​ភ្នំពេញ​: នៅតាម​ដងផ្លូវ​ដ៏​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ ដំណើររឿង​ផ្សងព្រេង​លើ​ទឹកដី​អច្ឆរិយ​ចាប់ផ្តើម​ពី​ហាង​គុយ​​ទាវ​មួយកន្លែង ដែល​អ្នកនិពន្ធ និង​មិត្តភក្តិ យក​ជា​គោលដៅ​ចេញដំណើរ​។ ចេញពី​ទីក្រុង អ្នកនិពន្ធ​បាន​នាំ​អារម្មណ៍​អ្នក​អាន​ទៅកាន់​ប្រាសាទ​កោះ​កេរ​រាង​ពីរ៉ាមីត​ដ៏​អាថ៌កំបាំង ដែល​អ្នកនិពន្ធ​ធ្លាប់​មកដល់​តាំងពី​ឆ្នាំ ​២០០៤​។ អមដោយ​សាច់​​រឿង រូបថត​ដ៏​ស្រស់ស្អាត​នៃ​ប្រទេស​កម្ពុជា រួមមាន ថ្ងៃ​លិច​ដ៏​ស្ងប់ស្ងាត់​តាម​ដង​ទន្លេបាសាក់ ដំណើរ​លើផ្លូវ​ជាតិ​លេខ​ ​៦ និង​ភាព​អ៊ូអរ​នៃ​ផ្សារ​ទួល​ទំពូង​។​


​ព័ត៌មាន​លម្អិត​នីមួយៗ ដក​​ស្រង់​ចេញពី​បទពិសោធន៍​អ្នកនិពន្ធ ដែល​ធ្វើឱ្យ​សាច់រឿង​កាន់តែ​សម្បូរបែប បន្ថែម​ដោយ​ផ្ទាំងទស្សនីយភាព​ស្អាតៗ និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដ៏​វ័យ​ចំណាស់​។ ដំណើរ​រឿងនេះ ចាក់ឫស​ក្នុងការ​ចងចាំ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ ដែល​អនុញ្ញាតឱ្យ​អ្នកអាន​ចូលទៅក្នុង​ពិភព​មួយបែប​ប្រឌិត និង​ការពិត​បញ្ចូល​គ្នា​។ នៅក្នុង​ប្រឡោមលោក​បែប​បុរាណ​​វិទ្យា​ដ៏​ជក់ចិត្ត​កម្រាស់ ៣៤៤ ទំព័រ «The Koh Ker Conspiracy: An Archaeological Thriller» លោក  Caleb Andrew ជា​អ្នកនិពន្ធ បង្កើត​រំលេច​សាច់រឿង​ដោយ​ផ្ដោតលើ​តុល្យភាព​ដ៏​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ និង​ការនិទាន​រឿងប្រឌិត​។​

​ជាមួយ​ការ​ផ្ដិត​យក​តថភាព​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​បញ្ហា​ស្មុគស្មាញ​នៃ​ការ​លួច​វត្ថុ​បុរាណ ប្រលោម​លោក​របស់លោក Andrew បានរួម​បញ្ចូល​គ្នា​យ៉ាង​រលូន​នូវ​ធាតុ​ផ្សំ​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ពិតប្រាកដ​ចូលទៅក្នុង​ពិភព​និទានកថា​ដ៏​ជក់​ចិ​ត្ដ​។​


​លោក Andrew បាន​និយាយថា​៖ «​ការ​ធំ​ដឹងក្ដី​ឡើង​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​សហរដ្ឋ​អាមេរិក ខ្ញុំ​បានដឹងថា មនុស្ស​ជាច្រើន​នៅក្រៅ​តំបន់​អាស៊ី​អាគ្នេយ៍​មិន​ស្គាល់​ប្រទេស​កម្ពុជា​ច្រើន​ទេ​។ វា​ជាការ​​អាម៉ាស់​មួយ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដ៏​ស្រស់ស្អាត​ដែលមាន​ប្រវត្តិសាស្ត្រ​មិនគួរ​ឱ្យ​ជឿ​»​។​

​នេះ​ជា​ពេលដែល​លោក Andrew សម្រេចចិត្ត​សរសេរ​សៀវភៅ​ប្រលោមលោក ដោយ​ចង់​ទាញ​បទពិសោធន៍​ផ្ទាល់​​ខ្លួន ដើម្បី​រំលេច​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​ពិភព​​លោក​។ យុវជន​រូបនេះ​បាន​ស្វែងយល់​អំពី​ការសិក្សា ទស្សនា​តំបន់​បុរាណវិទ្យា ដូចជា កោះ​កេរ និង​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​ធានាបាន​ភាព​ត្រឹមត្រូវ​ក្នុងការ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ និង​ទំនៀមទម្លាប់​កម្ពុជា​។​


