​ភ្នំពេញៈ​ សារ​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ ១​ ​ឈ្មោះ SreyPich Thou (Laboon)​ បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​ឪពុក​របស់ខ្លួន​ក៏ដូចជា​មាន​វិធានការ​ចំពោះ​មន្ទីរពេទ្យ​រដ្ឋ គួរតែ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ជាមុនសិន ចាំ​គិត​សេវា​ព្យាបាល​តាម​ក្រោយ​។ នេះ​ជា​សំណូមពរ បន្ទាប់ពី​ឪពុក​របស់ខ្លួន​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ការ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរក្បាល​សង្គ្រោះ​មិនទាន់​។​


​គណនី​ខាងលើ បានបង្ហាញ​ពី​រូបភាព​សោកសង្រេង​របស់​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​យំ អមដោយ​យុវតី ​២ ​នាក់​ទៀត​ ស្លៀក​ស​ពាក់​ស​នៅ​ពីមុខ​រូបភាព​ឈាបនដ្ឋាន​បូជាសព​ផង​។​

​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​នោះបាន​រៀបរាប់ថា កាលពី​ម៉ោង​ ២​ ទៀបភ្លឺ​ថ្ងៃទី​ ២៦ ខែមករា ឪពុក​នាង​មាន​អាការ​សន្លប់​បាត់បង់​ស្មារតី​ហើយ​នាង​ និង​ម្តាយ​បាន​ដឹក​ឪពុក​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​(​ពេទ្យរុស្ស៊ី​)​។ ពេល​ដល់​មន្ទីរពេទ្យ​មិនមាន​ក្រុមការងារ​គ្រប់គ្រាន់​សម្រាប់​លើក​ឪពុក​នាង​ទេ ដោយ​ទុក​គាត់​ចោល ហើយ​ខាង​មន្ទីរពេទ្យ​តម្រូវឱ្យ​បង់ប្រាក់​ជាមុនសិន​។​


​ម្ចាស់​គណនី​បាន​បន្តថា នៅ​ទីនោះ​នាង​ត្រូវ​ចំណាយពេល​ជាង​ ៤០​ នាទី​ ដើម្បី​បង់ប្រាក់ ហើយ​បន្ទាប់ពី​បង់ប្រាក់​រួច ត្រូវ​ចាំ​គេ ​(​ក្រុមការងារ​មន្ទីរពេទ្យ​)​ចុច​ទូរស័ព្ទ​ ដើម្បី​ដាស់​គ្រូពេទ្យ​យក​​អ្នកជំងឺ​ទៅ​ស្កេ​ន ហើយក៏​តម្រូវឱ្យ​បង់ប្រាក់​មុន​ស្កេ​ន​ម្តងទៀត​ដែរ​។ បន្ទាប់ពី​ស្កេ​ន​រួច​ទើប​ខាង​គ្រូពេទ្យ​អូស​ឪពុក​នាង​ទៅ​ស្កេ​ន​នៅ ​១ កន្លែង​ទៀត​ ដោយមាន​គ្រូពេទ្យ​តែ​ម្នាក់​ប៉ុណ្ណោះ​។​​

ប្រភព​ដដែល​បាន​បន្តថា លុះ​ទៅដល់​បន្ទប់​ស្កេ​ន គ្រូពេទ្យ​ត្រូវ​ចំណាយពេល​ទូរស័ព្ទ​ដាស់​ពេទ្យ​ម្តងទៀត​។​ប៉ុន្តែ​ពេលនោះ​មិនមាន​ការសង្គ្រោះ​បឋម​ត្រឹម​ត្រូវ​ចំពោះ​ឪពុក​នាង​ឡើយ ដោយសារ​គាត់​ត្រូវ​សន្លប់​តាំងពី​ម៉ោង​ ២​ ទៀបភ្លឺ​រហូតដល់​ម៉ោង​ ៤ ​កន្លះ​ទៀបភ្លឺ ហើយ​ក្នុងដំណាក់កាល​ស្កេ​ន​លើក​ទី ​២ ​នេះ ជា​លទ្ធផល​បង្ហាញថា​ឪពុក​របស់​នាង​ដាច់​សរសៃ​ក្នុង​ខួរក្បាល ហើយ​គ្រូពេទ្យ​ប្រាប់​ក្រុមគ្រួសារ​នាង​ថា​អ្នកជំងឺ​មិនអាច​សង្គ្រោះបាន​ទៀត​ទេ​។​


