​ភ្នំពេញៈ ទោះបី​កត្តា​ខាងក្រៅ​ហាក់​នៅ​បន្ត​ដូចជា​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​, ការ​ថម​​ថយ​សេដ្ឋកិច្ច​សកល ជាពិសេស​បណ្តា​ប្រទេស ដែលជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានធ្វើការ​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​ ២០២៤​​ នេះ នឹង​ងើប​ល្អ​ប្រសើរ​ឡើងវិញ ដែល​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦ ភាគរយ​។​

​ការ​ព្យាករ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃ​វិស័យ​មិនមែន​កាត់ដេរ បាននិងកំពុង​បន្ត​និន្នាការ​នាំចេញ កើនឡើង​,​ វិស័យ​ទេសចរណ៍  ​រួមជាមួយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​ដែល​កំពុង​ហក់​ងើបឡើង​ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ​។​


​កម្ពុ​ជាមាន​សុ​ទិដ្ឋិ​​និយម​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០២៤​ លោក​ ផាន់ ផល្លា រដ្ឋលេខា​​ធិ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៤ នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈថា សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ ២០២៤ ​ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន​កំណើន​នៅក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​)​ ថ្លៃ​ប​ច្ចុ​​ប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤២,៩៥៧ ​ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ៣៥ ១៦៨​ លាន​ដុល្លារ​អា​​មេ​រិ​ក ស្របពេល​ដែល​ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ដល់ ២ ០៧១ ​ដុល្លារ បើ​ធៀប​ទៅនឹង ១ ៩១៧​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​។ 

​លោក​លើកឡើងថា ស្របពេល​សេដ្ឋ​កិច្ច​សកល​នៅក្នុង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​ភាព​​ល្អប្រសើរ​ជាង​មុន ខណៈ​វិស័យ​មួយចំនួន​ក្នុងស្រុក​បាន​ងើបឡើង​ល្អប្រសើរ​ផងដែរ ដូចជា វិស័យ​មិនមែន​កាត់ដេរ​, វិស័យ​ទេសចរ​​ណ៍​នឹង​កើនឡើង​ជាង​ឆ្នាំ ​២០២៣ រួមជាមួយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ ជាក់ស្តែង​វិស័យ​កាត់ដេរ​នៅ​ដើមឆ្នាំ​ ២០២៤​ នេះ ការនាំចេញ​មានតម្លៃ​ខ្ពស់ជាង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ 


​លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​អ្នកបញ្ជា​ទិញ និង​ទាំង​អ្នកទិញ​ក៏ដូចជា​បណ្តា​រោងចក្រ​ពួកគេ​បាន​លើកឡើងថា ក្នុង​ឆ្នាំ​ ២០២៤​ នេះ គឺមាន​សង្ឃឹម​ច្រើន ដែល​បង្ហាញ​នូវ​ចំណុច​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ ខណៈ​ការ​ផលិត​ផលិតផល​មិនមែន​កាត់​​ដេរ និង​វិស័យ​កសិកម្ម បាននិងកំពុង​បន្ត​ក្នុងស្ថានភាព​ល្អប្រសើរ​ផងដែរ​»​។

លោក​បាន​បញ្ជាក់ថា ​ក្រៅពី​សកម្មភាព​ខាងលើ​ក៏មាន​កត្តា​ល្អ​ផ្សេងៗ​ទៀត​សម្រាប់​កម្ពុជា​ក្នុងនោះ​រួមមាន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ ២០២១ រហូតមក ដល់​ឆ្នាំ ​២០២៣ មានការ​កើន​ឡើងជា​លំដាប់ ក្នុងនោះ​វិ​និ​យោ​គិ​ន​ចិន បាន​កើនឡើង​គួរឱ្យ​កត់​សម្គាល់ ដោយសារ​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង ​២​។​

​កំណើន​នៅតែ​ខ្ពស់ ប៉ុន្តែ​ប្រឈម​បញ្ហា​ខាងក្រៅ​ច្រើន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​ ក៏បាន​ព្យាករ​ថា កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៤ នេះ​នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ​ភាគរយ ជំរុញ​ដោយ​ការ​​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ពិសេស​ប្រទេស​ចិន និង​អាមេរិក​។

IMF ឱ្យដឹងថា សេដ្ឋកិច្ចពិភពលោក​ព្យាករ​កំណើន​ក្នុង​កម្រិត ៣,១ ​ភាគរយ​ សម្រាប់​ឆ្នាំ ​២០២៤ ដែលជា​អត្រាកំណើន​ដូចគ្នា​ទៅនឹង​ការ​ព្យាករ​របស់ខ្លួន​កាលពី​ឆ្នាំ​ ២០២៣​។ អតិផរណា​ពិភពលោក​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​នៅត្រឹម​ ៥,៨​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បានលើកឡើង​កាលពី​ខែ​មុន​ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ​នឹង​ភាពមិនច្បាស់លាស់​ជាច្រើន​រួមមាន ភាព​​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​ការបែងចែក​ភូមិ​សាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេស​ចរណ៍ និង​ភាពមិនច្បាស់លាស់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

​លោកស្រី​ថ្លែងថា​៖ «​ទោះជា​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ក៏ដោយ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា នឹង​កើន​ឡើង​ក្នុង​រង្វង់ ៦,៤ ​ភាគរយ​នៅ​ឆ្នាំ ២០២៤ ដែល​រួមចំណែក​ជា​ចម្បង​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល​ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលនទ្រព្យ​បន្ត​ទទួលបាន​កំណើន​ទាប​»​។​

​លោក ផល្លា លើកឡើង​ពី​ការ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផង​​ដែរ សម្រាប់​ឆ្នាំ ​២០២៤​ នេះ ក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​បញ្ហា​ប្រឈម និង​ហានិភ័យ ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាននិងកំពុង​បង្ក​ការ​គំរាម​មកលើ​ចីរភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​កម្ពុជា ដូចជា​ការកើនឡើង​នូវ​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​, ការ​ថមថយ​សេដ្ឋកិច្ច​សកល ជាពិសេស​បណ្តា​ប្រទេស ដែលជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា​, ការបន្ត​រឹតបន្តឹង​យូរ​ជាង​ការរំពឹងទុក​នៃ​គោលនយោបាយ​រូបិយវត្ថុ ជាពិសេស សហរដ្ឋអាមេរិក និង​ការបន្ត​កើន​ឡើងថ្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ដែល​អាច​ប៉ះពាល់​ដល់​លំហូរ​ទុនវិនិយោគ និង​ពា​ណិ​ជ្ជ​កម្ម​,​ ការបន្ត​ឡើងថ្លៃ ឬ​កម្រិត​ខ្ពស់​នៃ​ថ្លៃ​ថាមពល និង​ទំនិញ​ជារួម​លើ​ទីផ្សារ​អន្តរជាតិ​, ការ​​បែកខ្ញែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​កំពុង​កាត់បន្ថយ​ការចូលរួម​ក្នុង​ចរន្ត​សកលភាវូបនីយកម្ម ស្រប​ជាមួយនឹង​ការកើនឡើង​នៃ​និន្នាការ​ពហុ​​ប៉ូល និង​ការបែងចែក​ប្លុក​សេដ្ឋ​​កិច្ច និង​ពាណិជ្ជកម្ម និង​ការ​កើន​ឡើង​នូវ​ផលប៉ះពាល់​នៃ​ការ​ប្រែ​​ប្រួល​អាកាសធាតុ​ជាដើម​៕