​ភ្នំពេញៈ ក្រសួងសុខាភិបាល​បានបង្ហាញ​ក្ដីបារម្ភ​ពី​ផលប៉ះពាល់​សុខភាព​ដោយសារ​ការប្រើប្រាស់​បារី​អេ​ឡិ​ក​ត្រូ​​និក​នៅ​កម្ពុជា ខណៈដែល​អង្គការ​ក្នុងស្រុក​ ១ ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ប្រហែល​ ៨៥​ ភាគរយ ​ជា​សិស្ស​ដែល​បាននិងកំពុង​ជក់បារី​អេឡិចត្រូនិក​នេះ​។​


​ការព្រួយបារម្ភ​នេះ ក៏​ស្របទៅនឹង​មតិ​លើកឡើង​របស់​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ថា មាន​យុវជន​មួយចំនួន​នៅតែ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ដែល​ករណីនេះ​មួយផ្នែក​បណ្ដាលមកពី​ការ​ផ្សព្វ​ផ្សាយ​លក់​តាម​អន​ឡាញ​នៅតែ​បន្ត​កើតមាន​យ៉ាង​ផុសផុល​។​

​ដូច​ទៅនឹង​ការលើកឡើង​ខាងលើ​ដែរ យុវជន​អាយុ​ ១៧ ​ឆ្នាំ​ម្នាក់​ ក្នុងចំណោម​គ្នីគ្នា​ចំនួន ​៣​ នាក់ ​ដែលមាន​សក់ស្លូត​លាប​ពណ៌​ទង់ដែង​ដុះ​បាំង​បាត់​ស្លឹក​​ត្រចៀក និង​នៅ​ផ្នែក​ខ្លះ​នៃ​ដងខ្លួន​មាន​រូបសាក់​ផង​នោះ​ក៏​ជា​អ្នក​ជក់បារី​អេឡិចត្រូនិក​ម្នាក់​ដែរ​។ ស៊ុម រ៉ា ​(​ឈ្មោះ​ហៅ​ក្រៅ​)​ ជា​យុវជន កំព្រាម្តាយ ​(​ឪពុកម្ដាយ​លែងលះគ្នា​) និង​ជា​កូន​ទី​៥​ ក្នុងចំណោម​បងប្អូន ​៦ ​នាក់ ​(​ស្រី​ច្បង​)​ ហើយ​រូបគេ​មិនបាន​ចូល​សាលារៀន​ឡើយ​។  


​យុវជន​ដែល​កំពុង​រស់នៅ​ជាមួយ​ឪពុក​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រូបនេះ បាន​ប្រាប់ថា កាលពី​អាយុ​ ១៥​ ឆ្នាំ​រូបគេ​បាន​សាកល្បង​ជក់បារី​កញ្ចប់​ធម្មតា​ក្នុង​ ១ ​ថ្ងៃ ១​ ដើម ដោយ​លាក់​បំបាំង​មិនឱ្យ​ឪពុក​ដឹង​ឡើយ​។​ក្រោយពី​លួច​រៀន​ជក់បារី​បានតែ​ ១ ​ខែ រូបគេ​ក៏​ញៀន​ខ្លាំង​ឡើងៗ ហើយ​ហ៊ាន​ចំណាយលុយ​ទិញ​បារី​ជក់​រហូតដល់​ ៤​ កញ្ចប់​ ក្នុង​ ១​ ខែ ខណៈដែល​នៅពេលនោះ​ខ្លួនគេ​គ្មាន​ការងារ​ធ្វើ និង​គ្មាន​លទ្ធភាព​ដើម្បី​រកលុយ​បាន​ដោយ​ខ្លួនឯង​ផង​នោះ​។​

