​ភ្នំពេញៈ​ សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​​សាសនា​កម្ពុជា តែង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​​ខ្ជួន​នូវ​បុណ្យមាឃបូជា​ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​បាន​បង្កើត​សាសនាព្រះពុទ្ធ​ឡើង ហើយ​សម្រាប់​ឆ្នាំ​ ២០២៤ ​នេះ បុណ្យមាឃបូជា​នឹង​ប្រា​រ​ព្ធ​ធ្វើ​នៅ​ថ្ងៃទី​​​​​​ ២៤-២៥ ខែកុម្ភៈ​។  


​ថ្វីដ្បិតតែ​បុណ្យមាឃបូជា​មិនមាន​នៅក្នុង​តារាង​នៃ​ការឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្តី តែ​នៅតាម​វត្ត​អារាម​នានា​ទូទាំងប្រទេស​នៅតែ​ប្រារព្ធ​ពិធី​សាសនា​នេះ​ដដែល​។ ជុំវិញ​ដំណើរការ​នៃ​ពិធី​បុណ្យ​នេះ លោក គង់ សំអុល ប្រធាន​​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​​អន្តរជាតិ​បានចេញ​ការណែនាំ​ដល់​គ្រប់​ក្រសួង រដ្ឋបាលខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​រៀបចំ​ពិធីបុណ្យ​មាឃបូជា​នៅ​ថ្ងៃទី​ ២៤ និង​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដើម្បីឱ្យ​បុណ្យ​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​មហោឡារិក ស្របតាម​ប្រពៃ​​ណី​ព្រះពុទ្ធសាសនា​។​

​ទាក់ទង​នឹង​បុណ្យ​សាសនា​នេះដែរ បើទោះជា​មានការ​ប្រារព្ធ​ពិធី​ក្នុង​វត្ត​អារាម​ក្តី តែ​មិនមាន​ការប្រគំ​តន្ត្រី រាំរែក​ដូច​ពិធី​បុណ្យចូលឆ្នាំ​ឬ​ពិធីបុណ្យ​ផ្សេងៗ​ឡើយ ព្រោះ​បុណ្យមាឃបូជា​ជា​ពិធីបុណ្យ​តាមបែប​សាសនា​។  ​នេះ​បើតាម​ព្រះមហា​ ធូ ថន ជាព្រះគ្រូសូត្រឆ្វេង​វត្ត​កំពង់ថ្ម ស្ថិតនៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​


​ព្រះអង្គ​មាន​ថេរ​ដីកា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា សម្រាប់​កម្មវិធី​បុណ្យមាឃបូជា​នៅ​វត្ត​កំពង់ថ្ម តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ ​១ ​ឆ្នាំ​ម្ដង​ទៅតាម​ទំនៀមទម្លាប់​របស់​អ្នក​​កាន់​ព្រះពុទ្ធសាសនា​។​

​គោលបំណង​នៃ​ការធ្វើ​បុណ្យ​នេះ​ គឺ​ដើម្បី​រំឭក​ដល់​អភិលក្ខិតកាល ​(​កាល​ឬ​សម័យ​ដែល​កំណត់ទុក​)​ ទាំង​ ៣ ទី​១-​ គឺ​ព្រះពុទ្ធ​ទ្រង់​ធ្វើ​ចតុរង្គសន្និបាត​ (​ការប្រជុំ​ឬ​ការជួបជុំ​ប្រកបដោយ​អង្គ​ ៤ ​របស់​ព្រះសម្មាសម្ពុទ្ធ​។ ទី​២-​ សម្តែង​ឱវាទ​បា​តិ​មោ​ក្គ​ (​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ​ដែលជា​សិក្ខាបទ​មួយៗ​សម្រាប់​សូត្រ​ក្នុង​ទីប្រជុំ​សង្ឃ​)​ និង​ទី​៣-​ ទ្រង់​ដាក់​អាយុសង្ខារ​ (​ព្រះពុទ្ធ​ព្រះអង្គ​សម្តែង​ប្រាប់​ភិក្ខុសង្ឃ​ថា សល់​តែ​ ៣ ​ខែ​ទៀត​ប៉ុណ្ណោះ​ព្រះអង្គ​នឹង​ចូល​ព្រះ​និព្វាន​ហើយ​ក្នុង​ខែ​ពិសាខ​)​។​


