​បាត់ដំបងៈ ប្រទេស​អាល្លឺម៉ង់​ ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ដែល​បានផ្តល់​មូលនិធិ​យ៉ាងច្រើន​ក្នុងការ​អភិរក្ស និង​ការពារ​ជីវៈ​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។


​ក្នុង​រយៈពេល​​ ៨ ​ឆ្នាំ ពី​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០២៣ អាល្លឺម៉ង់​បានផ្ដល់​មូលនិធិ​ដល់​គម្រោង​ថ្នាក់​តំបន់ គឺ​គម្រោង «​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេ​មេ​​គ​ង្គ​ក្រោម​»​ ដើម្បី​ការពារ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបង្កើត​ប្រាក់​ចំណូល​របស់​សហគម​ន៍​មូល​ដ្ឋា​ន​នៅក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តបាត់ដំបង និង​តំបន់​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​។​

​គម្រោង​រយៈពេល​ ៨ ​ឆ្នាំនេះ​មាន​ថវិកា​សរុប​ចំនួន ​៤​ លាន​អឺរ៉ូ​ (៤,២ ​លាន​ដុល្លារ​អាមេរិក​) ដោយ​សហការ​ជាមួយ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្ (MRC)​ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ​(CNMC) ​និង​ក្រសួងបរិស្ថាន​។ គម្រោង​នេះ​មាន​គោលបំណង​រួមចំណែក​ដល់​ការ​ស្តារឡើងវិញ​ប្រកបដោយ​និរន្តរភាព ការអភិរក្ស និង​ការ​​គ្រប់គ្រង​ដី​សើម​នៅក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ តាមរយៈ​ការអភិរក្ស​ជាប់លាប់ បង្កើន​ឱកាស​មុខរបរ​ដល់​ប្រជាជន​មូលដ្ឋាន និង​បង្កើន​សមត្ថភាព​របស់​ស្ថាប័ន ពាក់ព័ន្ធ​សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​ដី​សើម​ប្រកបដោយ​និរន្តរភាព​។​


​គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ជល​ផល​នៃ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែលជា​តំបន់​ដ៏​លេចធ្លោ​ជាងគេ ដោយសារ​វា​ជា​តំបន់ដីសើម​តែមួយគត់​នៅ​អាស៊ីអាគ្នេយ៍ ដែល​គេ​ចាត់ទុកជា​តំបន់​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​និង​ពិភពលោក​។ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​មាន​ប្រភេទ​រុក្ខជាតិ និង​ប្រភេទ​សត្វ​ចម្រុះ​ដែល​ជិត​ផុត​ពូជ​ជាស​កល​ផងដែរ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ជម្រក​សត្វ​ស្លាប​នៅ​តំបន់​នេះ​ជា​កន្លែង​នៃ​ហ្វូង​ប្រភេទ​សត្វ​ស្លាប​ទឹក​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ថ្លែងថា ការការពារ​ប្រព័ន្ធ​អេកូ​ធម្មជាតិ​តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង​ការ​ទទួលខុស​ត្រូវ​រួមគ្នា​ហើយ​ថា​៖ «​យើង​ទទួល​ស្គាល់​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​អភិរក្ស ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់ខ្លួន​ដើម្បី​ការពារ​តំបន់​បឹង​ទន្លេសាប​និង​ភពផែនដី​នេះ​»​។​


​លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​សហភាព​អឺរ៉ុប (EU) ប្រចាំ​កម្ពុជា និង​ក្រសួងបរិស្ថាន​ទៅកាន់​តំបន់​បឹង​ទន្លេ​សាប​នៅ​ខេត្តសៀមរាប និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែល​ស្ថិតនៅ​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ និង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​កាលពី​ចុងខែ​មករា​។​

​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បឹង​​ទន្លេសាប​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​បឹង​ទន្លេសាប​របស់​យើង​ (For Our Planet)​ របស់​សហភាព​អឺរ៉ុប ​(EU)​ ដែល​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​ដោយ​រួមបញ្ចូល​គ្នា​នូវ​និរន្តរភាព​បរិស្ថាន​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​សម្រាប់​អនាគត​ដ៏​រឹងមាំ​និង​និរន្តរ​ភាព​។

