​តាកែវ: ស្ថិតក្នុង​ខ្ទម​ប្រក់​ស្លឹក​ពេញ​ទៅដោយ​សំឡេង​តុ​កកាត​ត និង​កុកគីកែកឺត យ៉ាង​ទ្រហឹង កសិដ្ឋាន​ចិញ្ចឹម​មាន់​តូច​មួយ​ជាទី​ឋាន​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​ការចិញ្ចឹម​បែប​ប្រពៃណី និង​ភាព​ច្នៃប្រឌិត​។​


​ឈរ​ចំ​កណ្តាល​ជួរ​នៃ​ទ្រុង មាន់ និង​ដៃ​ម្ខាង​កាន់​មេមាន់​​ ១​​ ក្បាល ​ដែល​ទទួល​បានការ​ថែ​ទាំ​យ៉ាង​យកចិត្តទុកដាក់ លោក យ៉ែម សូ​នី ដែល​គ្រង​ឈុត​អាវ​ក្នុង​មន្ទីរពិសោធន៍​ពណ៌​ស និង​ម៉ាស់​មុខការ​ពារ ហាក់បីដូចជា​អ្នកជំនាញ​ពេទ្យ តែ​លោក​គឺជា​អ្នក​ចិញ្ចឹម​មាន់​តាម​ក្បួនខ្នាត​កសិកម្ម ក្រោម​គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​។​

​នេះ​មិនមែន​គ្រាន់តែ​ជាក​សិ​ដ្ឋា​ន​ចិញ្ចឹម​មាន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​អនាគត​នៃ​ពូជ​មាន់​ស្កួយ​របស់​កម្ពុជា​ផងដែរ​។​


​លោក ​ភឹម ម៉េង​ហាក់ អនុ​ប្រធាន​មន្ទីរពិសោធន៍​សេនេទិច​ពូជ​សត្វ ក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ថ្វីដ្បិតតែ​គម្រោង​នេះ​ចាប់ផ្ដើម​តែ​ ៣​ គ្រួសារ​យ៉ាងណាក៏ដោយ ក៏​នៅពេល​ទទួលបាន​ពូជ​ល្អ ពួកគេ​អាច​លក់​ទៅឱ្យ​កសិករ​នៅ​ទូទាំងប្រទេស​។ ដូច្នេះ ប្រជាកសិករ​ដទៃ​ហាក់​បានទទួល​ផល​ពី​គម្រោង​នេះ​ដូចគ្នា​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រជា​កសិករ​ទិញ​កូន​មាន់ពូជ​ល្អ​យកទៅ​ចិញ្ចឹម ហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នកបច្ចេកទេស​ក្នុង​ស្ថាប័ន​រាជ​​រដ្ឋាភិបាល យើងខ្ញុំ​ក៏បាន​ចែក​ចាយ​បច្ចេកទេស​នេះ​ទៅកាន់​កសិករ​ចិញ្ចឹម​មាន់នៅ​ទីតាំង និង​ខេត្ដ​ផ្សេងៗ​ទៀត​»​។​


​លោក​បាន​បន្ថែមថា ដូនតា​ខ្មែរ​មានពូជ​សត្វ​ជាច្រើន​ទៀត តែដោយសារ​មិនមាន​កម្មវិធី​បង្កាត់​ពូជ​សុទ្ធ​បានធ្វើឱ្យ​សត្វ​ក្នុងស្រុក​មានពូជ​មិន​សុទ្ធ​។ ក្រោម​គម្រោង​នេះ មាន់​ស្កួយ​ត្រូវបាន​បង្កាត់​ស្វែងរក​ពូជ​សុទ្ធ ជា​ពូជ​ច្បាស់លាស់​មួយ​នៅលើ​ទីផ្សារ និង​អាច​យក​បច្ចេកទេស​នេះ​ទៅ​អនុវត្ដ​បន្សុទ្ធ​ពូជ​សត្វ​ផ្សេងៗ​ទៀត​។​

កូនមាន់ស្កួយនៅក្នុងកសិដ្ឋានបង្កាត់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។ហុង រស្មី

