ​ខេត្តសៀមរាប និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នៅ​ឃុំ​កោះ​​ជី​វាំង ស្រុក​ឯក​ភ្នំ និង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង កាល​​ពី​ចុងខែ​មករា​។ 

​លោក ​ប៊ុន​រិ​ទ្ធិ ថ្លែងថា​៖ «[​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​] ជា​ធនធាន​ដ៏​មានតម្លៃ​ផ្នែក​ជីវ​ចម្រុះ​សង្គម​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​ដែលមាន​មុខងារ​កំណត់ និង​ទ្រទ្រង់​លក្ខណៈ​ជីវសាស្ត្រ​ចម្រុះ​សំខាន់ៗ និង​សម្បូរបែប ជា​ប្រព័ន្ធ​ជល​សាស្ត្រ​មួយ​ដែលមាន​ផលិតភាព និង​ចម្រុះ​នៅលើ​ពិភពលោក​ដែល​គ្របដណ្តប់​ដោយ​ព្រៃ​លិច​ទឹក​ដ៏​ធំជាងគេ​បំផុត​ក្នុង​បឹង​ទន្លេសាប​។​


EU កំពុង​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ស្តារ​តំបន់​ទេសភាព​តាមរយៈ​គម្រោង​ «​ទន្លេសាប​របស់​យើង​» រយៈពេល​ ៤ ​ឆ្នាំ ដែលមាន​ជំនួយ​ថវិកា ​៥,៣​ លាន​ដុល្លារ​ ពី​ឆ្នាំ​ ២០២១-២០២៤​។ ដៃគូ​អនុវត្តន៍​គម្រោង​នេះ​នឹង​ជួយ​កសាង​ភាព​ធន់​នឹង​ការប្រែប្រួល​បរិស្ថាន​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី សហគមន៍ និង​ជីវចម្រុះ​នៅក្នុង​ឋបនីយ​ជីវៈ​មណ្ឌល​បឹង​ទន្លេសាប​។

EU ប្រចាំ​កម្ពុជា​បញ្ជាក់ថា គម្រោង​នេះ​គឺជា​គម្រោង​តំបន់​ទេសភាព​ដំបូង​គេ​ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ស្តារ​តំបន់​ទេស​ភាពស្រដៀងគ្នា​នេះ ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​នៅក្នុង​ប្រទេស​ផ្សេងទៀត​។ ឋ​ប​នី​យ​ជីវៈ​មណ្ឌល​បឹង​ទន្លេសាប​នៅតែមាន​ទីជម្រក ហើយ​សហ​គម​ន៍​នៃ​តំបន់​បឹង​ទន្លេសាប​ក៏មាន​ឆន្ទៈ​ធ្វើការ​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ចំពោះ​សហ​គម​ន៍ និង​ជីវភាព​រស់នៅ​របស់​ពួកគេ​ផងដែរ​។​

​ក្នុង​ពិធី​បិទ​ដំណើរ​ទស្សនកិច្ច​នេះ​លោក សឿ​ម ប៊ុន​រិ​ទ្ធិ ថ្លែងថា តាមរយៈ​ជំនួយ​របស់ EU ពិតជា​បាន​ជួយ​ជំរុញ និង​លើកកម្ពស់​ការអភិរក្ស និង​ការចូលរួម​របស់​សហ​គម​ន៍​ក្នុង​កិច្ចការពារ​ធនធាន​ជលផល ព្រៃ​លិច​ទឹក ថនិកសត្វ សត្វ​ស្លាប ព្រមទាំង​ជីវចម្រុះ​នៅក្នុង​បឹង​ទន្លេសាប ជាពិសេស​ចំណុច​ស្នូល​គឺ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដែល​ត្រូវតែ​ការពារ និង​​អភិរក្ស​ឱ្យខាងតែបាន​។

