ភ្នំពេញៈ ទោះបានវិវឌ្ឍខ្លួនក្លាយជាអ្នកជំនួញដ៏មានមុខមាត់ម្នាក់ដោយមានក្រុមហ៊ុនវិនិយោគនៅក្នុងដៃចំនួន ៦ ប៉ុន្តែកូនប្រុសច្បងក្នុងត្រកូលអ្នកលេងវាយកូនបាល់ (តេន្នីស) ដ៏ល្បីល្បាញប្រចាំនៅកម្ពុជានាសម័យសង្គមរាស្ត្រនិយម លោក ទេព រិទ្ធីវិទ្ធ នៅតែចងចាំពីបណ្តាំចុងក្រោយរបស់ឪពុកដែលចង់ឃើញលោកក្លាយជាអ្នកបន្តវេន និងធ្វើឱ្យតេន្នីសក្លាយជាប្រភេទកីឡាដ៏មានសក្តានុពលមួយក្នុងការរួមចំណែកលើកមុខមាត់ដល់ប្រទេសជាតិ។
ជាមួយពាក្យបណ្តាំនេះ លោក ទេព រិទ្ធីវិទ្ធ បានចំណាយពេលជាងពាក់កណ្តាលជីវិតទៅហើយដើម្បីអភិវឌ្ឍកីឡាតេន្នីសឱ្យមានឈ្មោះបោះសំឡេងនៅកម្ពុជាឡើងវិញ ហើយបច្ចុប្បន្ន អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជារូបនេះ ត្រូវបានជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេន្នីសអាស៊ី (ATF) ដោយទទួលបានតួនាទីសំខាន់ៗក្នុងការអភិវឌ្ឍថ្នាល និងគ្រូបង្វឹកលើប្រភេទកីឡានេះ មិនមែនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះ ប៉ុន្តែនៅទូទាំងទ្វីបអាស៊ីតែម្តង។
ជាកូនប្រុសច្បងនៅក្នុងគ្រួសារជាមន្ត្រីរាជការដែលមានម្តាយឈ្មោះ កែវ សញ្ញាម័រ និងឪពុកឈ្មោះ ទេព ឃុនណា ជាទាហានថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) និងជាកីឡាករជម្រើសជាតិវាយកូនបាល់ដ៏ល្បីឈ្មោះ នាអំឡុងឆ្នាំ ១៩៥០-១៩៦០ នោះ កុមារា ទេព រិទ្ធីវិទ្ធ បានចូលហាត់តេន្នីសតាំងពីអាយុ ៨ ឆ្នាំ។ ចំណែកប្អូនប្រុសស្រីរបស់លោក ៣ នាក់ទៀត (ស្រី ២ នាក់) ក៏ត្រូវបានលោក ឃុនណា ជំរុញឱ្យចូលលេងកីឡាតេន្នីសដូចគ្នាដែរ។
យ៉ាងណាក៏ដោយ នៅក្នុងចំណោមកូនទាំង ៤ នាក់នេះ អតីតកីឡាករវាយតេន្នីសជម្រើសជាតិលេខ ១ ប្រចាំនៅកម្ពុជា ដែលមានឈ្មោះបោះសំឡេងនៅក្នុងតំបន់អាស៊ាន លោក ឃុនណា បានដាក់ក្តីសង្ឃឹមខ្លាំងទៅលើលោក រិទ្ធីវិទ្ធ ដោយសារតែលោកមានទេពកោសល្យ និងកាយសម្បទាអំណោយផលល្អ។ ហេតុនេះបើទោះបីជាគ្រួសាររបស់លោក បានភៀសខ្លួនគេចពីសង្គ្រាមក្នុងស្រុកទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ ១៩៧៣ ក៏លោក ឃុន ណា នៅតែព្យាយាមបង្វឹកដល់ ទេព រិទ្ធីវិទ្ធ ជាប់ជានិច្ច។