​មាន់​ស្កួយ​ដែលមាន​រោម​ពេញ​ខ្លួន សម្បុរ​ពព្លាក់​ពណ៌​ត្នោត និង​ប្រផេះ​ទទួលបាន​ការពេញនិយម​ពី​សំណាក់​ប្រជាកសិករ ដោយ​សារ​តែ​វា​ផ្ដល់​ទិន្នផល​ល្អ និង​ជា​ចំណូល​ចិ​ត្ដរបស់​អតិថិជន​។ ភាព​ធន់​និង​គុណភាព​នៃ​សាច់​របស់​វា​បានធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម​ក្នុងចំណោម​សហគមន៍​មូលដ្ឋាន​។ គម្រោង​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ចក្ខុវិស័យ​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព ដែលមាន់​ស្កួយ​អាច​ក្លាយជា​ពូជ​សុទ្ធ​ប្រចាំ​កម្ពុជា​។​

​លោក ទុំ សុ​ធី្ធ​រ៉ា នាយក​វិទ្យា​​ស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​កម្ពុជា​សម្រាប់​គ​ម្រោ​ង​នេះ​បាន​ថ្លែងថា​៖ «​គម្រោង​កែលម្អ​ពូជ​មាន់​ស្កួយ កំពុង​អនុវត្ត​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​អនុវិស័យ​ផលិត​សត្វ ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិត​ភាព ​(​ការលូតលាស់​ខ្ពស់ និង​ការផលិត​ស៊ុត​ច្រើន​) ​ជាពិសេស​ធន់​នឹង​អាកាសធាតុ​ក្នុងស្រុក​) ជួយ​បំពេញតម្រូវការ​កើនឡើង​នៃ​សាច់មាន់​ស្រែ និង​ពងមាន់​ស​ពូជ​ក្នុងស្រុក​ដែល​ចូលរួម​បង្កើន​ប្រាក់ចំណូល​កសិករ​»​។​

​លោក​បាន​បន្ថែមថា​៖ «​នៅក្នុង​វដ្ត​នៃ​គម្រោង​នាពេល​ខាង​​មុខ ខ្ញុំ​ចង់ឃើញ​គម្រោង​ពង្រីក​ទៅកាន់​តំបន់​ផ្សេងៗ​ដើម្បី​ឱ្យមាន​កសិករ​ចិញ្ចឹម​មាន់​មានពូជ​ក្នុងស្រុក​ល្អៗ​សមស្រប​ទាំង​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​លក្ខណៈ​គ្រួសារ​និង​ពាណិជ្ជកម្ម​»​។​

​ការគាំទ្រ​គម្រោង​ពី​រដ្ឋា​ភិ​បាល​អូស្ដ្រាលី​ការចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ​ដល់​គ្រួសារ​ជន​​បទ​ក្នុងប្រទេស​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ កសិដ្ឋាន​ទាំងនេះ​ប្រឈមមុខ​នឹង​បញ្ហា​ដោយ​​សារ​ពូជ​មាន់​ក្នុងស្រុក​ផ្តល់​ទិន្ន​ផល​ទាប​និង​គ្រប់គ្រង​ពូជ​ពុំទាន់​មាន​ប្រសិទ្ធភាព​។​

​ពូជ​មាន់​ក្នុងស្រុក​មាន ​៨៤ ​ភាគរយ​នៃ​មាន់នៅ​អាស៊ីអាគ្នេយ៍ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​ពួកវា​ត្រូវបាន​ចិញ្ចឹម​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ពី ​២០ ទៅ​ ៥០​ ក្បាល ​ក្នុង​ ១ ​វដ្ត​ផលិតកម្ម​។​

​មេមាន់​ទាំងនេះ​ផ្តល់​ពង​បានត្រឹមតែ ​៦០ ​គ្រាប់​ប៉ុណ្ណោះ ក្នុង​ ១ ​ឆ្នាំ​ ហើយ​ចិញ្ចឹម​ដើម្បី​ដល់​ទម្ងន់​ទីផ្សារ​ត្រូវ​ចំណាយពេល ៦​ ខែ​។ ផ្ទុយទៅវិញ ពូជ​ពាណិជ្ជ​កម្ម​មាន​អាយុ​ពេញវ័យ​ក្នុង​រយៈ​ពេល ៦​ សប្តាហ៍ ហើយ​ពង​បាន​ប្រហែល​ពី​ ២៥០ ទៅ ​២៧០ ​គ្រាប់ ​ក្នុង ​១​ ឆ្នាំ​។​