​ព្រះចៅអធិការ​មាន​ថេរ​ដីកា​ថា​៖ «​បុណ្យ​មាឃបូជា​ជា​បុណ្យ​បែប​សាសនា ដូចនេះ​មិនមាន​កម្មវិធី​រាំរែក​អី​ទេ ព្រោះ​មិន​ទាក់​ទង​នឹង​ការសប្បាយ​។ មិន​ដូចជា​បុណ្យ​អកអំបុក បុណ្យ​ភ្ជុំ បុណ្យចូលឆ្នាំ​អី​ទេ អាហ្នឹង​ទើបបាន​គេ​ដាក់​កម្មវិធី​រាំលេង​សប្បាយ​»​។​

​បើតាម​ព្រះមហា ធូ ថន ព្រះគ្រូសូត្រឆ្វេងសម្រាប់​វត្ត​ព្រះអង្គ គឺ​នឹង​រៀបចំ​ពិធី​ទៅតាម​លទ្ធភាព​របៀប​ជាទី​វត្ត​នៅ​ជនបទ​។​ក្នុងនោះ​មានដូចជា​ដល់​វេលា​ល្ងាច​មាន​អុជ​ទៀន​ពី​ខ្លោងទ្វារវត្ត​រហូតដល់​ប​រិ​វេណ​វត្ត​ខាងក្នុង​។ លុះដល់​ពេលយប់​នឹងមាន​ជួបជុំ​ពុទ្ធបរិស័ទ​សូត្រធម៌​នមស្ការ​ព្រះ​រតនត្រ័យ​ជាដើម​។​

​ចំណែក​ព្រះតេជព្រះគុណ​ព្រះនាម​ព្រះ​វិ​រិ​យ​ធម្ម​ញាណ ពៅ ស៊​ត ជាធ​ម្មក​ថិ​ក​សម្តែងធម៌​ទេសនា​គង់នៅ​វត្ត​ថា​ន់​ក្នុង​រាជធានី​ភ្នំពេញ​ឯណេះ​វិញ ក៏មាន​ថេរ​ដីកា​ដែរ​ថា ពិធីបុណ្យ​មាឃបូជា​ដែល​ពុទ្ធសាសនិកជន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិនថាតែ​កម្ពុជា​ទេ​ឱ្យតែ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ គឺ​គេ​តែង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ ​១៥​ កើត​ពេញបូណ៌មី​ខែមាឃ​។ រាល់​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទាំងអស់​ប្រារព្ធ​ប្រតិបត្តិ​បុណ្យមាឃបូជា​នេះ​ឡើង​គឺ​ទី​១ ​ដើម្បី​រំឭក​ទៅដល់​ថ្ងៃ​ដែល​ព្រះ​ពុទ្ធអង្គ​​ប្រជុំ​ដល់​ភិក្ខុសង្ឃ​ទាំង​ ១ ២៥០​ អង្គ ស្ថិតនៅ​ព្រះអរហន្ត​ដែល​បានមក​ជួបជុំគ្នា​នៅ​វត្ត​វេរ​វន្ត​ដែល​មិន​មានការ​ណាត់​ទុកជាមុន​។​

