​ភ្នំពេញៈ ការប្តេជ្ញាចិត្ត​របស់​មេ​ដឹកនាំ​ប្រទេស ២ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី លើ​ការធ្វើឱ្យ​កាន់តែ​ស៊ី​​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នោះ វា​នឹង​ដើរតួនាទី​ដ៏​សំខាន់​ដើម្បី​ជំរុញ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ការវិនិយោគ ខណៈ​បច្ចុប្បន្ន​ប្រទេស​ម៉ា​ឡេ​ស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ ហើយក៏​ឈរ​នៅក្នុង​ចំណោម​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ឈានមុខ​គេ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។​

​មេដឹកនាំ​ទាំង​ ២ ​បាន​ព្រម​ព្រៀង​គ្នា​នៅ​កម្រិត​ខ្ពស់​ថ្មី​មួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ថ្ងៃទី ​២៧ ខែ​កុម្ភៈ​ថ្មីៗ​នេះ ដោយបាន​ជួប​ជា​​មួយ​សម​ភាគី​ម៉ាឡេស៊ី លោក​ប្រធានាធិបតី អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ម៉ាឡេស៊ី​ផ្សេងៗ​ទៀត​ដូចជា រដ្ឋសភាជាតិ ព្រឹទ្ធសភា ព្រមទាំង​ក្រុមហ៊ុន​ពាណិជ្ជករ​ធំៗ​ផងដែរ​។​


​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​​ក៏បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ថែមទៀត​ដោយ លោក ម៉ា​ណែ​ត និង​សម​ភាគី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ី​​ប្រា​ហ៊ីម បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌​មាន​រួមគ្នា​ថា នឹង​ប្តេជ្ញា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​វិស័យ​សន្តិសុខ ការ​​ពារ​ជាតិ ទេសចរណ៍ បច្ចេកវិទ្យា ឌីជីថល ហិរញ្ញវត្ថុ អាហារ​ហា​ឡា​ល់​...​សន្តិសុខ​ថាមពល​។​

​លោក ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់លោក អាន់​វ៉ា មកកាន់​ប្រទេស​កម្ពុជា​កាលពី​ខែមីនា​ឆ្នាំមុន ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​នៅពេលនេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​កាន់តែ​ស៊ីជម្រៅ​»​។​


​រដ្ឋាភិបាល​ទាំង​ ២​ ក៏បាន​ឯក​​ភាព​ក្នុងការ​ពិនិត្យ​លទ្ធភាព​នៃ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ម៉ាឡេស៊ី សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅពេល​ខាងមុខ និង​ដើម្បី​សម្រួល​ដល់​បណ្ដាញ​ថាមពល​ក្រោម​បាតសមុទ្រ​រវាង​ប្រទេស​ឡាវ កម្ពុជា និង​សិង្ហ​បុរី តាម​​រយៈ​ដែនទឹក​ម៉ាឡេស៊ី​។​

​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកសង្កេតការ​ណ៍​នយោបាយ​ក្នុង​តំបន់ លោក សេង វ៉ាន់​លី បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ម៉ា​ណែ​ត បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​យ៉ាង​ជិតស្និទ្ធ​ចំពោះ​ទំនាក់ទំនង​របស់​កម្ពុ​ជា​ជាមួយ​ម៉ាឡេស៊ី ជាពិសេស​រដ្ឋាភិបាល របស់លោក អ៊ី​​ប្រា​ហ៊ីម​។​

​ទំនាក់ទំនង​សេដ្ឋកិច្ច​កំពុង​កើនឡើង​ខ្លាំង

​ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជ​​កម្ម​ឈានមុខ​គេ​មួយ​សម្រាប់​កម្ពុជា​កាលពី​ឆ្នាំ​ ​២០២៣​។ ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​កាលពី​ឆ្នាំមុន​សម្រេចបាន​ជាង ៦៣២ ​លាន​ដុល្លារ កើន ២ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​យោងតាម​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា នៅក្នុង​ឆ្នាំ ​២០២៣ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិ​និ​យោគ​ចំនួន ២៦៨ ជាមួយនឹង​ទុនវិនិយោគ​ជិត ៤,៩​ ពាន់​លាន​ដុល្លារ កើន​ជិត ២០​ ភាគរយ​ពី​ចំនួន ៤​ ពាន់​លាន​ដុល្លារ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ២០២២​។ ប្រទេស​ចិន ឈរ​នៅ​កំពូល​នៃ​ FDI នាំមុខគេ​ជាង ៤០​ ភាគ​​រយ ហើយ​តាម​ពីក្រោយ​ដោយ​ថៃ ជប៉ុន កោះ​កៃ​ម៉ាន សា​ម័​រ កូរ៉េខាងត្បូង កោះ British Virgin សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​