​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​កសិករ​ចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក ​គឺ​អត្រា​ងាប់​ខ្ពស់ ជា​ពិសេស​កូន​មាន់​នៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​ផលិតកម្ម​។ ផលិតភាព​ទាប​នេះ ជះឥទ្ធិពល​លើ​ជីវភាព​កសិករ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ និង​កំណត់​លទ្ធភាព​ទទួលបាន​អាហារ​ប្រូ​តេ​អ៊ីន​របស់គាត់​។​

​កាលពី​ឆ្នាំ​​ ២០២២ អូស្ត្រាលី​បានផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ស្រាវជ្រាវ​មួយ​តាមរយៈ​ម​ជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR)​ ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​ក្នុង​តំបន់​លើ​ពូជ​មាន់​ក្នុងស្រុក ពូជ​ស្កួយ ​(Skouy)​ ដោយ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដល់​កសិករ​ចិញ្ចឹម​មាន់នៅ​ប្រទេស​កម្ពុជា​។

​​គម្រោង​នេះ​បានធ្វើការ​ជា​មួយ​កសិករ​ក្នុង​គោលបំណង​អភិវឌ្ឍ​ពូជ​មាន់​ស្កួយ​។ កសិករ​ដែល​ចូលរួម​ត្រូវបាន​បណ្តុះ​បណ្តាល​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​មេបា​ពូជ​មាន់ វិធានការ​ការពារ​ជីវ​សុវត្ថិភាព បច្ចេកទេស​បង្កាត់​សិប្បនិម្មិត និង​ការកត់ត្រា​ទិន្នន័យ​ក្នុង​កសិដ្ឋាន​បង្កាត់​ពូជ​។​

មាន់ស្កួយនៅក្នុងកសិដ្ឋានបង្កាត់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។ហុង រស្មី

​យោងតាម ​ACIAR​ បាន​បង្ហាញថា​៖ «​ក្នុង​រយៈពេល​ ១ ​ឆ្នាំ គម្រោង​នេះ​បាន​អភិវឌ្ឍ​ពូជ​មាន់​ស្កួយ ជំនាន់​ដំបូង​ដោយ​ជោគជ័យ​។ ពូជ​នេះ​ត្រូវបាន​កែលម្អ​ដើម្បី​បង្កើន​ផលិតភាព ភាព​ធន់ ដើម្បី​បង្កើន​ផលិតកម្ម​មាន់​សម្រាប់​ក​សិ​ករ​។ តម្លៃ​មាន់​ស្កួយ​បច្ចុប្បន្ន​ត្រូវបាន​លក់​ក្នុងតម្លៃ​ ២​ ម៉ឺន​រៀល​ ក្នុង​ ១ ​គីឡូក្រាម ​ខណៈ​ពង​របស់​វា​មានតម្លៃ ១ ២០០​ រៀល​។ មេបា​ពូជ​របស់​ពូជ​ស្កួយ​ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រហែល ​៦ ​ម៉ឺន​រៀល​ ក្នុង​ ១​ ក្បាល​»​។​

​កញ្ញា អាន ណា អូ​កេល​ឡូ អ្នកគ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ​របស់ ACIAR បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​នៅក្នុង​គម្រោង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំនាញ​បង្កាត់​ពូជ​សត្វ​ជនជាតិ​អ្រា​ហ្វិ​ក​មកពី ILRI និង​អ្នកបច្ចេកទេស​ក្នុងប្រទេស​កម្ពុជា​។ កិច្ចសហការ​នេះ​អាច​នាំទៅដល់​ការលើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន ជា​ពិសេស​ស្ត្រី​ដែលជា​អ្នក​ចិញ្ចឹម​មាន់​ផ្ទាល់​តែម្តង​។​

​កញ្ញា​បាន​ថ្លែងថា​៖ «​អំឡុង​ពេល​អនុវត្ត​គម្រោង​រយៈពេល​ ១​ ឆ្នាំ កសិករ អ្នកស្រាវជ្រាវ និង​អ្នកបច្ចេកទេស​បាន​សហ​ការ​គ្នា​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ​ដែល​យើង​អាច​មើលឃើញ​លទ្ធផល​ជាក់ស្តែង​នា​ថ្ងៃនេះ​។ វិធីសាស្ត្រ​នេះ​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ចំណេះដឹង និង​ធនធាន​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​លើកកម្ពស់​ការ​រៀនសូត្រ​គ្នា​ទៅវិញទៅមក​»​។​