​ដោយ​ហាក់​ស្តីបន្ទោស​លើ​ការ​យឺត​យ៉ាវ​របស់​គ្រូពេទ្យ ប្រភព​ដដែល​បាន​លើកឡើងថា រឿង​ដែល​ហួសចិត្ត​ជាងនេះទៀត​នោះ​ គឺ​នៅពេលដែល​ខ្ញុំ​យក​ប៉ា​ចេញទៅ​ព្យាបាល​បន្ត​នៅ​វៀតណាម ខាង​ឡាន​សាមុយ​ពេទ្យរុស្ស៊ី​បាន​ស្កាត់​ឡាន​សាមុយ​ដែល​មក​យក​ប៉ា​ខ្ញុំ​មិនឱ្យ​ចូល ដោយ​និយាយថា មន្ទីរពេទ្យ​មិន​អនុញ្ញាតឱ្យ​ឡាន​ខាងក្រៅ​ដឹក​អ្នកជំងឺ​ចេញ​ទេ ទាំង​ដែល​ខ្ញុំ​បាន​ផ្តិតមេដៃ​សុំ​យក​ប៉ា​ចេញទៅ​ព្យាបាល​រួច​ក៏ដោយ​។​មិនមែន​ខ្ញុំ​មិន​ចង់យក​ឡាន​សាមុយ​ពី​ពេទ្យរុស្ស៊ី​ទេ តែ​តម្លៃ​ខាង​គាត់​គឺ​គុណ​នឹង​ ២ ​ធៀប​នឹង​ឡាន​សាមុយ​ខាងក្រៅ​។​

​ម្ចាស់​គណនី​បាន​លើក​ពីស​ម្តី​គ្រូ​ពេទ្យ​ថា​៖ «​លើសពីនោះ​ទៅទៀត​គឺ​គាត់​បាន​និយាយ​មកកាន់​ពួក​ខ្ញុំ​ថា “​នរណា​អនុញ្ញាតឱ្យ​បង​ចេញ​?​ ពេទ្យ​មួយណា​?​ឈ្មោះ​អី​?​ចំពោះ​តម្លៃ​អ្នកអែង ​(​ឯង​)​ មាន​តថ្លៃ​ពួក​ខ្ញុំ​ហើយ​ឬ​នៅ​?”

​ទាំង​ដែល​ប៉ា​ខ្ញុំ​ជិត​អស់​ពេល​ទៅ​រហូតដល់​ម៉ោង ​៨​ ព្រឹក ទើប​ពួក​ខ្ញុំ​អាច​ដោះ​ស្រាយ​ដឹក​ប៉ា​ចេញ​បាន តែ​គ្រប់យ៉ាង​វា​ហួសពេល​បាត់ទៅហើយ​!​ក្នុងនាម​នាង​ខ្ញុំ​ជា​ក្រុមគ្រួសារ​សព​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ក៏ដូចជា មាន​វិធានការ​ចំពោះ​ករណីនេះ​ផង​»​។​