​ស៊ុម​រ៉ា បាន​ប្រាប់ថា​៖ «​មុនដំបូង ខ្ញុំ​រៀន​ជក់បារី​ធម្មតា​ជាមួយ​មិត្តភក្តិ​ខ្ញុំ​ធម្មតាៗ​ទេ ហើយ​ខ្ញុំ​ក៏​មិនដែល​គិតថា​វា​ធ្វើឱ្យ​យើង​ញៀន​ដែរ​។ តែ​ពេលនេះ​ខ្ញុំ​បែរជា​ញៀន​បារី​ខ្លាំង​រហូត​ខ្ញុំ​អត់​វា​លែង​បាន ខ្ញុំ​មិនអាច​រកលុយ​ទិញ​បារី​បានទេ ពេលនេះ​ខ្ញុំ​ទិញ​បារី​អេ​ឡិច​ត្រូ​និក​មក​ប្រើ​ជំនួស​បារី​ធម្មតា​វិញ ម្យ៉ាង​វា​មាន​ក្លិនក្រអូប​ផង​។​ពីមុន​ខ្ញុំ​លួច​ជក់​មិនឱ្យ​ឪពុក​ខ្ញុំ​ដឹង​ទេ តែ​ឥឡូវ​គាត់​ដឹង​ពី​ការ​ញៀន​បារី​របស់ខ្ញុំ​ហើយ​»​។​


​ទាក់ទង​នឹង​បារី​អេឡិចត្រូនិក​នេះ កាលពី​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​លើកឡើងថា កន្លងមក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ហាមឃាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម​និង​ការប្រើប្រាស់​បារី​ប្រភេទ​ (Ecigaratte) ផលិតផល​ស៊ី​ហ្សា ​(SHISHA)​ និង​ផលិតផល​អេ​ច​​ឈ៍​ធី​ភី ​(HTP-Heated Tobacco Product) ដោយ​លើក​ហេតុផល​ថា​ផលិតផល​ទាំងនេះ​បង្កឱ្យមាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​បណ្តាលឱ្យ​អ្នកប្រើប្រាស់​ងាយ​នឹង​ទទួល​ភាព​ញៀន​ពី​សារធាតុ​ញៀន​ផ្សេងៗ​ដែលមាន​នៅក្នុង​បារី​អេឡិចត្រូនិក ដូចជា ប្រភេទ E-cigs,Vape pens,Vapes​ ជាដើម​។​

បុរស​ម្នាក់​ជក់បារី​អេឡិចត្រូនិក​នាពេល​កន្លងមក​។ភ្នំំពេញ ប៉ុស្តិ៍

​សេចក្តីប្រកាស​ព័ត៌មាន​ឱ្យដឹងថា ចំហាយ​បារី​អេឡិចត្រូនិក​ដែល​អ្នកប្រើប្រាស់​ស្រូបយក​ពី​ឧបករណ៍​សម្រាប់​ជក់​នឹង​បញ្ចេញ​មកវិញ​នូវ​សារធាតុ​ដែលមាន​គ្រោះថ្នាក់​។ នីកូទីន​ (Nicotine)​ គឺជា​ភាគល្អិតៗ​ដែល​អាច​ស្រូប​ចូលក្នុង​សួត​។​សារធាតុ​គីមី​ដែលមាន​ក្លិន​ដូចជា Diacetyl (​សារធាតុ​គីមី​ដែល​ដាក់​ក្នុង​ចំណីអាហារ​)​ដែល​អាច​បណ្តាលឱ្យមាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ជា​សារធាតុសរីរាង្គ​ដែល​ងាយ​ប៉ើង​តាម​ខ្យល់ និង​សារ​ធាតុគីមី​ដែល​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក រួម​នឹង​ក្រុម​លោហៈ​ធ្ងន់​ដូចជា​នី​កែ​ល សំណប៉ាហាំង និង​សំណ​ជាដើម​។​

​តាមរយៈ​សេចក្តីប្រកាស​នេះ​បាន​ឱ្យដឹងទៀតថា​៖ «​សារធាតុ​នីកូទីន​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​ដល់​គភ៌ ពុល​ដល់​ទារក​ក្នុង​ផ្ទៃពោះ និង​មាន​ហានិភ័យ​ដល់​ការលូតលាស់​ខួរ​ក្បាល​។ សារធាតុ​ល្អិតៗ​ដែល​ជ្រាប​ចូលដល់​ក្នុង​សួត​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក​និង​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​»​។​

