​ភ្នំពេញៈ ប្រទេស​កម្ពុជា មាន​អត្រា​អតិផរណា​ទាប​បំផុត​ក្នុង​ឆ្នាំ​ ២០២៣ គឺ​ចំនួន ២,១​ ភាគ​រយ ធ្លាក់ចុះ​ពី ៥,៤​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយសារ​ផលិតផល​សំខាន់ៗ​មួយចំនួន​ទាក់ទង​ប្រេងឥន្ធនៈ និង​ឧស្ម័ន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ក្រុម​អ្នកជំនាញ​អះអាងថា អត្រា​អតិផរណា​ទាប​ក៏​ឆ្លុះបញ្ចាំង​ពី​ភាពល្អប្រសើរ​នៃ​ផលិតកម្ម​ក្នុងស្រុក ដោយ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​គ្រឿងឧបភោគ​បរិភោគ​នៅលើ​ទីផ្សារ​តំបន់ និង​ពិភពលោក​។​

​ឧបសគ្គ​ខាងក្រៅ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​ក្នុងស្រុក​


ទោះបី​សេដ្ឋកិច្ចពិភពលោក​កាលពី​ឆ្នាំ​ ២០២៣ មាន​ភាពមិនច្បាស់លាស់​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត និង​ការប្រកួត​ប្រ​ជែង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​ចំណោម​ប្រទេស​មហាអំណាច ក៏បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​តិចតួច​ប៉ុណ្ណោះ ជាពិសេស​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ​ដែលនាំឱ្យ​តម្លៃ​ម្ហូប​អា​ហារ​ផ្សេងទៀត​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២៣ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) អតិផរណា​រួម​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ មាន​កម្រិត ២,១ ​ភាគរយ ទាប​ជាង​ឆ្នាំ ​២០២២ (៥,៤ ​ភាគរយ​) ដោយសារ​ការថយចុះ​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ និង​ប្រេងឥន្ធនៈ និង​ការ​ថមថយ​អតិផរណា​ម្ហូបអាហារ​។​


NBC បានឱ្យដឹងថា ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​បាន​ថយចុះ ២,៧ ភាគរយ​ បន្ទាប់ពី​កើនឡើង​គួរឱ្យកត់សម្គាល់​ដល់ ១១,១ ភាគរយ​នៅ​ឆ្នាំ​ ២០២២ ព្រោះ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ថយចុះ​មកវិញ ២៨,១​ ភាគរយ ពី​ជា​មធ្យម ១០០,៨ ដុល្លារ​អាមេរិក​ក្នុង​ ១ ​បារ៉ែល​នៅ​ឆ្នាំ​ ២០២២ មក ៧៧,៧ ​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២៣​។ នៅ​កម្ពុជា​ថ្លៃ​សាំង​ធ្លាក់ចុះ​ ៥,៦​ ភាគរយ​ធៀប​នឹង​កំណើន ២៤,៤​ ភាគរយ​នៅ​ឆ្នាំ​ ២០២២ ថ្លៃ​ឧស្ម័ន​ធ្លាក់ចុះ ​៤,៧ ​ភាគរយ​ធៀប​ ៥,៤​ ភាគរយ​។​

NBC បញ្ជាក់ថា​៖ «​អតិផរណា​ម្ហូប​អាហារ​បាន​ថមថយ​មក ៣,២ ​ភាគរយ ​ធៀប​នឹង ៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ ដោយសារ​ការ​ថយ​សម្ពាធ​ពី​ចំណាយ​ថ្លៃដើម​ដូចជា ជី​កសិកម្ម ប្រេងឥន្ធនៈ និង​ថ្លៃ​ដឹកជញ្ជូន ស្របពេល​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុងស្រុក​បន្ត​កើន​ឡើង​»​។

ការណ៍​នេះ​ដោយសារ​អតិ​ផ​រណា​ម្ហូបអាហារ​សំខាន់ៗ​បាន​ថយចុះ ដូចជា ថ្លៃ​អង្ករ​ពី ២,៤ ​ភាគរយ​មក​ ១,៥ ភាគរយ​, សាច់​ពី ៤,៣ ​ភាគរយ​មក ២,៥​ ភាគរយ​,​ត្រី​ពី ៥​ ភាគរយ​មក​ ៤,២ ​ភាគរយ​, ថ្លៃ​បន្លែ​ពី ៧,៩ ​ភាគរយ​មក ៥,១ ​ភាគរយ​, និង​ថ្លៃ​ផ្លែឈើ​ពី ៧,៧ ​ភាគរយ​មក​ ៤,២​ ភាគរយ​។​

​សម្រាប់​អតិផរណា​ស្នូល បាន​ថយ​មក​កម្រិត ២​ ភាគរយ ​ធៀប​នឹង ៤,៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ ដែល​បណ្តាលមកពី​ឥទ្ធិពល​នៃ​ការ​ថយ​ថ្លៃទំនិញ និង​សេវា​ពាក់ព័ន្ធ​ប្រេងឥន្ធនៈ និង​កម្រិត​ទាប​នៃ​អតិផរណា​ម្ហូបអាហារ​។​