​កញ្ញា​បន្ដថា​៖ «​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ ​ACIAR ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានឃើញ​ប្រទេស​កំពុង​អភិ​​វឌ្ឍន៍​ដូចជា​កម្ពុជា និង​បណ្តា​ប្រទេស​អាហ្រ្វិក​ផ្លាស់ប្តូរ​ចំណេះ​ដឹង​និង​ធនធាន​ដែល​អា​ចព​ន្លឿ​ន​ការអភិវឌ្ឍ​របស់​ពួកគេ​»​។​

​កសិករ​គំរូ​​ ៣ ​​គ្រួសារ​បន្សុទ្ធ​មាន់​ស្កួយ​លោក​ យ៉ែម សូ​នី និង​អ្នកស្រី នូ ម៉ាឡៃ រស់នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ញ៉ែងញ៉ង ​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ​ បានឱ្យដឹងថា ពួកគាត់​ចាប់ផ្ដើម​ចិញ្ចឹមសត្វ​ជាច្រើន​ឆ្នាំ​ដោយ​ចាប់ផ្ដើម​ពី​មាន់​ចំនួន ១០ ​ក្បាល​រហូតដល់ ​១០០ ​ក្បាល​។​

​កាលពី​ខែកក្កដា ឆ្នាំ ២០២៣ តាមរយៈ​គម្រោង​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា លោក​ សូ​នី ក្នុងចំណោម ​២ ​គ្រួសារ​ផ្សេងទៀត​ទទួល​បានកូន ​១​ ពាន់​ក្បាល ដើម្បី​បង្កាត់​ពូជ​មាន់​ស្កួយ​សុទ្ធ​ដំបូង​បំផុត​នៅ​កម្ពុជា​សម្រាប់​ការចែក​ចាយ​បន្ដ​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​និយាយថា​៖ «​ការចិញ្ចឹម​មាត់​ពូជ​ស្កួយ​សុទ្ធ​ពិត​ជាមាន​លក្ខណៈ​ខុសគ្នា​រវាង​ការ​​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​កន្លងមក និង​ការចិញ្ចឹម​បែប​អាជីវកម្ម ដែលមាន​គុណភាព និង​បំពេញតម្រូវការ​ទីផ្សារ​។​

​លោក​បានឱ្យដឹងថា អតិថិជន​ត្រូវការ​មាន់​មាន​សាច់​ល្អ និង​រោម​ជិត​ដោយ​ចំណាយពេល​ចិញ្ចឹម​ប្រហែល​គ្នា​និង​អត្រា​ងាប់​ទាប​។ ដូច្នេះ ពូជ​មាន់​ស្កួយ​ពិតជា​ល្អ​ស័ក្ដិសម​ណាស់​។​ ​ក្រោយ​ទទួល​កូន​មាន់ ១​ ពាន់​ក្បាល លោក សូ​នី និង​ភរិយា​ចាប់ផ្ដើម​សម្រិតសម្រាំង​យក​ពូជ​មាន់​ស្កួយ​មេ​ចំនួន​ ៩៨ ក្បាល និង​មាន់​ឈ្មោល​ជាង​ ១០ ​ក្បាល​សម្រាប់​ការ​បង្កាត់​ពូជ​ពី ​២ ​ទៅ​ ៣ ជំនាន់​ទៀត​ ដើម្បី​ទទួលបាន​ពូជ​មាន់​ស្កួយ​សុទ្ធ​។​

​លោក​បាន​អះអាងថា​៖ «​ការ​ចិញ្ចឹម​មាន់​បែប​ប្រពៃណី​ចំពោះ​ពូជ​ចម្រុះ​កន្លងមក មាន​អត្រា​ងាប់​ពី​ ១៥ ទៅ​ ២០ ​ភាគរយ ខណៈ​ការចិញ្ចឹម​មាន់​ស្កួយ​របស់​គម្រោង ដែល​អនុវត្ដ​ការ​រឹតបន្ដឹង​សុវត្ថិ​ភាព​និង​ការប្រើប្រាស់​វ៉ាក់សាំង ពោលគឺ​ការថែទាំ​ដ៏​ល្អ​អត្រា​ងាប់​មាន​ក្រោម​ ១០% ​ប៉ុណ្ណោះ​»​។​

