​ភ្នំពេញៈ ក្នុងពេល​ដើរ​ទស្សនា​កម្មវិធី​ពិព័រណ៍​កសិកម្ម​វាល​បៃតង និង​អាហារ ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និស្សិត និង​អ្នកចូលរួម ជាច្រើន​នាក់​បាន​ចូល​ថតរូប​ជាមួយ​តុ​ក្ក​តា​យក្ស​រូប​សត្វ​មាន់ ដែល​តំណាងឱ្យ​វីរបុរស​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្តា​សាយ​បក្សី​ពិសេស​គឺ​បាន​ប្រជ្រៀត​គ្នា ចូលរួម​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ចំណេះដឹង និង​រង្វាន់​។​


​ការចូល​ឆ្លើយ​សំណួរ​ពី​សុវត្ថិភាព​ចំណីអាហារ ពី​សំណាក់​អ្នក​ចូលរួម​ទស្សនា ស្ទើរតែ​មិន​រំលង​ស្តង់​អង្គការ FAO កម្ពុជា ដែល​មានតែ​១​គត់​ក្នុងចំណោម​ស្តង់​ផ្សេងៗ​ជាច្រើន ដែល​ដាក់តាំង​ផលិតផល​កសិកម្ម​ចម្រុះ និង​ម្ហូបអាហារ​ជាច្រើន​មុខ​។  

​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​ ១៦ ខែកុម្ភៈ​ឆ្នាំ ​២០២៤ សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​បាន​បើក​ដំណើរការ​កម្មវិធី​ពិព័រណ៍​កសិកម្ម​វាល​បៃតង​និង​អាហារ​។ នៅ​ម៉ោង​ប្រមាណ​ ៥ និង ​៣០ ​នាទី​ល្ងាច អ្នកចូលរួម​ទស្សនា​ជាច្រើន បាន​ដើរចូល​មើល​ផលិត​ផល​កសិកម្ម បន្លែ ផ្លែឈើ និង​អាហារ​កែច្នៃ​ផ្សេងៗ​ជាច្រើន​មុខ តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​ជាងគេ​គឺ​អ្នក​ចូលរួមបាន​ចាប់អារម្មណ៍​ឈប់​នៅ​ស្តង់​របស់​អង្គការ FAO កម្ពុជា ដោយ​ដក​ទូរស័ព្ទ​ចេញមក​ស្គែ​ន QR កូដ ដើម្បី​ឆ្លើយ​សំណួរ​យក​រង្វាន់​។ 


​លោក ងុ​ន សុខ អាយុ​ ២០ ​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​ ១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ប្រាប់ថា ក្នុងពេល​ដើរ​មើល​ពិព័រណ៍​កសិកម្ម​វាល​បៃតង និង​អាហារ​នេះ លោក​បានឃើញ​អ្នក​ចូល​រួម​ចោមរោម​ជុំៗ​គ្នា នៅ​ស្តង់​របស់​អង្គការ FAO កម្ពុជា ធ្វើឱ្យ​លោក​ងឿងឆ្ងល់ និង​ចង់​ចូលទៅ​សួរ​ដោយផ្ទាល់​។ 

​នៅក្រោយពេល​បាន​សួរ​ទើប​ដឹងថា ការ​ចោមរោម​ស្តង់​ ១ ​នេះ គឺ​ដើម្បី​ឆ្លើយ​សំណួរ​តាមរយៈ QR កូដ ដែល​រៀបចំ​ដោយ​អង្គការ FAO ដែលមាន​រង្វាន់​ជា​សៀវ​ភៅ​សរសេរ និង​ឯកសារ​ចំណេះ​ដឹង​ពី​ការរក្សា​ទុក និង​សុវត្ថិភាព​អាហារ និង​ការចម្លង​មេរោគ​ផ្សេងៗ ក៏ដូចជា​ចំណេះដឹង​ពី​ជំងឺផ្តាសាយបក្សី​ផងដែរ​។ លោក​បាន​ប្រាប់​ពី​ចំណង់​របស់ខ្លួន​ក្នុងការ​ចូលរួម​នោះ​ថា ការឆ្លើយ​សំណួរ​នេះ​គឺ​លោក ចង់​តេស្ត​សមត្ថភាព​របស់ខ្លួន និង​ចង់ដឹងថា តើ​មាន​សំណួរ​អ្វីខ្លះ​នៅក្នុង​នោះ​។ 


