ភ្នំពេញៈ យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីកងកម្លាំងនគរបាលជាតិដែលនាំទៅដល់ការបណ្ដេញចេញមន្ត្រីនគរបាលមួយចំនួននាពេលកន្លងមក គឺជាការបន្តឆន្ទៈពីរាជរដ្ឋាភិបាលអាណត្តិមុនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវធ្វើបន្តកុំឱ្យបញ្ហាគ្រឿងញៀនក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល នាំទុក្ខដល់ប្រជាជនទូទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងថា ដោយផ្អែកលើអភិក្រមរបស់នាយករដ្ឋមន្ត្រីអាណត្តិមុន គឺចំណុចចុងក្រោយដែលចែងពីការវះកាត់ ពោលគឺមន្ត្រីដែលមានបញ្ហាមិនប្រក្រតី មានកំហុសឆ្គងទាក់ទងនឹង បទល្មើសផ្សេងៗជាពិសេសពាក់ព័ន្ធសារធាតុញៀន គឺត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌ។
លោកថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៦ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាទិសដៅទី១ ដែលក្រសួងមហាផ្ទៃត្រូវតែគ្រប់គ្រង និងប្រឆាំងចំពោះបញ្ហានេះ។
លោកថ្លែងថា៖ «តាមគោលការណ៍របស់លោកនាយករដ្ឋមន្ត្រីអាណត្តិថ្មី ដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ និងបញ្ហាមិនប្រក្រតីនានាដែលកើតឡើងនៅក្នុងសង្គម គឺត្រូវផ្តើមចេញពីការសម្អាតខ្លួនជាមុន ពោលគឺនិយាយពីការសម្អាតផ្ទះ ដែលសំដៅដល់ការរកឱ្យឃើញមន្ត្រីធ្វើខុសពាក់ព័ន្ធបទល្មើសផ្សេងៗ ពិសេសគឺគ្រឿងញៀន មូលហេតុទាំងអស់នេះហើយ ដែលនាំឱ្យឈានទៅដល់ការបើកយុទ្ធនាការណ៍ ធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិ នៃក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ពោលគឺដើម្បីធ្វើយ៉ាងណាកម្លាំងអនុវត្តច្បាប់ ត្រូវសម្អាតខ្លួនជាមុនសិន ទើបប្រសិទ្ធភាពនៃការអប់រំណែនាំ តម្រង់ទិសដល់មហាជនទូទៅមានប្រសិទ្ធភាព និងធ្វើឱ្យការបង្ហ្រាបបទល្មើសគ្រឿងញៀន ផ្សេងៗ មានប្រសិទ្ធភាព»។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការចាប់យកសារធាតុញៀន និងបង្ក្រាបគ្រឿងញៀនក្នុងឆ្នាំ ២០២២ បានប្រមាណជិត ១៤ តោន។ ក្នុងពេលថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានរឹបអូស និងបង្ក្រាបករណីគ្រឿងញៀនធំៗចំនួន ២ លើក រឹបអូសបានជិត ៣ តោន។ ការបង្ក្រាបទ្រង់ទ្រាយធំដើមឆ្នាំ ២០២៤ នេះ គឺនៅខេត្តព្រះសីហនុ បង្ក្រាបបាន ១,៥ តោន កាលពីថ្ងៃទី ២២ ខែមករា ដោយចាប់បានជនបរទេសចម្រុះជាតិសាសន៍ ៥ នាក់។ ដោយឡែក កាលពីថ្ងៃទី ២០ ខែមករា កងរាជអាវុធហត្ថខេត្តព្រះវិហារបានរឹបអូសគ្រឿងញៀនជាង ១ តោន ដែលជនល្មើសយកទៅប្លុងចោលក្នុងរថយន្ត ១ គ្រឿង នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ណាត រតនា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច ខេត្តព្រៃវែង និងលោក ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ព្រោះល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ក្រោយមកនៅថ្ងៃទី ១៨ ខែមករា មានមន្ត្រីនគរបាលចំនួន ៤ រូបទៀត មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិផងដែរ។ ក្រៅពីនោះ នៅមានកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃជាច្រើនទៀត ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ពិសេសគឺមន្ត្រី