​មុខរបរ​កសិកម្ម​តាមរយៈ​ការ​​ចិញ្ចឹមសត្វ​បាន​ជួយ​ឱ្យ​បុរស​វ័យ ​៤២ ​ឆ្នាំ​រូបនេះ​រស់នៅ​ជួបជុំគ្នា​គ្រួសារ រួមទាំង ម្ដាយ និង​ជីដូន​ចាស់ ក៏ដូចជា​មានលទ្ធភាព​ឱ្យ​កូន​បន្ដ​ការសិក្សា​ថ្នាក់​សាកល​វិទ្យា​ល័យ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក កង អេ​ត ជា​កសិករ​ចិញ្ចឹម​នៅ​ភូមិ​អង្គ​ត្នោត​ខាងលិច ឃុំ​អង្គតាសោម ស្រុក​ត្រាំងកក់ បាន​និយាយថា លោក​ជា​អ្នក​ចិញ្ចឹម​ស្រាប់ ហើយ​ក្រោយ​ទទួល​បានកូន​មាន់​ស្កួយ​ពី​មូល​​និ​ធិ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី បច្ចុប្បន្ន​មាន​មាន់​សរុប​ទាំង​តូច​ទាំង​ធំ​ជាង​ ២  ៦០០ ​ក្បាល​។​

​លោក​បានឱ្យដឹងថា​៖ «​ការចិញ្ចឹម​មាន់​ស្កួយ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន ទី​១-​ ចិញ្ចឹម​ទៅ​ធំ​ល្អ រោម​ជិត ទីផ្សារ​ចូល​ចិ​ត្ដ​ទិញ​។ ទី​២- ​ការ​បង្កាត់​ពូជ​បាន​លឿន​ជាង​ពូជ​ដទៃ​ដែលមាន​អត្រា​កូន​ញាស់​ពី​ ៨០​ ទៅ​ ៨៥​ ភាគរយ ខុសពី​ពូជ​ចម្រុះ មាន​អត្រា​ញាស់​រង្វង់​ ៧០ ​ភាគរយ​»​។​

​លោក​ អេ​ត បាន​បន្ដថា គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​អូ​ស្ដ្រា​​លី មិន​ត្រឹមតែ​ជួយផ្ដល់​កូន​មាន់ ​១ ​ពាន់​ក្បាល និង​បច្ចេក​​វិទ្យា​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ថវិកា​សម្រាប់​ទិញ​ចំណី​ប្រមាណ ៦០ ភាគរយ និង​ទ្រុងមាន់​ផងដែរ​។​

​លោក​បាន​អះអាងថា​៖ «​នៅពេល​អនាគត ខ្ញុំ​នឹង​អាច​ពង្រីក​កសិដ្ឋាន​ឱ្យ​ធំ​ជាងនេះទៅទៀត​ទាំង​លក្ខណៈ​គ្រួសារ និង​មួយ​ភូមិ​នេះ​សឹងតែ​ដាក់​មាន់​ចិញ្ចឹម​ទាំងអស់​។​យើង​ជា​កសិករ​ចិញ្ចឹម​ពូជ​មាន់​នេះ ពិតជា​សប្បាយ​ចិ​ត្ដ​ដែល​ទទួលបាន​ការជួយ​ក្រោម​គម្រោង​នេះ​»​។​

