​ភ្នំពេញៈ លោក​ ណា​ឌី ត្រូវបាន​គេ​ឆបោក​ក្នុង​បណ្តាញ​សង្គម​អស់ប្រាក់​សរុប​ជិត​ ៥០០​ ដុល្លារ បន្ទាប់ពី​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អន​ឡាញ ​(Online)​ មួយ​ក្នុង​រយៈពេល​ប្រមាណ​ ៣ ​ខែ ចាប់ពី​ដើមខែ​តុលា ឆ្នាំមុន រហូតដល់​ដើមខែ​មករា ឆ្នាំនេះ​។​


​ក៏ប៉ុន្ដែ​លោក​បានសម្រេច​មិន​បន្ត​បង់ប្រាក់​វិនិយោគ​តទៅទៀត បន្ទាប់ពី​ក្រុមហ៊ុន​នេះ​តម្រូវឱ្យ​លោក​បង់ប្រាក់​ជាច្រើន​ដង​ដើម្បី​ដក​ប្រាក់ចំណេញ តែ​លោក​នៅតែ​មិនអាច​ដក​ប្រាក់​នេះ​បាន​សូម្បីតែ​ ១​ សេន​។​

​ណា​ឌី គឺជា​ឈ្មោះ​ដែល​អ្នកនិពន្ធ​បានដាក់​ឱ្យ​ដោយសារ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះតែ​បារម្ភ​ខ្លាច​សមាជិកគ្រួសារ​ដឹង​ពី​រឿងនេះ​។​លោក​ណា​ឌី ដែល​រស់នៅ​ខេត្ត​សៀម​រាបបាន​រៀបរាប់​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា មុនដំបូង​លោក​បាន​ស្គាល់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ លីន ជា​ជនជាតិ​កូរ៉េ​ ហើយ​គេ​បាន​ណែនាំ​លោក​ឱ្យ​វិនិយោគទុន​ជាមួយ​ក្រុមហ៊ុន​របស់គេ ហើយ​បុរស​ឈ្មោះ​ លីន បាន​ណែនាំ​ពី​របៀប​ចុះឈ្មោះ​បើក​គណនី​ក្រុមហ៊ុន​នេះ ប៉ុន្តែ​វា​មិន​ដំណើរការ​នៅពេល​លោក​ចុះឈ្មោះ​។​


​លោក ​ណា​ឌី បាន​បន្ដថា នៅពេលនោះ ឈ្មោះ លីន ក៏បាន​ប្រាប់​លោក​ថា ចាំ​រូបគេ​បើក​គណនី​នេះ​ឱ្យ​ដោយ​ដាក់ឈ្មោះ​គណនី​មួយ​ឱ្យ​លោក ហើយ​បាន​ប្រាប់​លោក​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ចំនួន​ ៥០ ​ដុល្លារ​ដែល​ក្នុង​ ១ ថ្ងៃ​ទទួល​ប្រាក់ចំណេញ​ ១០ ​ដុល្លារ​មកវិញ​។ ក្រោយមក ណា​ឌី ប្រាប់​ទៅវិញ​ថា លោក​មិនមាន​ប្រាក់​វិនិយោគ​ទេ តែ​ពេលនោះ​ឈ្មោះ​ លីន ​ក៏បាន​ដាក់​ប្រាក់​ឱ្យ​លោក​ចំនួន​ ៥០ ​ដុល្លារ ហើយ​លោក​ក៏​យកប្រាក់​នេះ​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​នេះ​តែម្ដង​។​