ដែលធ្វើតេស្តរកឃើញមានសារធាតុញៀន។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា ចាប់ពីអំឡុងខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ មានកម្លាំងនគរបាលជាតិ ប្រមាណជិត ១០០ នាក់ហើយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដើម្បីធ្វើការបោសម្អាតមន្ត្រីមិនល្អចេញ។ មន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌទាំងនោះ មានមន្ត្រីនគរបាលជាតិប្រមាណជិត ៥០ នាក់ ដែលធ្វើតេស្តឃើញមានសារធាតុញៀន ត្រូវបានចាត់នីតិវិធីបណ្តេញចេញពីក្របខ័ណ្ឌ និងប្រមាណជិត ៥០ នាក់ទៀត ពាក់ព័ន្ធបទល្មើសវិន័យកម្លាំងនគរបាលជាតិ ក៏ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌផងដែរ។
ប្រភពដដែលបានឱ្យដឹងថា អង្គភាព ដែលបានអនុវត្តន៍ការធ្វើតេស្តរកសារធាតុញៀន មានអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនទៀតបានចាប់ផ្តើមធ្វើ និងបន្តធ្វើជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃនៅតែរំពឹងទុកយ៉ាងមុតមាំថា កងកម្លាំងមន្ត្រីនគរបាលជាតិទាំងអស់បន្តចូលរួមយ៉ាងសកម្ម ដូចពេលកន្លងទៅ ហើយនឹងបន្តគាំទ្រយុទ្ធនាការមួយនេះ ហើយខ្ញុំគិតថា ធៀបនឹងលទ្ធផល ដែលបានរកឃើញកន្លងទៅ ការរកឃើញ លើកក្រោយៗទៀតនេះ មិនមានច្រើនគួរឱ្យកត់សម្កាល់ទេ»។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២៣ កាលពីថ្ងៃទី ២១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងជារឿងដែលត្រូវធ្វើមុនគេ ហើយអ្នកដែលពាក់ព័ន្ធគឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ហើយការពិនិត្យរកអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននេះ ក្នុងពេលកន្លងមកក្រសួងការពារជាតិបានធ្វើច្រើនមកហើយ។ កាលនៅជាមេបញ្ជាការកងទ័ពជើងគោក នៅអំឡុងឆ្នាំ ២០១៩ លោកធ្លាប់បានបណ្តេញកងទ័ពដែលពាក់ព័ន្ធគ្រឿងញៀនចេញពីក្របខ័ណ្ឌ ៤៨ នាក់ ដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំមកទៀត អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកក៏បានបណ្តេញចេញចំនួន ៨០ នាក់ រីឯនៅតាមភូមិភាគនានាក៏ធ្លាប់បានចុះហត្ថលេខាបណ្តេញចេញពីក្របខ័ណ្ឌជាច្រើនទៀត។
លោកថ្លែងថា៖ «បើមិនបន្សុទ្ធកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងអនុវត្តច្បាប់យើងទេ យើងពិបាកហើយ។ ចំពោះអ្នកជួញដូរ អាហ្នឹងត្រូវមានបញ្ញត្តិដាច់ដោយឡែក ព្រោះច្បាប់របស់យើងអ្នកដែលប្រើប្រាស់ចាត់ទុកជាជនរងគ្រោះ តាមពិតការងារនេះខ្ញុំធ្វើតាំងពីនៅជាមេបញ្ជាការប្រឆាំងភេរវកម្ម នៅពេលដែលមាន[អ្នកពាក់ព័ន្ធគ្រឿងញៀន]គឺយើងកាត់ចេញ តែពេលខ្លះយើងអាណិត រុញទៅមណ្ឌលបន្សាប ដោយចេញថវិកាឱ្យ (ព្រោះ) អាណិតម៉ែឪ តែអត់ឱ្យចូលវិញទេ»។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់បញ្ជាឱ្យបណ្តេញចេញមន្ត្រីនគរបាលរូបណា ដែលធ្វើតេស្តរកឃើញមានសារធាតុញៀន។ ការប្រកាសបណ្តេញចេញយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣។
ជាមួយគ្នានោះលោកក៏បាន ដាស់តឿនដល់អ្នកពាក់ព័ន្ធផ្សេងទៀតជាមន្ត្រីស៊ីវិល ត្រូវប្រញាប់ដកខ្លួនចេញ រីឯអ្នកមានសារធាតុញៀនត្រូវប្រញាប់ធ្វើការបន្សាបដោយខ្លួនឯង ទោះបីការអនុវត្តចំពោះមន្ត្រីស៊ីវិលមិនទាន់កំណត់ក៏ដោយ។
