​ភ្នំពេញៈ មាន​សំណល់​បរិក្ខារ​អគ្គិសនី ​និង​អេ​ឡិ​ត្រូ​និក​ចំនួន​ ១៧,៦៩​ តោន សំណល់​ថ្មពិល​ ២,២៦ ​តោន និង​សំណល់​អាគុយ​ជាង ១២,១៨​ តោន ត្រូវបាន​ក្រ​​សួង​បរិស្ថាន​និង​ក្រុមហ៊ុន​អេកូ​​បាត​ប្រមូល​រក្សាទុក ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​កាត់​​បន្ថយ​ការ​បំ​ភាយ​សារធាតុ​មាន​កម្រិត​ពុល​ខ្លាំង​ដែលនាំឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។​


​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក​និង​សំណល់​អាគុយ ថ្មពិល ត្រូវបាន​ចាត់ទុកថា​ជា​សំណល់​ដែលមាន​ផ្ទុក​នូវ​សារ​ធាតុ​គ្រោះថ្នាក់ និង​មាន​កម្រិតជាតិពុល​ខ្លាំង​ធ្វើឱ្យប៉ះពាល់​ដល់​ឆ្អឹង ខូច​តម្រងនោម ខូច​ប្រព័ន្ធ​ប្រសាទ ខូច​ចលនា​សាច់ដុំ ខូច​ប្រព័ន្ធ​ភាពស៊ាំ ប៉ះពាល់​ដល់​ការបង្ក​កំណើត និង​ទារក​ក្នុង​ផ្ទៃ​ផង​។ សំណល់​ទាំងនេះ​បាន​ផ្ទុក​សារធាតុ​បារត កាត់​ម្ញូ​ម​,​នី​​កែ​ល សារធាតុ​ក្រូម​អា​សេ​និក​។​នេះ​បើតាម​ក្រសួងបរិស្ថាន​។​

​លោក​ខ្វៃ អាទិ​ត្យា អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ​ក្រសួង​បរិ​ស្ថាន​ពិនិត្យឃើញថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការងារ​កិច្ច​គាំពារ​បរិស្ថាន​ដែល​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការលើក​កម្ពស់​ការយល់ដឹងរ​បស់​ប្រជា​​ពលរដ្ឋ​អំពី​ការ​ទុកដាក់ ញែក​សំណល់ និង​ផលប៉ះពាល់​បង្ក​ពី​សំណល់​គ្រោះថ្នាក់​ដល់​បរិស្ថាន​និង​សុខភាព​។ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ច្រើនឡើង​អំពី​កិច្ច​គាំពារ​បរិស្ថាន​។​


​លោក​ថ្លែងថា​៖«​ការចូលរួម​របស់​ពួកគាត់​ជាមួយ​ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​យន្តការ​ទុកដាក់ និង​ញែក​សំណល់​គ្រោះថ្នាក់​ (​សំណល់​ថ្មពិល សំណល់​អាគុយ និង​សំណល់​បរិក្ខារ​អគ្គិសនី​។​ល​។​) ចេញពី​សំណល់​ផ្ទះបាយ​ក៏មាន​កើនឡើង​យ៉ាងខ្លាំង​ផងដែរ​» ។​

​បើតាម​លោក អាទិ​ត្យា រហូតមកទល់​បច្ចុប្បន្ន សំណល់​ថ្ម​​ពិល សំណល់​អាគុយ និង​សំ​ណ​ល់​បរិក្ខារ​អគ្គិសនី​និង​អេ​ឡិច​ត្រូ​និក​ដែល​ត្រូវ​ប្រមូលបាន​មាន​សំណល់​ថ្មពិល ​(Alkaline,Lithium )​ចំនួន​ ២ ២៦០ ​គីឡូ​ក្រាម ​(២,២៦​ តោន​)​ សំណល់​អាគុយ ​(Lead Acid Battery)​ មាន ១២ ១៨៥,៣៥ គីឡូក្រាម ​(​ជាង​១២,១៨​តោន​)​ និង​សំ​ណ​ល់​បរិក្ខារ​អគ្គិសនី​និង​អេឡិចត្រូនិក ​(​ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីន​ព្រី​ន​និង​ម៉ាស៊ីនថតចម្លង​។​ល​។​)​បាន​ចំនួន​ ១៧ ៦៩០ ​គីឡូក្រាម (១៧,៦៩​តោន​)​។ ការងារ​នេះ​បានចាប់ផ្តើម​ប្រមូល​ថ្មពិល​នៅ​ខែកក្កដា ឆ្នាំ​ ២០២១ រីឯ​ការងារ​ប្រមូល​សំណល់​អា​គុយ និង​បរិក្ខារ​អេឡិចត្រូនិក ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​ ២០២៣​។​