បន្ទាប់មកនៅឆ្នាំ ១៩៧៧ គ្រួសារអ្នកលេងកីឡាតេន្នីសមួយនេះ បានចាកចេញពីបារាំងផ្លាស់ទៅរស់នៅប្រទេសកាណាដាវិញ ហើយនៅទីនោះហើយដែលលោក ទេព រិទ្ធីវិទ្ធ បានជាប់ជាកីឡាករលេងបានល្អទាំង ២០ នាក់ (Top20) ប្រចាំតំបន់តាំងពីអាយុ ១៦ ឆ្នាំដល់អាយុ ១៨ ឆ្នាំ ប៉ុន្តែសម្រាប់លទ្ធផលប្រកួតវិញ លោក វិទ្ធីវិទ្ធ បង្ហើបថា លោកធ្វើមិនសូវបានល្អទេ ព្រោះពេលខ្លះ លោកមិនបានធ្វើតាមការណែនាំរបស់លោកឪពុក ដែលមានភាពម៉ឺងម៉ាត់ខ្លាំងពេក។
លោក ទេព រិទ្ធីវិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «គ្រួសាររបស់ខ្ញុំលេងកីឡាតេន្នីសទាំងអស់ តែដោយសារខ្ញុំជាកូនប្រុសច្បង អ៊ីចឹងគ្រប់គ្នាបានមើលមកថា ខ្ញុំត្រូវតែជាអ្នកស្នងពីឪពុកខ្ញុំហើយ ព្រោះខ្ញុំមានកាយសម្បទាអំណោយផលល្អ ចំណែកឱកាសក៏មានច្រើន ប៉ុន្តែខ្ញុំមិនបានយកឱកាសនេះ ដើម្បីបំពេញឱ្យដូចទឹកចិត្តឪពុករបស់ខ្ញុំ ដែលចង់បាននោះទេ។ ឪពុករបស់ខ្ញុំ មានការសោកស្តាយ ព្រោះកូនច្បងទី ១ មិនអាចមានលទ្ធភាពដ៏ល្អមួយ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ»។
បន្ថែមលើសម្ពាធមួយនេះ ទេព រិទ្ធីវិទ្ធ ត្រូវសម្រេចបញ្ចប់អាជីពជាកីឡាករ នៅត្រឹមអាយុ ១៩ ឆ្នាំ គឺក្នុងពេលឪពុកម្តាយរបស់លោកបានលែងលះគ្នា ដែលតម្រូវឱ្យ រិទ្ធីវិទ្ធ ត្រូវចេញទៅរកការងារធ្វើដើម្បីរកប្រាក់មកផ្គត់ផ្គង់ម្តាយ និងប្អូនប្រុសប្អូនស្រី ហើយនេះជាពេលវេលា ដែលកំលោះ ធ្លាប់រស់នៅសុខស្រួលរូបនេះ ត្រូវហែលឆ្លងនូវឧបសគ្គ និងការលំបាក នៅលើទឹកដីប្រទេសកាណាដា ជាទីកន្លែងដែលរូបគាត់ទទួលបានសញ្ជាតិ។
លោក ទេព រិទ្ធីវិទ្ធ បានទម្លាយដោយមិនលាក់បាំងថា៖ «ក្រោយឪពុកម្តាយខ្ញុំបានលែងលះគ្នា ខ្ញុំត្រូវខំវាយតេន្នីសផង បង្រៀនគេផង និងធ្វើការផង ព្រោះខ្ញុំនៅជាមួយម្តាយ ដែលត្រូវរ៉ាប់រងលើប្អូនៗ ហើយកាលនោះ ខ្ញុំមានចេះអី ព្រោះយើងជាកូនមន្ត្រីរាជការម្នាក់ដែរ ដល់ឪពុកម្តាយលែងលះគ្នា មានតែខំធ្វើការ»។