​ចំពោះ​អតិផរណា​ទំនិញ និង​សេវា​ស្នូល​សំខាន់ៗ​បាន​ថមថយ​ដូចជា​ក្រុម​ភោជនីយដ្ឋាន ចុះ​ពី ៦,៦ ​ភាគរយ​មក​ ២,១​ ភាគរយ​, ក្រុម​សម្លៀកបំពាក់ និង​ស្បែកជើង​ថយ​ពី ៧,៤ ​ភាគរយ​មក ៣,១​ ភាគរយ​, ថ្លៃ​ក្រុម​កម្សាន្ត និង​វប្បធម៌ ថយ​ពី ៥,៦​ ភាគរយ​មក ៣,១​ ភាគរយ និង​ថ្លៃ​ក្រុម​ដឹកជញ្ជូន​មិន​រាប់បញ្ចូល​ទំនិញ និង​សេវា​ពាក់ព័ន្ធ​ប្រេង​​ឥន្ធនៈ ថយ​ពី ២,១​ ភាគរយ​មក ១,១​ ភាគរយ​។ នេះ​បើ​យោងតាម NBC​។​

​លោកស្រី ជា សិរី ទេសាភិបាល​នៃ​ NBC បាន​ថ្លែង​ក្នុង​កម្មវិធី​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​ ២០២៣ កាល​ពី​ចុងខែ​មករា​ថា អតិផរណា​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ បាន​ថយចុះ​មកវិញ​ត្រឹម ២,១​ ភាគរយ​ធៀប​នឹង​អត្រា​ខ្ពស់​ ៥,៤ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២២​។​

​លោកស្រី​បន្តថា កម្ពុជា​រក្សាបាន​តម្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ឱ្យមាន​ស្ថិរភាព​ល្អប្រសើរ ដោយមាន​អត្រា​ប្រែប្រួល​ទាប​ជាង ២​ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ការប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ​នៅ​ប្រទេស​មួយចំនួន​។​

​លោកស្រី​ថ្លែងថា​៖ «​ស្ថិរភាព​អត្រា​ប្តូរប្រាក់​បានរួម​ចំណែក​សំខាន់​ក្នុងការ​ពង្រឹង​ជំនឿ​ចិត្ត​វិនិយោគិន គ្រប់គ្រង​សម្ពាធ​អតិផរណា​បាន​មួយផ្នែក​ក៏ដូចជា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​»​។

​បើតាមលោកស្រី សិរី ការរក្សាបាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក គឺជា​ចម្បង​អាស្រ័យ​ដោយ​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន តាមរយៈ​ការគ្រប់គ្រង​ចរាចរណ៍​ប្រាក់រៀល​សម​​ស្រប និង​ការធ្វើអន្តរាគមន៍​លក់​ប្រាក់​ដុល្លារ​អាមេរិក​នៅលើ​ទីផ្សារ​ប្តូរប្រាក់​តាម​ការចាំបាច់​។​

​លោកស្រី​បន្តថា ការងារ​នេះ​អាច​សម្រេច​ទៅបាន ដោយសារ​ការរក្សាបាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ដែល​បាន​កើន​ដល់​ប្រមាណ ២០ ​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើន​​ឡើង ១២,៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ស្មើ​ជាង​ ៧ ​ខែ​នៃ​ការនាំ​ចូល​ទំនិញ និង​សេវា​នាគ្រា​បន្ទាន់​។​

​ការវាយតម្លៃ​របស់​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃទី ​៣១ ខែមករា ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង ៥,៣ ​ភាគ​​រយ ​ក្នុង​ឆ្នាំ ​២០២៣ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេស​​ចរណ៍ និង​ដំណើរការ​រឹងមាំ​ក្នុង​ការនាំ​ចេញ​មិនមែន​សម្លៀកបំពាក់​។ ទោះបីយ៉ាងណា ហានិភ័យ​នៅតែ​បន្ត​កើតមាន​។ ជាមួយ​កំណើន​ខ្សោយ​ជាង​ការ​​រំពឹងទុក​នៅ​អាមេរិក ដែលមាន​ជាង ៤០ ​ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា ហើយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ក៏បង្ក​ហានិភ័យ​ខ្លាំង​ផងដែរ​។​

​អតិផរណា​របស់​កម្ពុ​ជាមាន​ការ​ប្រែ​​ប្រួល ហើយ​បន្ទាប់ពី​រយៈពេល​នៃ​ការ​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​កាលពី​ខែ​មិថុនា ឆ្នាំមុន វា​បាន​ស្ទុះ​ងើបឡើង​វិញ​ដល់ ៣,៩​ ភាគរយ​កាលពី​ខែតុលា​។ នេះ​បើ​យោងតាម IMF​។​

IMF បានឱ្យដឹង​ទៀតថា​៖«​ធនាគារ​​កណ្តាល​មាន​វិធានការ​គាំទ្រ​នៅក្នុង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ជារឿយៗ រួមទាំង​ការបង្កើន​លក្ខ​ខណ្ឌ​តម្រូវ​ទុនបម្រុង​សម្រាប់​រូបិយ​ប័ណ្ណ​បរទេស​ផងដែរ​»​។​

​ចក្ខុវិស័យ​អនាគត​

ទាំង​ស្ថាប័ន IMF និង NBC បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹងមាន​កម្រិត ៦,១ ​ភាគរយ និង ៦,៤ ​ភាគរយ​រៀង​គ្នា​សម្រាប់​ឆ្នាំ​ ២០២៤ នេះ ដែល​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផលិតកម្ម ខណៈដែល​អតិ​​ផ​រណា​មាន​កម្រិត ៣ ​ភាគរយ និង ២,៥ ​ភាគរយ​រៀង​គ្នា​៕