​លោក​និយាយថា​៖«​គេ​មាន​ QR​ កូដ​ឱ្យ​យើង​ស្គែ​ន​មើល​សំណួរ ហើយ​សំណួរ​ហ្នឹង​ខ្លី​ទេ មានតែ​ ៥-៦ សំណួរ​ប៉ុណ្ណោះ ពី​ចំណេះដឹង​ទូទៅ ការរក្សា​ទុក​អា​ហារ​ឱ្យ​បានយូរ និង​ដឹង​ពី​អាហារ​ដែល​ងាយ​ឆ្លង​មេរោគ​»​។​

​លោក​បន្ថែមទៀតថា​៖«​ការផ្តល់​ចំណេះដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ តាមរយៈ​ការឆ្លើយ​សំណួរ និង​បើកឱកាស​សម្រាប់​ការជជែក​ពី​ការចម្លង​មេរោគ​អាហារ​ផ្សេងៗ នេះ​កម្រ​ឃើញ​មាន​ក្នុង​កម្មវិធី​​បែបនេះ​ណាស់ ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ និង​សូមឱ្យ​បន្ត​មាន​បែបនេះ​ឱ្យបាន​ច្រើន​»​។​

​លោក ផេង សុខា​ត់ អាយុ​ ២២ ​ឆ្នាំ​ជា​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ជលផល និង​វា​រី​​វប្បកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បាន​យល់ឃើញថា ការឆ្លើយ​សំណួរ​យក​រង្វាន់​នេះ គឺជា​ការផ្តល់​​ចំណេះដឹង​បន្ថែម ពី​ការធ្វើ​យ៉ាងណា​ឱ្យ​អាហារ​មាន​សុវត្ថិភាព ព្រមទាំង​បានដឹង​ពី​ការ​រៀបចំខ្លួន​យ៉ាងណា​កុំឱ្យ​ឆ្លង​ជំងឺ​ពី​សត្វ​ផ្សេងៗ ជាពិសេស​ការប៉ះពាល់​ស​ត្វ​មាន់​ដែល​អាចមាន​ជំងឺ​ផ្តា​សាយ​បក្សី បើសិនជា​ប៉ះពាល់​ហើយ​មិន​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ល្អ​។ 

​លោក​និយាយថា​៖«​ការឆ្លើយ​សំណួរ​នេះ​ក៏​អាចជា​ចំណេះដឹង​បន្ថែម​ ១ សម្រាប់​ការពារ​ខ្លួន​និង​ការហូបចុក ដើម្បី​រក្សា​នូវ​សុវត្ថិ​​ភាព​និង​សុខភាព​របស់​យើង​»​។ 

​និស្សិត​មកពី​ខេត្តពោធិ៍សាត់ ដែល​រៀន​ជំនាញ​វិទ្យាសាស្ត្រ​ជលផល និង​វារីវប្បកម្ម​រូបនេះ បានបង្ហាញ​ពី​ទស្សនៈ​របស់ខ្លួន​ថា ការយល់ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ ក្នុងពេល​បច្ចុប្បន្ន នៅតែមាន​កម្រិត ដោយសារ​ការ​​ផ្សព្វផ្សាយ​មិនសូវ​បាន​ទូលំ​ទូ​លាយ​។ លោក​ថា ទោះបី​ជាមាន​ការចុះ​ផ្សព្វផ្សាយ​ពី​ក្រសួង​ស្ថា​ប័ន អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ នៅ​មូលដ្ឋាន​ក៏ដោយ ក៏​នៅតាម​សហគមន៍​មូលដ្ឋាន​និង​គ្រួសារ​មួយចំនួន មិន​បានដឹង​ច្បាស់​ពី​ហានិភ័យ នៃ​ផលប៉ះពាល់​ដែល​បង្កដោយ​អាហារ​គ្មាន​សុវត្ថិភាព នោះឡើយ​។​