​លោក Andrew បាន​និយាយថា​៖ «​មានការ​និយាយ​លេង​ថា ខ្ញុំ​ជា​ក្មេង​វប្បធម៌​ទី​៣ ដែល​ធំ​ឡើង​ឆ្ងាយ​ពី​ប្រទេស​កំណើត ហើយ​សំណួរ​ដែល​ពិបាក​ឆ្លើយ​បំផុត​គឺ តើ​ផ្ទះ​ខ្ញុំ​នៅឯណា​»​។​

​ការពិត និង​ប្រឌិត​លោក Andrew បាន​និយាយថា អ្នកនិពន្ធ​ប្រលោមលោក​លើកដំបូង​ជាច្រើន​តែងតែ​បង្កើត​តួអង្គ​ដែល​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង ហើយ​លោក​បាន​ទទួលស្គាល់ថា បូរ៉ាន់ ជា​តួឯក​ដំបូង​គឺ​ស្រដៀង​នឹង​រូបលោក​។​ លោក​មានបំណង​បង្ហាញ​ពី​ភាព​ជឿជាក់ និង​សមត្ថភាព​របស់ បូរ៉ាន់ ក្នុងការ​ប្រឈមមុខ​នឹង​ទាហាន​ស៊ីឈ្នួល​ប្រដាប់អាវុធ ហើយ​លោក Andrew បង្កើត​តួអង្គ​ឪពុក​ជា​ចារកម្ម និង​ជា​អ្នក​បុរាណវត្ថុវិទូ​ដែល​ចូលរួម​ក្នុងការ​តាមដាន​ក្រុម​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​

​លោក Andrew បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្នុងនាម​ជា​អ្នកនិពន្ធ វា​អាច​ពិបាក​ក្នុងការ​​ថ្លឹងថ្លែង​ការពិត​ជាមួយនឹង​រឿងប្រឌិត​។ ប៉ុន្តែ​ខ្ញុំ​គិតថា យើង​មិនដឹង​អំពី​ព្រះបាទ​ជ័យ​វរ្ម័នទី ​៤ និង​កោះ​កេរ​ច្រើន​ទេ​។ ខ្ញុំ​នៅមាន​ចម្ងល់​ជាច្រើន​ទៀត​ទាក់ទង​នឹង​ប្រ​វ​ត្ដិ​សាស្ដ្រ​»​។​

​លោក Andrew បាន​និយាយថា កោះ​កេរ​មិន​គ្រាន់តែ​ជា​ប្រាសាទបុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​សំខាន់​នៃ​សាច់​រឿង​។ វា​ជា​រឿង​និយាយ​អំពី​អាថ៌កំបាំង​នៃ​ប្រាសាទ​កោះ​​កេរ ដោយហេតុ​អ្វី​បានជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ រើ​រាជធានី និង​អ្វីដែល​មហាក្សត្រ​យក​អ្វី​ពីយ​សោធ​បុ​រៈ ឬ​អង្គរ​។ ចម្លើយ​គឺ​ពឹង​ផ្អែកទៅលើ​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​លោក​ក៏ត្រូវ​ប្រយ័ត្ន​ដែរ​ថា សៀវភៅ​នេះ​មិនមែនជា​សៀវ​ភៅ​បុរាណវិទ្យា​ទេ​។ វា​ជាការ​​រំលេច​នូវ​សាច់រឿង​ខ្លះៗ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងយល់​បន្ថែម​។​

​លោក Andrew បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​វា​ជា​ដំណើរ​ផ្សងព្រេង​ជិះ​ហើប​ផុត​កៅអី​ដ៏​ញាប់​ញ័រ​ឆ្លងកាត់​ប្រទេស​កម្ពុជា និង​ចូលទៅ​ប្រទេស​ថៃ​ជាមួយនឹង​ការសិក្សា​ស្វែង​​យល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​បុរាណ​នៅតាម​ដងផ្លូវ​»​។​