​លោក ​ណា​ឌី បាន​ថ្លែងថា​៖ «​ដល់ពេល​អ៊ីចឹង​ខ្ញុំ​ដាក់​លុយ​របស់គាត់​ឱ្យ​ ៥០​ ដុល្លារ ​ហ្នឹង​ទៅមកៗ  រហូត​ទៅបាន​រយៈពេល​ ៥ ​ថ្ងៃ ខ្ញុំ​ក៏​ថា​ឥឡូវ ខ្ញុំ​សុំ​ដាក់​ ១ ​ថ្ងៃ​ ១០០ ដុល្លារ​ហ្នឹង​ទៅ សុំ​ ១ ​ថ្ងៃ​ដក​ម្ដង តែ​គាត់​ឆ្លើយថា​អត់​ទេ​។ ​គាត់​ថា ​ដាក់ឱ្យ​យើង​ទៅជា​សមាជិក​វី​អាយ​ភី ​(VIP)​ ហើយ អ៊ីចឹង​ទាល់តែ​យើង​ដាក់​ ១០០ ​ដុល្លារ ​៥ ​ថ្ងៃ​ជាប់​គ្នា​។ ខ្ញុំ​សួរថា​ម៉េច​អ៊ីចឹង​?​ ឥឡូវ​ខ្ញុំ​សុំ​មិន​ភ្ជាប់​ VIP ​ទេ ខ្ញុំ​សុំ​ភ្ជាប់​ត្រឹម​ ១ ​ថ្ងៃ​ម្ដង​។ ដល់ពេល​អ៊ីចឹង​គាត់​ថា ចាំ​គាត់​និយាយ​ជាមួយ​ក្រុមហ៊ុន​ឱ្យ​។ អ៊ីចឹង ខ្ញុំ​សុំ​ដក​លុយ​វិញ តែ​គាត់​ឱ្យ​យើង​បង់លុយ​»​។​


​លោក ​ណា​ឌី បាន​ប្រាប់ទៀតថា ដើម្បី​អាច​ដក​ប្រាក់​បាន​វិញ លោក​ក៏បាន​ដាក់​ប្រាក់​[​បង់លុយ​បន្ថែម​]​តាម​ការតម្រូវ​របស់​ឈ្មោះ​លីន​។ ក៏ប៉ុន្តែ​ក្រោយ​ដាក់​ប្រាក់​បន្ថែម​រួច​ហើយក៏​នៅតែ​មិនអាច​ដក​ប្រាក់​នេះ​មកវិញ​បាន ហើយ​ឈ្មោះ ​លីន​ ក៏បាន​ប្រាប់​ឱ្យ​លោក​ដាក់​ប្រាក់​ថែមទៀត​ជា​បន្តបន្ទាប់​ ដើម្បី​ដក​ប្រាក់​លោក​មកវិញ តែ​ប្រាក់​នៅតែ​មិនអាច​ដក​មកវិញ​បាន​ដដែល​។​

​លោក​ ណា​ឌី ឆ្លើយឆ្លង​សារ​ជាមួយ​ឈ្មោះ​ លីន​ ជា​ភាសា​អង់គ្លេស​តាម Facebook messenger និង​ផ្ទេរប្រាក់​ទាំងនេះ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ​វៃឆ្លាត ​(smart phone) របស់​ធនា​គារ​ក្នុងស្រុក​មួយ ខណៈ​អ្នកទទួល​ប្រាក់​ផ្ទេរ​ពី​ណា​ឌី​ក៏​ប្រើ​គណនី​ធនា​គារ​ក្នុងស្រុក​ផងដែរ​។​

​លោក​ថា​៖«​គេ​ឱ្យ​ថែម​ទៅ​!​គេ​ថា យើង​ត្រូវបាន​ជាប់​ជា​សមាជិក​ VIP ហើយ​។ អ៊ីចឹង​យើង​មាន​រង្វាន់​ ៣ ៥០០​ ដុល្លារ​ ដែល​លុយ​យើង​ដាក់​ទើបតែ​បាន​ជាង​ ៤០០​ ដុល្លារ​ទេ តែ​យើង​ឈ្នះ​រង្វាន់​ VIP គេ ៣ ៥០០​ ដុល្លារ​។ អ៊ីចឹង​បូក​ទៅ​វា​ជាង​ ៣ ៩០០ ដុល្លារ លុយ​ហ្នឹង​ទាំងអស់​លុយ​របស់​យើង​។ ឆែក​មើលឃើញ​នៅក្នុង ​account ​ហ្នឹង​មែន​»​។​

​លោក​បាន​បន្តថា​៖ «​អ៊ីចឹង​ខ្ញុំ​ថា​ខ្ញុំ​សុំ​ដក​លុយ​ហ្នឹង​។ គេ​ថា​ ដក​អត់​បានទេ ដោយសារ​ជាប់​លេខ​កូដ​ជាប់​សោ​។ អ៊ីចឹង​យើង​ត្រូវ​បង់លុយ​ដោះ​សោ ​៧៥០ ​ដុល្លារ ហើយ​ខ្ញុំ​ថា ខ្ញុំ​អត់​មាន​ទេ​។ អ៊ីចឹង​ខ្ញុំ​អត់​ដក​ចុះ​!​អ្នកឯង​បោក​ប្រាស់​ខ្ញុំ​ហើយ​! ​គាត់​ថា​ ឥឡូវ​ក្រុមហ៊ុន​គេ​អត់​បោក​ទេ ព្រោះ​លុយ​នៅក្នុង​ account របស់​អ្នកឯង​ក្នុង​ក្រុមហ៊ុន​នៅមាន​នៅឡើយ​ទេ ជាង ៣ ៩០០​ ដុល្លារ​ហ្នឹង​។ អ៊ីចឹង​អ្នកឯង​បង់លុយ​មក​គេ​នឹង​ដក​លុយ​ហ្នឹង​ឱ្យ​។ ​ខ្ញុំ​ថា ខ្ញុំ​អត់​ដក​ទេ​»​។​