​ជុំវិញ​ការលើកឡើង​នេះ ​ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​សុំ​ការពន្យល់​ពី​លោកស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ​។ ទោះជា​យ៉ាងណា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ បានចេញ​លិខិត​បំភ្លឺ​មួយ​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២៤​ ថា មន្ទីរពេទ្យ​សូម​ស្រាយ​បំភ្លឺ​និង​ច្រានចោល​លើ​ករណី Facebook ឈ្មោះ SreyPich Thou (Laboon)​ និង​សារព័ត៌មាន ​RFI ដោយ​ថា ការចុះផ្សាយ​ខ្លឹមសារ​ព័ត៌មាន​មិន​ពិត​លើ​ករណី​អ្នកជំងឺ​ដែល​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឈានចូល​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០២៤ វេលា​ម៉ោង ​២:៣៧ រំលង​អាធ្រាត្រ ដោយ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​

​លិខិត​ដដែល​បន្តថា ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​អ្នកជំងឺ​អស់ពី​លទ្ធភាព ក្រោយពី​បាន​ពិនិត្យ​ និង​វិភាគ​អម​វេជ្ជសាស្ត្រ​ទៅតាម​លក្ខណៈ​បច្ចេក​ទេស ដើម្បី​រក​មូលហេតុ​ឱ្យបាន​ច្បាស់​លាស់ តែ​លទ្ធផល​បង្ហាញថា អ្នកជំងឺ​មាន​ដាច់​សរសៃឈាម​ខួរក្បាល​បណ្តាលឱ្យ​ហូរឈាម​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ​។​ក្រុមគ្រូពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​បាន​ពិភាក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ផ្នែក​ឯក​ទេស​វះកាត់​ខួរក្បាល ​និង​បាន​ពន្យល់​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ​ដែល​ហួស​ពី​លទ្ធភាព​ជួយសង្គ្រោះ​។​

​ប្រភព​ដដែល​ថា​៖ «​ប៉ុន្តែ​ក្រុមគ្រួសារ​អ្នកជំងឺ​បានសម្រេច​ចិត្ត​សុំ​យក​អ្នក​ជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​វៀតណាម​។ បន្ទាប់មក​ក្រុមគ្រួសារ​អ្នកជំងឺ​បាន​ទាក់ទង​មក​ផ្នែក​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​ ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​អ្នកជំងឺ​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ក្រុមគ្រួសារ​អ្នកជំងឺ​បានសម្រេច​ចិត្ត​ជ្រើស​រើសយក​សេវា​រថយន្ត​សង្គ្រោះបន្ទាន់​ខាងក្រៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​។ ​មន្ទីរពេទ្យ​បាន​សម្របសម្រួល​ឱ្យ​ចេញទៅ​ព្យា​បាល​បន្ត​នៅ​ប្រទេស​វៀតណាម​»​។​

​ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​សង្គម​ចាប់អារម្មណ៍​ទៀត​នោះ​គឺថា បន្ទាប់ពី​ខាង​មន្ទីរពេទ្យ​ចេញ​លិខិត​ស្រាយ​បំភ្លឺ​រួច ក៏​ស្រាប់តែ​នៅ​ថ្ងៃទី​ ៣០ មករា មាន​ក្រុមការងារ​ក្រសួងសុខាភិបាល ក៏​ដូច​ក្រុមការងារ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ចុះទៅ​ដល់ផ្ទះ​អ្នកជំងឺ​ដែល​ស្លាប់​នោះ ហើយ​បាន​អុជ​ធូប​សុំ​ខមាទោស​ដល់​សព​ និង​បាន​នាំយក​បច្ច័យ​និង​គ្រឿងឧបភោគ​បរិភោគ​មក​ចូល​បុណ្យសព​ផងដែរ​។​

​ប្រភព​គណនី ​SreyPich Thou (Laboon)​ បញ្ជាក់​ប្រាប់ថា​៖ «​ពួកគាត់​បានលើកឡើង​ទាក់ទង​នឹង​ករណី​ដែល​កើតឡើង​នៅ​ថ្ងៃកើតហេតុ ដោយ​ខាង​មន្ទីរពេទ្យ​ថា នឹង​បង្កើត​ក្រុមប្រឹក្សា​វិន័យ​ដើម្បី​ដាក់វិន័យ​ទៅលើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​តាមច្បាប់​សហ​​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ​និង​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​កុសល​មួយ​សម្រាប់​ព្រលឹង​សព​លោកឪពុក​នាង​ខ្ញុំ​»​។​

