ភ្នំពេញៈ មេដឹកនាំអាស៊ានកំពុងរួមគ្នាលើកកម្ពស់ផ្នែកអេកូទេសចរណ៍ ដើម្បីក្លាយទៅជាគន្លឹះសំខាន់សម្រាប់ផលិតផលទេសចរណ៍ក្នុងការទាក់ទាញទេសចរក្នុងស្រុក និងបរទេស ខណៈវិស័យនេះកាន់តែវិវឌ្ឍទៅរកភាពប្រសើរជាលំដាប់ចាប់តាំងពីផលប៉ះពាល់វិបត្តិជំងឺកូវីដ ១៩។ ជាមួយគ្នានេះយុទ្ធនាការនេះនឹងផ្តល់ទំនុកចិត្តថ្មីនៃការធ្វើដំណើរកម្សាន្ដសម្រាប់ភ្ញៀវទេសចរឱ្យមានអារម្មណ៍ជាមួយធម្មជាតិ និងសហគមន៍ ខណៈកម្ពុជាក៏ស្ថិតនៅលើផ្លូវត្រូវមួយនៃការលើកកម្ពស់អេកូទេសចរណ៍ផងដែរ។
ការជំរុញថ្មីលើអេកូទេសចរណ៍ក្នុងចំណោមសមាជិកអាស៊ាន
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមករា រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ជាមួយនឹងការទទួលបានទេសចរអន្តរជាតិប្រមាណ ៩៣,៧ លាននាក់កាលពីឆ្នាំ ២០២៣ ជាមួយនឹងអត្រាកំណើន ១៥៣,២៣ ភាគរយនៅក្នុងតំបន់នេះ។ ជាមួយគ្នានេះរដ្ឋមន្ត្រីអាស៊ានក៏បានអនុម័តលើសេចក្តីព្រាងស្តង់ដាអេកូទេសចរណ៍អាស៊ាន ដែលនឹងអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ានផងដែរ។
លោក ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងក្នុងព្រឹត្តិការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ថា ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ វិបត្តិជំងឺកូវីដ ១៩ ស្ទើរតែបានផ្លាស់ប្តូរទាំងស្រុងរចនាសម្ព័ន្ធទេសចរណ៍ក្នុងតំបន់ និងពិភពលោក។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា «បានប្ដេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដោយក្តីសង្ឃឹមដ៏រឹងមាំ» ដើម្បីរក្សាវិស័យនេះឱ្យនៅមានដំណើរការ ក្នុងគ្រាប្រឈមនឹងបញ្ហាណាមួយ។
លោកអះអាងថា កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការងាររបស់ខ្លួនក្នុងវិស័យទេសចរណ៍ធម្មជាតិ និងសហគមន៍ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ានតាមរយៈគំរូអភិវឌ្ឍន៍ភាពជាដៃគូសាធារណៈឯកជន និងប្រជាជន (4P) ដោយលោកបានបញ្ជាក់ថា ផ្តោតលើការពង្រឹងអំណាចក្នុងស្រុក ផ្តល់ផលប្រយោជន៍ជាអតិបរមាដល់មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
លោកបានលើកឡើងថា៖ «ប្រទេសកម្ពុជា សម្បូរដោយសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ចាប់ពីឆ្នេរសមុទ្រដែលសមាជិកនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងក្លឹបពិភពលោក ជួរភ្នំក្រវាញ រួមទាំងតំបន់អារ៉ែង បឹងទន្លេសាប និងភាគឦសានដែលមានសត្វផ្សោតដ៏កម្រផងដែរ»។
កិច្ចខិតខំប្រឹងប្រែងរួមរបស់អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជននៅកម្ពុជា
លោក សរ សារិន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ក្នុងបរិបទបន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ ទេសចរណ៍ធម្មជាតិកំពុងក្លាយជាកន្លែងទាក់ទាញថ្មីសម្រាប់ភ្ញៀវទេសចរ ដោយសារពួកគេភាគច្រើនចូលចិត្តស្វែងរកកន្លែងថ្មីៗ និងជាមួយធម្មជាតិ។
លោកថ្លែងថា៖ «វាជាឱកាសដែលយើងអាចរួមដៃគ្នាជាមួយអាស៊ានលើស្តង់ដាអេកូទេសចរណ៍ ព្រោះវាអាចផ្តល់ផាសុកភាព សុវត្ថិភាព និងអនាម័យសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះនៅពេលដែលសមាជិកអាស៊ានទាំងអស់បានចូលរួមជាមួយស្តង់ដាអេកូទេសចរណ៍នេះ យើងទាំងអស់គ្នានឹងបានទទួលអត្ថប្រយោជន៍ក្នុងការមានស្តង់ដារួមដើម្បីលើកកម្ពស់ទេសចរណ៍ធម្មជាតិ និងផ្តល់បទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ»។