​លោក​បាន​បញ្ជាក់ថា សំណល់​ថ្មពិល អាគុយ និង​សំណល់​បរិក្ខារ​អគ្គិសនី​ដែល​ប្រមូលបាន​នេះ​ត្រូវបាន​យកទៅ​ទុក​យ៉ាង​ត្រឹមត្រូវ​ដោយ​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​សុវត្ថិ​ភាព​បរិស្ថាន​ក្នុង​ឃ្លាំង​ក្រុមហ៊ុន​អេកូ​បាត​ដែល​ទទួលបាន​លិខិតអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​។​

​លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​សំណល់​អាគុយ និង​សំណល់​បរិក្ខារ​អគ្គិសនី​មួយចំនួន ត្រូវ​​បាន​ក្រុមហ៊ុន​យកមក​ជួសជុល​សម្រាប់​ប្រើប្រាស់​ឡើងវិញ​និង​ដោះ​បំបែក​ទាញយក​ធនធាន​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​កែច្នៃ​ឡើងវិញ​។ ចំណែក​សំណល់​ថ្មពិល​ក្រុមហ៊ុន​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម តែ​ចំពោះ​ការ​ស្តុក​ទុក ការ​ដោះ​បំបែក​សំណល់​គឺ​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​អេកូ​បាត​តែម្តង​។​

​លោក ខ្វៃ អាទិ​ត្យា បាន​អះ​-​អាង​ថា ការងារ​នេះ​ក្រសួងបរិស្ថាន​បាន​អនុលោម​ទៅតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ​ជា​ធរមាន​និង​អនុសញ្ញា​បា​ស៊ែ​ល​ស្តីពី​ការត្រួតពិនិត្យ​ការ​ចរាចរ​សំណល់​គ្រោះថ្នាក់​ឆ្លងដែន ​និង​ការបោះបង់ចោល​ដែល​កម្ពុជា​ ក៏​ភាគី​មួយ​ដែរ​។ ប៉ុន្តែ​នៅពេល​អនាគត​ក្រុមហ៊ុន​អេកូ​បាត​មានបំណង​បង្កើត​រោងចក្រ​កែច្នៃ​សំណល់​ទាំងនេះ​នៅ​កម្ពុជា​តែម្តង ជាពិសេស ថ្មីៗ​នេះ​ក្រុមការងារ​ក្រសួងបរិស្ថាន​និង​ក្រុម​ហ៊ុន​អេកូ​បាត​ក៏បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ ​HAMAYA​ ដែលមាន​បទ​ពិសោធន៍​ក្នុង​ការកែ​ច្នែ​សំណល់​បរិក្ខារ​អគ្គិសនី​ដើម្បី​បង្កើត​កិច្ច​សហការ​ប្រមូល និង​កែច្នៃ​សំណល់​បរិក្ខារ​អគ្គិសនី​នៅ​កម្ពុជា​។​កន្លងមក​ក្រសួងបរិស្ថាន​និង​ក្រុមហ៊ុន​អេកូ​បាត​ក៏បាន​ដាក់​បង្ហាញ​សំណល់​ទាំងនេះ​នៅតាម​កម្មវិធី​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​មួយចំនួន​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​ជា​ជំហាន​ដំបូង​គឺ​យើង​សហការ​ជាមួយ​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ហើយ​និង​ផ្សារ​ទំនើប​សម្រាប់​ការ​អនុវត្ត​ការងារ​នេះ​។ អ៊ីចឹង​ការ​ងារ​នេះ​គឺ​យើង​ចាប់ផ្តើម​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​»​។​