លោក ទូច សុឃៈ បញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននឹងត្រូវបន្តធ្វើចំពោះមន្ត្រីស៊ីវិល ប៉ុន្តែកាលបរិច្ឆេទចាប់ផ្តើមនៅមិនទាន់មានការកំណត់នៅឡើយ រង់ចាំដល់ការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលបញ្ចប់ ជាមុនសិន។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការពង្រឹងការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពង្រឹងមន្ត្រី ដែលមានសមត្ថកិច្ចលើកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាអាចធ្វើឱ្យយន្តការទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់ចេញមានប្រសិទ្ធភាពខ្ពស់។ ការធ្វើតេស្តមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធគ្រឿងញៀន និងការដកតំណែងចេញពីក្របខ័ណ្ឌគឺជារឿងចាំបាច់ ហើយត្រូវបន្តធ្វើឱ្យបានកាន់តែទូលំទូលាយថែមទៀត ហើយអ្នកពាក់ព័ន្ធត្រូវដាក់ទោសឱ្យធ្ងន់។
លោកថ្លែងថា៖ «មន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀន គួរតែមានការដាក់ទោសឱ្យបានធ្ងន់តាមច្បាប់ ដើម្បីកុំឱ្យក្លាយជាគំរូអាក្រក់ដល់សង្គម និងប៉ះពាល់ដល់មន្ត្រីផ្សេងទៀតដែលធ្វើការងារស្អាតស្អំ»។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលជាតិ ជារឿងល្អ ក្នុងការធ្វើបន្សុទ្ធកម្ម រកឱ្យឃើញកម្លាំងពិត ដែលត្រូវទៅប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។ ការអនុវត្តន៍ច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន បើមានមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទៅហើយនោះ ប្រៀបដូចជា ការប្រយុទ្ធជាមួយសត្រូវដោយមានរនុកក្នុង ដែលប្រាកដជា ធ្វើឱ្យការប្រយុទ្ធជួបបរាជ័យមិនខាន។
លោកថ្លែងថា៖ «បន្ទាប់ពីការរកឃើញមន្ត្រីមានពាក់ព័ន្ធគ្រឿងញៀន មិនគួរធ្វើការបញ្ចប់ត្រឹមការបណ្តេញចេញពីក្របខ័ណ្ឌនោះឡើយ គួរណាស់តែបន្តស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតថា តើមន្ត្រីដែលពាក់ព័ន្ធទាំងនោះ មានការចូលរួមពាក់ព័ន្ធគ្រឿងញៀនដោយរបៀបណា មានខ្សែបណ្តាញយ៉ាងដូចម្តេច ហើយនៅទីណាខ្លះ មិនមែនត្រឹមតែ បន្ថយឋានន្តរស័កិ្ត ឬក៏បណ្តេញចេញប៉ុណ្ណឹងរួចខ្លួនទេ ត្រូវកសាងសំណុំរឿងទៅតុលាការហើយ ត្រូវប្រមូលព័ត៌មានពីពួកគាត់ហ្នឹងដើម្បីទៅស្រាវជ្រាវរកឫស រកគល់ រកបណ្តាញផ្សេងៗទៀត បើសិនជាគាត់សហការអាចបន្ធូរបន្ថយទោស ប៉ុន្តែបើមិនសហការទេអាហ្នឹងទោសកាន់តែធ្ងន់ អ៊ីចឹងទៅ»។
លោក ទូច សុឃៈ ថ្លែងថា ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីនេះ គឺជាការសម្អាតផ្ទះ មានន័យថាអនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិ ពោលគឺបណ្តេញមន្ត្រីកងកម្លាំងនគរបាលណាពាក់ព័ន្ធគ្រឿងញៀនចេញ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប៉ុន្តែករណីពិនិត្យរកឃើញមានអ្នកពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀន ទើបមានការចាត់ការតាមនីតិវិធី។
លោកថ្លែងថា៖ «លើកលែងតែយើងពិនិត្យទៅហើយ ឃើញមានជាប់ពាក់ព័ន្ធពួកក្រុមជួញដូរ ចែកចាយគ្រឿងញៀនធំៗហូរហែទេ បានយើងចាត់នីតិវិធី ឬក៏ជាទូទៅបទល្មើសព្រហ្មទណ្ឌទូទៅហូរហែទេ បានយើងចាត់នីតិវិធីស្រាវជ្រាវ ហើយបញ្ជូនទៅតុលាការ តែបើសិនជាត្រឹមតែប្រើប្រាស់ ធម្មតាៗដូចដែលយើងរកឃើញកន្លងមកនេះទេ គឺអនុវត្តវិន័យគ្រួសារ»៕