​កញ្ញា លី ស៊ីវ​ម៉ី ជា​ស្មៀន​សង្កាត់​ទួល​សង្កែ​ទី១ ក្នុង​ខណ្ឌឫស្សីកែវ បាន​ថ្លែងថា កញ្ញា​យល់ស្រប​តាម​អ្វីដែល​ក្រសួងសុខាភិបាល​បានប្រកាស​ហើយ​មិន​ថា បារី​អេឡិចត្រូនិក​ឬ​ជា​បារី​ដើម​ធម្មតា​ទេ គឺ​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដូចគ្នា​។ ប៉ុន្តែ​តាម​អ្វីដែល​កញ្ញា​ធ្លាប់​បានឮ​ពី​អ្នក​ជក់​គេ​ថា ការជក់បារី​អេឡិចត្រូនិក​អាច​កាត់បន្ថយ​ការជក់បារី​ដើម​ធម្មតា​បាន តែបើ​អាច​ហាម​ឃាត់​មិនឱ្យ​មានការ​នាំចូល​បារី​អេ​ឡិច​​ត្រូ​និកម​កល​ក់​គឺ​កាន់តែ​ល្អ ព្រោះ​ពេលខ្លះ​កញ្ញា​ក៏​ធ្លាប់​ឃើញ​យុវជន​ផ្តុំគ្នា​ជក់បារី​អេឡិចត្រូនិក​ដែរ តែ​មិនមែន​ស្លៀក​ពាក់​ជា​សិស្សសាលា​ទេ​។​

​កញ្ញា​បាន​ថ្លែងថា​៖ «​បារី​អេ​ឡិច​ត្រូ​និក​វា​មិន​ដូច​បារី​ដើម​ធម្មតា​ទេ​ព្រោះ​បើ​យើង​ជក់បារី​ធម្មតា ​គឺ​វា​ឆេះ​ហើយ​យើង​លាក់​ក៏​ពិបាក​ដែរ​។ តែបើ​បារី​អេឡិចត្រូនិក​ពេល​គាត់​បឺត​ហើយ​គាត់​អាច​ទុក​ក្នុង​ហោប៉ៅ​វិញ​បាន​។​អ៊ីចឹង​យើង​មិនសូវ​មើលឃើញ​ជាក់​​ស្តែង​ទេ​ថា គាត់​ប្រើ​ឬក៏​មិន​ប្រើ តែបើ​តាម​ខ្ញុំ​ឃើញជាក់ស្តែង​ក្មេងៗ​ឥឡូវ​ប្រើ​ច្រើន ហើយ​នៅពេល​បងៗ​ប្រជា​ការ​ពារ​ដើរ​ឃើញ​ក៏​ចេះតែ​ណែនាំ​ក្មេងៗ​ទាំងនោះ​ទៅ​»​។​

​ចំពោះ​កញ្ញា អ៊ួ​ក ចាន់​ធី​ដា ជា​និស្សិត​ឆ្នាំ​ទី​៣​ រៀន​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​និង​សារគមនាគមន៍​បាន​និយាយថា បើតាម​មិត្តភក្តិ​ដែល​ជក់បារី​អេឡិចត្រូនិក​ធ្លាប់បាន​ប្រាប់​កញ្ញា​ថា ពួកគេ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​ដើម្បី​ជំនួស​ឱ្យ​បារី​មូរ​ដើម​ធម្មតា​។ ពួក​​គេ​យល់ថា ការជក់បារី​អេឡិចត្រូនិក​អាច​ផ្តាច់​ពី​ការជក់បារី​ដើម​ធម្មតា​បាន​ហើយ​បារី​អេឡិចត្រូនិក​ក៏​ល្អ​ជាង​បារី​ធម្មតា​ដែរ ព្រោះ​វា​មាន​ច្រើន​រសជាតិ​និង​មាន​ក្លិនក្រអូប​។​