​លោក អេ​ត ស្វាគមន៍​ការចង់​ចេះ ចង់ដឹង​ពី​សំណាក់​អ្នកភូមិ ដែលមាន​បំណង​ចាប់យក​អាជីព​ចិញ្ចឹម​មាន់ ជាពិសេស​មាន់ពូជ​ស្កួយ​ជា​ប្រភេទ​ពូជ​សម្រាប់​បង្កើត​អត្ដ​សញ្ញាណ​ជាតិ​ជាក់លាក់​។​ ​អ្នកស្រី កន ភារ​ម្យ ម្ចាស់​ក​សិដ្ឋា​ន​ភ្ញាស់​កូន​មាន់​ស្រែ​ កន ភារ​ម្យ ដែល​ស្ថិត​ក្នុងភូមិ​អូរ​ផុត ឃុំ​អង្គតាសោម ស្រុក​ត្រាំងកក់ ដែល​បាន​ចាប់​របរ​ចិញ្ចឹម​មាន់​តាំងពី​ឆ្នាំ​ ២០១៣ ​ក្រោម​ការបណ្ដុះ​បណ្ដាល​ពី​អ្នកជំនាញ​ផ្សេងៗ​បាន​ក្លាយជា​កសិករ​គំរូ​ក្នុងការ​ចិញ្ចឹម​មាន់​ស្កួយ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ពីមុនមក យើង​អត់​សូវ​ចាប់អារម្មណ៍​ពី​ពូជ​មាន់​ស្កួយ​នេះ​ទេ​។ ដល់ពេលនេះ​យើង​ចាប់អារម្មណ៍​ខ្លាំង​ពីព្រោះ​មាន់​នេះ​មាន​ទម្ងន់​ធ្ងន់​ជាង​មាន់​ធម្មតា រោម​ដុត​ល្អ​ជាង​និង​សាច់​ស្អាត​ក៏ដូចជា លក់បាន​តម្លៃ​ជាង​មាន់​ធម្មតា​»​។​

ពងមាន់ស្កួយនៅក្នុងកសិដ្ឋានបង្កាត់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។ហុង រស្មី

​ប្រធាន​សមាគម​កសិក​ម្ម​មាន់​ស្រែ អូរ​ផុត (Morn Sre Auphut Agricultural Cooperative)​ ដែលមាន​សមាជិក​ជាង ១០០​ នាក់ បានបង្ហាញ​ពី​ចំណុច​ពិសេស ​១​ ទៀត គឺ​អតិថិជន​ពេញចិត្ដ​ក្នុងការ​ទិញ​ទៅ​លក់​បន្ដ​នៅលើ​ទីផ្សារ ដោយ​សារ​កត្ដា​គុណ​សម្បត្ដិ​របស់​ពូជ​មាន់​ខាងលើនេះ​។​

​លាយឡំ​ជាមួយ​សំឡេង​មេមាន់​ខ្តត និង​មាន់​ឈ្មោល​ស្រែក​រងាវ អ្នកស្រី ភារ​ម្យ បានឱ្យដឹងថា អនាគត អ្នកស្រី​ផលិត​កូន​មាន់​ស្កួយ ចែកចាយ​នៅក្នុង​សហគមន៍ មុនពេល​សាយភាយ​ទៅកាន់​បណ្ដា​ខេត្ដ​ដទៃទៀត​។​

​អ្នកស្រី​ចាប់ផ្ដើម​លក់​កូន​មាន់​វិលជុំ​រយៈពេល​ ៥ ថ្ងៃ​ម្ដង​ទៅកាន់​ប្រជាពលរដ្ឋ ក៏ដូចជា​សមាជិកសមាគម​ដើម្បី​យកទៅ​ចិញ្ចឹម​បន្ដ​ក្នុង​គោលបំណង​បន្សុទ្ធ​មាន់​ស្កួយ ដោយ​ទទួល​ទិញ​ពង​ភ្ញាស់​លក់​ចែកចាយ​ទៅ​បណ្ដា​ខេត្ដ​ផ្សេងទៀត​។​

​អ្នកស្រី ភារ​ម្យ បាន​និយាយថា​៖ «​ទៅតាម​អាយុ​កាលដែល​អតិថិជន​ចង់បាន កូន​មាន់ពូជ​ចម្រុះ​ ១ ​ក្បាល​មានតម្លៃ ៣ ៥០០​ រៀល ហើយ​ពូជ​ស្កួយ​មានតម្លៃ​ ៤ ០០០ ​រៀល​ ១​ ក្បាល​។ មាន់​ស្កួយ​នេះ រយៈពេល​ ៥ ​ថ្ងៃ យើង​អាច​លក់​កូន​របស់​វា​បានតែ​ ២០០ ​ក្បាល ដោយសារ​វា​ស្ថិតក្នុង​ដំណាក់កាល​បង្កា​ត់​ជំនាន់​ដំបូង​»​។​