​នៅពេលនោះ​ព្រះអង្គ​សម្តែង​ឱវាទ​បា​តិ​មោ​ក្គ គឺ​មានន័យថា ព្រះអង្គ​សម្តែងធម៌​ទាំង ៨៤ ០០០ ​ព្រះ​ធម្មក្ខន្ធ ដែល​ព្រះអង្គ​បាន​ត្រាស់ដឹង​ហ្នឹងឯង​។​ចំណុច​ពិសេស​ទី​២​ គឺ​បន្ទាប់ពី​ព្រះអង្គ​សម្តែង​ព្រះ​ឱវាទ​បា​តិ​មោ​ក្គ​រួច​គឺ​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះអង្គ​តែងតាំង​អគ្គសាវ័ក​ឆ្វេង​ស្តាំ​គឺ​ព្រះ​សិរី​បុត្រ និង​ព្រះមហា​មោគ្គល្លាន​ហើយ​ទី ​៣ ​គឺជា​ថ្ងៃ​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ ដែលជា​ថ្ងៃ​ព្រះអង្គ​ដាក់​អាយុសង្ខារ​ចូល​ព្រះ​និព្វាន​។​

​ព្រះតេជព្រះគុណ ពៅ ស៊​ត បាន​បញ្ជាក់ថា​៖ «​អត្ថន័យ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យមាឃបូជា​មាន​អត្ថន័យ​ជាច្រើន​ទៀត​តែ​អ្វីដែល​សំខាន់​អាត្មា​ចង់​ក្តោប​ន័យ​តែ​ ៣ ​ចំណុច​ខាងលើ​ហ្នឹង​ទេ​។ នេះ​ជា​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ​»​។​

​លោក សំបូរ មា​ណា​រ៉ា ជា​សាស្ត្រា​​ចា​រ្យ​ប្រវត្តិសាស្ត្រ​ឱ្យដឹងថា មាឃបូជា​គឺជា​ការសម្តែង​បញ្ជាក់​អំពី​ព្រះ​សម្មា​សម្ពុទ្ធ​គឺ​លោក​បានរៀបចំ​ឱ្យមាន​ការជួបជុំ​នៃ​ភិក្ខុសង្ឃ​ទាំងឡាយ​ដែលមាន ​១ ២៥០​ អង្គ​។ នោះ​ជាការ​រៀបចំ​អំពី​គោលដៅ គោលការណ៍​អប់រំ​ដល់​មនុស្ស​ក្នុង​ផ្លូវ​សន្តិភាព ក្នុង​ផ្លូវ​ធ្វើអំពើ​ល្អ ក្នុង​ផ្លូវ​ធ្វើ​ការងារ​ទាំងឡាយ​ឱ្យមាន​សន្តិភាព​ក្នុង​ចិត្ត​សម្រេច​ផែនការ​របស់ខ្លួន​ដែល​បានកំណត់​ឱ្យទៅជា​តម្លៃ​នៃ​និព្វាន​។​

