បើទោះបីជាបច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែទំនើបហើយមានព័ត៌មានជាច្រើនយ៉ាងសម្បូរបែបរួមទាំង Ebook (សៀវភៅអេឡិចត្រូនិក ឬ Ereading) នៅលើបណ្តាញសង្គមយ៉ាងណាក្តី ក៏និន្នាការនៃការអាន សៀវភៅបោះពុម្ព មិនបានថយចុះនោះដែរ ខណៈក្រសួងអប់រំយុវជន និងកីឡានឹងប្រារព្ធទិវាជាតិអំណាននៅថ្ងៃទី ១១ ខែមីនា ដែលជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ។
ការវាយតម្លៃថា និន្នាការនៃការអានសៀវភៅបោះពុម្ពមិនបានថយចុះនោះ គឺផ្អែកទៅតាមការសង្កេតតាមរយៈការតាំងពិព័រណ៍សៀវភៅបោះពុម្ពកន្លងមករយៈពេល ៤ ថ្ងៃ ដែលមានអ្នកចូលទិញសៀវភៅរហូតដល់ជាង ២០ ម៉ឺននាក់ ភាគច្រើនលើសលប់ជាយុវជន។ នេះបើយោងតាមអង្គការស៊ីប៉ា (Sipar) នៅកម្ពុជា ដែលមានកម្មវិធីលើកទឹកចិត្តឱ្យពលរដ្ឋអានសៀវភៅតាមរយៈការបង្កើតបណ្ណាល័យចល័ត។
យុវជន ហុង សេរីហ្វុង ជានិស្សិតឆ្នាំទី៤ រៀននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរដែលបានឱ្យដឹងថា បើនិយាយពីចំណូលចិត្ត គឺប្អូនចូលចិត្តអានទាំង ២ ប្រភេទទាំងសៀវភៅបោះពុម្ព និងតាមអនឡាញ (Ebook សៀវភៅអេឡិចត្រូនិកឬ Ereading)។ ប៉ុន្តែដោយសារបច្ចុប្បន្នជាសម័យឌីជីថល អ៊ីចឹងភាគច្រើនដែលអានគឺជាសៀវភៅដាក់ក្នុងទូរស័ព្ទដៃជា pdf ឬក៏ជា ebook ព្រោះសៀវភៅបោះពុម្ពមានការពិបាកយកតាមខ្លួន។ មូលហេតុដែលលោកជ្រើសរើសការអានតាមទូរស័ព្ទដោយសារសៀវភៅដាក់ក្នុងទូរស័ព្ទ វាឥតគិតថ្លៃហើយលោកអាចដោនលោតពីអ៊ីនធឺណិតមិនអស់លុយទៀត។ ម្យ៉ាងបើលោកចង់អានសៀវភៅបោះពុម្ពគឺត្រូវចំណាយលុយទិញទើបបានតែកាលពីលោកនៅរៀនវិទ្យាល័យលោកអានតែសៀវភៅបោះពុម្ពទេ។
យុវជនសេរីហ្វុងប្រាប់ថា៖ «សម្រាប់ខ្ញុំទោះយ៉ាងណា ខ្ញុំមិនបោះបង់សៀវភៅបោះពុម្ពចោលដែរ បើខ្ញុំអាចខ្ញុំនឹងទិញសៀវភៅបោះពុម្ពអានវិញ ព្រោះសៀវភៅបោះពុម្ព នៅពេលយើងអានវាមិនប៉ះពាល់ដល់ភ្នែកទេ។ បើអានអេក្រង់ទូរស័ព្ទមានពន្លឺធ្វើឱ្យប៉ះពាល់ដល់ភ្នែកយើង»។
