ភ្នំពេញ: ក្នុងវ័យ ២៣ ឆ្នាំ កញ្ញា សិដ្ឋ ទេពលៈ បានក្លាយជាយុវតីកម្ពុជាដំបូងបំផុតម្នាក់ ដែលកំពុងតែបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla របស់អាមេរិក។ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មសំណង់ស៊ីវិលពីវិទ្យាស្ថានបច្ចេកវិទ្យា Georgia កញ្ញា ទេពលៈ គឺជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្ដនិងការខិតខំប្រឹងប្រែងលើវិថីអប់រំ និងមុខជំនាញអាជីព។
កញ្ញានិយាយថា៖ «ក្រុមហ៊ុន Tesla មានភាពចម្រុះណាស់ ប៉ុន្តែគ្រប់គ្នាសុទ្ធតែមានបុគ្គលិកលក្ខណៈរៀងៗខ្លួន។ ខ្ញុំអាចក្លាយជាខ្លួនឯងនៅ Tesla ហើយខ្ញុំត្រូវបានគេគាំទ្រ និងគោរព។ ខ្ញុំមិនចាំបាច់និយាយថា អត្តសញ្ញាណរបស់ខ្ញុំទាំងមូលគឺជាជនជាតិខ្មែរទេ។ ខ្ញុំជាបុគ្គលម្នាក់ស្ថិតក្នុងចំណោមពួកគេ ដោយសញ្ជាតិខ្ញុំជាខ្មែរ គ្រាន់តែរឿងមួយ»។
កញ្ញាថា ប្រភពកំណើតមិនមែនជាបញ្ហាចោទធំដុំនោះទេ តែស្ថិតត្រង់ថា កញ្ញាត្រូវដោះស្រាយតាមរបៀបណា។ អ្នកដែលមិនធ្លាប់ជួបជនជាតិខ្មែរ ពួកគេយល់ថា យុវតី ទេពលៈ ជាបុគ្គលតំណាងប្រជាជនកម្ពុជា។ ដូច្នេះកញ្ញាត្រូវធ្វើខ្លួនជាគំរូតំណាងឱ្យប្រជាជនកម្ពុជាដ៏ល្អ។ បេសកកម្មរបស់ ទេពលៈបានចាប់ផ្តើមនៅអាយុ ១៥ ឆ្នាំ ពេលទៅកាន់ Atlanta រដ្ឋ Georgia ដើម្បីបន្តការសិក្សា នៅសាលា Lovett។ ការផ្លាស់ប្តូរពីការរស់នៅប្រកបដោយភាពកក់ក្ដៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកពោរពេញដោយការប្រកួតប្រជែងដើម្បីដណ្ដើមយកចំណេះវិជ្ជាផ្នែកបរិញ្ញាបត្រជាន់ខ្ពស់នៅអាមេរិកមិនមែនជារឿងតូចតាចនោះទេ។
ភាពប៉ិនប្រសប់ក្នុងការសិក្សាបាននាំយុវតីកម្ពុជារូបនេះទៅ Georgia Tech ជាកន្លែងដែលកញ្ញាទទួលបានជំនាញក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល។ ជាមួយនឹងការស្រេកឃ្លានចំណេះដឹង និងការជំរុញពីបុគ្គលជុំវិញខ្លួន ទេពលៈ បានបញ្ចប់ការសិក្សាដោយជោគជ័យទាំងបរិញ្ញាបត្រនៅឆ្នាំ ២០២២ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ។ ទេពលៈ ត្រូវបានជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញក្នុងវីដេអូឃ្លីបអំឡុងពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងចំណោមនិស្សិតជាច្រើននាក់ទៀត។
កញ្ញានិយាយថា ការជ្រើសរើសនេះត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការសាលាពីសមត្ថភាពនៃការសិក្សា បូករួមទាំងការងារសង្គមថែមទៀត។ ពេលខ្លះកញ្ញាមានអារម្មណ៍ថា ដូចជារឿងមិនពិត ព្រោះគិតថា ខ្លួនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយទេ។ ដំណើរលើវិថីនៃការសិក្សា កញ្ញាបានជួបមិត្តភក្តិ និងសាស្ត្រាចារ្យដែលលើកទឹកចិត្តកញ្ញា។ «មនុស្សទាំងអស់នេះប្រាប់ខ្ញុំថា អ្នកធ្វើបានសម្រេចហើយ។ ឪពុកម្តាយខ្ញុំក៏ជឿនិងគាំទ្រខ្ញុំដែរ។ ដូច្នេះ ខ្ញុំចង់ឱ្យសុន្ទរកថារបស់ខ្ញុំបង្ហាញមនុស្សគ្រប់គ្នាថា ទោះបីជាពេលខ្លះយើងអាចមានអារម្មណ៍ថាដូចជាមិនពិតក៏ដោយ នោះមិនមែនមានន័យថា យើងគិតអ៊ីចឹងតែម្នាក់ឯងនោះទេ»។