​លុះ​រំលង​បាន​ ៣ ​ខែ ក្រោយ​ណា​ឌី មិន​ឆ្លើយឆ្លង​ជាមួយ​ឈ្មោះ ​លីន ​ទេ តែ​អ្នក​ណែនាំ​រូបនេះ​បាន​ប្រាប់​ឱ្យ​ ណា​ឌី​ ទាក់ទង​ផ្ទាល់​ទៅ​ក្រុមហ៊ុន​ ដើម្បី​ដក​ប្រាក់​នេះ​បាន ហើយ​ឈ្មោះ ​លីន ​ថា ​នឹង​ភ្ជាប់​តេ​ឡេ​ក្រាម​ឱ្យ​។ ណា​ឌី ​ក៏​ចង់ដឹងថា តើ​ម្ចាស់​តេ​ឡេ​ក្រាម​នេះ​ជា​អ្នកណា ហើយក៏​ធ្វើការ​ភ្ជាប់​តេ​ឡេ​ក្រាម​។ ក្រោយមក​ណា​ឌី​ក៏​ដឹងថា ម្ចាស់​តេ​ឡេ​​ក្រាម​នេះ​មិន​ដាក់​រូបភាព​ក្នុង​ profile​ ទេ ដោយ​គ្រាន់តែ​ដាក់ឈ្មោះ​ក្រុមហ៊ុន​ និង​និ​មិ​ត្ដ​សញ្ញា (Logo)​។​

​លោក ណា​ឌី បាន​ថ្លែងថា​៖ «​អ៊ីចឹង​គេ​ក៏​និយាយ​ណែនាំ​យើង​ថា ឥឡូវ​ឱ្យ​បង់ ​៣៥០​ ដុល្លារ​។ ខ្ញុំ​ថា ខ្ញុំ​អត់​មាន​ទេ​ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​កំពុងតែ​អត់លុយ​។ អ៊ីចឹង​ម្នាក់​ដែលជា​អ្នក​ណែនាំ​យើង​ហ្នឹង​ក៏បាន​និយាយថា​ឥឡូវ​គាត់​ជួយ ១០០ ​ដុល្លារ ឱ្យ​ខ្ញុំ​រក​ថែម​ ២៥០​ ដុល្លារ​មក​។ ខ្ញុំ​ថា​អត់​មាន អត់​មាន​! គាត់​ថា ឥឡូវ​អ្នកឯង​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​តាម​តេ​ឡេ​ក្រាម​ទៅ​!​ អ៊ីចឹង​គេ​ក៏​ឱ្យ​ខ្ញុំ​បង់លុយ​ ១៥០​ ដុល្លារ ដើម្បី​បាន​ដក​លុយ​ហ្នឹង​។ ​ខ្ញុំ​ថា​ ខ្ញុំ​អត់​មាន​ទេ​»​។​

​បន្ទាប់មក​លោក ណា​ឌី ក៏​ទាក់ទង​ទៅ​ឈ្មោះ​លីន​វិញ ហើយ​ឈ្មោះ​ លីន ​ក៏បាន​ប្រាប់​ឱ្យ​លោក​ដាក់​ប្រាក់​ ៥០ ​ដុល្លារ ហើយ​ខាង​ក្រុមហ៊ុន​ឱ្យ​ខ្ចី ​១០០​ ដុល្លារ​។​

លោក​បន្តថា​៖ «​អ៊ីចឹង​ខ្ញុំ​ក៏​ដាក់​ ៥០​ ដុល្លារ ហើយ​ក្រុមហ៊ុន​គេ​ឆែក​មើល​ហើយ​ប្រហែល​អត់​ដល់​ ១ នាទី​ទេ គេ​ផ្ញើ​សារ​មកវិញ​ថា គេ​ពិនិត្យឃើញ​ហើយ ​៥០ ​ដុល្លារ​ហ្នឹង ហើយ​ឥឡូវ​មាន​អ្នក​ឧបត្ថម្ភ​ឱ្យ​អ្នក​បាន ១០០​ ដុល្លារ​ហើយ ទាំងអស់​បាន​ ១៥០​ ដុល្លារ​ហើយ​។ អ៊ីចឹង អ្នកឯង​ចាំមើល​គេ​ឆែក​មើល​ប្រព័ន្ធ​ឱ្យ​ម្ដងទៀត​»​។​

​លោក ​ណា​ឌី បន្តថា​៖ «​ដល់​ឆែក​ម្តងទៀត គេ​ថា អ្នកឯង​ត្រូវ​បង់លុយ​មួយ​សា​ទៀត​ ៣០ ​ដុល្លារ​ដើម្បី​បាន​ដក​លុយ​ហ្នឹង​។ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជា​ក់ទៀត គេ​ថា លើកចុងក្រោយ​ហើយ​ ៣០ ​ដុល្លារ​ហ្នឹង​! ខ្ញុំ​ក៏​ដាក់​ ៣០ ​ដុល្លារ​ទៅទៀត​។ ដាក់​ ៣០ ​ដុល្លារ​ទៅទៀត​! ក្រុមហ៊ុន​គេ​ឆ្លើយ​មកវិញ​ថា ទាល់តែ​ថែម​ ៥០​ ដុល្លារ​ទៀត​បាន​ដក​លុយ​ហ្នឹង​បាន​។ ខ្ញុំ​ក៏​ឈប់​! ហើយ​យប់មិញ​នេះ ​(៩​ មករា​)​ ក្រុមហ៊ុន​ក៏​នៅ​ផ្ញើ​សារ​មក​ដែរ​ឱ្យ​ខ្ញុំ​បង់លុយ ​៥០ ​ដុល្លារ​ទៀត​ជា​លើកចុងក្រោយ ហើយ​ខ្ញុំ​សរសេរ​ទៅ​ថា អ្នកឯង​បោក​ខ្ញុំ​ហើយ​អ៊ីៗ​ហ្នឹង​!​។ គេ​ថា​អត់​ទេ ក្រុមហ៊ុន​អត់​បាន​បោក​ទេ ព្រោះ​អី​លុយ​អ្នកឯង​នៅក្នុង​ក្រុមហ៊ុន​នៅឡើយ​ទេ​។ តែ​មកពី​អ្នកឯង​មិន​បង់លុយ​សម្រាប់​ដក​។ គេ​និយាយ​អ៊ីចឹង​!»​។​

​លោក​ ណា​ឌី​ បាន​ប្រាប់ទៀតថា ការ​ដែល​លោក​ត្រូវបាន​ឆបោក​នេះ​មកពី​ភាព​លោភលន់​របស់លោក​ទេ​។ លោក​ថា​៖ «​កាលណា​យើង​ចង់បាន​ផលចំណេញ​ពី​គេ យើង​ធ្វើ​ដោយ​មិនបាន​គិតពិចារណា ចេះតែធ្វើ​តាម​គេ​ណែនាំ គេ​លួងលោម វា​ត្រូវ​បាត់បង់​ផលប្រយោជន៍​អ៊ីចឹង​ហើយ​។ បើ​យើង​មិន​ស្គា​ល់ពី​ស្ថានភាព កន្លែង​ដែល​យើង​វិនិយោគ​ហ្នឹង​ច្បាស់​យើង​កុំ​វិនិយោគ​ល្អ​ជាង​»​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់​ចង់​ថា បើសិនណា​ជា​ក្រុមហ៊ុន​វា​បោក​មែន កុំឱ្យ​មាន​អ្នក​ចាញ់បោក​ដូច​ខ្ញុំ​អ៊ីចឹង​ណា៎​! ព្រោះ​លុយ​ប៉ុណ្ណឹង​វា​មិន​អី​ទេ តែ​គ្រាន់​ថា​មិន​ចង់ឱ្យមាន​បុគ្គល​ផ្សេង​ចាញ់បោក​ទៀត​។ យើង​មិន​បន្ទោស​ពី​គេ​បោក​ទេ បន្ទោស​ពី​យើង​មាន​ភាព​លោភលន់​។ យើង​គិតថា វិនិយោគ​ទៅបាន​ផលចំណេញ​អ៊ីចឹង​ណា៎​!»​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​ផ្ដាំ​ទៅ​ថា កុំឱ្យ​ចាញ់បោក​អា​រឿង​ល្បែងភ្នាល់​តាម​អន​ឡាញ​ឬក៏​ក្រុមហ៊ុន​វិនិយោគ​តាម​អន​ឡាញ​អីហ្នឹង​កុំ​!​ ព្រោះ​អី​បច្ចុប្បន្ន​ច្រើនណាស់​ប្រទេស​កម្ពុជា យើង​ឃើញថា​ post ផ្សព្វ​ផ្សាយ​ពី​ trade [​វិនិយោគ​]​ ផង​ពី​ល្បែង​អន​ឡាញ​ផង​មាន​គ្រប់​ប្រភេទ​»​។​