​ពាក់ព័ន្ធ​នឹង​ការបម្រើ​សេវាសាធារណៈរ​បស់​ស្ថាប័នរដ្ឋ​នេះ​បើ​យោងតាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ​របស់​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន​ ៥ ​ក្នុងនោះ​ចំណុច​គោលដៅ​ទី​ ៤ ​ឱ្យ​បន្ត​ពង្រឹងសមត្ថភាព​អភិបាលកិច្ច​និង​លើកកម្ពស់​គុណភាព​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធានា​ឱ្យបាន​ប្រសិទ្ធភាព​នៃ​សេវា សាធារណៈ​។​

​លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លើក​ឡើង​ដែរ​ថា វេជ្ជបណ្ឌិត​ទាំងអស់​មុននឹង​ទទួល​សញ្ញាបត្រ​គឺ​តម្រូវឱ្យមាន​ការស្បថ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ​គ្រូពេទ្យ​ដែល​ធ្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ ​គឺជា​រឿង​បុគ្គល​ដែល​បំពាន​នឹង​វិជ្ជាជីវៈ​របស់ខ្លួន​ចង់បាន ចង់​មាន​ហួសហេតុ អ៊ីចឹង​ហើយ​ធ្វើឱ្យ​បាត់អស់​នូវ​ក្រមសីលធម៌​របស់​គ្រូពេទ្យ តែ​ជា​បុគ្គល​មិនមែន​គ្រូពេទ្យ​ទាំងអស់​ទេ​។ ហេតុដូច្នេះ​គ្រូពេទ្យ​ម្នាក់ៗ​ដែល​ទទួលស្គាល់​មាន​សញ្ញាបត្រ​ត្រឹមត្រូវ​ គឺ​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​រើសអើង​អ្វី​ទាំងអស់​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​គិតពី​ផលប្រយោជន៍​ជាធំ​ខ្លាច​អត់​មាន​លុយ​ចាយ​សប្បាយ​ហ៊ឺហា​ក្នុង​ក្រុមគ្រួសារ​ គឺ​កន្លែង​ហ្នឹងហើយ​ដែល​យើង​ក្បត់​វិជ្ជាជីវៈ​របស់​យើង​ជា​អ្នក​ជួយសង្គ្រោះ​អ្នកជំងឺ ហើយ​អាច​នឹងមាន​កំហុស​ធ្ងន់​។ ​អ៊ីចឹង​ទេ រីឯ​ពលរដ្ឋ​យើង​ខ្លះ​ក៏មាន​កំហុស​ដែរ ដោយសារ​ចំណេះដឹង​គាត់​មាន​កម្រិត​សូម្បីតែ​គេ​និយាយ​បោក​សោះ​ក៏​ជឿ​មិនបាន​ពិចារណា​»​។​

​បើតាម​លោក វុទ្ធី អ្វី​ដែលជា​កំហុសឆ្គង​របស់​បុគ្គល​គ្រូពេទ្យ​នេះ ក៏​គួរតែ​ចូលរួម​កែប្រែ​ឱ្យ​ល្អ​ឡើងវិញ ខណៈ​មាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី ការដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បាល​ថ្មី​គឺ​លោក​កំពុងតែ​ដុតដៃដុតជើង​ជួយ​ដល់​វិស័យ​សុខាភិបាល​ខ្លាំងណាស់ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ដើម្បី​ស្វែងរក​ជំនួយ​ជួយ​ដល់​មន្ទីរពេទ្យ​រដ្ឋ មន្ទីរពេទ្យ​ថ្នាក់ក្រោម​ជាតិ​ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកមាន​វិជ្ជាជីវៈ​ពេទ្យ​ត្រឹមត្រូវ​ឱ្យ​ងាក​មក​រួមគ្នា​ជួយ​វិស័យ​សុខាភិបាល​របស់​រដ្ឋ ជួយ​ព្យាបាល​ពលរដ្ឋ​កុំឱ្យ​មានការ​រើសអើង​ និង​ការស្លាប់​ដោយ​គ្មាន​មូល​ហេតុដែល​នេះ​ជា​គុណធម៌​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​។​

