​ភ្នំពេញៈ ក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅ​ចងរឹត​ដោយ​ខ្សែ​ក្រ​​វាត់​ជា​ក្រណាត់​ពណ៌​ស កីឡា​ករ​ចំនួន​ ៨​​ នាក់ ​ដែល​សុទ្ធតែជា​ទាហាន បានបង្ហាញ​ជំនាញ​ប្រើ​ដំបង កាំបិត រួមទាំង​បច្ចេក​ទេស​នៃ​ការ​ម៉ាត់ ទាត់ ធាក់ និង​ចាប់​ក្លេ​បោក​យ៉ាង​ស្ទាត់ជំនាញ​បំផុត​។ បច្ចេកទេស​ទាំងអស់នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្បាច់គុន​បញ្ច​សិលា ឬ​បញ្ច​ស៊ី​ឡា​ត់ ដែលជា​ប្រភេទ​កីឡា​អត្ត​សញ្ញាណ​ជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​


​ឥណ្ឌូនេស៊ី បាន​បង្កើត​សហ​ព័ន្ធ​គុន​បញ្ច​សិលា​អន្តរជាតិ​របស់ខ្លួន នៅ​ឆ្នាំ​ ១៩៤៨ ហើយ​ប្រភេទ​កីឡា​នេះ ត្រូវបាន​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​ ១៩៨៧ និង​កីឡា​អាស៊ី ឆ្នាំ​ ២០១៨ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ហើយ​បន្ទាប់មក​បញ្ច​សិលា ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គ​ការ​យូណេស្កូ​នៅ​ថ្ងៃទី ​១២ ខែធ្នូ ឆ្នាំ​ ២០១៩ គឺមាន​រយៈពេល​ ៣​ ឆ្នាំ មុនពេល​កម្ពុជា​ទទួល​បាន​ជោគជ័យ ក្នុងការ​ចុះបញ្ជី​ក្បាច់គុន​ល្បុក្កតោ ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​ជាមួយ​ភាពជោគជ័យ​នេះ ឥណ្ឌូនេស៊ី និង​កម្ពុជា បាន​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​ការផ្លាស់ប្តូរ​ការហ្វឹកហាត់​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​ក្បាច់គុន​បញ្ច​សិលា​របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​វិមាន​សន្តិភាព ក្រោម​អធិប​​តី​ភាព​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ប្រា​បូ​វ៉ូ ស៊ូ​ប៊ី​អាន​តូ រដ្ឋមន្ត្រីក្រសួង​​ការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​គុន​បញ្ច​សិលា​អន្តរជាតិ​។​


​តាមរយៈ​ការចុះ MoU នោះ កម្ពុជា​បាន​បញ្ជូន​កីឡាករ កី​ឡា​ការិនី​ចំនួន​ ២៨​ នាក់ ដែល​ភាគច្រើន​ជា​អត្ត​ព​លិ​ក​គុន​ល្បុ​ក្ក​តោ និង​ទាហាន ទៅ​ហ្វឹកហាត់​ក្បាច់គុន​បញ្ច​សិលា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ ២ នាក់ ហើយ​កម្ពុជា​ក៏បាន​បញ្ជូន​គ្រូ​គុន​ល្បុក្កតោ​ ២ ​នាក់ ទៅ​បង្វឹក​គុន​ល្បុក្កតោ ដល់​ក្រុម​អត្ត​ព​លិ​ក​ឥណ្ឌូនេស៊ី​ដូចគ្នា ក្នុងអំឡុង​ពេលនោះ​ដូចគ្នា ដើម្បី​ត្រៀម​ចូលរួម​ការ​​ប្រកួត​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នោះ ក្រុម​អត្ត​ព​លិ​ក​របស់​ប្រទេស​ទាំង​ ២ ​នេះ សុទ្ធតែ​ដណ្តើមបាន​មេដាយមាស​រៀងៗ​ខ្លួន​ពី​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ គឺ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​ ២ និង​សំរឹទ្ធ​ ៨​ លើ​ប្រភេទ​កីឡា​បញ្ច​សិលា ហើយ​ក្នុងនោះ​កីឡាករ​របស់​កងយោធពល​ខេមរភូមិន្ទ ចំណុះ​យោធភូមិភាគ​ទី​ ៥​ ចំនួន ​៩ ​នាក់ ទទួលបាន​មេដាយមាស​ ១ និង​សំរឹទ្ធ​ ៤​។ ចំណែក​ក្រុម​អត្ត​ព​លិ​ក​ឥណ្ឌូនេស៊ី បានឈ្នះ​មេដាយ​​មាស ​៣ ប្រាក់​ ៥ និង​សំរឹទ្ធ​ ១២ ពី​ការប្រកួត​គុន​ល្បុក្កតោ​ដូចគ្នា​។​


