ភ្នំពេញៈ បន្លែក្នុងផ្ទះសំណាញ់ដែលជាបន្លែសុវត្ថិភាពកំពុងមានតម្រូវការទីផ្សារក្នុងស្រុកដោយសារបន្លែដាំនៅក្នុងផ្ទះសំណាញ់មិនប្រើជីគីមី ខណៈក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាជាសហគមន៍កសិកម្មថែមទាំងផ្តល់ប្រាក់កម្ចីទៀតផង។
ការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ គឺកសិករអាចដាំក្នុង ១ ឆ្នាំបាន ១០ ដង ដែលអាចផ្គត់ផ្គង់ដល់ទីផ្សារបានគ្រប់រដូវកាលខុសពីការដាំបន្លែនៅទីវាលធម្មតាដែលដាំបានតែខែវស្សា។ ដូច្នេះហើយនៅតាមសហ គមន៍ក្នុងខេត្តមួយចំនួន កសិករភាគច្រើនងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញដោយមិនប្រើជីគីមីនិងបាញ់ថ្នាំពុលផង។
ដូចទៅនឹងការលើកឡើងរបស់លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងឃុំត្រាំកក ស្រុកត្រាំកក់ ខេត្តតាកែវ ដែរថា សហគមន៍កំពុងពង្រីកខ្លួនពីការធ្វើកសិកម្មបែបប្រពៃណីជាលក្ខណៈគ្រួសារមកជាការធ្វើកសិកម្មប្រមូលផ្តុំវិញ។ បច្ចុប្បន្នសហគមន៍នេះ មានសមាជិកជាកសិករចំនួន ៩៩ គ្រួសារ និងមានផ្ទះសំណាញ់ជាង ៦០០ ខ្នងស្មើនឹង ៩០ គ្រួសារ កំពុងផលិតបន្លែសុវត្ថិភាព។
លោក អ៊ុន អឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សហគមន៍បង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក៏ប៉ុន្តែកាលនោះសមាជិកក៏នៅមានចំនួនតិចរីឯការដាំដុះបន្លែនៅធ្វើតាមបែបប្រពៃណីនៅឡើយដែរ។ ក្រោយពីមានការបណ្តុះបណ្តាលជាបន្តបន្ទាប់ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ជាហូរហែមកបានធ្វើឱ្យកសិករម្នាក់ៗយល់ដឹងពីបច្ចេកទេសដាំដុះនិងបានរីកចម្រើនរហូតដល់សព្វថ្ងៃដែលមានសមាជិក ៧០ គ្រួសារ។
លោកប្រាប់ថា បច្ចុប្បន្នសមាជិក ក្នុងសហគមន៍ ១ គ្រួសារៗមានផ្ទះសំណាញ់រៀងៗខ្លួន ដែលសរុបមានជាង ៦០០ ខ្នងផ្ទះសំណាញ់។ប៉ុន្តែផ្ទះសំណាញ់របស់សមាជិកនីមួយៗសាងសង់ទៅតាមលទ្ធភាពរបស់ពួកគាត់ដែល ១ ខ្នងមាន ទទឹង ១០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ និងបណ្តោយ ៥០ ម៉ែត្រតែភាគច្រើនមានបណ្តោយ ៤០ ម៉ែត្រ។
រីឯផ្ទះសំណាញ់នីមួយៗក៏មានតម្លៃសាងសង់ខុសៗគ្នាដែរដែលប្រជាកសិករខ្លះក៏ទទួលបានប្រាក់កម្ចីពីក្រសួងកសិកម្មយ៉ាងហោចណាស់ក៏ចាប់ពី ៣ ពាន់ដុល្លារឡើងទៅរហូតដល់ ៤-៥ ម៉ឺនដុល្លារ។