ចំពោះនិន្នាការនៃការអានវាហាក់ដូចជាផ្ទុយពីការលើកឡើងរបស់យុវជនខាងលើព្រោះសម្រាប់យុវនិស្សិតដួង មុនីដែលបច្ចុប្បន្ន កំពុងសិក្សានៅសាកលវិទ្យាល័យក្រុងក្រចេះឆ្នាំទី៤ លើមុខជំនាញការពារដំណាំនិងបច្ចេកវិទ្យាប្រមូលផលប្រាប់ថា ចំពោះលោកផ្ទាល់ចូលចិត្តអានតាមសៀវភៅបោះពុម្ពជាជាងអានក្នុងទូរស័ព្ទ។ ដោយសារតែការអានសៀវភៅបោះពុម្ភ មានលក្ខណ:ងាយស្រួលជាងព្រោះមានទំហំអក្សរធំៗ និងមិនប៉ះពាល់ដល់សុខភាពភ្នែកហើយអានសៀវភៅបោះពុម្ពមិនធ្វើឱ្យស្ពឹកស្រពន់ដូចអានតាមទូរស័ព្ទឡើយបើទោះគ្មានអ៊ីនធឺណិតក៏នៅតែអានបានដែរ។
យុវនិស្សិតអាយុ ២០ ឆ្នាំរូបនេះបញ្ជាក់ថា៖ «ខ្ញុំចូលចិត្តអានសៀវភៅបោះពុម្ពព្រោះចៀសវាងពីការប៉ះពាល់វិទ្យុសកម្មពីប្រព័ន្ធបច្ចេកវិទ្យាផង។ អានសៀវភៅគឺផ្តល់ផលប្រយោជន៍ទទួលបានចំណេះដឹងនានាពីសៀវភៅ។ ចេះពាក្យថ្មីៗជាច្រើនស្វែងយល់ពីបញ្ហាមួយចំនួនតាមការបង្ហាញឡើងតាមរយ:អ្នកនិពន្ធ។ ជួយបង្កើនគុណភាពការអានរបស់អ្នកអាន ព្រោះការអានមានប្រយោជន៍ច្រើនចំពោះមនុស្សគ្រប់វ័យ»។
កាលពីរវាង ១០ ឆ្នាំមុន មានការកើនឡើងជាសកលនៃការអាន (ebook) ដូចជានៅប្រទេសអឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅប្រទេសជឿនលឿនផ្សេងទៀត ដូចជាជប៉ុនក្តីមានការកើនឡើងឆ្ពោះទៅរកការអាន (ebook) ច្រើន។ ជាប្រវត្តិកន្លងមក សៀវភៅក្រដាស គឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែប្រហែល ១០ ឆ្នាំកន្លងមកនៅប្រទេសអាស៊ី ពិសេសនៅប្រទេសដែលមិនសូវមានការអភិវឌ្ឍគឺមិនសូវបានវិវឌ្ឍសៀវភៅ (ebook) ច្រើនប៉ុន្មានទេ មានតែជប៉ុននិងកូរ៉េខាងត្បូងប៉ុណ្ណោះដែលអាចវិវឌ្ឍសៀវភៅ (ebook) ច្រើនតែបច្ចុប្បន្ននេះការអាន (ebook) វាបានធ្លាក់ចុះមកវិញហើយ។ នៅអឺរ៉ុបនៅសល់ពី ១០ ទៅ ២០ ភាគរយ ខណៈនៅសហរដ្ឋអាមេរិកធ្លាក់ចុះពី ៦០ មកនៅត្រឹម ៣០ ទៅ ៤០ ភាគរយ នៃការអាន (ebook) ឯនៅប្រទេសជប៉ុន ក៏ប្រហាក់ប្រហែលហ្នឹងដែរ។ នេះបើតាមការលើកឡើងរបស់លោកហុកសុទ្ធ ប្រធានអង្គការស៊ីប៉ា ដែលជាអង្គការបង្កើតបណ្ណាល័យ
ចល័តនិងបោះពុម្ពសៀវភៅ។
