​ភ្នំពេញៈ នីតិវិធី​នៃ​ការបំពេញ​បែបបទ​អត្រានុកូលដ្ឋាន​ខុស​របស់​មន្ត្រី​នៅតែ​ជា​ក្តីបារម្ភ​នៅឡើយ​សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួន​ហើយ​ត្រូវ​ទៅ​កែតម្រូវ​នៅ​តុលាការ ​ខណៈ​បច្ចុប្បន្ន​មាន​សំណុំរឿង​អត្រា​នុ​កូ​ល​ដ្ឋា​ន​ជាង​ ៨​ ពាន់​សំណុំរឿង​ កំពុង​ដោះស្រាយ​នៅ​តុលាការ​ពាក់ព័ន្ធ​នីតិវិធី​នៃ​ការធ្វើ​អត្រានុកូលដ្ឋាន​ដែល​បង្កដោយ​កំហុសឆ្គង​របស់​មន្ត្រី ហើយ​បទ​ពិសោធន៍​នេះ​ក៏បាន​ធ្លាក់​មកលើ​យុវជន​បញ្ញា ​(​ឈ្មោះ​ការី​​និពន្ធ​ហៅ​ក្រៅ​)​។​


​បញ្ញា​បាន​រៀបរាប់ថា កាល​​ពី​ឆ្នាំមុន​លោក​ត្រូវ​ដាក់ពាក្យ​ចូលរៀន​នៅ​មហាវិទ្យាល័យ​ហើយ​ខាង​មហាវិទ្យាល័យ​ត្រូវ​ការ​សំបុត្រកំណើត​។ គ្រានោះ​ឪពុក​របស់លោក​បាន​យក​សំបុត្រកំណើត​ច្បាប់ដើម​ទៅ​ចម្លង​នៅ​សាលាខណ្ឌ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​លុះ​ពេល​ចម្លង​ចេញមក​វា​ខុស​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់លោក​ទាំងអស់​។ ដោយ​មិន​អស់ចិត្ត​គឺ​លោក​បាន​យក​សំបុត្រកំណើត​ច្បាប់ដើម​ទៅ​បង្ហាញ​ដល់​មន្ត្រី​តែ​ត្រូវបាន​មន្ត្រី​នោះ​ប្រាប់ថា សំបុត្រ​កំ​ណើ​ត​របស់លោក​ច្បាប់ដើម​ខុស​គល់បញ្ជី​ដូច្នេះ​គាត់​(​មន្ត្រី​)​ត្រូវ​រក្សា​តាម​អ្វីដែល​បាន​ចម្លង​ទុក​ក្នុង​កុំព្យូទ័រ​។​

​បញ្ញា​បន្តថា បន្ទាប់មក​លោក​បាន​ទៅ​សាកសួរ​នៅ​អគ្គនាយក​​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​តែ​ត្រូវ​ខាង​អគ្គនាយកដ្ឋាន​ប្រាប់​លោក​ឱ្យ​យកទៅ​តុលាការ​ទើប​កែតម្រូវ​បាន​។ ករណីនេះ​លោក​ត្រូវ​ជួប​បញ្ហា​ដូចជា បើ​ចង់​ធ្វើ​សៀវភៅ​គ្រួសារ​ក៏​ធ្វើ​មិនបាន​ព្រោះ​គេ​ត្រូវការ​សំបុត្រកំណើត​ហើយ​បើ​ចង់​ធ្វើលិខិត​ឆ្លងដែន​ក៏​ពិបាក​ព្រោះ​សំបុត្រ​ចម្លង​ខុស​ថ្ងៃ ខែ ឆ្នាំ​កំណើត​ដែល​មន្ត្រី​ទទួលបន្ទុក​មិនអាច​ធ្វើ​ថ្មី​ឱ្យបាន​។


លោក​ថ្លែងថា​៖ «​ដល់​តែ​ខុស​អ៊ីចឹង​ទៅខាង​សង្កាត់​ក៏ដូចជា​ខាង​ខណ្ឌ​រុញ​កំហុស​ដាក់គ្នា​ទៅវិញទៅមក​។ ខ្ញុំ​សុំឱ្យ​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​ហ្នឹង​ជាពិសេស​មន្ត្រី​ខាង​សង្កាត់ និង​ខាង​ខណ្ឌ​សូម​ចេះ​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​ធ្វើ​ខុស​ផង កុំ​ចេះតែ​ទម្លាក់កំហុស​មក​ខ្ញុំ​ជា​ប្រជាជន​»​។​

