​ភ្នំពេញៈ​ ក្រសួងការពារជាតិ​បាន​ព្រមាន​ដល់​មន្ត្រី​លើ​ករណី​ប្រើ​យានយន្ត​ពាក់​ផ្លាក​លេខ ខ​.​ម បន្ទាប់ពី​ឃើញ​មាន​យានយន្ត​មួយចំនួន​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​ ក្នុងនោះ​ក៏មាន​ជនបរទេស​ប្រើ​យានយន្ត​ពាក់​ផ្លាក​លេខ ខ​.​ម ​ផងដែរ ខណៈ​ក្រសួងមហាផ្ទៃ​ក៏បាន​ក្រើនរំឭក​មិនឱ្យ​មន្ត្រី​នគរ​បាល​ជាតិ​ប្រើ​ផ្លាកលេខ ន​.​ប ខុស​គោលការណ៍​។​


​មុន​មាន​ការចេញ​សេចក្តី​ព្រមាន​របស់​ក្រសួងការពារជាតិ​នេះ​គេ​ឃើញ​មានការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្ទួនៗ​គ្នា ហើយ​រថយន្ត​បង្ក​សុទ្ធតែ​ពាក់​ផ្លាក​លេខខ​.​ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ហើយ​សុទ្ធតែ​ជនបរទេស​ជា​អ្នកបើកបរ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ ២២ កុម្ភៈ ឆ្នាំ​ ២០២៤ មាន​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ម៉ាក LEXUS GS300 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 02 2-4572 ទៅ​ប៉ះទង្គិច​ជាមួយ​រថយន្ត​១​ គ្រឿង​ទៀត​នៅ​សង្កាត់​លេខ​ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​បង្កហេតុ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះបាន​បើករថយន្ត​រត់គេច​ពី​នគរ​បាល​ចរាចរណ៍​តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់​។


រីឯ​ករណី​ ១ ​ទៀត​កាលពី​ថ្ងៃទី​ ២៤ កុម្ភៈ ឆ្នាំ​ ២០២៤​ មាន​បុរស​ជនជាតិ​វៀត​ណា​ម​ម្នា​ក់បាន​បើកបរ​រថយន្ត​ម៉ាក FORD RAPTOR ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​ 01 2 1862 បុក​រះ​បណ្តាលឱ្យ​មនុស្ស​របួសធ្ងន់​ស្រាល ​២៩ ​នាក់ នៅតាម​ផ្លូវជាតិ​លេខ​ ២១ ក្នុង​សង្កាត់​រកា​ខ្ពស់  ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​តែ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​។​

​ដោយសារតែ​កើតមាន​ករណី​ផ្ទួនៗ​គ្នា​នេះហើយ​ទើប​មាន​សេចក្តីជូនដំណឹង​ពី​ក្រសួង​ការពារ​ជាតិ​ចេញ​នៅ​ថ្ងៃទី ​២៨ កុម្ភៈ ឆ្នាំ​ ២០២៤ បានឱ្យដឹងថា ដោយ​សារ​ស្ថានភាព​នៃ​ការប្រើប្រាស់​យានយន្ត​ពាក់​ផ្លាកលេខ​ចរាចរ​ណ៍​ខេមរភូមិន្ទ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សង្កេតឃើញ​មាន​បាតុភាព​មួយចំនួន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សង្គម​សាធារណៈ​។​ ដូចជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បុគ្គល​អ្នកប្រើប្រាស់​មួយចំនួន​មាន​ភាព​ក្រអឺតក្រទម​មិន​ស័ក្ដិ​សមជា​មន្ត្រី​យោធា​ធ្វើឱ្យមាន​ការវាយតម្លៃ និង​ទទួល​ការ​​រិះគន់​ពី​សាធារណជន​ជាពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។​