​លទ្ធផល​រយៈពេល ​៧ ​ខែ​ ចាប់​តាំង​កូន​មាន់​តូច​រហូតដល់​ពេញវ័យ​ដែល​អាច​ក្រាប​ពង​បន្ដ មាន់​ចំណាយពេល ៦​ ខែ និង​អាច​បង្កាត់​ពូជ​បាន​រយៈ​ពេល​ ២ ​ឆ្នាំ​។ បច្ចុប្បន្ន​មេមាន់​ពូជ​ស្កួយ​របស់​អ្នកស្រី ភារ​ម្យ មាន​ចំនួន ៩៦​ ក្បាល ដែល​អាច​ពង​ក្នុង​ ១ ​ថ្ងៃ​ ចន្លោះ​ពី ៤០ ទៅ ៥០ ​ពង ហើយ​នៅ​ ២​ ជំនាន់​ទៀត មាន់​ស្កួយ​នឹង​រីកសាយ​ភាយ​បាន​ច្រើន​។​

​ដោយសារ​វា​ជា​ប្រភេទ​មាន់​ភ្ញាស់​កូន មេមាន់​ទាំងអស់​ត្រូវ​ទទួលយក​ស្ពែ​ម​មេជី​វិត​ឈ្មោល​ជា​រៀងរាល់ថ្ងៃ ដើម្បីឱ្យ​ស៊ុត​ទាំងអស់​អាច​បង្កបង្កើត​បាន​។​

​កសិករ​គំរូ​ទាំង​ ៣ ​នាក់ ត្រូវ​ចាប់​មាន់​​ឈ្មោល​រឹត​យក​មេជី​វិត ដោយ​មេជី​វិត​របស់​មាន់​ឈ្មោល ​១ ​ក្បាល ​អាច​ចាក់​​បញ្ចូល​ទៅឱ្យ​មាន់​ញី​ពី​ ៣ ទៅ​ ៥ ​ក្បាល​។​

​ដោយមាន​បំណង​ចង់​លើកស្ទួយ​ដល់​ពូជ​មាន់​ស្កួយ​របស់​ខ្មែរ អ្នកស្រី ភារ​ម្យ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ម្ចាស់​គម្រោង ជា​ពិសេស ក្រសួងកសិកម្ម ជួយ​គាំទ្រ​ពួក​យើង​ទាំង​ ៣ ​នាក់​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន់​ខ្មែរ​យើង វា​សាយភាយ​ក្នុងប្រទេស​យើង​ឱ្យមាន​ការចិញ្ចឹម​គ្រប់គ្នា​»​។​

​កសិករ​ចិញ្ចឹម​មាន់​រូបនេះ លោក អេ​ត បាន​លើកឡើងថា គម្រោង​ចិញ្ចឹម​មាន់ពូជ​ស្កួយ​នេះ​បាន​លើកកម្ពស់​ជីវភាព​គ្រួ​សារ​របស់លោក ទោះបីជា​ទើប​ប្រមូល​ផល​មាន់​មិនយូរប៉ុន្មាន​យ៉ាងណាក៏ដោយ​។​

​លោក​បាន​ប្រាប់ថា ក្នុង ​១ ​ខែ ផល​មាន់​របស់លោក​ដែលមាន​តាំងពី​ស៊ុត កូន និង​សាច់​ក្រៅពី​ប្រភេទ​ពូជ​ស្កួយ អាច​បង្កើន​ចំណូល​បាន​ចន្លោះ​ពី ៣០០ ទៅ ៥០០​ ដុល្លារ​ សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​នៅ​ថ្នាក់​សាកលវិទ្យាល័យ​។​

​យ៉ាងណាមិញ លោក សូ​នី បានលើកឡើង​ពី​ការលំបាក​ក្នុងការ​ថែទាំ​កូន​មាន់​ ១​ ពាន់​ក្បាល ជា​ចំនួន​ដ៏​ច្រើន​ដែល​លោក​មិន​ធ្លាប់​ជួបប្រទះ​។ ប៉ុន្ដែ​លោក​អរគុណ​ចំពោះ​ការចូលរួម​ពី​សំណាក់​ភរិយា និង​កូនៗ ដែល​ចំណាយ​កម្លាំង និង​ទឹក​ចិ​ត្ដ​ក្នុងការ​បង្កើត​ឱ្យឃើញ​លទ្ធ​​ផល​ពី​គម្រោង​នេះ​។​