​លោក​បាន​រំឭក​ដែរ​ថា ការ​អនុវត្ត​យន្តការ​ប្រមូល​សំណល់​ថ្មពិល​ដែល​ក្រសួងបរិស្ថាន​បានចាប់ផ្តើម​ពី​ខែកក្កដា ឆ្នាំ​ ២០២១ ​មក​គឺ​តាមរយៈ​ការដាក់​ធុង​សំណល់​ថ្មពិល​នៅតាម​ទីតាំង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា នៅតាម​ស្ថាប័នរដ្ឋ​និង​ឯកជន ស្ថានីយប្រេងឥន្ធនៈ ផ្សារ​ទំនើប គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន និង​ធនាគារ និង​ទីតាំង​អាជីវកម្ម​មួយចំនួន​ព្រមទាំង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែរ​។​

​បើតាម​លោក ខ្វៃ អាទិ​ត្យា គិត​មកទល់​បច្ចុប្បន្ន​ការដាក់​ធុង​ប្រមូល​សំណល់​ថ្មពិល​សរុប​ចំនួន ១៨៧​ ធុង​នៅ​ទីតាំង​ចំនួន​ ១៥០​។ ក្នុងនោះ​នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​ ១៤៧ ​ធុង និង​តាម​បណ្តា​ខេត្ ៤០​ ធុង​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​ម្ចាស់​ទីតាំង​ដែល​ទទួលបាន​ធុង​ដាក់​ថ្មពិល​អាចទាក់ទង​មក​ក្រុមការងារ​ក្រសួងបរិស្ថាន​ឬ​ក្រុមការងារ​របស់​ក្រុមហ៊ុន​អេកូ​បាត​នៅពេល​បរិមាណ​សំណល់​ថ្មពិល​ពេញ​ធុង ដើម្បីឱ្យ​ក្រុម​​ការងារ​ក្រុមហ៊ុន​អេកូ​បាត​ចុះទៅ​ប្រមូល​។ ចំណែក​សំណល់​អាគុយ និង​សំណល់​បរិក្ខារ​អគ្គិ​ស​នី និង​អេឡិចត្រូនិក​វិញ ក្រុមការងារ​ក្រុមហ៊ុន​អេកូ​បាត​នឹង​ទៅ​ប្រមូល​ដល់ទី​តាំង​ម្ចាស់​សំណល់​ក្នុងករណី​សំណល់​នេះ​មាន​ចាប់ពី​ ១០ ​គ្រឿង​ឡើងទៅ​។ ប៉ុន្តែ​បើ​ក្នុង​បរិមាណ​ក្រោម​ ១០​គ្រឿង មា្ច​ស់​សំណល់​យកទៅ​ប្រគល់ជូន​ក្រុមការងារ​នៅ​ក្រសួងបរិស្ថាន ឬ​ក្រុមការងារ​ក្រុមហ៊ុន​អេកូ​បាត​ដែលមាន​លេខ​ទំនាក់ទំនង ០១៧ ៤៦១ ៨១៩ /០១១ ៣៩៩ ១២២/០១១ ៩៩៩ ៩១០ ។​

​លោក ឆឺ​យ បូ​ណា ប្រធាន​គ្រប់គ្រង​សំណល់​អ៊ី​វេស​ ​(E-WASTE) នៃ​ក្រុមហ៊ុន Ecobatt-EnergyCambodia​ បានឱ្យដឹង​ដែរ​ថា មូល​ហេតុដែល​ក្រុមហ៊ុន​ប្រមូល​សំណល់​ទូទឹកកក ទូរទស្សន៍ ទូរស័ព្ទ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ ម៉ាស៊ីន​ព្រី​ន ម៉ាស៊ីនថតចម្លង​និង​ចង្ក្រានអគ្គិសនី​ជាដើម​នោះ ដោយសារ​មើលឃើញថា បរិក្ខារ​អគ្គិសនី​ទាំងនោះ ក្រោយពី​ប្រើប្រាស់​ខូច​គឺ​ប្រជាពលរដ្ឋ​ខ្លះ​តែង​បោះចោល តែ​គាត់​មិនបាន​ដឹងថា វត្ថុ​នោះ​មាន​ផ្ទុក​សារធាតុពុល​ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ទេ​។​