លោកបានបន្ថែមថា៖ «ខ្ញុំបានទៅបង្ហាត់គេដោយមិនយកលុយ ជាពិសេសចាស់ៗ ព្រោះពួកគាត់ស្រឡាញ់ និងស្គាល់យើងកាលនៅជាកីឡាករយុវជន អ៊ីចឹងនៅពេលយើងប្រាប់ថា យើងអត់ទាន់មានការងារធ្វើ គឺពួកគាត់បានជួយរកការងារឱ្យខ្ញុំធ្វើ។ ហេតុនេះខ្ញុំមានតម្រិះ និងការងារល្អៗរហូតមកដល់ពេលនេះ ដោយសារតេន្នីស អ៊ីចឹងខ្ញុំមិនមែនជំពាក់គុណត្រឹមឪពុកម្តាយខ្ញុំ និងប្រទេសជាតិរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំជំពាក់គុណព្រះតេន្នីស ហើយខ្ញុំមិនដែលបំភ្លេចនោះទេ!»។
ជាមួយការចងចាំនេះ លោក រិទ្ធីវិទ្ធ បានសម្រេចវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩២ ដើម្បីប្រមែប្រមូលគ្រូចាស់ៗ និងអ្នកនិយមលេងកីឡាតេន្នីស ដែលសេសសល់ នាំគ្នាបង្កើតឱ្យមានប្រភេទកីឡានេះវិញ។ លោកបានចំណាយពេលជាង ២ ឆ្នាំ ដើម្បីបណ្តុះជំនាញវាយកូនបាល់ទៅដល់ក្មេងៗជំនាន់ក្រោយ ហើយនៅក្នុងឆ្នាំ ១៩៩៤ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានបង្កើតឡើង និងត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅឆ្នាំ ១៩៩៧ ដោយមានលោក ចម ប្រសិទ្ធ ជាប្រធាន និងលោក រិទ្ធីវិទ្ធ ជាអគ្គលេខាធិការ។
លោក រិទ្ធីវិទ្ធ បានបញ្ជាក់ថា៖ «ការវិលមកកម្ពុជាវិញនេះ ខ្ញុំបានដាក់ចិត្តថា ត្រូវរកន័យដ៏សំខាន់មួយសម្រាប់ខ្លួនឯង និងសម្រាប់ឪពុករបស់ខ្ញុំ។ ខ្ញុំដឹងថា គាត់មិនអាចរស់បានយូរទៀតទេ ព្រោះគាត់មានជំងឺមហារីកកម្រិតធ្ងន់ទៅហើយ អ៊ីចឹងខ្ញុំបានចាប់ផ្តើមរៀបចំបង្កើតសហព័ន្ធឱ្យបានឆាប់នៅឆ្នាំ ១៩៩៤ ដោយមានឯកឧត្តម ចម ប្រសិទ្ធ ជាអ្នកគាំទ្រ និងជួយឧបត្ថម្ភដល់ខ្ញុំ ប៉ុន្តែការងារនេះ មិនបានធ្វើឱ្យឪពុកខ្ញុំ សប្បាយរីករាយបានរយៈពេលវែងនោះទេ ព្រោះគាត់បានស្លាប់នៅឆ្នាំ ១៩៩៥»។
«មរណភាពរបស់គាត់បានធ្វើឱ្យខ្ញុំដាក់ចិត្តកាន់តែខ្លាំង ព្រោះទិសដៅរបស់ខ្ញុំមិនមែនត្រឹមការដណ្តើមយកមេដាយប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំចង់ឱ្យកម្ពុជាមានពន្លឺតាមរយៈប្រភេទកីឡាមួយនេះ ព្រោះកាលនោះប្រទេសយើង ទើបងើបផុតពីសង្គ្រាម ហេតុនេះអ្នកកីឡាជំនាន់នោះ សូម្បីស្បែកជើងក៏មិនមានពាក់ផង អ៊ីចឹងខ្ញុំបានដាក់ចិត្តអស់ពីកាយ អស់ពីពោះ ខំប្រឹងអភិវឌ្ឍកីឡានេះដើម្បីឱ្យគេមើលឃើញ គឺទោះបីជាខ្ញុំ មិនបានធ្វើជាកីឡាករល្អ ក៏ខ្ញុំធ្វើខាងផ្នែករដ្ឋបាលឱ្យបានខ្លាំង»។ លោក រិទ្ធីវិទ្ធ បានបន្ថែម។