​លោក​បាន​ពន្យល់ថា ការ​និពន្ធ​ប្រលោមលោក​នេះ ជួន​កាល​ទាមទារ​ការកែតម្រូវ​។ លោក​បាន​កត់សម្គាល់ថា សិលាចារឹក​ប្រវត្តិសាស្ត្រ​ផ្តល់​តម្រុយ​អំពី​អ្វីដែល​ប្រហែល​ជាមាន​នៅលើ​កំពូល​ប្រាសាទពី​​រ៉ា​មី​ត ប៉ុន្តែ​លោក​ត្រូវតែ​កែប្រែ​ព័ត៌មាន​លម្អិត​ទាំងនេះ​ដើម្បីឱ្យ​សាច់រឿង​កាន់តែ​ជក់​ចិ​ត្ដ ដោយ​បន្ថែម​បញ្ហា​ប្រឈម​ជាក់ស្តែង​នៃ​ការ​លួច និង​លាក់បាំង​វត្ថុ​​បុរាណ​ធំៗ​អាយុកាល​រាប់ពាន់​ឆ្នាំ​ទាំងនេះ​។ ក្នុងនាម​ជា​មេធាវី​ដែលមាន​ការយកចិត្តទុកដាក់​ចំពោះ​ភាពប្រាកដប្រជា លោក Andrew ត្រូវ​បែងចែក​រវាង​ការពិត​ក្នុង​ប្រវត្តិសាស្ត្រ និង​សេរីភាព​ច្នៃប្រឌិត​ដែល​លោក​បាន​យក​នៅក្នុង​អត្ថបទ​ប្រ​លោម​លោក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងករណីនេះ ខ្ញុំ​គិតថា វា​ងាយស្រួល ជាង​បន្តិច នៅពេលដែល​រឿងប្រឌិត​រំលេច​ឈុត​ឆាក (​ការ​លួច​វត្ថុ​បុរាណ​) ដាច់​ដោយ​ឡែក​ពី​ប្រវត្តិសាស្ត្រ​ពិត​។ នោះ​មិនមែនជា​ការពិត​ទេ​ដែលថា ប្រវត្តិសាស្ត្រ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​រឿង​នោះទេ​»​។​

​គំនិត​សរសេរ​ប្រលោមលោក​ដំណើរ​ផ្សងព្រេង​នៅ​កោះ​កេរ​លោក Andrew អាយុ ២៤​ ឆ្នាំ បានបង្ហាញ​នូវ​បទពិសោធន៍​រស់នៅក្នុង​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក ដែល​ធ្វើឱ្យ​លោក​បាន​ស្គាល់ និង​របៀប​របប​រស់នៅ​របស់​ប្រជាជន​ប្រទេស​នីមួយៗ​។

លោក​បាន​លើកឡើងថា សារៈសំខាន់​នៃ​ការ​ស្តាប់ និង​ការរៀន​នៅក្នុង​បរិបទ​វប្បធម៌​ចម្រុះ បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រទេស​នីមួយៗ​មាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​រៀងៗ​ខ្លួន​។ នៅពេលដែល​ចាប់​ផ្តើម​សរសេរ​សៀវភៅ លោក Andrew មាន​គោលបំណង​ឱ្យ​វា​ក្លាយជា​ប្រលោមលោក​បែប​ផ្សងព្រេង​ដ៏​រីករាយ​ជាជាង​ទស្សនវិជ្ជា​ហួសហេតុ​។​

​ទោះជា​យ៉ាងណា លោក​ក៏​ចង់ឱ្យមាន​សារ​អប់រំ​អ្នកអាន​អំពី​ប្រទេស​ជាទី​ស្រឡាញ់​របស់លោក​។ លោក​ថែមទាំង​បានបង្ហាញ​ពី​បំណង​ចង់​សរសេរ​សៀវភៅ​បន្ថែមទៀត​នៅ​កន្លែង​ដែល​លោក​ធ្លាប់​រស់នៅ ដោយ​ផ្តល់ឱ្យ​អ្នកអាន​នូវ​ការយល់​ដឹង​អំពី​ពិភពលោក​ដ៏​គួរឱ្យ​ចាប់​-​អារម្មណ៍ និង​ចម្រុះ​នៅ​ជុំវិញខ្លួន​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​បាន​ទៅ​ប្រាសាទ​កោះ​កេរ​លើកដំបូង​ក្នុង​ឆ្នាំ ​២០០៤ ពេល​ខ្ញុំ​មាន​អាយុ​ ១៥ ​ឆ្នាំ​។ វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​។ ប្រាសាទ​ប្រាង្គ (​ពីរ៉ាមីត​) អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ ជា​អ​ច្ឆ​រិ​យ​ទី​៧ នៃ​មនុស្សជាតិ​»​។​

​នៅ​ឆ្នាំ ​២០០៤ កោះ​កេរ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​តម្រូវ ឱ្យ​ភ្ញៀវទេសចរ​បរទេស​បង់​ថ្លៃ​ចូល​ទេ​។ តំបន់​នេះ​នៅ​ទទេ​ស្អាត ដែល​លោក Andrew យល់ឃើញថា វា​មាន​ភាព​ទាក់​ទាញ និង​អាថ៌កំបាំង​។ ស្រដៀង​នឹង​រឿង​ភាគ Indiana Jones ដែល​ផ្ដោតលើ​បេសកកម្ម​រុករក​ប្រាសាទបុរាណ នៅពេល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ ២០២៣ លោក Andrew មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​មើលឃើញថា រដ្ឋា​ភិ​បាល​កម្ពុជា​បាន​វិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ការពារ​តំបន់​បុរាណវត្ថុ​។​