​ឧទាហរណ៍​នៅក្នុង​ទូរទស្សន៍​មាន​ផ្ទុក​ទៅដោយ​សារធាតុ​បារត និង​សារ​ធាតុគីមី​មួយចំនួនទៀត​។ វត្ថុ​ទាំងនោះ​នៅពេល​វា​នៅ​ហាលខ្យល់ ហាលភ្លៀង ត្រូវ​កម្តៅថ្ងៃ​យូរ​ទៅ​វា​នឹងមាន​ប្រតិកម្ម​ជាមួយ​បរិ​យា​​កាស ​ដែល​ពេលនោះ​ហើយ​សារធាតុ​គីមី​វា​នឹង​បំ​ភាយ​ចូលក្នុង​បរិយាកាស​។​ការ​បំ​ភាយ​នេះ​វា​បង្ក​ជា​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស ដូច្នេះ​រាល់​គ្រឿង​អេឡិចត្រូនិក​ទាំងអស់​មាន​បំ​ភាយ​នូវ​ឧស្ម័ន​កាបូ​និ​ច​ដូចគ្នា ទៅតាម​ទំហំ​នៃ​គ្រឿង​បរិក្ខារ​នីមួយៗ តែបើ​មានការ​​ប្រមូល​ទុកដាក់​ត្រឹមត្រូវ​នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព​ដែរ​។​

​បើតាម​លោក ឆឺ​យ បូ​ណា ក្រុមហ៊ុន Ecobatt-EnergyCambodia​ បាន​សហការ​ជា​​មួយ​ក្រសួងបរិស្ថាន​និង​បាន​សហការ​ជាមួយ​រោងចក្រ ធនាគារ  ​មន្ទីរពេទ្យ​ទាំង​រដ្ឋ និង​ឯកជន​រួម នឹង​តាម​ស្ថាប័នរដ្ឋ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សហ​​គ្រាស​និង​រោងចក្រ​ប្រមាណ​ជិត​ ២០០ ​ក្រុមហ៊ុន​បាន​ចុះឈ្មោះ​ជា​សមាជិក ហើយ​ផ្តល់​សំណល់​បរិក្ខារ​អគ្គិសនី និង​អេ​ឡិច​ត្រូ​​និក​ខូចៗ តែ​ក្នុងនោះ​មានតែ​ជាង ​១០ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​ស្ម័គ្រចិត្ត​ផ្តល់​មក​ក្រុមហ៊ុន​ដោយ​មិន​លក់ដូរ​។​

​លោក​បាន​ប្រាប់ថា​៖ «​នៅ​កម្ពុជា​យើង​មិនទាន់មាន​ម៉ាស៊ីន​កែច្នៃ​សំណល់​បរិក្ខារ​អគ្គិសនី​និង​អេឡិចត្រូនិក​ទេ​។​ក្រុមហ៊ុន​គ្រាន់តែ​យកមក​ដោះ​ញែក​វា​ជា​ផ្នែកៗ​រក្សាទុក​ក្នុង​ទី​សុវត្ថិ​ភាព​មួយ​ត្រឹមត្រូវ តែបើ​ប្រភេទ​ជា​ជ័រ​គឺមាន​រោងចក្រ​អាច​កែច្នៃ​ជាវ​ត្ថុ​ប្រើប្រាស់​ឡើងវិញ​បាន​។ ប៉ុន្តែ​សម្រាប់​សំណល់​ដែល​ខាង​ក្រុមហ៊ុន​ប្រមូលបាន​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់បាន​នាំទៅ​ក្រៅប្រទេស​ទេ ព្រោះ​មាន​ចំនួន​តិចពេក​»៕