​លោក លឹម ហេង អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា បានកត់សម្គាល់​ឃើញថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​​ម៉ាឡេស៊ី មានការ​ចាប់អារម្មណ៍​ច្រើន​ពី​វិស័យ​ឯកជន​ម៉ាឡេស៊ី​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​ពួកគេ​អាច​ពង្រីក​អាជីវ​កម្ម ឬ​ការវិនិយោគ​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក​ថ្លែងថា​៖ «​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ក្នុង​វេទិកា​ធុរកិច្ច​ម៉ាឡេស៊ី និង​កម្ពុជា​»​។​

​លោក​បន្ថែមថា សភា​ពា​ណិ​ជ្ជ​កម្ម​ម៉ាឡេស៊ី​ក៏បាន​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱ្យ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា និង​ម៉ាឡេស៊ី​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ជាការ​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រីរ​បស់​យើង​បាន​យល់ព្រម​លើ​សំណើ​នេះ ហើយនឹង​បង្កើត​ក្រុម​ការ​ងារ​មួយ​ដើម្បី​ធ្វើឱ្យ​ការងារ​នេះ​សម្រេចបាន​នៅ​ឆ្នាំ​ ២០២៤​។ ខ្ញុំ​គិតថា បន្ទាប់ពី​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី និង​វិស័យ​ឯកជន​នៅ​ទីនោះ ខ្ញុំ​ជឿថា ​យើង​នឹង​មើលឃើញ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី និង​លំហូរ​ការ​​វិនិយោគ​រវាង​ប្រទេស​ទាំង ២​ កើនឡើង ដោយសារ​ម៉ាឡេស៊ី​ក៏​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP)​ ដូច្នេះ​ពួកគេ​អាចមក​បណ្តាក់ទុន​នៅទីនេះ ហើយ​បន្ទាប់មក​នាំចេញ​ទៅកាន់​បណ្ដា​សមាជិក​ផ្សេងទៀត​នៃ RCEP»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបាន​និយាយថា ដោយ​ឈរលើ​រលក​នៃ​កំណើន កម្ពុជា​បានក្លាយ​ជា​ប្រទេស​ទិញ​ទំនិញ​ពី​ម៉ាឡេស៊ី ដែល​លោក​ពិពណ៌នា​ថា​ជា​ប្រទេស​ផលិត​គ្រឿង​អេឡិចត្រូនិក សម្ភារ​សំណង់ និង​ទំនិញ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ក្នុង​តំបន់​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​វិស័យ​ឧស្សាហកម្ម និង​ក​សិ​កម្ម​ដែល​កំពុង​រីកចម្រើនរ​បស់​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​អាច​កាត់បន្ថយ​គម្លាត​ពា​ណិ​ជ្ជ​កម្ម​របស់ខ្លួន​តា​មរយៈ​ការនាំចេញ​ផលិតផល​ដែលមាន​សក្តា​នុ​ពល​សម្រាប់​កែច្នៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​»​។​

​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង ​២​ បាន​យល់ព្រម​លើក​កម្ពស់​ការទូទាត់​ឆ្លងដែន​

​ធនាគារកណ្តាល​នៃ​កម្ពុជា និង​ម៉ាឡេស៊ី បាន​ចុះ​អនុ​ស្សរ​ណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ការ​ទូ​ទាត់ ជាពិសេស​ជួយ​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ ២ ​នេះ​។ ការណ៍​នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម និង​ទេសចរ​ណ៍​ឆ្លងដែន​។ ពាណិជ្ជករ​រហូតដល់ ៥ ​លាន​នាក់ រួមទាំង​អាជីវ​​កម្ម​ខ្នាតតូច មកពី​ប្រទេស​ទាំង​ ២ ​ដែល​បច្ចុប្បន្ន​ទទួលយក​ការ​ទូទាត់​តាមរយៈ​ QR នឹង​ទទួល​​បាន​អត្ថប្រយោជន៍​ពី​កិច្ច​សហ​ប្រតិបត្តិការ​នេះ​៕