 ​អត្រានុកូលដ្ឋាន​កំណើត​សំដៅ​សំបុត្រកំណើត អត្រា​នុកូ​ល​ដ្ឋា​ន​អាពាហ៍ពិពាហ៍ និង​អត្រានុកូលដ្ឋាន​មរណភាព​ឬ​សំបុត្រមរណភាព​។ ចំពោះ​លិខិតអត្រានុកូលដ្ឋាន​ទាំង ៣​ នេះ​មាន​ករណីខ្លះ​មិនត្រូវ​កែ​តម្រូវ​នៅ​តុលាការ​ទេ​។ បច្ចុប្បន្ន​សាធារណជន​អាចដាក់​ពាក្យសុំ​កែតម្រូវ​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក៏បាន ឬ​អាចដាក់​ពាក្យ​នៅ​សាលាក្រុង ស្រុក ខណ្ឌ​នៃ​ទីតាំង​ដែល​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមី​​ខ្លួន​បាន និង​កំពុង​រក្សាទុក​ក៏បាន​។ នេះ​ជាការ​លើកឡើង​របស់លោក សាយ ម៉េង​ឈាង អគ្គនាយករង នៃ​អគ្គនាយក​​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​។​


​លោក​បញ្ជាក់ថា ចំពោះ​អត្រានុកូលដ្ឋាន​ដែល​អាច​កែតម្រូវ​ដោយ​មិនចាំបាច់​ទៅ​តុលាការ​នោះ​មាន​ទី​ ១ ការ​​ខុសឆ្គង​អក្ខរាវិរុទ្ធ​លើ​នាម​ត្រកូ​ល ឬ​នាមខ្លួន​ជា អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​របស់​សាមី​ខ្លួន ឬ​របស់​ឪពុក ឬ​របស់​ម្តាយ (​មានន័យថា​សូរសំឡេង​ដូចគ្នា ឬ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែការសរសេរ​ខុសគ្នា​)​។ ទី​២ ការ​​សរសេរ​ខុស​ភេទ នៅពេល​ចុះ​បញ្ជី ដូចជា​ភេទ​ប្រុស តែ​សរសេរ​ដាក់ថា​ភេទ​ស្រី ឬ ភេទ ស្រី តែ​សរសេរ​ដាក់ថា ភេទ ប្រុស​។ ទី​៣ អាយុ​របស់​ឪពុក ឬ​ម្តាយ តិចជាង​ ឬ​ដំណាលគ្នា​នឹង​អាយុ​កូន​ដែល​មិន​សម​នឹង​កើតមាន ឬ​ការចុះ ថ្ងៃ​ឆ្នាំ​កំ​ណើ​ត​ច្រឡំ ដូចជា កើត​ឆ្នាំ ​១៩៧៥ ដាក់ថា​ឆ្នាំ​ ១៩៥៧​។​ ទី៤​ ខុស​ថ្ងៃកំណើត​សុរិយគតិ (​ដូចជា​ថ្ងៃទី​ ៣០ ខែកុម្ភៈ ឬ​ថ្ងៃទី​ ៣១ ខែមេសា​)​។​

​ទី​៥ ខុស​ថ្ងៃកំណើត​ច័ន្ទ​គតិ ដូច​ជាសរ​សេរ​ចុះ​ដាក់​ថ្ងៃ​ចន្ទ ទី​ ១៣ ខែមេសា ឆ្នាំ ​១៩៧២ ប៉ុន្តែ​ជាក់​​ស្តែង ថ្ងៃទី​ ១៣ ខែមេសា ឆ្នាំ​ ១៩៧២ ជា​ថ្ងៃ​ព្រហស្បតិ៍​។ ទី​៦ ការភាន់ច្រឡំ​ទីតាំង​ភូមិ​​សាស្ត្រ​រដ្ឋបាល ដូចជា​សរសេរ​ដាក់ថា ស្រុក​កំពង់សៀម ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ជាក់ស្តែង​ស្រុក​កំពង់សៀម ស្ថិតក្នុង​ខេត្ត​កំពង់​ចាម​។​ទី​៧.​ ខ្ទង់​ទីកន្លែង​កំណើត​បាន​សរសេរ​ខុសពី​ទីកន្លែង​កំណើត​ដែល​សាមីខ្លួន​បានកើត​ជាក់ស្ដែង ឬ​សរសេរ​ខុស​ទីតាំង​ភូមិសាស្ត្រ​រដ្ឋបាល​នា​សម័យ​ដែល​បុគ្គល​នោះ​កើត ឧទាហរណ៍ បញ្ជីកំណើត របស់​បុគ្គល​ម្នាក់​បាន​ចុះ​ថា កើត​ឆ្នាំ​ ១៩៨៥ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ក្នុង អំឡុង​ឆ្នាំ​ ១៩៨៥ ស្រុក​មង្គល​បុរី ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ពីព្រោះ​មិនទាន់​បង្កើត​ខេត្ត​បន្ទាយមានជ័យ​នៅឡើយ​។ ទី​៨ ការខកខាន​មិនបាន​ចុះ​ព័​ត៌​មាននៅ​ក្នុង​បញ្ជី​អត្រា​នុ​កូ​ល​ដ្ឋា​ន លើកលែងតែ​ការបន្ថែម​ទិន្នន័យ​ព័ត៌មាន​ណា​ដែល​ធ្វើឱ្យ​សាមីខ្លួន​រួច​ផុតពី​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់ និង​ទី ៩​សម្រេច​មោឃភាព​លើ​បញ្ជី​អត្រានុកូលដ្ឋាន​ទាំងឡាយណា​ដែល​បាន​ចុះ​ជាន់គ្នា​។​

​លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ក្រៅពី ​៩ ​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ឧទាហរណ៍​គាត់​កែ​ខុស​ឈ្មោះ​អ៊ីចឹង​អាហ្នឹង​ទាល់តែ​គាត់​ទៅ​តុលាការ​។ ពេល​គាត់​មាន​សេចក្តីសម្រេច​ពី​តុលាការ​មក​បាន​យើង​កែ​ជូន​គាត់​បាន យើង​អត់​មាន​សិទ្ធិ​កែ​ក្នុងករណី​អស់ហ្នឹង​។ ជួនកាល​អ្នកខ្លះ​គាត់​កែ ថ្ងៃ ឆ្នាំ​កំណើត​ខុសពី​ថ្ងៃខែ ឆ្នាំ​កំណើត​ដើម អាហ្នឹង​ទាល់តែ​ទៅ​តុលាការ​ព្រោះ​តុលាការ​គាត់​អាច​ស៊ើបអង្កេត​អី​បន្ថែមទៀត​»​។​

​លោក ជិន ម៉ា​លីន រដ្ឋលេខា​​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បានលើកឡើង​ថា សំណុំរឿង​អត្រានុកូលដ្ឋាន​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​ដែលមាន​មុន​យុទ្ធនាការ​មាន​ចំនួន​សរុប ៦ ៨៥០​ សំណុំរឿង​។​សំណុំរឿង​ចូល​ថ្មី​ក្រោយពេល​ប្រកាស​បើក​យុទ្ធនា​ការគិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៤ មាន​ចំនួន​សរុប ១ ៨៨០ ​សំណុំ​រឿង​។ សរុប​សំណុំរឿង​ដែល​នៅសល់​មុន​យុទ្ធនាការ និង​សំណុំ​រឿង​ចូល​ថ្មី​ក្រោយ​ប្រកាស​បើក​យុទ្ធនាការ​មាន​ចំនួន​សរុប​ទាំង​​អស់ ៨ ៧៣០​ សំណុំរឿង​។ ក្នុង​រយៈពេល ​២៣ ​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្រកាស​បើក​យុទ្ធនាការ គឺ​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស​បាន​ដោះស្រាយ​រួចរាល់​នូវ​សំណុំរឿង​អត្រា​នុ​​កូ​ល​ដ្ឋា​ន​បាន​ចំនួន​សរុប ៤ ១២០ ​សំណុំរឿង​ ដែល​ស្មើនឹង​ ៤៧,២០​ ភាគរយ​នៃ​សំណុំរឿង​សរុប​នៅ​ទូទាំងប្រទេស​។​

​លោក​បញ្ជាក់ថា​៖ «​រឿង​អត្រានុកូលដ្ឋាន​ខុស វា​មិន​​មែន​ជា​កំហុស​របស់​ប្រជា​ពលរដ្ឋ​ទេ ក៏ប៉ុន្តែ​វា​បាន​បង្កើត​នូវ​បន្ទុក និង​ភាពស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​កែ​តម្រូវ​យកមក​តុលាការ​។ 