លោកថ្លែងថា៖ «មុននឹងទទួលបានប្រាក់កម្ចីក៏មានមន្ត្រីជំនាញចុះមកសិក្សាវាយតម្លៃដែរអំពីកម្លាំងផលិតរបស់គាត់ព្រោះខ្លាចក្រែងប្រើកម្ចីខុសគោលដៅ។ ប៉ុន្តែឃើញថា គាត់ស្រុះគ្នាមែនទែនពីការធ្វើកសិកម្មក្នុងផ្ទះសំណាញ់នេះ»។
ការងារកសិកម្មនៅក្នុងសហគមន៍ ក៏មានការជួយជ្រោមជ្រែងផងដែរ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ខាងបច្ចេកទេសដាំដុះ និងពីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ពាក់ព័ន្ធ និងបច្ចេកទេស និងការ ងារជំនួយផ្សេងៗ និងការជួយរកទីផ្សារក្នុងស្រុក។
ចំពោះសារៈសំខាន់នៃផ្ទះសំណាញ់នេះ គឺអាចជួយការពារបន្លែមិនឱ្យមានសត្វល្អិតដែលដាំនៅតាមទីវាលបើមានសត្វល្អិតច្រើនគឺកសិករត្រូវបាញ់ថ្នាំពុល ដើម្បីកម្ចាត់សត្វល្អិតហើយប៉ះពាល់ដល់សុខភាពគាត់និងជួយការពារខ្យល់ និងការពារទឹកភ្លៀងមិនឱ្យមានទឹកជោកជាំ និងការពារកម្តៅផង។
ដោយឡែកប្រភពទឹកវិញ គឺសមាជិកក្នុងសហគមន៍ដោះស្រាយរៀងៗខ្លួន ដូចជាជីកជាស្រះ ឬបុកអណ្តូងហើយការដាំបន្លែក្នុងផ្ទះសំណាញ់កសិករអាចដាំបានក្នុង ១ ឆ្នាំ ១០ ដង។ នេះជាការលើកឡើងរបស់លោក អ៊ុន អឿន។
បើតាមលោក អ៊ុន អឿន ផ្ទះសំណាញ់ គឺកសិករដាំបានតែប្រភេទបន្លែស្លឹកទេដូចជាស្ពៃខាត់ណា និងប្រភេទបន្លែស្លឹកមួយចំនួនទៀត និងប្រើតែជីធម្មជាតិផលិតពីលាមកសត្វ និងជីកំប៉ុស មានដូចជាលាមកសត្វជីធ្យូងអង្កាមប៉ុណ្ណោះ។ បច្ចុប្បន្នក្នុង ១ ថ្ងៃៗ សហគមន៍ប្រមូលបន្លែពីសមាជិកបានប្រមាណជាមធ្យម ១០ តោន ក្នុង ១ ថ្ងៃៗ និងបានបែងចែកលក់នៅខេត្តកំពត ខេត្តព្រះសីហនុ កោះកុង សៀមរាប រាជធានីភ្នំពេញ និងនៅក្នុងខេត្តតាកែវ ផ្ទាល់ក៏មានដែរ។
ទោះយ៉ាងណាសហគមន៍ក៏ជួបការលំបាកខ្លះៗដែរអំពីធ្លាក់ថ្លៃនៃបន្លែ ព្រោះរដូវកាលប៉ុន្មានខែនេះគ្រប់កសិករនៅតាមបណ្តាខេត្តអាចដាំបន្លែបានដូចគ្នាដោយសារបច្ចុប្បន្នស្ទើរគ្រប់តំបន់នៃខេត្តនីមួយៗមានការដាំដុះបន្លែច្រើនដូចជានៅស្អាងកោះធំ ខេត្តកំពង់ចាម ត្បូងឃ្មុំ ខេត្តកំពត រតនគិរី និងខេត្តក្រចេះ ជាដើម។