​ឆ្លើយតប​ទៅនឹង​ការទទួលបាន​ជោគជ័យ ពី​ការប្រកួត​ស៊ី​ហ្គេម កាលពី​ខែឧសភា ឆ្នាំ​ ២០២៣​ នោះ កម្ពុជា បានសម្រេច​បង្កើតឱ្យមាន​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​ឡើងវិញ តែ​បាន​ប្រើ​រចនាសម្ព័ន្ធ​ថ្មី​ទាំងស្រុង ហើយ​បានកំណត់​យក​ការធ្វើ​មហាសន្និបាត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ជាការ​​ចាប់ផ្តើម​អាណត្តិ​ទី​ ១ ឆ្នាំ​ ២០២៤-២០២៧ របស់ខ្លួន​។​

​ជាមួយគ្នា​នោះ អង្គ​មហាសន្និបាត បានសម្រេច​ជ្រើស​រើស​តាំង​មន្ត្រី​ជា​នាយទាហាន​រហូតដល់​ទៅ​ ៦ នាក់ ឱ្យធ្វើជា​ក្បាល​ម៉ា​ស៊ី​ដឹកនាំ រួមទាំង​មន្ត្រី​ជា​ទាហាន​មួយចំនួនទៀត ឱ្យធ្វើជា​សមាជិក​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​នេះ ហើយ​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង​នាយសេនាធិការ យោធ​ភូមិភាគ​ ៥ ត្រូវបាន​ផ្តល់​ទំនុក​ចិត្ត​ឱ្យធ្វើជា​ប្រធាន រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​ ៥១ ជា​អនុប្រធាន​អចិ​​ន្រៃ្ដ​យ៍​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ តឹក ប៊ុនធឿន លោក​វិ​រ​សេនីយ៍​ឯក ឈាង សុវណ្ណ​​រតនា លោក នាក់ ថា​រ៉ែ​ន លោក សេង ប៊ុន​សុង និង​លោក Andy Steven ត្រូវបាន​គាំទ្រ​ឱ្យធ្វើជា​អនុប្រធាន​សហព័ន្ធ រីឯ​លោក​អ៊ួ តារា ជា​អគ្គលេខា​ធិ​​ការ លោក វី តា​រ៉ា និង​លោក អ៊ុង ដា​រិ​ទ្ធ ជា​អគ្គលេខាធិការរង និង​លោក​អឿន រស្មី ជា​អគ្គ​​ហេរញ្ញិក​ព្រមទាំង​សមាជិក​សហព័ន្ធ​ចំនួន​ ១៤​ នាក់​ទៀត​។​

​ក្នុងនាម​ជា​ប្រធាន លោក សេង ធា​រិ​ន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​អង្គ​មហាសន្និបាត​លើក​ទី​១​របស់​សហព័ន្ធ​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ការបំពេញ​ភាពស្របច្បាប់​របស់ខ្លួន ក្នុងការ​ដំណើរការ​ជា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស សម្រាប់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​មន្ត្រី​បច្ចេក​ទេស​កីឡាករ កីឡាការិនី ដែល​យើងទាំងអស់គ្នា​មកពី​ទី​ម​ជ្ឈ​​ដ្ឋា​ន​ផ្សេងៗ​គ្នា​តែ​យើង​មាន​ស្មារតី​រួមគ្នា​ក្នុងការ​រៀបចំ​ឱ្យមាន​សហព័ន្ធ​កីឡា​ជាតិ​ថ្មី​មួយ​នេះ​ដោយ​ឈរលើ​ស្មារតី​នៃ​មហា​គ្រួសារ​កីឡា​»​។​

​ទន្ទឹមនឹងនេះ​ដើម្បី​ជំរុញ​ឱ្យ​កីឡា​បញ្ច​ស៊ី​ឡា​ត់ ដំណើរការ​ទៅមុខ​ដោយ​រលូន លោក សេង​ ធា​រិ​ន បាន​ជំរុញ​ឱ្យ​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​សហព័ន្ធ មានការ​ចូលរួម​ទាំង​ស្មារតី និង​ធន​ធាន​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ទាំង​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក​ដើម្បី​ធានាបាន​ថា សហព័ន្ធ​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រូវ​បណ្តុះ​ធនធាន​កីឡាករ កីឡា​​ការិនី ដែលមាន​ឆន្ទៈ វិន័យ ក្រមសីលធម៌​ល្អ និង​មានគុណ​ផល​ខ្ពស់ ដើម្បី​ប្រកួត​ដណ្តើមយក​ជ័យជម្នះ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​