​លោក​បាន​បន្តថា ចំណុច​គោល​នៃ​បុណ្យមាឃបូជា​ គឺ​បង្ហាញ​ប្រាប់​ដល់​អ្នក​​កាន់​ព្រះពុទ្ធសាសនា​ដែល​ត្រូវធ្វើ​ពោលគឺ​ថ្ងៃ​មាឃបូជា​គេ​ធ្វើ​ដូចជា រក្សា​ទាន​សីល​អ៊ីចឹង​ដែរ​។ មានន័យថា បង្កើតបាន​នូវ​គំនិត និង​ការតាំង​ចិត្ត​ខ្លួនឯង​ឱ្យបាន និង​ធ្វើអំពើ​ល្អ មិន​ធ្វើអំពើ​អាក្រក់ កម្ចាត់​អំពើអាក្រក់​ឱ្យ​ចេញពី​ខ្លួន​។ មនុស្ស​ត្រូវ​រស់នៅ​ប្រកបដោយ​វិថី​នៃ​ផ្លូវ​ជីវិត​ដែលមាន​តម្លៃ ខំប្រឹង​ធ្វើអំពើ​ល្អ​បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ដែល​ទង្វើ​ទាំង​នេះ​ធំធេង​ណាស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ការ​អប់រំ​របស់​ព្រះសម្មាសម្ពុទ្ធ​គឺ​សំដៅលើ​ទិសដៅ​ដែលមាន​លក្ខណៈ​សំខាន់ ​១ ​ដែល​ពុទ្ធសាសនិកជន​ត្រូវ​ដឹង និង​យល់​ឱ្យ​ច្បាស់​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ពុទ្ធសាសនា​។ យល់ដឹង​គោល​​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា បណ្តុះ​សទ្ធា​ជ្រះថ្លា​ឱ្យ​កាន់តែ​មាន​យោ​គ្យ​​ភាព​យកចិត្តទុកដាក់​ថែមទៀត​ក្នុង​គោលបំណង​ឱ្យ​ព្រះធម៌​មានតម្លៃ​។ ថ្ងៃ​មាឃបូជា​បង្ហាញ​ប្រាប់​អំពី​ខ្លួន​បានដឹង បានឮ​បាន​យល់ និង​បាន​ជួយ​ជ្រោ​ម​ជ្រែង​ដល់​ព្រះពុទ្ធសាសនា​ឱ្យ​ស្ថិតស្ថេរ​ចីរកាល​»​។​

​បើតាម​លោក​សាស្ត្រាចារ្យ សំបូរ មា​ណា​រ៉ា បុណ្យមាឃបូជា​ក៏មាន​តម្លៃ​ ១ ​ក្នុងការ​ពង្រឹង​ខាង​ផ្លូវចិត្ត​ដែរ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​កម្ចាត់​ការ​លោភលន់​ចង់​មាន ចង់បាន ការធ្វើ​បាប​គេ ធ្វើបាប​ឯង តែបើ​ចង់​មាន​ផលប្រយោជន៍​ហៅថា​មិនបាន​ពង្រឹង​ខាង​ផ្លូវចិត្ត​ទេ​។ ការដែល​ធ្វើបុណ្យ​មាឃបូជា​ដូច​បាន​យក​ខ្លួន​ទៅ​ឆ្លុះកញ្ចក់ អ៊ីចឹង​ដែរ ដើម្បីឱ្យ​ស្គាល់​ថា​ខ្លួន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ក្រោយ​​ពី​បានធ្វើ​បុណ្យមាឃបូជា​ហើយ​ប្រៀបដូចជា បាន​ឆ្លុះកញ្ចក់​អ៊ីចឹង​ដែរ​ដោយ​មើលថា ខ្លួន​បានធ្វើ​អ្វីខ្លះ ហើយ​បានធ្វើ​ត្រឹមត្រូវ​ឬ​នៅបាន​ច្បាស់​ឬ​នៅ​ គឺ​ដូច​ឆ្លុះកញ្ចក់​អ៊ីចឹង​។ ការធ្វើ​បុណ្យមាឃបូជា​គឺជា​ការបង្ហាញ​ប្រាប់​នៃ​ការឆ្លុះ​កញ្ចក់​រាល់​អ្នកកា​ន់​ព្រះពុទ្ធសាសនា​ទាំង​ភិក្ខុសង្ឃ​ទាំង​អ្នកបួស ទាំង​អ្នក​មិន​បួស ជាពិសេស​ការ​សាង​បុណ្យ​បាន​ហើយ​ឬ​នៅ​?