​កញ្ញា​បាន​បន្តថា សម្រាប់​កញ្ញា ទោះជា​បារី​អេឡិចត្រូនិក​ឬក៏​ជា​បារី​ធម្មតា​ក្តី​ក៏​វា​មាន​ផ្សែង​ដូចគ្នា ហើយ​ពេល​អ្នក​ជក់​ស្រូប​ផ្សែង​ចូលក្នុង​ខ្លួន គឺ​វា​បណ្តាលឱ្យ​ខូចសុខភាព​ដូច​តែ​គ្នា​ទេ​។​

​កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញថា​ពេល​ខ្ញុំ​ទៅណា​ទៅ​ណី​អ៊ីចឹងទៅ​ភាគច្រើន​ខ្ញុំ​ឃើញ​ក្មេងៗ​សិស្សសាលា​គាត់​ចូលចិត្ត​អាហ្នឹង (Vape)​ មែនទែន​។​សូម្បី​ខ្ញុំ​ទៅក្នុង​រោងកុន​អីហ្នឹង​ក៏​ពួក​គាត់​យក​វា​ទៅ​ជក់​ក្នុង​រោងកុន​ដែរ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​អត់​ស្រណុក​ក្នុង​ចិត្ត​។ ដោយសារ​យើង​ជា​យុវជន​យើង​មិន​ចង់ឃើញ​ទង្វើ​បែប​ហ្នឹង​ទេ​ព្រោះ​ពួកគាត់​ជា​ទំពាំង​ស្នង​ឫស្សី បើ​ពួកគាត់​ប្រើ​អាហ្នឹង​ទៅ​វា​មិនល្អ ហើយ​ខ្ញុំ​ហាក់ដូចជា​ខកចិត្ត​នឹង​ប្រទេសជាតិ​ខ្លួនឯង​ដែរ​»​។​

​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​សុខ​ភាព​នៃ​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក​នេះ​កន្លងមក​ក៏ត្រូវ​បានធ្វើ​នៅតាម អនុវិទ្យាល័យ និង​វិទ្យាល័យ​ផងដែរ​។​នេះ​ជាការ​លើកឡើង​របស់លោក សៅ​ ​ចន្ថា នាយក​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​ព្រែក​អញ្ចាញ ក្នុងស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​លោកនាយក សៅ ចន្ថា បានឱ្យដឹងថា សេចក្តីណែនាំ​ស្តីពី​ផលប៉ះពាល់​នៃ​ការជក់បារី​អេឡិចត្រូនិក​នេះ​សម្រាប់​នៅ​វិទ្យាល័យ​ដែល​លោក​គ្រប់គ្រង​តែងតែ​ផ្សព្វផ្សាយ​ជាប្រចាំ​តាម​ការ​​ណែនាំ​របស់​មន្ទីរ​ក៏ដូចជា​ក្រសួង​អប់រំ​។ ​ចំពោះ​សិស្ស​ គឺ​សាលា​បានកំណត់​មិនឱ្យ​ចេញទៅ​ក្រៅ​សាលា​ក្នុង​ម៉ោង​រៀនសូត្រ​ទេ ហើយ​សិស្ស​ដែល​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ឬ​បារី​ធម្មតា​នៅក្នុង​បរិវេណ​សាលា​គឺ​គ្មាន​ឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹងថា សាលា​ដទៃ​ដូច​ខ្ញុំ​ដែរ​ទេ តែ​ខ្ញុំ​គិតថា​ប្រហែលជា​មិន​ខុសគ្នា​ទេ ពីព្រោះ​អីយើ​ង​មានការ​តាមដាន​សិស្ស មានការ​​អប់រំ​ជាប្រចាំ​។ បើកាលណា​មាន​ក្រុមសិស្ស​ដែល​ត្រូវតែ​តាមដាន​គាត់ យើង​ក៏​តាមដាន​ដែរ តែ​នៅពេល​យើង​តាម​​ដាន​ទៅ​គឺ​អត់​ឃើញ​មានការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ឬក៏​បារី​ដើម​មូរ​ទេ​»​។​