​មុនដំបូង​ឡើយ លោក ណា​ឌី គិតថា ក្រុមហ៊ុន​នេះ​ប្រហែលជា​ទីផ្សារ​ភាគ​​ហ៊ុន​ទើប​លោក​សម្រេចចិត្ត​ដាក់​ប្រាក់​វិនិយោគ​។ ក្រោយមក​ទើប​លោក​គិតថា​នេះ​ជាការ​ឆបោក​។ «​និយាយ​ទៅ យើង​ធ្វើការ​មាន​លុយ​តិចតួច​អ៊ីចឹង​! គិតថា​បើសិនណា​ជា​វិនិយោគ​ជាមួយ​គេ​ទៅ​ ១ ថ្ងៃ ​[​វិនិយោគ​] ៥០​ ដុល្លារ ១ ​ថ្ងៃ​បាន​ ១០ ​ដុល្លារ ឬក៏​អ៊ីចឹង​យើង​ធ្វើ​តែ​ ១ ​ឆ្នាំ ​ឬអី យើង​អាច​ថា ដោះស្រាយ​ជីវ​ភាព​របស់​យើង​បាន​ណា៎​។ ដល់ពេល​អ៊ីចឹង គ្រាន់តែ​ចាប់ផ្ដើម​ចូល​ភ្លាម​ដឹងខ្លួន​ភ្លាម​ថា​អូ​!​គេ​បោក​!​យើង​ក៏​ដក​ឈប់ ហើយក៏​មិន​ចង់ឱ្យ​នរណា​ដឹង​ដែរ​ព្រោះ​អា​រឿង​ដែល​យើង​ចាញ់បោក​អ៊ីចឹង​ណា៎​!​តែ​ពួកវា​នៅតែ​ព្យាយាម​ល្បួង​យើង​ឱ្យចូល​លេង​អ៊ីចឹង​»​។​

​នៅមុន​វិនិយោគ លោក ណា​ឌី ក៏បាន​ឆែក​មើល​ប្រវត្តិ​ក្រុមហ៊ុន​ក្នុង​ Google​ ផងដែរ ហើយក៏​ឃើញ​ឈ្មោះ​ក្រុមហ៊ុន​នេះ តែ​លោក​មិនមែនជា​អ្នកចេះ​ភាសា​អង់គ្លេស​ច្រើន​ទេ​។ ពេល​ឆែក​ឃើញ​ក្រុមហ៊ុន​នេះហើយ លោក​បានឃើញ​មានការ​បង្ហោះ​រូបភាព​សកម្មភាព​អ្នកវិនិយោគ​ទទួលបាន​ផលចំណេញ ហើយ​លោក​ក៏​ប្រថុយ​តាម​ពួកគេ​ដោយ​​សារ​មុនពេល​លោក​ប្រថុយ ខាង​ក្រុម​ហ៊ុន​នេះ​បាន​បង់ប្រាក់​ ៥០​ ដុល្លារ​ ឱ្យ​លោក​វិនិយោគ​ជា​លើកដំបូង​។ «​បានន័យថា គេ​ល្បួង​យើង​។​គេ​ចេញ​ឱ្យ​សិន ហើយ​លុយ​ហ្នឹង​ក៏​គេ​មិនបាន​យក​ពី​យើង​វិញ​ដែរ ៥០ ​ដុល្លារ​ហ្នឹង​។ វា​នៅលើ​យើង​ហ្នឹង​!»​។​