​កំពុង​ចោមរោម​ស្គែ​ន QR កូដ​ដើម្បី​ឆ្លើយ​សំណួរ កញ្ញា អុល គ​ន្ធី​ម មកពី​ខេត្តកំពង់ចាម​ដើម្បី​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ចំការ​ដូង បាន​និយាយថា​៖«​ការ​សួរ​សំណួរ​ទាំងនេះ​ធ្វើឱ្យ​យើង​យល់ដឹង​ពី​របៀប​រស់នៅ ការការពារ​សុខភាព និង​ការ​រស់​នៅ​ស្អាត មាន​ទម្លាប់​អនាម័យ​ល្អ​»​។

និស្សិត​រូបនេះ​បាន​ប្រាប់ថា ការឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​ពិព័រណ៍​កសិកម្ម​បែបនេះ គឺជា​រឿង​ប្លែក ​១ ដែល​ធ្វើឱ្យ​កញ្ញា​អាច​រៀនសូត្រ​ភ្លាម ដក​បទពិសោធន៍​បាន​ភ្លាម ព្រោះ​ពិព័រណ៍​នេះ ក៏មាន​ការដាក់​តាំង​លក់​បន្លែ​ផ្លែ​ឈើ អាហារ និង ផលិតផល​កសិកម្ម​កែច្នៃ​ជាច្រើន​។ 

​លោក ឡី សុភា អាយុ ​២០ ​ឆ្នាំ​មកពី​ខេត្តតាកែវ ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​វិ​ជ្ជ​សាស្ត្រ​សត្វ​នៃ​សាកល​វិទ្យា​លយ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បាន​លើកឡើងថា ការឆ្លើយ​សំណួរ​នេះ​ជាការ​ហ្វឹកហាត់​ភាពក្លាហាន​ក្នុងការ​ចូលរួម​សាកល្បង​ជាមួយ​អ្វីដែល​ថ្មី ទោះបី​ការឆ្លើយ​នោះបាន​ផល​យ៉ាងណាក៏ដោយ​ក្នុងនាម​អ្នកសិក្សា​រៀនសូត្រ​គួរតែមាន​ការសាកល្បង​។ 

​លោក​ថា ការចម្លង​មេរោគ​អាហារ​ជា​រឿង​សាមញ្ញ ប៉ុន្តែ​គេ​មិនសូវ​បានគិត​ដល់​នោះទេ ឧទាហរណ៍​ជាក់ស្តែង ការ​ក្អក កណ្តាស់​លើ​អាហារ ការនិយាយ​ខ្ទាត​ទឹកមាត់​លើ​អាហារ ឬ​ការចាប់​កាន់​អាហារ​ដោយ​ដៃ​មាន​របួស ដែល​មិនបាន​លាង​ស្អាត​ជាដើម​សុទ្ធតែ​អាច​ឆ្លង​មេរោគ​។ ហេតុនេះ ដើម្បី​សុខភាព​ល្អ គ្រប់គ្នា​គួរតែ​ភ្ញាក់ស្មារតី​ខ្លួនឯង ក្នុងការ​ប្រុងប្រយ័ត្ន ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដថា មិនមាន​ការចម្លង​មេរោគ​ចូលទៅក្នុង​អាហារ​។  