​លោក​ថ្លែងថា​៖ «​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ធីតា​ហ្នឹង គឺ​គាត់​បាន​ជួយ​ពលរដ្ឋ​យើង​ច្រើនណាស់ ហើយ​ខ្ញុំ​និយាយ​នេះ​មិនមែន​និយាយ​ក្នុងន័យ​លើកតម្កើង​អី​ទេ តែ​ខ្ញុំ​មើលឃើញ​តាម​ជាក់ស្តែង​។ ​ដូច្នេះ​យើង​ជា​គ្រូពេទ្យ​គួរណា​យក​គំរូ​តាម ហើយ​ស្រុះ​ទាំងអស់គ្នា​រក្សា​តម្លៃ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​យើង​ដែល​ជាទី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​»​។​

​លោក ​អ៊ូច វុទ្ធី បាន​លើក​ជា​សំណើ​ថា អ្វី​ដែលជា​សំណូមពរ​នៅតាម​មន្ទីរ​ពេទ្យ​ជាតិ បើ​មាន​អ្នកជំងឺ​ឈឺ​ធ្ងន់​ត្រូវ​សង្គ្រោះបន្ទាន់ គឺ​គួរតែ​អនុញ្ញាតឱ្យ​គាត់​ចូលទៅ​បន្ទប់សង្គ្រោះបន្ទាន់​សិន ទើប​គិតលុយ​ជា​ក្រោយ ពីព្រោះ​អ្នក​​ជំងឺ​មិនអាច​រត់​ទៅណា​ក្រៅពី​រក​គ្រូពេទ្យ​ឱ្យជួយ​ទេ ហើយ​បន្ទាប់ពី​សង្គ្រោះ​អ្នក​ជំងឺ​រស់​ជីវិត​ហើយ លោក​ជឿថា សាច់​ញាតិ​អ្នកជំងឺ​ប្រាកដជា​ដឹងថា​គុណ​តម្លៃ​គ្រូពេទ្យ​គឺ​ស្ថិតនៅត្រង់​នេះឯង​។​

​ចំពោះ​ករណីនេះ មិនមែន​ទើបតែ​កើតឡើង​ថ្មីៗ​ទេ តែ​វា​បានកើត​ឡើងជា​ដដែលៗ ហើយ​នៅពេល​មាន​បញ្ហា​កើតឡើង​គេ​ឃើញតែ​ការបដិសេធ​ពី​ខាង​មន្ទីរពេទ្យ​ហាក់​មិនសូវ​អើពើ​ចំពោះ​អ្នកជំងឺ​ទៅវិញ​។ ចំពោះ​ការទាមទារ​លុយ​ពី​អ្នកជំងឺ​មុននេះ​ក៏​តែងតែ​ឃើញ​ជា​ញឹកញាប់​ដែរ​។ នេះ​ជាការ​លើក​ឡើង​របស់លោក យង់ គិ​ម​អេង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រសួង​សុខា​​ភិ​បាល​គួរតែ​ពិនិត្យឡើងវិញ​លើ​ការ​ផ្តល់ឱ្យ​មន្ទីរពេទ្យ​រដ្ឋ​នីមួយៗ​រក​ចំណូល​ផ្ទាល់​ ដើម្បី​កុំឱ្យ​គាត់​គិតតែ​ពី​ប្រាក់ចំណូល​ជាង​លទ្ធភាព​ខ្លាំង​ជាង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​»​។​