លោក ហុក សុទ្ធ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «អ៊ីចឹងការវិវឌ្ឍន៍នេះ វាធ្លាក់ចុះមកវិញដោយសារតែមាននិន្នាការមួយ បណ្តុះនៃការអានមែនទែននោះ គឺវាត្រឡប់ទៅរកសៀវភៅក្រដាសវិញ។ ខ្ញុំបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រទេ។ ប៉ុន្តែខ្ញុំយល់ថា ការអានសៀវភៅក្រដាសចំពោះអត្ថបទវែងៗចំពោះខ្លឹមសារសំខាន់ៗគឺមានលក្ខណៈរឹងមាំជាងការអានតាមទូរស័ព្ទ។ អ៊ីចឹងហើយបានជាមនុស្សត្រឡប់ទៅរកការអានសៀវភៅក្រដាសវិញច្រើនជាងពីមុន»។
បើតាមលោក ហុក សុទ្ធ តួនាទីសៀវភៅជាប្រពៃណីដែលជាសៀវភៅក្រដាសនៅតែផ្តល់សារៈសំខាន់នៅក្នុងការអប់រំក៏ដូចជាក្នុងការទទួលព័ត៌មានផ្សេងៗ ទាំងការអាន ដើម្បីអប់រំទាំងការអានដើម្បីរៀនសូត្រនិងការអានដើម្បីកម្សាន្ត។ ប៉ុន្តែក៏មិនមែនមានន័យថា បាត់តួនាទីទេវានៅមានតួនាទីបន្តជាមួយគ្នាហ្នឹង ដែលបានន័យថា នៅលើកញ្ចក់ទូរស័ព្ទ គេអានខ្លឹមសារអ្វីៗដែលខ្លីដែលសង្ខេបតិចតួចបានតែបើអានឱ្យវែងឆ្ងាយក្បោះក្បាយនោះវានៅតែចាញ់ការអានតាមសៀវភៅដដែលទេ។ សម្រាប់យុវជនខ្មែរបច្ចុប្បន្នមានការចាប់អារម្មណ៍នៃការអានសៀវភៅច្រើនជាងមុន តាមរយៈការចូលរួមទស្សនាក្នុងពិព័រណ៍សៀវភៅ ដោយក្នុងខែធ្នូឆ្នាំ ២០២៣ ការតាំងពិព័រណ៍រយៈពេល ៤ ថ្ងៃ មានអ្នកចូលទិញសៀវភៅជាង ២០ ម៉ឺននាក់ ដែលភាគច្រើនលើសលប់ជាយុវជន ដែលលោកគិតថា ពួកគាត់ចាប់អារម្មណ៍លើការអានសៀវភៅបោះពុម្ព។
លោកថា៖ «សៀវភៅដែលលក់នៅក្នុងពិព័រណ៍សៀវភៅហ្នឹង គឺជាសៀវភៅក្រដាសមិនមែនសៀវភៅ (ebook) ទេ។ នៅមានសៀវភៅ (ebook) ដែរ តែស្ទើរតែ ៩៩ ភាគរយហើយដែលពួកគាត់មានទំនោរទៅទិញសៀវភៅក្រដាស»។ សៀវភៅក្រដាសនៅតែជាប្រភពផ្តល់ចំណេះដឹងរឹងមាំ ដែលមនុស្សត្រូវការរីឯ (ereading ឬebook) មិនជំនួស ដល់ការប្រើប្រាស់សៀវភៅទេ។
លោកបន្តថា៖ «ប៉ុន្តែយើងអាចដាក់សៀវភៅច្រើនក្បាលក្នុងទូរស័ព្ទគ្មានទម្ងន់ធ្ងន់វាមិនត្រូវការកន្លែងទូលាយវាក៏មានប្រយោជន៍ដែរទាំង ២ នេះវានៅតែប្រជែងគ្នាគ្រាន់តែថា ការអានសៀវភៅក្រដាសនៅតែមានសារៈសំខាន់ផ្តល់ការចេះដឹងរឹងមាំជាង»។
បើតាមលោក ហុក សុទ្ធ ពន្លឺទូរស័ព្ទអាចប៉ះពាល់ដល់ភ្នែកពិសេសក្មេងៗដែលបច្ចុប្បន្នខ្លះពាក់វែនតាតាំងពីនៅតូចៗទៅហើយ។ ភាគច្រើនក្មេងៗលេងហ្គេមនិងមើលវីដេអូតាមទូរស័ព្ទដែល ១ ថ្ងៃៗនៅតែពន្លឺកញ្ចក់ទូរស័ព្ទក៏វាអាចធ្វើឱ្យឆាប់ខូចភ្នែកដែរ។ សម្រាប់អង្គការស៊ីប៉ាជួយពង្រឹងស្មារតីក្នុងការអានដែលបង្កើតការបោះពុម្ពសៀវភៅនិងបង្កើតបណ្ណាល័យចល័តសម្រាប់សិស្សនៅតាមសាលារៀន។