ក្នុងតួនាទីជាអគ្គលេខាធិការអស់រយៈពេលចូល ៣០ ឆ្នាំមកនេះ លោក ទេព រិទ្ធីវិទ្ធ បានឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ ដោយចាប់ផ្តើមពីគ្មានអ្វីសោះ រហូតធ្វើឱ្យកីឡាតេន្នីស មានឈ្មោះបោះសំឡេងវិញ បន្ទាប់ពីសហព័ន្ធបានរៀបចំផែនការមេក្នុងការបណ្តុះបណ្តាលថ្នាលយ៉ាងប្រាកដប្រជារហូតជ្រើសរើសបានអត្តពលិកមានសមត្ថភាព អាចប្រកួតដណ្តើមបានមេដាយជូនជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការឈ្នះបានមេដាយសំរឹទ្ធសរុបចំនួន ៨ ពីស៊ីហ្គេម តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០២៣ ព្រមទាំងការឈ្នះពាន និងមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិជាច្រើនទៀត។
ដោយឡែក សហព័ន្ធកីឡាវាយកូនបាល់អាស៊ី (AFT) ដែលទើបបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ ២០២៤-២០២៧ កាលពីពេលថ្មីៗនេះ បានបោះឆ្នោតជ្រើសតាំងបុរសជនជាតិកាហ្សាក់ស្ថាន លោក Yuriy Polskiy ឱ្យធ្វើជាប្រធាន ចំណែកលោក ទេព រិទ្ធីវិទ្ធ ត្រូវបានជាប់ឆ្នោតធ្វើជាអនុប្រធាន ជាលើកដំបូង បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ATF ចំនួន ២ អាណត្តិ កន្លងមក។
ជាមួយគ្នានេះ លោក Yuriy Polskiy កាលពីថ្ងៃទី ២៩ ខែមករា បានចាត់តាំងលោក ទេព រិទ្ធីវិទ្ធ ឱ្យគ្រប់គ្រង និងមើលការខុសត្រូវអភិវឌ្ឍកីឡាករតេន្នីសនៅតំបន់អាស៊ីអាគ្នេយ៍ ចំណែកអនុប្រធាន ATF ចំនួន ៥ នាក់ទៀតក៏ត្រូវបានបែងចែក និងចាត់តាំងឱ្យទទួលបន្ទុកមើលការខុសត្រូវ នៅតាមតំបន់អាស៊ីខាងត្បូង ខាងកើត ខាងលិច និងអាស៊ីកណ្តាលផងដែរ។
លោក ទេព រិទ្ធីវិទ្ធ បាននិយាយថា៖ «ឆ្នាំនេះមានការភ្ញាក់ផ្អើលខ្លាំង ដោយគេសុំខ្ញុំឱ្យធ្វើជាអនុប្រធាន ATF ដែលកាន់ផ្នែកអាស៊ានទាំង ១១ ប្រទេស ហើយបន្ថែមលើនេះ ATF ក៏បានចាត់តាំងខ្ញុំឱ្យធ្វើជាប្រធានគណៈកម្មាធិការអភិវឌ្ឍយុវជន និងគ្រូបង្វឹក (Juniors & Coaches Development Committee) ដោយខ្ញុំត្រូវកាន់ការប្រកួតកម្រិតថ្នាលទាំងអស់ចំពោះ
ទ្វីបអាស៊ី»។