​ស្រដៀង​គ្នា​នេះដែរ ទាក់ទង​នឹង​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​សម្រាប់​សង្កាត់​ស្លា​កែ​ត ក្នុង​ក្រុង​បាត់ដំបង​ក៏មាន​ការប្រុងប្រយ័ត្ន​និង​ចូលរួម​ពង្រឹង​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​សុខភាព​ពី​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ដែរ​។​

​លោក ​ទួត រ៉ើ​ន ចៅសង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បាន​ប្រាប់​ដែរ​ថា បញ្ហា​អ្នកប្រើប្រាស់​បារី​អេឡិចត្រូនិក ​គឺ​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​បាន​ឯកភាពគ្នា​មិនឱ្យ​សិស្ស​ប្រើប្រាស់​ឡើយ​។ ប៉ុន្តែ​បើ​ឃើញ​ត្រូវធ្វើ​ការអប់រំ​ណែនាំ​អំពី​ផល​ប៉ះ​ពាល់​សុខភាព​ដល់​ពួកគេ​។​

សកម្មភាព​ជក់បារី​។ភ្នំំពេញ ប៉ុស្តិ៍

​លោក​បាន​ថ្លែងថា​៖ «​យើង​គាំទ្រ​បិទ​មិនឱ្យ​មានការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក ហើយ​យើង​ក៏​មិន​គាំទ្រ​ការប្រើ​ប្រាស់​បារី​ធម្មតា​ដែរ​។​នៅក្នុង​មូលដ្ឋាន​សង្កាត់​ខ្ញុំ​ពីមុន​ឃើញ​មាន​អ្នក​ជក់​ខ្លះ​ដែរ តែ​ឥឡូវ​ពុំមាន​ទៀត​ទេ ដោយសារតែ​មានការ​ណែនាំ​ផ្សព្វផ្សាយ​តាម​ភូមិ​»​។​

​នាយ​ឧត្ដមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​នឹង​ការហាម​ធ្វើ​អាជីវកម្ម ឬ​ការលក់ដូរ​គ្រប់​មធ្យោបាយ​នូវ​បារី​អេ​ឡិច​ត្រូ​និក​គឺ​ខាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ណែនាំ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​រួចហើយ ហើយ​សមត្ថកិច្ច​ជំនាញ​ក៏បាន​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​នេះដែរ​។ ក្នុងន័យនេះ​មិនមែន​បានន័យថា ធ្វើការ​ឃាត់​ខ្លួន​នោះទេ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​អត់​មាន​ឃាត់ខ្លួន​ទេ តែ​យើង​ហាមឃាត់​ធ្វើ​អាជីវកម្ម ហើយ​បើកាលណា​គាត់​នៅតែ​ធ្វើ​អាជីវកម្ម​ត្រូវ​ដក​ផលិតផល​នោះ​។​បើកាលណា​មានការ​នាំចូល​មក ក៏ត្រូវ​ដក​ផលិតផល​បារី​នោះ​ហើយ​»​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​បានឱ្យដឹងថា បារី​អេ​ឡិច​ត្រូ​និក​ត្រូវបាន​គេ​រចនា​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​ដល់​កុមារ​និង​យុវជន​។​ទាំង​ពណ៌ ទាំង​រូបរាង​របស់​វា​គឺមាន​ភាពស្រស់ស្អាត ហើយ​បារី​មួយចំនួន​មាន​រូប​ភាពជា​តុក្កតា​ទៀតផង​។ បារី​អេ​ឡិច​​ត្រូ​និក​មាន​សារធាតុ​នីកូទីន​ហើយ​បើ​កុមារ​ឬ​យុវជន​ញៀន​ហើយ​នោះ គាត់​នឹង​បន្ត​ប្រើប្រាស់​រហូត​ក្លាយជា​អតិថិជន​របស់​អ្នកលក់​ជា​រៀងរហូត​។​