លោកថ្លែងថា៖ «ប៉ុន្តែសហគមន៍ មានបញ្ហាប្រឈមច្រើនដែរដូចជា ១ ខែនេះ តម្លៃបន្លែដែលលក់ចេញមានការធ្លាក់ថ្លៃនាំឱ្យកសិករ មានការខាតបង់ដែរតែយ៉ាងណាក៏នៅមានទីផ្សារដែរ។ ម្យ៉ាងវិញទៀតការនាំចូលបន្លែពីប្រទេសជិតខាងក៏ជាចំណែកមួយនៃការធ្លាក់ថ្លៃបន្លែក្នុងស្រុកដែរ»។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវឱ្យដឹងថា មានតំបន់មួយចំនួននៅក្នុងខេត្តតាកែវ ដែលប្រជាកសិករដាំបន្លែសុវត្ថិភាពរួមមាន៖នៅស្រុកបាទី ស្រុកសំរោង ព្រៃកប្បាស តែស្រុកត្រាំកក់ មានការដាំបន្លែក្នុងផ្ទះសំណាញ់មានច្រើនជាងគេ។
ចំពោះបន្លែក្នុងផ្ទះសំណាញ់នេះទី១ មានសុវត្ថិភាពដោយសារបន្លែត្រូវបានការពារមិនឱ្យមានសត្វល្អិតទៅបំផ្លាញបន្លែ។ ទី២ ជួយកាត់បន្ថយថ្លៃដើមពីការទិញថ្នាំមកកម្ចាត់សត្វល្អិត និងទី៣ គឺកសិករមិនប្រើប្រាស់ជីគីមីហើយកសិករប្រើតែជីធម្មជាតិ។
លោកបន្តថា៖ «ខាងមន្ទីរយើងបានធ្វើការបណ្តុះបណ្តាលគាត់ ឱ្យមានបច្ចេកទេសច្បាស់លាស់ក្នុងការធ្វើកសិកម្ម។ចំពោះសហគមន៍កសិកម្មសាមគ្គីត្រពាំងចកក៏ត្រូវបានក្រសួងកសិកម្មបានផ្តល់នូវវិញ្ញាបនបត្របញ្ជាក់ជាកសិកម្មល្អផង»។
ពាក់ព័ន្ធការធ្វើកសិកម្មក្នុងផ្ទះសំណាញ់ត្រូវបានអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក ឃឹម ហ្វីណង់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្វើផលិតកម្មបន្លែនៅក្នុងផ្ទះសំណាញ់ គឺផ្តល់អត្ថប្រយោជន៍ច្រើនជាងការធ្វើនៅទីវាលដោយសារតែការធ្វើនៅក្នុងផ្ទះសំណាញ់អនុញ្ញាតឱ្យកសិករអាចធានាបាននូវគុណភាពល្អជាងមុននិងជាពិសេស គឺអាចធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ពីព្រោះគាត់អាចដាំបានទាំងខែប្រាំង ខែវស្សានិងខែរដូវរំហើយ។
កន្លងមកបើកសិករធ្វើការដាំដុះនៅទីវាលខែប្រាំង គឺគាត់មិនអាចធ្វើបានដោយសារសត្វច្រើនហើយត្រូវការប្រើប្រាស់ជីគីមីច្រើន ហើយនៅខែវស្សាវិញ គឺដោយសារទឹកភ្លៀងបន្លែស្លឹកមួយចំនួនមិនអាចដាំបានងាយស្រួលទេ។ ជាគោលការណ៍ការដាំបន្លែនៅក្នុងផ្ទះសំណាញ់វាផ្តល់អត្ថប្រយោជន៍ច្រើនហើយយើងក៏ទទួលស្គាល់ថា វាពាក់ព័ន្ធសំខាន់ទៅលើផ្ទះសំណាញ់។
លោកថ្លែងថា៖ «គោលការណ៍ ជារួមគឺក្រសួងបាននិងកំពុងលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាជាសហគមន៍កសិកម្មហើយក្រសួងមានកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប។ ការងារនេះដើម្បីផ្តល់ជួយការគាំទ្រជាពិសេសទៅលើការផ្តល់ទុនដែលមានកម្ចីទាប ដើម្បីកសាងធ្វើផលិតកម្មនៅក្នុងផ្ទះសំណាញ់តែម្តង។ នេះជាការគាំត្ររបស់ក្រសួងកសិកម្មទៅលើការធ្វើផលិតកម្មបន្លែក្នុងផ្ទះសំណាញ់»៕