ប្រសិនជា​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នេះ ត្រូវបាន​បំផ្លិចបំផ្លាញ មានន័យថា ធនធាន​បឹង​ទន្លេសាប​ទាំងមូល​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ដែរ​ពីព្រោះ​ទីនោះ​គឺជា​កន្លែង​ដែល​អភិរក្ស​ជីវចម្រុះ​ផ្សេងៗ ពីព្រោះ​បើ​គ្មាន​ត្រី ក៏​ប្រហែលជា​គ្មាន​សត្វ​ស្លាប​ទឹក​ចម្រុះ​គ្រប់​ប្រភេទ​នៅ​ទីនោះ​បានដែរ ហើយក៏​មិនអាច​មាន​បណ្តា​សត្វ​ស្លាប​ផ្សេងៗ​ទៀត​មកពី​តំបន់​ស៊ី​បេ​រី ​(​រុស្ស៊ី​)​ អាចមក​ពង​កូន​នៅ​ទីនោះ​ដើម្បី​បង្កាត់​ពូជ​សម្រាប់​បន្ត​ឱ្យ​អ្នកជំនាន់ក្រោយ​ដែរ​។ 

​លោក​អភិបាលរង​ខេត្ត​បន្តថា បើសិនជា​មិនមាន​ការបណ្តុះបណ្តាល​ដ​ល់​តំណាង​សហគមន៍​មូលដ្ឋាន​ឱ្យមាន​ការ​យល់ដឹង​ទេ នោះ​នឹង​មិនអាច​ចូលរួម​ក្នុងការ​អភិរក្ស និង​ការ​ពារ​តំបន់​បឹង​ទន្លេសាប​បានដែរ​។ «​នេះ​ជា​ចំណុច​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ពាក់ព័ន្ធ​នឹង​សហគមន៍​របស់​យើង​ដែលមាន​ការបញ្ជ្រាប​ការយល់ដឹង​នេះ​ទៅដល់​សហគមន៍​មូលដ្ឋាន​បានល្អ​។ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ អ៊ីចឹង​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​ជួយ​គាំទ្រ និង​បណ្តុះបណ្តាល​តទៅទៀត​»​។​

​បើតាម​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ​ គម្រោង​នេះ​ពិតជា​បានផ្តល់​ការ​យល់ដឹង​ដ៏​មានតម្លៃ​ចំពោះ​តំបន់​ដែល​ត្រូវ​រក្សា​ការពារ និង​អភិរក្ស ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម និង​ភាពជោគជ័យ នៃ​ការខិតខំ​ប្រឹងប្រែង គ្រប់គ្រង​ធនធាន​នៅ​ទីនោះ​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ការចូលរួម​របស់​សហគមន៍​ក្នុង​កិច្ចការពារបរិស្ថាន ដែល​បានបង្ហាញ​អំពី​សារៈសំខាន់​នៃ​យុទ្ធនាការ​ភពផែនដី​របស់​យើង (For Our Planet) ដែលជា​ការឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​ EU ក្នុងការ​ការពារ​ភពផែនដី​។​