​លោក ​សេង ធា​រិ​ន បាន​បញ្ជាក់ថា​៖ «​ខាង​ខ្ញុំ​មិនចេះ​លើ​បច្ចេក​ទេស​កីឡា​នេះ​ទេ​គឺ​មានតែ​កម្លាំង​ចូលរួម ជាពិសេស​សង្ឃឹម​ខ្លាំង​ទៅលើ​ការចូលរួម​របស់​កីឡាករ​កីឡាការិនី​រប​ស់​យើងទាំងអស់គ្នា​ដើម្បី​កីឡា​យើង​និង​ជាតិ​របស់​យើង​។ បើ​យើង​សម្រេច​ធ្វើ​ហើយ​គឺត្រូវធ្វើ​ឱ្យទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​ជឿជាក់​លើ​ប្អូន អ៊ួ តារា ព្រោះ​យើង​ធ្លាប់បាន​បំពេញការងារ​ល្អ​ជាមួយគ្នា​ច្រើន​ឆ្នាំ​មកហើយ ហេតុនេះ​ខ្ញុំ​សង្ឃឹម​មុតមាំ​ថា សហព័ន្ធ​នេះ នឹង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ សម្រាប់​អាណត្តិ​ទី​ ១​ របស់ខ្លួន​»​។​

​ចំណែក លោក អ៊ួ តារា ដែលមាន​ចំណេះ​ជំនាញ​ជ្រៅជ្រះ​ទាំង​ផ្នែក​កីឡា​សម្តែង និង​ប្រយុទ្ធ ហើយក៏​ជា​អគ្គលេខា​ធិ​ការរង​សហព័ន្ធ​កីឡា​គុន​ល្បុ​ក្ក​​តោ​ផង​នោះ បានឱ្យដឹងថា ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ភាគច្រើន​ជា​មេបញ្ជាការ​ក្នុង​កង​កម្លាំង​នេះ ដោយសារ​យើង​ធ្លាប់បាន​សហការ​ធ្វើ​កិច្ចការងារ​ជាច្រើន​ជាមួយគ្នា​នៅលើ​វិស័យ​ក្បាច់គុន​នេះ ជាពិសេស​ក្បាច់​គុន​ល្បុក្កតោ​និង​ក្បាច់គុន​របស់​កងយោធពល​ខេមរភូមិន្ទ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការបំពេញ​ការងារ​ជាមួយគ្នា​ច្រើន​ឆ្នាំ​មកនេះ​យើង​បាន​ស្គាល់ចិត្ត ស្គាល់​ថ្លើម និង​បានដឹង​ពី​ទស្សន​របស់​គ្នា​ទៅវិញទៅមក​រួចហើយ ទើប​យើង​រៀបចំ​សហ​​ព័ន្ធ​នេះ​ឡើង ហើយ​ក្នុងនាម​ខ្ញុំ​ជា​អគ្គលេខាធិការ​ដែលមាន​តួនាទី​គ្រប់គ្រង​ទាំង​ផ្នែក​រដ្ឋ​បាល និង​បច្ចេកទេស​នោះ គឺអាច​និយាយបានថា យើង​មាន​សមាសភាព​ប្រតិបត្តិ​ដ៏​រឹងមាំ​មួយ និង​មាន​ថ្នាក់ដឹកនាំ​ដ៏​មាន​ឆន្ទៈ ក្នុងការ​សម្រួច​ក្បាច់​ហ្នឹង​ឱ្យ​ផុសផុល និង​មានលទ្ធភាព​កាន់តែច្រើន ក្នុងការ​ឈានទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។​

​ជាមួយគ្នានេះ លោក ណ​យ​ ផា​ណា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង លោក ដួង មាស​ចំរើន អគ្គ​នា​យក​រង​នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​ចូលរួម​ជា​សក្ខីភាព​នៅក្នុង​មហាសន្និបាត លើក​ទី​១ របស់​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​នោះដែរ បាន​សម្តែង​ការគាំទ្រ ចំពោះ​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង ​២៧​ នាក់​របស់​សហព័ន្ធ​នេះ ហើយ​មន្ត្រី​កីឡា​ទាំង​ ២ ​រូបនេះ បាន​អបអរសាទរ​ខ្លាំង ដែល​សហ​ព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា បានជ្រើសរើស​យក​នាយ​ទាហាន​ធ្វើជា​ថ្នាក់ដឹកនាំ និង​មាន​ធនធាន​អត្ត​ព​លិ​ក​មួយចំនួន​ជា​ទាហាន​ផងដែរ​។​