​លោក​និយាយថា​៖ «​បច្ចុប្បន្ន ភ្ញៀវ​ត្រូវ​បង់ថ្លៃ​ចូល ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ជួសជុល​កំពុងដំណើរកា​រ​នៅ​ទូទាំង​បរិវេណ​កោះ​កេរ​។ លើសពីនេះ​ទៀត សារៈសំខាន់​នៃ​តំបន់​បុរាណវត្ថុ​នេះ ត្រូវ​បានទទួល​ស្គាល់​ជាស​កល ដោយ​ប្រាសាទ​ត្រូវបាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​ ២០២៣»​។​

​ការ​លួច និង​ការអភិវឌ្ឍ​ប្រធានបទ​ដ៏​រសើប​មួយ​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​ប្រលោមលោក​គឺ​ការ​លួច​វត្ថុ​បុរាណ​ពី​ប្រាសាទ​កោះ​កេរ ជា​បញ្ហា​កើតឡើង​ពិត​ដែល​បាន​ញាំញី​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​លោក Andrew បាន​រំលេច​បញ្ហា​នេះ​ទាំង​ការគោរព និង​ភាព​បន្ទាន់ ដោយ​បង្ហាញ​ពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ការ​លួច​បេតិកភណ្ឌ​វប្បធម៌​។​ តាមរយៈ​ការភ្ជាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​ជាមួយ​សាច់រឿង​ប្រឌិត យុវជន​ស្រឡាញ់​វប្បធម៌​ខ្មែរ​រូបនេះ​មិន​ត្រឹមតែ​បង្កើន​ការយល់ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​អ្នក​អាន​ក្នុងការ​ស្វែងយល់​អំពី​សីលធម៌ និង​ត្រិះរិះ​ពិចារណា​ថែមទៀត​។​

​លោក​ថា​៖ «​វា​ជា​បញ្ហា​ធំ​។ ដូច​អ្នកដឹង​ហើយ​ថា វត្ថុ​បុរាណ​ដ៏​មានតម្លៃ និង​មិនអាច​កាត់ថ្លៃ​បានជា​ច្រើន​ពី​កោះ​កេរ ត្រូវ​បានដាក់​នៅក្នុង​សារមន្ទីរ​ជុំវិញ​ពិភពលោក រួមទាំង​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​»​។​

​លោក​បាន​និយាយថា ប្រទេស​កម្ពុជា​ បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៃ​ការចាប់​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្រៅប្រទេស ដើម្បី​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ​មកវិញ​។ លោក​សង្ឃឹមថានឹង​នាំយក​ការយកចិត្តទុកដាក់​ចំពោះ​ការ​លួច​យក​វត្ថុ​បុរាណ​ពី​ប្រទេស​កម្ពុជា និង​ជា​ពិ​សេស​កោះ​កេរ​។ តាមពិត​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​នេះ លោក​មានកំណត់​ចំណាំ​ស្តីពី​ការជួញដូរ​សិល្បៈ​ខ្មែរ ដែល​បញ្ចប់​ដោយ​កថាខណ្ឌ​នេះ​។​

​លោក​បាន​បន្ដថា​៖ «​ខ្ញុំ​សង្ឃឹមថា ពេល​អ្នក​ទៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ ឬ​សិល្បៈ ហើយ​អ្នកឃើញ​ស្នាដៃ​សិល្បៈ​ខ្មែរ អ្នក​សួរ​ខ្លួនឯង​ថា តើ​វា​មកពីណា និង​ពួកវា​មកដល់​ទីនេះ​ដោយ​របៀប​ណា​។ ខ្ញុំ​បាន​ជួបប្រទះ​ទិដ្ឋភាព​ខ្លះៗ​នៃ​វប្បធម៌ និង​ការរស់នៅ​បែប​ខ្មែរ ហើយ​ខ្ញុំ​និយាយ​ភាសា​ខ្មែរ​។ ប៉ុន្តែ​ខ្ញុំ​ក៏បាន​រស់នៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​មួយរយៈ​មកហើយ​»​។​

​លោក​ថា បទពិសោធន៍​លោក​ក្នុងនាម​ជា​មេធាវី និង​ជា​អ្នកនិពន្ធ​បាន​បង្រៀន​លោក​ពី​សារៈសំខាន់​នៃ​ការយកចិត្តទុកដាក់​ចំពោះ​ព័​ត៌​មាន​លម្អិត និង​ការអត់ធ្មត់​៕