លោក Messere ក៏បាន​បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ និង​ការ​អភិ​​រក្ស​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ និង​តំបន់​មេគង្គ​ទាំងមូល​ដោយ​លោក​ថ្លែងថា​៖ «​យើងទាំងអស់គ្នា​អាច​ចូលរួមចំណែក​ក្នុងការ​ការពារ និង​ស្តារឡើងវិញ​នូវ​កេរដំណែល​អេកូឡូស៊ី​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​។ ចូរ​យើង​ធ្វើការ​ជាមួយគ្នា​ហើយ​ធ្វើឱ្យ​លទ្ធផល​កើតមានឡើង​»​។​

​ក្រៅពី​សកម្មភាព​នៅ​តំបន់​បឹង​ទន្លេសាប ប្រទេស​អាល្លឺម៉ង់​ក៏បាន​គាំទ្រ MRC និង ​CNMC ដើម្បី​ធ្វើឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​បរិស្ថាន​នៅក្នុង​​តំបន់​មេគង្គ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។​

​លោក Messerer ថ្លែងថា​៖ «​ក្នុងន័យនេះ​ខ្ញុំ​គិតថា រាល់​គម្រោង​កិច្ចសហប្រតិបត្តិការ​ទឹក​ឆ្លងដែន ដែល​គាំទ្រ​ដោយ​គណៈ​​កម្ម​ការ​ទន្លេមេគង្គ​គឺមាន​សារៈ​សំខាន់បំផុត​»​។​តំបន់ដីសើម​ក្នុង​អាង​ទន្លេ​មេ​គ​ង្គ​ក្រោម​ផ្តល់នូវ​មុខងារ​សំខាន់ៗ​ជាច្រើន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​។​

​ដី​សើម​ផ្តល់នូវ​ប្រភព​អាហារូបត្ថម្ភ ប្រភពទឹក​សម្រាប់​បរិ​ភោគ ប្រភព​ប្រព័ន្ធធារាសាស្ត្រ ប្រភព​សម្ភារ​សំណង់ ព្រមទាំង​ប្រភព​ប្រាក់​ចំណូល​ផងដែរ​។ ជាងនេះ ទៅទៀត​ដី​សើម​មាន​សមត្ថភាព​ក្នុងការ​ស្រូបយក​ទឹកជំនន់​និង​ទប់​​ស្កាត់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​ផែនដី​ហើយ​សមត្ថភាព​ដី​សើម​នេះ​ជួយ​ទៅដល់​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​ប៉ុន្តែ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ដីសើម​នេះ សេចក្តីប្រកាស​ព័ត៌មាន ​EU ប្រចាំ​កម្ពុជា​កាលពី​ចុងខែ​មករា បានលើកឡើង​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដែល​រួមមាន រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ខ្សោយ​, រចនាសម្ព័ន្ធ​ស្ថាប័ន​មាន​ភាព​ស្មុគ​​ស្មាញ និង​ការទទួលខុសត្រូវ​ត្រួតស៊ីគ្នា​, ថវិកា​ពី​រដ្ឋាភិបាល​មិនទាន់​គ្រប់គ្រាន់​, កិច្ចសហប្រតិបត្តិការ​នៅ​ខ្សោយ និង​ការសម្របសម្រួល​មិនទាន់មាន​ប្រសិទ្ធភាព​, កង្វះ​ភាពច្បាស់លាស់​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​បណ្តាលមកពី​ច្បាប់ និង​គោលនយោបាយ​មាន​ភាពខុសគ្នា និង​មិន​ស៊ីសង្វាក់​គ្នា​,​បញ្ហា​តម្លាភាព និង​អភិបាលកិច្ច​នៅ​ខ្សោយ​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​តំបន់ដីសើម​។ 

​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង «​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​»​ ក៏បាន​លេចចេញ​ជា​រូប​រាង និង​ត្រូវបាន​អនុវត្ត​រយៈពេល​ ៨​ ឆ្នាំ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​លទ្ធផល​គម្រោង​បង្ហាញថា ក្នុង​រយៈពេល​ ៨ ​ឆ្នាំនេះ គម្រោង​បានរួម​ចំណែក​ដល់​ការស្តារ​ឡើងវិញ​ប្រកបដោយ​និរន្តរភាព ការ​អភិរក្ស និង​ការគ្រប់គ្រង​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់ដីសើម បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​សហគមន៍​មូលដ្ឋាន​នៅក្នុង​តំបន់ដីសើម​គោលដៅ រួមមាន​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ព្រមទាំង​បាន​បង្កើន​សមត្ថភាពរ​បស់​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​ដី​សើម​ប្រកបដោយ​និរន្តរភាព​។ លទ្ធផល​គម្រោង​បង្ហាញថា នៅ​ថ្នាក់​តំបន់ គម្រោង​នេះ​បាន​គាំទ្រ​ដល់​លេខាធិការ​​ដ្ឋា​ន MRC ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​តំបន់ដីសើម និង​ប្រព័ន្ធគ្រប់គ្រង​ចំណេះដឹង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ឧ​ត្ត​មា​នុ​វត្ត (best practice) នៃ​ការគ្រប់គ្រង​ដី​សើម​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។​