​លោក Driesmans ថ្លែង​ក្នុង​សន្និសីទកាសែត​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះ​ថា កម្មវិធី និង​គម្រោង​របស់ ​EU​ នេះ​មាន​គោលបំណង​ដើម្បី​អភិរក្ស​ជីវ​​ចម្រុះ ហើយ​ជាមួយគ្នានេះដែរ ក៏​ដើម្បី​ធានា​នូវ​ប្រាក់ចំណូល​ដល់​ប្រជា​នេសាទ និង​ស្ត្រី​ជាច្រើន​នាក់ ដែល​រស់នៅ​តំបន់​បឹង​ទន្លេ​សាប​នៅទីនេះ ដែល​រកប្រាក់​ចំណូល​អាស្រ័យ​លើ​ធនធានធម្មជាតិ​។ ទាំងនេះ​ក៏​រួមចំណែក​ដោយផ្ទាល់​ផងដែរ​ក្នុង​ការជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អភិរក្ស​នូវ​អ្វីដែល​បានប្រែក្លាយ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នេះ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍ ដែលជា​បរិយាកាស​ដ៏​ល្អប្រសើរ​ដែល​មនុ​ស្សទាំង​អស់​គ្នា​អាច​មើលឃើញ​ដោយផ្ទាល់​។ នៅ​តំបន់​នេះ​មាន​សក្តានុពល​ដ៏​សំខាន់​សម្រាប់​អេកូ​ទេសចរណ៍​ដែល​ផ្តោត​សំខាន់​លើ​ការ​ធានាថា តំបន់​នេះ​ជា​​កន្លែង​ដែល​បរិស្ថាន​ត្រូវបាន​អភិ​រក្ស ពីព្រោះ​វា​គឺជា​គន្លឹះ និង​ជ​ប្រភព​នៃ​ប្រាក់ចំណូល​។​

​ឆ្លើយតប​សំណួរ​អ្នក​សារព័ត៌​មាន​លោក Driesmans ថ្លែងថា​៖ «​មាន​សក្តានុពល​ជាច្រើន​ទៀត​នៅទីនេះ ហើយ​អេកូ​ទេស​​ចរណ៍​ផ្តល់​អត្ថប្រយោជន៍​ដល់​បុរស និង​ស្ត្រី​ដែល​រស់នៅ​ទីនេះ​នូវ​ប្រភព​ចំណូល​បន្ថែម​។ បើ​និយាយ​ដល់​សណ្ឋាគារ​ភោជនីយ​ដ្ឋា​ន និង​មូលដ្ឋាន​ផ្សេងៗ​ទៀត ក៏​អាចបង្កើត​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ផងដែរ​»​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អំពាវនាវ​ឱ្យមាន​ការបញ្ឈប់​ការទន្ទ្រាន​យក​ដី​នៅ​តំបន់​បឹង​ទន្លេសាប​ដោយ​លើកឡើងថា​៖ «​ខ្ញុំ​អំពាវនាវ​ទៅ​ចុះ​! កុំ​អី​! បុគ្គល​ប៉ុន្មាន​នាក់​បាន​ដី​ហ្នឹង ប៉ុន្តែ​ត្រូវ​គិតដល់​ថា ទន្លេសាប​របស់​យើង​គឺជា​ឃ្លាំង​ស្តុក​សារ​​ជាតិ​ប្រូ​តេ​អ៊ីន មានន័យថា ជា​កន្លែង​ប្រភព​ត្រី​សម្រាប់​ប្រជាជន​ ៦​ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ អ៊ី​​ចឹ​ង​ទេ គឺថា សុំ​ពិចារណា​សា​ដើម​ឡើងវិញ​ប្រសិន​យើង​យក​ដី​»​។​

​លោក​បន្តថា ក្រៅពី​ផ្តល់នូវ​ប្រភព​ប្រូ​តេ​អ៊ី​ន បឹង​ទន្លេសាប​របស់​កម្ពុជា​គឺជា​បឹង​ដែល​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បើ​រក្សា​បឹង​ទន្លេសាប​នេះ​បាន​វា​គឺជា​កិត្តិយស និង​ជា​ទ្រព្យសម្បត្តិ​របស់​កម្ពុជា ដែល​ប្រទេស​ដទៃទៀត​មិនមាន​។ «​បើ​យើង​រក្សា​វា​បាន ហើយ​យើង​កែច្នៃ​វា​ទាញយក​ផលប្រយោជន៍​ដូចជា​វិស័យ​ទេសចរណ៍ ដូចជា​វិស័យ​ផ្សេងទៀត​ដែល​យើង​អាច​ទាក់ទាញ​បាន​ហើយ​វា​ចំណេញ​ជាង​បុគ្គល​ប៉ុន្មាន​នាក់​យក​ដី​»៕