ការអានបើទោះជាមានជម្រើសច្រើនក្តីកត្តាអាយុក៏ជាបញ្ហាមួយដែរដូចលោកស្រីម៉ៅ សំណាង ជាអ្នកនិពន្ធទាំងភាពយន្តនិងនិពន្ធសៀវភៅ និងជាមន្ត្រីនៃសមាគមអ្នកនិពន្ធខ្មែរដែលនិពន្ធសៀវភៅរាប់រយក្បាលមកហើយនោះបានប្រាប់ថា យុវជនជាវ័យដែលអានសៀវភៅច្រើនជាងគេ ខុសពីប៉ុន្មានឆ្នាំមុន បើទោះជាបច្ចុប្បន្នមានទូរស័ព្ទងាយស្រួលក្នុងការស្វែងរកសៀវភៅអេឡិកត្រូនិកក៏ដោយ។ ចំនួននេះគឺភាគច្រើនជាសិស្សនិស្សិតហើយអ្នកស្រីសង្កេតតាមរយៈការធ្វើពិព័រណ៍សៀវភៅថ្នាក់ជាតិ។ ប៉ុន្តែសម្រាប់មនុស្សចូលដល់វ័យកណ្តាលចំនួននៃការអានថយចុះទៅវិញ មូលហេតុដោយសារគាត់មានគូស្រករត្រូវគិតគូរពីរឿងសេដ្ឋកិច្ចគ្រួសារវិញម្តង។
អ្នកស្រីថ្លែងថា៖ «បើគ្រាន់តែបើកទូរស័ព្ទមើលឃើញអាចឱ្យយើងមើលឃើញភ្លាមៗក្តី តែសម្រាប់ខ្ញុំសង្កេតឃើញថា យុវវ័យផុលផុសអានច្រើន។ នេះមិនមែនថា ខ្ញុំជាអ្នកនិពន្ធសៀវភៅហើយថា គេចូលចិត្តអានតែសៀវភៅខ្ញុំទេតែខ្ញុំថា ចំនួនអ្នកអានច្រើនគឺតាមរយៈការតាំងពិព័ណ៍សៀវភៅម្តងៗ»។
នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២៤ ក្រសួងអប់រំយុវជននិងកីឡានឹងប្រារព្ធទិវាអំណានជាតិលើកទី ៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់អ្នកទាំងអស់គ្នាក្នុងជីវិត»។ បើតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំប្រាប់ភ្នំពេញប៉ុស្តិ៍ថា អំណានជាធាតុដ៏សំខាន់ ក្នុងការអភិវឌ្ឍ ធនធានមនុស្សឱ្យមានលក្ខណសម្បត្តិពេញលេញប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកថ្ងៃទី ១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណាននេះឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់ សម្តេចព្រះសង្ឃរាជ។
លោកស្រីថ្លែងថា៖ «សម្តេចព្រះសង្ឃរាជបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្ត្រខ្មែរពីអាណានិគមនិយមបារាំង។ ទិវាជាតិអំណាន ធ្វើឡើងក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ»៕