​ជា​សាសនិកជន​ ១​ រូប លោក ឈន​ ឆែម អាយុ​ ៥០​ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កោ​​ដូនតី ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា ពិតមែនតែ​លោក​ជា​អ្នករស់នៅ​តំបន់​ជនបទ តែ​លោក​ក៏​ជា​អ្នក​ប្រកាន់ខ្ជាប់​អំពី​ព្រះពុទ្ធ​សាសនា​ដែរ ជាពិសេស​បុណ្យមាឃបូជា​នេះ​ក៏​ជា​បុណ្យ​ ១ ​ដែល​លោក​តែង​ប្រតិបត្តិ​តរៀងមក​ដែរ ពីព្រោះ​ជា​បុណ្យ​សាសនា​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។​

​លោក​បាន​និយាយថា​៖ «​បុណ្យ​​មាឃបូជា​គឺ​ដូនតា​ខ្មែរ​យើង​តាំងពី​បរម​បុរាណ​មក​តែង​នាំគ្នា​ធ្វើ​មិនដែល​ខាន​ទេ​។ ម្យ៉ាង​ខ្ញុំ​មាន​ជំនឿ​ទៅខាង​ហ្នឹង​មុតមាំ​ផង អ៊ីចឹង​ពេល​ដល់​ថ្ងៃនោះ​គឺ​ខ្ញុំ​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ហើយ​»​។​

​លោក​បន្ថែមថា អ្វីដែល​លោក​ត្រូវ​យកចិត្តទុកដាក់​កាន់តែខ្លាំង​នោះ​គឺ​ខិតខំ​ណែនាំ​ពន្យល់​ដល់​យុវជន​​យុវតី​ឱ្យ​ពួក​គាត់​យល់​អំពី​អត្ថន័យ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​។ ពិធីបុណ្យ​នេះ​មិនមែន​ថា ក្មេងជំនាន់ក្រោយ​មិនដឹង​ទេ ព្រោះ​ពួកគាត់​តែង​នាំគ្នា​ទៅ​ចូលរួម​ស្តាប់​ព្រះ​សង្ឃ​ទេសនា​ក្នុង​វត្ត​ដែរ តែបើ​មនុស្ស​-​ចាស់​ចេះតែ​ដាស់តឿន​គាត់​ទៅនឹង​ធ្វើឱ្យ​គាត់​យល់​កាន់តែច្បាស់​ថែមទៀត​។​

​ដោយឡែក​លោកស្រី ថោង ហុង អាយុ​ ៧០ ​ឆ្នាំ ជា​មេឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បាន​លើក​ឡើង​មិន​ខុសពី​លោក​ឈន ឆែម ប៉ុន្មាន​ដែរ ដោយ​លោកស្រី​បាន​ពោលថា លោកស្រី​មិនសូវ​យល់ច្បាស់​អំពី​អត្ថន័យ​បុណ្យមាឃបូជា​នេះ​ទេ តែ​លោកស្រី​គ្រាន់តែ​ដឹងខ្លួន​ឯង​ថា​ជា​អ្នក​គោរព​ប្រតិ​​ប​ត្តិ​សាសនាព្រះពុទ្ធ​បន្ត​ពី​ដូនតា​រៀងមក​។ ដូច្នេះ​បុណ្យមាឃបូជា​នេះ​លោកស្រី​តែង​ធ្វើជា​រៀងរាល់ឆ្នាំ ក៏ដូចជា​ចូលរួម​ស្តាប់​ព្រះធម៌​ដែល​ព្រះសង្ឃ​សម្តែង និង​បាន​ស្វែងយល់​ពី​អត្ថន័យ​បុណ្យ​នេះដែរ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​បុណ្យ​មួយ​នេះ​ជា​បុណ្យ​សាសនា​របស់​រដ្ឋ​យើង​។​អ៊ីចឹង​យើង​ត្រូវធ្វើ​ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​យើង​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់ចែង​រៀបចំ​ពិធីបុណ្យ​នេះ​នៅ​បរិវេណ​ព្រះ​មហា​សក្យមុនីចេតិយ​ភ្នំ​ព្រះរាជ​ទ្រព្យ ​(​ឧដុង្គ​)​ ស្ថិតនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។​ ដោយមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នក​មុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង​ពុទ្ធបរិស័ទ​ចូលរួម​បំពេញ​កុសល ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា ដែល​បាន​ចែងថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​៕