​លោក​បន្ត​ថា បើ​គ្រាន់តែ​មានការ​អនុ​គ្រោះ គ្រាន់តែ​បកស្រាយ​និង​ពិន័យ​រដ្ឋបាល​ហើយ​មិន​គិតដល់​អ្នកស្លាប់​វា​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ឱ្យ​ពលរដ្ឋ​ជឿជាក់​ទើប​មាន​អ្នកជំងឺ​ជាច្រើន​សុខ​ចិ​ត្ដទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ ក្រសួងសុខាភិបាល​គួរតែ​ប្រើប្រាស់​វិធាន​ការដែល​ខ្លួន​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​កែលម្អ​គុណភាព​គ្រូពេទ្យ កែលម្អ​គុណភាព​សុខាភិបាល​នៅ​កម្ពុជា ហើយ​បើ​មិន​អ៊ីចឹង​ទេ បញ្ហា​នេះ​វា​នឹង​កើតឡើង​ដដែលៗ​។​

​លោក សេក សុជាតិ អ្នក​ប្រឹក្សា​យោ​ប​ល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណីនេះ​ក្រសួងសុខាភិបាល​គួរតែ​បើក​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់ ហើយ​យក​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​។​បន្ទាប់មក​ធ្វើការ​ឆ្លុះបញ្ចាំង​អំពី​បញ្ហា​ដែល​បានកើត​ឡើង​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ឱ្យបាន​ច្បាស់លាស់​ដើម្បី​កាត់បន្ថយ​ឬក៏​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​ពី​លទ្ធផល​សកម្មភាព​ការងារ​ដែល​កំពុង​កើតមាន​នៅក្នុង​មន្ទីរពេទ្យ​ពាក់ព័ន្ធ​នឹង​ការស្លាប់​អ្នកជំងឺ​ថ្មីៗ​នេះ​។​

​លោក​បាន​បន្តថា សកម្មភាព​នេះ​វា​ផ្ទុយ​ពី​រដ្ឋាភិបាល​បានប្រកាស​មិន​ឱ្យមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ដោយ​មិនបាន​ព្យាបាល​ទាន់ពេលវេលា​។ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​លើកឡើង​ដដែលៗ​ថា មន្ទីរពេទ្យ គ្រូពេទ្យ​ទាំងអស់​កុំ​គិតតែ​លុយ​ជាធំ ត្រូវ​គិតពី​ការសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ជាមុនសិន ពីព្រោះ​រឿងនេះ​មកដល់​ម៉ោង​នេះ មិនអាច​បណ្តែតបណ្តោយ​ឱ្យ​កើតឡើង​ដោយមាន​មនុស្ស​ស្លាប់​ហើយ​ត្រូវ​បញ្ចប់​ទៅវិញ​នៅត្រឹម​ពិន័យ​រដ្ឋបាល​នោះទេ គួរតែ​ស្វែងរក​យុត្តិធម៌​មួយ​សម្រាប់​ជនរងគ្រោះ​និង​គ្រួសារ​របស់គាត់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទៅដល់​មន្ទីរពេទ្យ​ហើយ​បែរជា​មិនអាច​ជួយ​បាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​មាន​ក្តី​ព្រួយបារម្ភ​ជាទូទៅ​គឺ​ខាង​មន្ត្រី​ជំនាញ​ដែល​គាត់​ធ្វើការ​ដោយផ្ទាល់​ គឺ​គាត់​មិនបាន​អនុវត្ត​ទៅតាម​វិជ្ជាជីវៈ ជាពិសេស​ទាក់ទង​នឹង​ការទាមទារ​ឱ្យ​ភាគី​អ្នកជំងឺ​បង់ប្រាក់​ជាមុន​ដែល​បណ្តោយឱ្យ​ស្ថានភាព​ជំងឺ​វា​ជ្រុល​ហួស​ហើយក៏​កើតមាន​ជា​បញ្ហា​»៕