លោកបានបន្ថែមថា៖ «សម្រាប់ការរៀបចំការប្រកួតអាយុក្រោម ១៤ ឆ្នាំទូទាំងទ្វីបអាស៊ីនេះ ពិតជាល្អមែនទែន ព្រោះនៅក្នុងជីវិតរបស់អត្តពលិកម្នាក់ៗ គឺកម្រិត U14 នេះ វាសំខាន់ណាស់។ មានន័យថា ហ្គេមរបស់យើង បានវិវឌ្ឍពីការរៀបចំថ្នាក់ថ្នាលពី U16 កាលពី ២០ ទៅ ៣០ ឆ្នាំមុនមកធ្វើ U14 វិញ អ៊ីចឹងជាមួយភារកិច្ចនេះ យើងជាអ្នករៀបចំអនាគតកីឡាករ កីឡាការិនី នៅទូទាំងទ្វីបអាស៊ី»។
ជាមួយការទទួលបានតួនាទីសំខាន់ៗទាំង ២ នេះ លោក រិទ្ធីវិទ្ធ បានបង្ហើបថា អាចមកពីសហព័ន្ធកីឡាតេន្នីសកម្ពុជា បានផ្តល់ស្នាដៃសម្រាប់ផែនការមេរៀបចំព្រឹត្តិការណ៍ ITF Asian 14 and Under Junior Championships 2023 កាលពីខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយកម្ពុជាទទួលបានជោគជ័យខ្លាំង ហើយខាងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) បានសុំឱ្យកម្ពុជាធ្វើម្តងទៀត ចំណែកខាង ATF ក៏បានឯកភាពលើការងារនេះដែរ នៅក្នុងទ្វីបអាស៊ី។
នៅក្នុងការងារនេះ លោក រិទ្ធីវិទ្ធ មានទិសដៅយក៣០ប្រទេសនៅក្នុងចំណោមប្រទេសទាំង ៤៥ ក្នុងទ្វីបអាស៊ី ដើម្បីចូលរួមកម្មវិធីថ្នាលនេះ ហើយបន្ថែមលើនេះលោក Yuriy Polshiy ក៏បានសម្រេចបង្កើតគណៈកម្មាធិការ ATF Regional Stakeholders Engagement Committee-South-east Asia មួយទៀត ដោយបានចាត់តាំងលោក រិទ្ធីវិទ្ធ ឱ្យធ្វើជាប្រធានរួមជាមួយនឹងអនុប្រធាននិងសមាជិកចំនួន ៦ នាក់មកពីប្រទេសផ្សេងៗគ្នា។
លោក រិទ្ធីវិទ្ធ បានបញ្ជាក់ទៀតថា៖ «តួនាទីមួយទៀតនេះ ខ្ញុំត្រូវសហការជាមួយសហព័ន្ធកីឡាតេន្នីសទាំង ១១ ប្រទេសឱ្យបានស្អិតល្មួតដើម្បីធ្វើឱ្យប្រភេទកីឡានេះនៅអាស៊ានបោះជំហានទៅមុខឱ្យបានខ្លាំងដោយប្រទេសនីមួយៗត្រូវធ្វើរបាយការណ៍ពីគម្រោងអភិវឌ្ឍ U14 មកឱ្យយើងឱ្យបាន ២ ដងក្នុង ១ ឆ្នាំដើម្បីឱ្យបានដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងងាយស្រួលឱ្យ ATF ជួយឧបត្ថម្ភដល់គាត់ អ៊ីចឹងនេះជាលើកទី១ ដែលយើងមានសមត្ថភាពច្រើន បានឈានទៅបំពេញការងារនៅក្នុងតំបន់»។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំពិតជាមានមោទនភាព ជាពិសេសសហព័ន្ធកីឡាវាយកូនបាល់របស់យើងដោយខ្ញុំបានសុំទៅ ATF បញ្ចូលឈ្មោះអ្នកជំនាញរបស់យើង ៣ នាក់ទៀតចូលជាសមាជិក ដើម្បីជួយដល់ការងាររបស់ខ្ញុំ សម្រាប់ការរៀបចំព្រឹត្តិការណ៍ទាំងអស់នេះ ព្រោះអាស៊ាន ក៏បានមើលឃើញ រីឯអាស៊ី ក៏មើលមកយើង អ៊ីចឹងនេះជាឱកាសដ៏សំខាន់ដែលយើងត្រូវបង្ហាញពីកាតព្វកិច្ច ដ្បិតអីខាង ATF បានចាត់ទុកកម្ពុជាយើង ចូលទៅដំណាក់កាលពិភពលោកហើយ ដូច្នេះយើងត្រូវបង្ហាញពីពន្លឺរបស់យើង ហើយខ្ញុំមានភាពជឿជាក់ខ្លាំង ក្នុងការបំពេញកាតព្វកិច្ចនេះ»។
ចំពោះការរៀបចំការប្រកួតកម្រិតថ្នាល ឬកម្មវិធីផ្សេងៗទៀតក្នុងគោបំណងជំរុញការអភិវឌ្ឍវិស័យកីឡាតេន្នីស នៅក្នុង Zone ទាំង ៥ ក្នុងទ្វីបអាស៊ីនេះ លោក រិទ្ធីវិទ្ធ បានអះអាងថា លោកបានប្រាប់ទៅក្រុមប្រឹក្សាភិបាល ATF ឱ្យផ្តោតសំខាន់ទៅលើការជួយរៀបចំការប្រកួតដល់ប្រទេស ដែលមិនទាន់មានលទ្ធភាព ព្រោះប្រទេសធំៗ ដែលមានលទ្ធភាព ទោះមិនជួយ ក៏គេអាចរៀបចំការប្រកួតខ្លួនឯងបានដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ទៅគេថា យើងត្រូវដាក់ទិសដៅជួយទៅដល់ប្រទេស ដែលមិនទាន់មានលទ្ធភាព ដោយយើងត្រូវយកការប្រកួតទៅរៀបចំនៅតាមបណ្តាប្រទេសទាំងនោះឱ្យបានច្រើន ដើម្បីឱ្យបណ្តាប្រទេសនៅមានកម្រិតទាប មានការរីកចម្រើនឡើងដែរ ហើយប្រធាន ATF គាត់គាំទ្រគំនិតនេះ។ ហេតុអ្វី ខ្ញុំចង់ធ្វើអាហ្នឹង?ព្រោះប្រទេសយើងធ្លាប់ក្រ អ៊ីចឹងដែរ ហេតុនេះខ្ញុំដឹងច្បាស់គឺយើងមិនភ្លេចពីកំណើតថា យើងចេញមកពីណានោះទេ!»។
និយាយដល់អតីតកាលដ៏កម្សត់នេះ លោក រិទ្ធីវិទ្ធ បានរំឭកថា កាលពី ១៥ ឆ្នាំមុន គេមើលមកយើងជាប្រទេសមួយស្ថិតក្រោមពីធម្មតា គឺពេលក្រុមតេន្នីស បានចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ប្រទេសខ្លះគេមិនបានស្គាល់ថា ក្រុមកម្ពុជា មកពីណាផង។ ប៉ុន្តែដោយសារមកទល់ពេលនេះ យើងទទួលបានមេដាយចំនួន ៨ តាំងពីស៊ីហ្គេម ឆ្នាំ ២០០៧ មក ធ្វើឱ្យគេមានការចាប់អារម្មណ៍ទៅលើកម្មវិធីបណ្តុះថ្នាលរបស់យើង ហើយកម្ពុជាក៏ទើបទទួលបានជោគជ័យដ៏ត្រចះត្រចង់ ចំពោះការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ផងដែរ។