បញ្ហាប្រឈមដំណើររបស់យុវតី ទេពលៈ មិនមែនគ្រាន់តែជាសមិទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការទម្លុះរបាំងជាតិសាសន៍ និងការរើសអើងទៀតផង។ ទេពលៈ បានឱ្យដឹងអំឡុងពេលនៅសិក្សាថា៖ «បញ្ហាប្រឈមផ្នែកវប្បធម៌ រួមមានឧបសគ្គផ្នែកភាសា និងបញ្ហាបន្ទាប់បន្សំខ្លះទៀតរួមទាំង ការរើសអើងតិចតួច។ ជាសំណាងល្អ ខ្ញុំមិនមានបទពិសោធន៍អា-ក្រក់ច្រើនជាមួយការរើសអើងទេ»។
ទេពលៈ បានចែករំលែកថា ដំបូងឡើយ កញ្ញាមានអារម្មណ៍ថា ខ្លួនមិនសូវមានតម្លៃ។ ទោះជាយ៉ាងណាក៏ដោយយូរៗទៅ កញ្ញាអាចសម្របខ្លួនទៅនឹងស្ថានភាពបាន។ កញ្ញានិយាយថា ដោយសារអ្នកផ្សេងមិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយកញ្ញា ការវិនិច្ឆ័យរបស់ពួកគេមិនគួរមានទម្ងន់ធ្ងន់នោះទេ។ ដូច្នេះ យុវតីកម្ពុជារូបនេះបានសម្រេចចិត្តមិនអនុញ្ញាតឱ្យការវិនិច្ឆ័យបែបនេះប៉ះពាល់ដល់ការយល់ឃើញរបស់ខ្លួនឯងទេ។
ទាក់ទងនឹងឧបសគ្គភាសា ទេពលៈ បានពន្យល់ថា វាពាក់ព័ន្ធនឹងការប្រើភាសាទៅនឹងបរិបទផ្សេងៗ។ ការពង្រីកវាក្យសព្ទជាទូទៅ ពិតជាមានប្រយោជន៍ក្នុងការប្រាស្រ័យទាក់ទងជាមួយជនបរទេស។ ក្នុងនាមជាស្ត្រីមានដើមកំណើតខ្មែរ ដែលសិក្សាក្នុងវិស័យដែលគ្រប់គ្រងដោយបុរសនោះ កញ្ញាបានជួបប្រទះបញ្ហាប្រឈមខ្លះៗដែរ។
កញ្ញាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «វាពិបាកក្នុងនាមជាជនជាតិភាគតិច (អាស៊ី) និងជាស្ត្រីក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិលនៅសហរដ្ឋអាមេរិកដែលជាទូទៅសម្បូរជនជាតិស្បែកស និងបុរស។ ខ្ញុំបានប្រឈមតិចតួច ដូចជាការមិនសូវផ្ដល់ឱកាសស្មើភាពនៅពេលនិយាយអំពីការដាក់ពាក្យសុំការងារទោះបីជាខ្ញុំមានមោទនភាពចំពោះខ្លួនឯងក៏ដោយ»។
បញ្ហាប្រឈមមួយទៀតកើតឡើងជាមួយនឹងការធ្វើការជាមួយកម្មករសំណង់។ ក្នុងនាមជាវិស្វករ កញ្ញាក៏ត្រូវចេញក្រៅដើម្បីមើលថាតើគេសង់សំណង់អគារតាមការរចនាដែរឬអត់។ ពេលខ្លះការខុសឆ្គងរវាងការរចនានិងការសាងសង់ជាក់ស្ដែងអាចជាបញ្ហាជាពិសេសប្រសិនបើអ្នកសាងសង់ជឿថា ពួកគេធ្វើត្រឹមត្រូវហើយដូច្នេះ «ហេតុអ្វីត្រូវផ្លាស់ប្តូរ?»។ ជាមនុស្សស្រីបានធ្វើឱ្យពួកគេពិបាកជឿជាក់លើសមត្ថភាពកញ្ញា។
ទេពលៈ ជាវិស្វករសំណង់ស៊ីវិលបានចែករំលែកការយល់ដឹងអំពីរបៀបដែលប្រវត្តិវប្បធម៌កម្ពុជាមានភាពស៊ីមេទ្រីជាមួយជំនាញបច្ចេកទេសរបស់កញ្ញាពី Georgia Tech ក្នុងតួនាទីការងារនៅក្រុមហ៊ុនយក្ស Tesla។
កញ្ញាថា ទោះបីជាផ្នែកបច្ចេកទេសនៃការងារមិនបានទាក់ទងដោយផ្ទាល់ពីអត្តសញ្ញាណជាតិខ្មែររបស់កញ្ញាក៏ដោយក៏ការចិញ្ចឹមបីបាច់ថែរក្សាវប្បធម៌បានបង្កើតមូលដ្ឋានគ្រឹះនៃជំនាញទន់ រួមទាំងអាកប្បកិរិយា ការគោរពអ្នកដទៃ និងតម្លៃជាបុគ្គលិក។ «វប្បធម៌របស់ខ្ញុំបានបង្រៀនខ្ញុំអំពីការគោរព ប៉ុន្តែក្នុងពេលជាមួយគ្នានោះខ្ញុំនឹងគោរពអ្នកដែលគោរពខ្ញុំជាថ្នូរនឹងការតបស្នង»។