ជាមួយគ្នានេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងវេទិកាមួយកាលពីខែវិច្ឆិកាថា វិស័យកសិកម្មគឺជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍទេសចរណ៍ រួមទាំងផ្នែកអេកូឡូស៊ី និងសហគមន៍ តាមរយៈការផ្គត់ផ្គង់ស្បៀងអាហារ និងមធ្យោបាយបរិស្ថាន។
លោកបានបញ្ជាក់ថា សហគមន៍កសិករ និងអ្នកផលិតត្រូវការទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ ដើម្បីធានាបាននូវប្រាក់ចំណូលគ្រប់គ្រាន់ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅលេងកន្លែងទាក់ទាញ ហើយចាំបាច់ត្រូវទទួលទានអាហារ។
ទេសចរណ៍ធម្មជាតិបង្កើតប្រភពចំណូលជាតិថ្មី
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីការជំរុញដំណើរការអភិវឌ្ឍន៍អេកូទេសចរណ៍នៅកម្ពុជា ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២០ និន្នាការនៃការកើនឡើងភ្ញៀវទេសចរមកកាន់តំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជាបង្ហាញថា អេកូទេសចរណ៍គឺជាផលិតផលដែលអាចអភិវឌ្ឍថែមទៀតដើម្បីទាញយកសក្តានុពលរបស់ខ្លួន។
ធនាគារឱ្យដឹងថា ចំនួនទេសចរដែលមកទស្សនាតំបន់ឆ្នេរ និងតំបន់ទេសចរណ៍ធម្មជាតិកម្ពុជា បានកើនទ្វេដងចន្លោះពីឆ្នាំ ២០១៤-២០១៩ ស្មើនឹង ១៦ ភាគរយនៃភ្ញៀវទេសចរទាំងអស់កាលពីឆ្នាំ ២០១៩។
ធនាគារនេះបន្តថា៖ «ទ្រព្យសម្បត្តិធម្មជាតិដ៏អស្ចារ្យ និងមានតម្លៃរបស់កម្ពុជា គឺជាអ្វីដែលភ្ញៀវទេសចរស្វែងរក និងឱកាសសម្រាប់គាំទ្រដល់ការពង្រីកឧស្សាហកម្មនេះគឺល្អបំផុត។ មានឧទាហរណ៍រួចហើយនៃប្រតិបត្តិការអេកូទេសចរណ៍កម្រិតមធ្យមដល់កម្រិតខ្ពស់ដែលជាជោគជ័យរបស់កម្ពុជា ដែលបង្ហាញថា ផលិតផលអេកូទេសចរណ៍មានសក្តានុពលខ្លាំង»។
ផលប៉ះពាល់ដោយសារកូវីដ ១៩ ធ្វើឱ្យទេសចរណ៍ធម្មជាតិក្លាយទៅជាជម្រើសថ្មី
ផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ ១៩ លើវិស័យទេសចរណ៍គឺជាមូលហេតុបន្ថែមសម្រាប់ការធ្វើពិពិធកម្មការផ្តល់ទេសចរណ៍នៅកម្ពុជា។ ក្នុងសេណារីយោដែលមានផលប៉ះពាល់ខ្លាំង កម្ពុជាអាចមើលឃើញការមកដល់របស់ភ្ញៀវទេសចរធ្លាក់ចុះចំនួន ៨០ ភាគរយ កាលពីឆ្នាំ ២០២០។
ធនាគារពិភពលោកលើកឡើងថា៖ «ការណ៍នេះនឹងធ្វើឱ្យបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ២,៨ ពាន់លានដុល្លារ និងការងារប្រហែល ១ លាន រងផលប៉ះពាល់»។
បើតាមក្រសួងបរិស្ថាន សហគមន៍អេកូទេសចរណ៍ចំនួន ២២ ដែលគ្រប់គ្រងដោយក្រសួងបច្ចុប្បន្នមានផ្ទៃដី ៣៥ ០០៣ ហិកតា ក្នុងតំបន់ការពារចំនួន ១២ នៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តរតនគិរី កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និងខេត្តកំពង់ឆ្នាំង។
ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទមួយដែលនឹងចែករំលែកផែនទី និងព័ត៌មានអំពីគោលដៅទេសចរណ៍ធម្មជាតិរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរ។ កម្មវិធីនេះមានឈ្មោះថា «ធ្វើដំណើរក្នុងប្រទេសរបស់យើង Doe LengSrukYoeng, ឬ Travelling in our country» មាននៅលើ App Store របស់ទូរស័ព្ទក្រុមហ៊ុន Apple និង Play Store របស់ Google៕