​ចំពោះ​ករណី​ឆបោក​នេះ លោក ណា​ឌី ក៏បាន​រាយការណ៍​ទៅកាន់​នាយក​​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​តាមរយៈ​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក​ (Facebook messenger)​ របស់​នាយកដ្ឋាន​ផងដែរ ដោយ​លោក​ចង់ឱ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​លើ​ក្រុម​ជន​ឆបោក​កុំឱ្យ​មាន​ទៀត​។​

​លោក​ ណា​ឌី បានឱ្យដឹងថា នៅមុន​លោក​ត្រូវបាន​ឆបោក​នេះ លោក​ក៏​ធ្លាប់​ចាញ់បោក​អស់ប្រាក់​ជាង ​២ ​ម៉ឺន​ដុល្លារ​ម្ដង​ហើយ ដោយ​វិនិយោគ​បង់ប្រាក់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​។​

​ក្នុងខណៈ​កំពុងមាន​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពីដើម​ខែមករា លោក ស​ ថេត អគ្គស្នងការ​នគរបាល​ជាតិ​បាន​ណែនាំ​ដល់​គ្រប់​បណ្ដា​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត ព្រមទាំង​មន្ដ្រី​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព និង​ដើរ​ឱ្យទាន់​សង្គម​បច្ចេកវិទ្យា​ឌីជីថល ខណៈ​កន្លងទៅ​និង​មកទល់ពេលនេះ នៅមាន​ពលរដ្ឋ​ជាច្រើន​បាន​រងគ្រោះ​ដោយ​សារ​ក្រុម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ពិសេស​នៅតាម​ទីជនបទ​។​

​លោក​បាន​បញ្ជាក់ថា តំបន់​ដែលមាន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បទល្មើស​បច្ចេក​វិទ្យា​ច្រើន​គឺ​នៅ​ខេត្តមណ្ឌលគិរី រតនគិរី សៀមរាប និង​រាជធានី​ភ្នំពេញ​។​

​រីឯ​កាលពី​ថ្ងៃទី​ ៣១ ខែមករា លោ​ក ស​ ថេត ក៏បាន​បញ្ជាក់​ជាថ្មី​ថា ក្រុម​ការ​​ងារ Hotline Scam ដែលមាន​មន្ត្រី​ជំនាញ​ប្រចាំការ​ ២៤​ ម៉ោង​លើ​ ២៤​ ម៉ោង​កំពុង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ដែលមាន​ការចាញ់បោក​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បែបនេះ បន្ថែម​លើ​យន្ដការ​ដែលមាន​ស្រាប់​ដើម្បី​ជួយ​អន្តរាគមន៍​និង​ជួយ​សម្រួល​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​យុគ​​សម័យថ្មី​នេះ​ការរង​នូវ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទោះបីជា​មិនមែន​បទល្មើស​ប្រពៃណី ប៉ុន្ដែ​ឈានទៅដល់​ការបោក​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​»​។​

​កាលពីដើម​ខែធ្នូ ឆ្នាំមុន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ពីបទ​ឆបោក​នៅ​រាជធានី​ភ្នំពេញ ក្រោយពី​ជន​រង​គ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​នាយក​ដ្ឋា​ន​នេះ​។​ ជនសង្ស័យ​បាន​ប្រើប្រាស់​គណនី​តេ​ឡេ​ក្រាម​ឆាត​ទៅ​ជន​រង​គ្រោះ​ ដើម្បី​ចរចា​ទិញ​កាបូប​ម៉ាក​ក្នុងតម្លៃ​ ៣ ៨០០​ ដុល្លារ តែ​ក្រោយពី​បានទទួល​កាបូប​រួច ជនសង្ស័យ​មិនបាន​ទូទាត់​ប្រាក់​ឱ្យ​ជនរងគ្រោះ​ទេ​។​

​ករណី​ដោយឡែក​មួយទៀត កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្លាំង​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​តុលាការ​រាជធានី​​ភ្នំពេញ​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ និង​បញ្ជូន​ទៅកាន់​តុលាការ​លើ​ករណី​លួច​ចូល​បណ្តាញ​ទំនាក់ទំនង​សង្គម បន្លំ​យកប្រាក់​ពី​ជន​រង​​គ្រោះ ព្រមទាំង​ក្លែងបន្លំ​អត្តសញ្ញាណ​អ្នកដទៃ​ប្រើប្រាស់​ក្នុងការ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ទៅ​ប្រព្រឹត្ត​បទល្មើស​៕