​លោក​និយាយថា​៖«​ខ្ញុំ​យល់ថា ការឆ្លើយ​សំណួរ​នេះ​ជា​រឿង​ល្អ ទោះបី​យើង​ឆ្លើយ​ខុស​ក៏ដោយ ត្រូវ​ក៏ដោយ ក៏​យើង​អាច​បាន​ឯកសារ​ទៅ​មើល​បន្ថែម ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ការពារ​ការចម្លង​មេរោគ​ទៅលើ​អាហារ ដើម្បី​ជួយ​ឱ្យ​សុខភាព​មនុស្ស​ទាំងអស់​បានល្អ​ប្រសើរ​»​។​

កញ្ញា អ៊ុង បូ​រតនា ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បាន​ចូលរួម​ឆ្លើយ​សំណួរ​នោះដែរ បានឱ្យដឹងថា ការចូលរួម​ឆ្លើយ​សំណួរ​នេះ​ធ្វើឱ្យ​កញ្ញា​បានដឹង​ពី​ចំណុច​មួយ​​ចំនួន​ដែល​មិន​ធ្លាប់​បានដឹង​ជា​​ពិសេស​គឺ​ការចម្លង​មេរោគ​ដោយ​បាក់តេរី និង​សត្វល្អិត​ទំ​លើ​អា​​ហារ​ជាដើម​។

កញ្ញា​ប្រាប់ថា​៖«​ការឆ្លើយ​សំណួរ​នេះ​មាន​ប្រ​យោ​ជន៍ ព្រោះ​យើង​មិនមែនជា​អ្នករៀន​ខាង​កសិកម្ម ខាង​អី​តែ​តាម​រយៈ​នេះ​យើង​អាច​ដឹង​ពី​សុខភាព​ខ្លួនឯង​និង​អាច​ការពារ​ការចម្លង​មេរោគ​បាន​»​។ 

​លោក ​ថោង រ៉ា អ្នកជំនាញ​សុវត្ថិភាព​ចំណីអាហារ​ថ្នាក់ជាតិ​នៃ​អង្គការ​យូ​នី​ដូ យល់ឃើញថា ការដាក់​ឱ្យមាន​ការឆ្លើយ​សំណួរ​អំពី​សុវត្ថិភាព​ចំណីអាហារ នៅពេល​មានការ​ដាក់តាំង​ពិព័រណ៍​បែបនេះ គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​ទៅដល់​ប្រ​​ជា​ពលរដ្ឋ​។ នេះ​ក៏​ជាការ​ពញ្ញាក់​ស្មារតី​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មិន​ធ្លាប់​បានដឹង​ពី​ការចម្លង​មេរោគ​ទៅ​អាហារ ឬក៏​មិនសូវ​បាន​ចាប់ភ្លឹក​នឹក​ដល់​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ទាំងនោះ​។ 

លោក​ថ្លែងថា​៖«​ការធ្វើ​បែបនេះ​ជា​រឿង​ល្អ ទោះបីជា​មិនបាន​ទូទាំងប្រទេស ប៉ុន្តែ​យ៉ាងណាក្តី ធ្វើឱ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នោះ បាន​យល់ដឹង​ពី​សុវត្ថិភាព​ម្ហូបអាហារ អាច​សួរ​ជា​សំណួរ​ផ្សេងៗ ដើម្បី​បាន​រង្វាន់​ផង​»​។ អ្នកជំនាញ​រូបនេះ​លើក​ឡើង​ថា ការយល់ដឹង​ពី​សុវត្ថិ​ភាព​ចំណីអាហារ​ក្នុងពេល​ប​ច្ចុ​ប្បន្ន នៅមានកម្រិត​នៅឡើយ​។ ជាក់ស្តែង​នៅពេល​និយាយ​ពី​សុវត្ថិភាព​ចំណីអាហារ ប្រជា​ពលរដ្ឋ​ភាគច្រើន​បែរជា​យល់​ឃើញថា នោះ​គឺជា​អាហារ​ដែលមាន​សារធាតុ​គីមី​ទៅវិញ​៕