​ដោយមាន​ការគាំទ្រ​ពី​គម្រោង​នេះ អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​ស្នូល​រ៉ា​ម​សារ​ព្រែក​ទាល់​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២២​។​ក្រៅពីនេះ​អាល្លឺម៉ង់​បាន​គាំទ្រ​គម្រោង​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​សម្រាប់​ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​កាន់តែ​ប្រសើរឡើង​ដែលមាន​ថវិកា​ជាង ​៦ ​លាន​អឺរ៉ូ (៦,៤ ​ដុល្លារ​អាមេរិក​)​។

គម្រោង​រួមគ្នា​មួយទៀត​ក្នុង​តំបន់​សេកុង​សេ​សាន និង​ស្រែ​ពក រវាង​កម្ពុជា និង​ឡាវ ក៏​កំពុងស្ថិត​ក្នុងការ​រៀបចំ​ផងដែរ​។ បន្ថែម​ពីនេះ ប្រទេស​អាល្លឺម៉ង់​ក៏​គាំទ្រ​ដល់​ការរៀបចំ​បញ្ចប់​ឯកសារ​ពិធីសារ​កម្មវិធី​ត្រួតពិនិត្យ​ប្លា​ស្ទិ​ក​តាម ដង​ទន្លេ និង​ការរៀបចំ​យន្តការ​ដំណោះស្រាយ​ជា​ប្រព័ន្ធ​ក្នុងការ​ត្រួតពិនិត្យ​រយៈ​ពេល​វែង​ទៅលើ​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេមេគង្គ ក្នុងនោះ​រួមមាន​ការកសាង​សមត្ថភាព​និង​ការផ្តល់​ឧបករណ៍​ពិសោធន៍​សម្រាប់​អនុវត្ត​ការងារ​ត្រួតពិនិត្យ​នេះ​។​

​យុទ្ធនាការ «​ភពផែនដី​របស់​យើង​» ​គឺជា​យុទ្ធនា​ការរួម​របស់ ​EU​ ដែល​អំពាវនាវ​ឱ្យមាន​សកម្មភាព​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាស​ធាតុ​និង​ធម្មជាតិ​នៅ​ទូទាំង​ពិភព​លោក​ហើយ​ត្រូវ​បានប្រកាស​ដាក់ឱ្យអនុវត្ត​ក្នុង​ឆ្នាំ​ ២០២២​។ យុទ្ធ​នា​ការ​នេះ​ត្រូវបាន​អនុវត្ត​ទាំង​ដោយ​ស្ថាប័ន​នានា​របស់ EU នៅ​ទីក្រុង​ព្រុ​ច​សែ​ល ​(Brussels) ​និង​ដោយ​ប្រតិភូ​ EU ​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​នៅ​កម្ពុជា​ផងដែរ​។ គោលដៅ​សំខាន់​របស់​យុទ្ធនាការ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​អំពាវនាវ​ឱ្យមាន​សកម្មភាព​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ប្រឈម​បរិស្ថាន​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ននេះ​។​

​លោក​អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សហគមន៍​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះ​ថា យុទ្ធនាការ​នៅ​កម្ពុជា​នេះ​សំដៅ​ធ្វើយ៉ាងណា​​ការពារ​បរិស្ថាន អភិរក្ស​ធនធានធម្មជាតិ​កម្ពុជា​ដែលមាន​និង​ជួយ​ដល់​ប្រជា​សហគមន៍​ឱ្យមាន​ជីវ​​ភាពល្អប្រសើរ និង​មាន​និរន្តរភាព​ប្រកបដោយ​ចីរភាព​តរៀង​ទៅ​។​

​លោក​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ចំនួន ​៣ ​នៅ​តំបន់​បឹង​ទន្លេសាប គឺ​ទី​១ ភ្លើង​ឆេះ​ព្រៃ ទី​២ ការទន្ទ្រាន​យក​ដីព្រៃ​នៅ​តំបន់​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​ទី​៣ គឺ​ការប្រែប្រួល​អាកាសធាតុ​៕