​បារី​អេឡិចត្រូនិក​នេះ​ត្រូវបាន​រាជ​​រដ្ឋាភិបាល​ហាមឃាត់​ជា​យូរ​មកហើយ តែ​បច្ចុប្បន្ន​មាន​កុមារ និង​យុវជន​បាននិងកំពុង​ប្រើប្រាស់​ច្រើន ហើយក៏​កំពុង​បើកចំហ​ផងដែរ​។ មូលហេតុ​ដោយ​សារ​មាន​អ្នកលក់​តាម​អន​ឡាញ ធ្វើ​ឡើងជា​ចំហ ខណៈ​គណនី​ហ្វេ​ស​ប៊ុ​ក តិកតុក អ៊ី​ន​ស្ដា​ក្រាម តេ​ឡេ​ក្រាម ដែល​បង្ហោះ​លក់​នេះ​កំពុង​មានការ​កើន​​ឡើង​ពី​ ១ ​ថ្ងៃ ទៅ​ ១ ​ថ្ងៃ​។​

​យោងតាម​ការសិក្សា​មួយ​របស់​អង្គ​​ការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ដែល​មិនមែនជា​លក្ខណៈ​វិទ្យាសាស្ត្រ​បានកត់សម្គាល់​ឃើញថា  អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និក​ភាគច្រើន​មាន​វ័យ​ក្រោម​ ២៩ ​ឆ្នាំ​ចុះ​រហូតមកដល់​ក្រោម​ ១៥ ​ឆ្នាំ​ ហើយ​ភាគច្រើន​លើសលប់​គឺជា​សិស្សសាលា​ដែលមាន​ចំនួន​ប្រហែលជា​​ ៨៥​​ ភាគរយ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា តាមពិតទៅ​ករណីនេះ​មាន​សេចក្តី​ណែនាំ​ផ្សព្វផ្សាយ​ជារឿយៗ​ថា បើ​សមត្ថកិច្ច​ឃើញ​ត្រូវតែ​ណែនាំ​អ្នក​ជក់បារី Vape នោះ​។ តែបើ​អ្នក​ជក់​មាន​ចំនួន​ច្រើនបែប​ហ្នឹង តើ​មាន​នរណា​អាច​តាមដាន​គាត់​ថា ទៅ​ជក់​នៅ​កន្លែង​ណា​នោះ​?​ចំពោះ​ការងារ​ផ្សព្វផ្សាយ​វិញ​គឺ​អង្គការ​របស់លោក​តែងតែ​ចូលរួម​ជាមួយ​ក្រសួង​អប់រំ​ជាច្រើនលើក​ច្រើនសា​មកហើយ នៅតាម​សាលា​រៀន​នានា​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ទទួលស្គាល់ថា ថ្វីដ្បិតតែ​ការជក់បារី​នៅក្នុង​បរិវេណ​សាលា​ថយចុះ​គួរឱ្យ​មោទនៈ​មែន តែ​សិស្ស​នៅតែ​ជក់​ដដែល ព្រោះ​គាត់​ចេញទៅ​ជក់​នៅ​ខាងក្រៅ​សាលា​ដូចជា ហាង​កាហ្វេ សួន​សាធារណៈ​តាមផ្លូវ​ថ្នល់ ពោលគឺ​ទីកន្លែង​ណា​ក៏មាន​អ្នក​ជក់​ដែរ ព្រោះ​វា​ងាយស្រួល​ក្នុងការ​កុម្ម៉ង់​ដឹក​តាម​អន​ឡាញ​បាន​។​ដូច្នេះ​កាលណា​គ្មាន​អ្នក​ផ្សាយ​លក់ ខ្ញុំ​គិតថា អ្នកទិញ​ក៏​ថយចុះ​ដែរ ហើយក៏​ត្រូវ​ពង្រឹង​ការហាម​នាំចូល​ផងដែរ​»៕