អាជីពការងារនៅ Tesla ឥឡូវនេះនៅពេលដែល ទេពលៈចាប់ផ្តើមអាជីពការងារនៅ Tesla កញ្ញាផ្តោតលើការប្រើប្រាស់ជំនាញ ដើម្បីជំរុញការច្នៃប្រឌិត និងបង្កើតសមិទ្ធផលដ៏មានអត្ថន័យ។ ក្នុងនាមជាផ្នែកមួយនៃក្រុមរចនាវិស្វកម្មសំណង់ស៊ីវិលរបស់ Tesla ទេពលៈ បានត្រៀមខ្លួនដើម្បីដោះស្រាយគម្រោងផ្នែកដឹកជញ្ជូនរហូតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងអគារ Tesla។ ទេពលៈ ចាប់ផ្ដើមដាក់ពាក្យហាត់ការនៅក្រុមហ៊ុនយក្សបច្ចេកវិទ្យាអគ្គិសនី Tesla អំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយចំណាយពេលរហូតដល់ ៣-៤ ខែ ទម្រាំត្រូវបានហៅធ្វើបទសម្ភាសជាច្រើនតង់មុនពេលសម្រេចទទួលយុវតីកម្ពុជារូបនេះចូលបម្រើការងារក្នុងឋានៈជាអ្នកហាត់ការ។
យុវតី ទេពលៈ បានសុំពន្យារការងារហាត់ការបន្ថែមទៀត រហូតដល់បញ្ចប់ការសិក្សា។ នៅពេលនោះ កញ្ញាក៏បានដាក់ពាក្យសុំធ្វើការងារនៅ Tesla។ ប៉ុន្ដែមិនមែនមានន័យថា ចូលជាបុគ្គលិកពេញសិទ្ធិ ហើយត្រូវបានជ្រើសរើសដោយងាយស្រួលនោះទេ។ ដោយមានភារកិច្ចចម្បងលើផ្នែកថែទាំប្រព័ន្ធតំណក់ទឹកនៅអគារក្រុមហ៊ុន ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ កញ្ញា ត្រូវឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពតាមរយៈការសម្ភាសជាច្រើនម៉ោង។
យុវតីកម្ពុជា ដែលឃ្លាតឆ្ងាយពីឪពុកម្ដាយតាំងពីអាយុ ១៥ ឆ្នាំរូបនេះនិយាយថា៖ «ខ្ញុំនឹងចាប់ផ្ដើមការងារពេញសិទ្ធិនៅ Tesla នៅដើមខែកុម្ភៈនេះ»។
ទេពលៈ និយាយថា កញ្ញានឹងធ្វើការក្នុងក្រុមរចនាវិស្វកម្មសំណង់ស៊ីវិល ដែលជួយដល់គម្រោងមួយចំនួន ដូចជា គម្រោងឧបករណ៍ប្រើប្រាស់ គម្រោងដឹកជញ្ជូន គម្រោងសំណឹក និងគម្រោងផ្សេងៗទៀត។
ទេពលៈ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំមិនត្រឹមតែក្លាយជាវិស្វករកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏កំពុងអភិវឌ្ឍជំនាញទន់ដូចជាទំនាក់ទំនងក្រមសីលធម៌ការងារ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលានិងផ្សេងៗទៀត»។
ចំពោះសមតុល្យជីវិតការងារ កញ្ញាពិតជាមានការត្រេកអរណាស់ដែលមានអ្នកគ្រប់គ្រងតែងតែយកចិត្តទុកដាក់លើការងារនិងសុខុមាលភាពរបស់កញ្ញាផងដែរ។ ថ្វីដ្បិតតែមានបន្ទុកការងារធ្ងន់ និងពេលវេលាកំណត់ដ៏តឹងរ៉ឹងក៏ដោយ ក៏ក្រុមការងាររបស់កញ្ញាយកចិត្តទុកដាក់ចំពោះរូបនាងដោយផ្ដោតលើសុខភាព។
យុវតីដែលមកលេងមាតុភូមិកំណើតមួយរយៈ និងត្រៀមបេសកកម្មការងារនៅ Tesla ថ្ងៃទី ៥ កុម្ភៈនិយាយថា៖ «នៅ Tesla មានក្រុមមួយឈ្មោះថា Women in Tesla ដែលជាស្ត្រីរួមគ្នាដើម្បីរីកចម្រើនក៏ដូចជា ចែករំលែកចំណេះដឹងនិងបទពិសោធន៍។ ខ្ញុំសង្ឃឹមថានឹងក្លាយជាផ្នែកមួយនៃអង្គភាពនិងជួយតាមគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើបាន»៕