លោកបញ្ជាក់ថា៖ «ការបង្កើតឱ្យមានកម្មវិធីលេងកីឡាតេន្នីសនៅតាមសាលានេះ យើងអាចសម្លឹងមើលក្មេងៗ ដែលមានទេពកោសល្យ យកមកបណ្តុះបណ្តាល នៅក្នុងសហព័ន្ធ អ៊ីចឹងហើយទើបយើងមានលទ្ធផលល្អដូចសព្វថ្ងៃនេះ ដោយក្រុមអត្តពលិកក្មេងៗរបស់យើងបានចេញទៅប្រកួតនៅតាមបណ្តាប្រទេសផ្សេងៗ។ កម្មវិធីនេះ យើងបានធ្វើចូល ១២ ឆ្នាំមកហើយ អ៊ីចឹងខ្ញុំផ្តោតខ្លាំងមែនទែន ទៅលើការកសាងថ្នាលនេះ ព្រោះវាជាគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាតេន្នីសឱ្យកាន់តែប្រសើរ»។
សម្រាប់ការខំប្រឹងប្រែងអភិវឌ្ឍកីឡាតេន្នីសនៅកម្ពុជានេះ លោក រិទ្ធីវិទ្ធ បានបង្ហើបថា លោកបានធ្វើលើសពីការងារ ជាអគ្គលេខាធិការ បើទោះបីជាការងារនេះ មិនមានប្រាក់ខែ និងត្រូវចំណាយលុយផ្ទាល់ខ្លួនច្រើន។ ប៉ុន្តែលោកមិនឈប់ត្រឹមហ្នឹងទេ ចំណែកកូនប្រុសទាំង ៣ នាក់របស់លោកក៏សុទ្ធតែជាកីឡាករតេន្នីសផងដែរ។ ទន្ទឹមនេះលោក រិទ្ធីវិទ្ធ បានអរគុណដល់ប្រធានសហព័ន្ធពេលបច្ចុប្បន្ន លោក សៀ ឫទ្ធី ដែលបានរួមចំណែកជួយឧបត្ថម្ភដល់សហព័ន្ធ តាំងពីឆ្នាំ ២០១៨ មក។
អ្នកជំនួញវ័យ ៦១ ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំបានធ្វើ និងលះបង់ចំពោះកីឡាតេន្នីសនេះ វាលើសពីអ្វីដែលឪពុកខ្ញុំចង់បាន ប៉ុន្តែនៅក្នុងអារម្មណ៍របស់ខ្ញុំ វាមិនទាន់គ្រប់គ្រាន់ទេ! ខ្ញុំត្រូវធ្វើឱ្យសម្រេចលើសពីនេះថែមទៀត។ ហេតុនេះខ្ញុំបានដាក់ពេលវេលា ៣០ ភាគរយនៅក្នុងជីវិតរបស់ខ្ញុំ សម្រាប់តេន្នីស ព្រោះបើយើងមិនដាក់ពេលវេលា និងដាក់កម្រិតមួយ យើងមិនអាចសម្រេចអ្វីបានទេ»។
លោកថា៖ «មហិច្ឆតារបស់ខ្ញុំ មិនបញ្ចប់ត្រឹមហ្នឹងឡើយ ហើយអ្វីទាំងអស់នេះ មិនមែនត្រឹមតែដើម្បីតបស្នងដល់ឪពុករបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើដើម្បីប្រទេសជាតិរបស់យើង ព្រោះខ្ញុំចង់ឃើញវិស័យកីឡាតេន្នីសរបស់យើង មានភាពរីកចម្រើន និងមានភាពល្បីល្បាញខ្លាំងជាងនេះ។ ប៉ុន្តែវាមិនអាស្រ័យទៅលើខ្ញុំម្នាក់ឯងទេ គឺវាអាស្រ័យទៅលើការរួមគ្នាធ្វើ ជាពិសេសកីឡាករ កីឡាការិនី ដែលត្រូវប្រកួតនៅលើទីលានថា គាត់បានដាក់ចិត្ត ដាក់កាយ និងខិតខំប្រឹងប្រែងធ្វើបានល្អដល់កម្រិតណាសម្រាប់ការចាប់យកអាជីពមួយនេះ»៕