​លោក ណ​យ ផា​ណា ដែល​ធ្លាប់​ឆ្លងកាត់​រសជាតិ​ជា​កីឡា​ករ មុន​វិ​វ​ឌ្ឍ​ខ្លួន​ជា​គ្រូបង្វឹក និង​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​កីឡា​ ១ ​រូប​នោះបាន​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​នៅពេលនេះ គឺ​អង្គ​មហាសន្និបាត​បានជ្រើសរើស​ថ្នាក់ដឹកនាំ ដែលមាន​គុណ​សម្បត្តិ​ដ៏​ត្រឹមត្រូវ ព្រោះ​នៅក្នុង​ប្រទេស​ជាច្រើន កីឡា​ប្រយុទ្ធ គេ​ជ្រើសរើស​ចេញពី​កងទ័ព ចំណែក​គណៈកម្មាធិការ​ប្រតិបត្តិ​ភាគច្រើន ជាពិសេស​ឯកឧត្តម​ប្រធាន​សហព័ន្ធ គឺ​សុទ្ធតែ​កើតចេញពី​កងទ័ព​ទាំងអស់ អ៊ីចឹង​ខ្ញុំ​គិតថា ឯកឧត្តម នឹងមាន​កម្លាំង​គ្រប់គ្រាន់ ​១០០ ​ភាគរយ ក្នុងការ​ធ្វើឱ្យ​សហព័ន្ធ​នេះ​មានការ​រីកចម្រើន​ទៅមុខ​»​។​

​ទន្ទឹម​ជាមួយគ្នានេះ កីឡាករ​ជា​ទាហាន ស៊ឹម សុខ​ដេវីត ដែល​បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា Artictic Tunggal Single ផ្នែក​កីឡា​បញ្ច​សិលា កាល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ នៅលើ​ទឹកដី​ខ្លួនឯង​ជា​លើក​ដំបូង​នោះ​ក៏បាន​បង្ហាញ​ភាព​​រីករាយ​ក្នុងការ​បង្កើតឱ្យមាន​ស​ហ​ព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា ជា​ផ្លូវការ​ឡើងវិញ ដើម្បីឱ្យ​ប្រភេទ​កីឡា​នេះ​កាន់​តែមាន​មូលដ្ឋាន​រឹងមាំ ក្នុងការ​បណ្តុះ​បណ្តាល​អត្ត​ព​លិ​ក​នៅក្នុង​ប្រ​ទេស​កម្ពុជា​និង​ឈានទៅ​ដណ្តើមបាន​ជោគជ័យ នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តទៀត​។​

​លោក​ ស៊ឹម សុខ​ដេវីត បន្តថា​៖ «​ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​មែន​​ទែន ដែល​យើង​បាន​បង្កើតឱ្យមាន​ជា​សហព័ន្ធ ព្រោះ​ក្រោយ​ការ​បង្កើតជា​សហព័ន្ធ​នេះហើយ ខ្ញុំ​ជឿជាក់ថា យើង​នឹងមាន​ទីតាំង​ហ្វឹកហាត់​ច្បាស់លាស់ និង​គ្រូ​ជំនាញ​ល្អៗ ក្នុងការ​បង្វឹក​ដល់​ក្រុម​បញ្ច​ស៊ី​ឡា​ត់របស់​យើង អ៊ីចឹង​យើង​នឹង​រីកចម្រើន​ខ្លាំង​ទៅមុខ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ខ្លួនឯង​ដូចគ្នា ដើម្បី​បន្ត​ដណ្តើមបាន​មេដាយ​ជូន​ជាតិ មិនឱ្យ​ពុក​ម៉ែ​បងប្អូន​ខកបំណង​នោះឡើយ​»​។​

​បន្ថែម​លើ​នេះ សុខ ដេវីត ក៏មាន​ការជឿជាក់​ខ្លាំង​លើ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ដែល​សុទ្ធតែជា​នាយទាហាន​។​ កីឡាករ​វ័យ ​២៣ ​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖«​ខ្ញុំ​មានការ​ជឿជាក់ ១០០ ​ភាគរយ ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​យើង ព្រោះ​ពួក​ខ្ញុំ​ស្គាល់​គាត់​ច្បាស់ គឺ​ការងារ​គាត់​ហ្មត់ចត់​និង​ច្បាស់លាស់ ទាំង​ការគ្រប់គ្រង​ផ្នែក​ទាហាន និង​កីឡា​ក្បាច់គុន​កង​យោធ​ពល​ខេមរភូមិន្ទ​ដោយ​គាត់​បានរៀបចំ​ឱ្យមាន​ជា​បណ្តាញ​គ្រូ​បង្វឹក​ធ្វើឱ្យ​កងកម្លាំង​របស់​យើង បាន​ហ្វឹកហាត់​ក្បាច់គុន​គ្រប់គ្នា អ៊ីចឹង​ពួក​ខ្ញុំ​មាន​ការជឿ​ជាក់​ថា​គាត់​នឹង​ដឹកនាំ​សហព័ន្ធ​នេះ​ឱ្យ​រីកចម្រើន​ទៅមុខ​ជាក់​ជាមិនខាន​»៕