​កសិករ​រូបនេះ​ត្រូវ​កត់ត្រា​តាំងពី​ទម្ងន់​ស៊ុត កូន​មាន់ ចំណី ចំនួន​មាន់ ដោយ​បែង​ចែកជា ​១០ ​ក្រុម​ក្នុង​រយៈពេល​ ១៦ សប្ដាហ៍​។ លោក​បាន​និយាយថា ក្នុង​រយៈពេល​ ៧​ ខែ​មកនេះ លោក សូ​នី មើលឃើញ​ផ្លែផ្កា​ដោយ​ទទួលបាន​ពូជ​មាន់​ស្កួយ​ក្នុងដំណាក់កាល​ដំបូង​។​

​លោក​បាន​ប្រាប់ថា​៖ «​ក្រៅពី​ពូជ​មាន់​​ស្កួយ មាន​រោម​ជិត​ខ្លួន និង​មាន​ស្នាម​អុចៗ​លើ​ក្បាល​ដែល​ត្រូវបាន​ជ្រើសរើស​បង្កើត​ពូជ​ទៀត ដោយ​ពូជ​មាន់​មិន​សុទ្ធ​អាច​លក់ និង​សម្រាប់​ជា​អាហារ​»​។​ ​លោក Wondmeneh Esatu សមាជិក​គម្រោង និង​ជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ព​ន្ធុ​វិទ្យា និង​បង្កាត់​ពូជ​សត្វ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុសត្វ​អន្តរជាតិ ​(ILRI) បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការកសាង​សមត្ថភាព​ ដើម្បី​ធានាបាន​និរន្តរភាព​រយៈពេល​វែងរ​បស់​គម្រោង​។​

​លោក​បាន​សង្កត់ធ្ងន់​លើ​ការបំពេញ​តម្រូវ​បច្ចេកទេស​របស់​ស្ថាប័ន​ដៃគូ​ក្នុងស្រុក ជាពិសេស​ចំណេះដឹង និង​ជំនាញ​ចាំបាច់​សម្រាប់​កសិករ​ចិញ្ចឹម​មាន់​ដើម្បី​បន្ត​ដំណើរការ​ដោយ​ឯករាជ្យ បន្ទាប់ពី​គម្រោង​នេះ​បានបញ្ចប់​។​

​លោក​បាន​និយាយថា​៖ «​យើង​មិន​អាចមក​បង្រៀន​កសិក​រ​រហូត​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​នៃ​គម្រោង​នេះ​យើង​គួរតែ​ខិតខំ​ផ្តល់​អំណាច​ដល់​ក្រុមការងារ​របស់​កម្ពុជា​របស់​យើង ជាពិសេស​កសិករ ហើយ​នៅ​ទីបំផុត ពួកគេ​នឹង​អាច​បន្ត​ដោយ​ឯករាជ្យ​»​។​

​លោក​បាន​បន្ដថា​៖ «​អ្វីដែល​យើង​នាំមក​នេះ​គឺ​គ្រាន់តែ​ជា​បទពិសោធន៍ ចំណេះដឹង និង​ភ័ស្តុ​តាង​របស់​យើង​ដែល​យើង​បាន​អនុវត្ត​ដ៏​ជោគ​ជ័យ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ហើយ​យើង​នាំ​វា​មក​កម្ពុជា​។ តាមរយៈ​ការធ្វើ​ដូច្នេះ​យើង​សហការ​ជាមួយ​ដៃគូ​របស់​យើង ហើយ​កម្មវិធី​នេះ​នឹង​ដំណើរការ​ដោយ​ខ្លួនឯង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ដែល​គាំទ្រ​ដោយ​ដៃគូ​ថ្នាក់ជាតិ​។​

​លោក Wondmeneh បាន​លើក​ឡើង​ថា កសិករ​ដឹង​ពីអ្វី​ដែល​ពួកគេ​ចង់បាន ហើយ​ពួកគេ​ជា​អ្នក​បង្កាត់​ពូជ​ដ៏​ល្អ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​។ ដូច្នេះ​នេះ​ជា​អ្វីដែល​អ្នកជំនាញ​បាន​រៀន​ពី​កសិករ​កម្ពុជា​វិញ​៕