​ពេលខ្លះ​បើ​ប្រជាពលរដ្ឋ​ត្រូវការ​បន្ទាន់​ដើម្បី​យកទៅ​បំពេញ​ការ​​ងារ​ពាក់ព័ន្ធ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បើ​នីតិវិធី​ហ្នឹង​នៅ​តុលា​ការ​យូរ​ទៀត​គឺ​គាត់​មិនអាច​ចាំ​បានទេ​។ ចំពោះ​ការងារ​នេះ ត្រូវ​ចាត់​ចៅក្រម​ម្នាក់​ដែល ១​ ថ្ងៃៗ​ធ្វើ​តែ​រឿង​អត្រានុកូលដ្ឋាន​បាន​ហើយ​។​

លោក​ថា​៖ «​អ៊ីចឹង​អាហ្នឹង​វា​មិនមែនជា​កំហុស​របស់គាត់​សោះ​ដែល​មន្ត្រី​យើង​នៅ​មូល​ដ្ឋា​ន​សរសេរ​ខុស​ឱ្យ​គាត់​ហើយ​រឿង​អី​ត្រូវដាក់​បន្ទុក​ឱ្យ​គាត់​។​អ៊ីចឹង​អាហ្នឹង​ហើយ​ជា​វិធាន​ការ​ពិសេស​គឺថា​ដាក់​មក​ត្រូវតែ​ដោះ​ឱ្យ​លឿន ហើយ​មិន​អស់​កម្រៃ​ទេ​»​។​

​ចំពោះ​អត្រានុកូលដ្ឋាន​ក្រោយពី​ត្រូវបាន​តុលា​ការចេញ​សេចក្តីសម្រេច​ហើយ​នោះ​សាមីខ្លួន​មិនទាន់​អាច​យកទៅ​រក្សាទុក​បាន​ទេ​ដោយ​ត្រូវ​យកទៅ​កែ​នៅ​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​ឬ​នៅតាម​សាលាក្រុង ស្រុក ខណ្ឌ ដែលមាន​គល់បញ្ជី​តម្កល់ទុក​។​ការយក​មកនេះ​ដើម្បីឱ្យ​មន្ត្រី​ធ្វើការ​កែតម្រូវ​ក្នុង​គល់បញ្ជី​ទៅតាម​សេចក្តីសម្រេច​របស់​តុលា​ការ​ហើយ​មន្ត្រី​នឹង​ចេញ​សេចក្តី​​ចម្លង​ដល់​សាមីខ្លួន​យកទៅ​ប្រើប្រាស់​។

ករណី​នេះដែរ​អគ្គ​​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​មាន​នីតិវិធី​ ២ ​ដែល​នីតិវិធី​ទី​១ ​ក្រោយពី​ត្រូវបាន​តុលា​ការចេញ​សេចក្តីសម្រេច​ឱ្យ​ហើយ​គឺ​សាមីខ្លួន​អាច​កាន់​យកមក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។​ នីតិវិធី​ទី​២ គឺ​គាត់​យកទៅ​សាលាក្រុង ស្រុក ខណ្ឌ ដែល​គាត់​រស់នៅ​ក៏បាន ព្រោះ​សា​លា​ក្រុង ស្រុក ខណ្ឌ នោះ​មាន​គល់បញ្ជី​អត្រានុកូលដ្ឋាន​របស់គាត់​ហើយ​។ យោងតាម​លោក សាយ ម៉េង​ឈាង​។​

​លោក យង់ គីម​អេង នាយក​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាពថ្លែងថា អត្រានុកូលដ្ឋាន​នេះ​គឺជា​បញ្ហា​មួយ​ធំ​ណាស់​ហើយ​គួរតែ​មានការ​រឹតបន្តឹង​ទៅដល់​មន្ត្រី​ធ្វើ​អត្រានុកូលដ្ឋាន គួរតែ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទៅដល់​មន្ត្រី​ឱ្យបាន​ច្បាស់​លាស់​ពាក់ព័ន្ធ​ការធ្វើ ឬ​ចម្លង​អត្រានុកូលដ្ឋាន​នេះ​ដើម្បីឱ្យ​គាត់​មានការ​ប្រុងប្រយ័ត្ន និង​មានការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​បញ្ជី​របស់​ម្ចាស់​ខ្លួនគេ​ដែល​ទៅធ្វើ​ផង​។ ឧទាហរណ៍​ថា សៀវ​ភៅ​គ្រួសារ​ពេលខ្លះ​អាជ្ញាធរ​មូលដ្ឋាន​សរសេរ​មក​ខុស​ឈ្មោះ​ដោយ​ការធ្វេសប្រហែស​មិនបាន​សួរ​សាមីខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន​៕