​ប្រភព​ដដែល​បន្តថា​៖ «​អ្នក​ប្រើប្រាស់​ត្រូវតែ​ជា​នាយទាហាន​ដែលមាន​សិទ្ធិ​ពេញលេញ​ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ស៊ីវិល​ឬ​ជនបរទេស​ប្រើប្រាស់​បានឡើយ​។​ការប្រើប្រាស់​យានយន្ត​ពាក់​ផ្លាក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​ត្រូវ​ស្របតាម​ការកំណត់​រប​ស់​ក្រសួង​ការពារជាតិ​ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារជាតិ​នានា​ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​។ ​ក្នុងករណី​ដែល​អនុវត្ត​ការប្រើ​ប្រាស់​ផ្ទុយ​ខុសពី​ខ្លឹមសារ​ខាងលើ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។

​​ពាក់ព័ន្ធ​បញ្ហា​ដូចគ្នានេះ កន្លងមក​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​គេ​ក៏​សង្កេតឃើញ​មាន​ភាពអវិជ្ជមាន​ផងដែរ​នៅលើ​ដងផ្លូវ​សាធារណៈ​នៃ​ការប្រើ​ផ្លាកលេខ​ន​.​ប​។ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ផ្លាកលេខ ន​.​ប នេះ លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំពោះ​យានយន្ត​ដែល​ពាក់​ផ្លាកលេខ​ន​.​ប ឬ​នគរបាល​នេះ​បើ​ធ្វើ​ច​រា​ចរណ៍​ត្រឹមត្រូវ​តាមច្បាប់​ទម្លាប់​គឺ​ក្រសួង​មិនមាន​ការហាម​ប្រាម​ទេ ពីព្រោះ​គេ​ធ្វើ​ចរាចរណ៍ ប្រើ​​ប្រាស់​ឬក៏​គ្រប់គ្រង​ស្របទៅតាម​ច្បាប់​។​

​ករណីនេះ​ក្រសួងមហាផ្ទៃ​ក៏ត្រូវ​បែងចែក​ដែរ​គឺ​យានយន្ត​ដែល​ពាក់​ផ្លាកលេខ​ន​.​ប អាចមាន​ ២​ ដែល ទី​ ១ ​គឺជា​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ឬក៏​របស់​ក្រសួង​។ អ៊ីចឹង​ការប្រើប្រាស់​គឺ​មិនអាច​ចេះតែ​ប្រើប្រាស់​រហេតរហូត​បាន​ទេ លុះត្រា​តែមាន​ភារកិច្ច​ឬក៏​កាតព្វកិច្ច​ឬ​បេសកកម្ម​ទើប​អាច​ប្រើប្រាស់​បាន ហើយ​អ្នក​ដែល​ប្រើប្រាស់ ចាត់ចែង​ទាល់តែ​អ្នកមាន​សិទ្ធិ​មានអំណាច​ដែល​ផ្តល់​ដោយ​ច្បាប់​ត្រឹមត្រូវ​ទើប​អាច​បម្រើ​ក្នុងស្ថានភាព​តួនាទី​ភារ​​កិច្ច​ឬក៏​បេសកកម្ម​បាន​។​

​លោក​បាន​បញ្ជាក់ថា ករណី ​១ ​ទៀត ចំពោះ​យានយន្ត​ដែល​ពាក់​ផ្លាក​ ន​.​ប ​ដែរ តែ​វា​មិនមែនជា​របស់​អង្គភាព​ឬ​របស់​ក្រសួង ពីព្រោះថា បច្ចុប្បន្ន​មាន​បុគ្គល​ឯកជន​ខ្លះ អាច​ពាក់​ផ្លាកលេខ ន​.​ប បានដែរ លើ​យានយន្ត​។ ​អ៊ីចឹង​កម្មសិទ្ធិឯកជន​របស់គាត់​ដែល​គាត់​បាន​ស្នើសុំ​ផ្លាកលេខ​អង្គភាព​ឬក៏​ផ្លាកលេខ​ន​.​ប​ទៅប្រើ​ប្រាស់​ដែលជា​រឿង​មួយ​ផ្សេងទៀត​ដែល​បុគ្គល​អាច​ប្រើប្រាស់​ទៅតាម​សេរីភាព​របស់គាត់​។​ ប៉ុន្តែ​ត្រូវគោរព​ក្រមសីលធម៌​ជា​នគរបាល គោរព​ទៅតាម​កង​កម្លាំង​នគរបាលជាតិ និង​គោរព​ទៅតាម​ច្បាប់​ដទៃទៀត​ដែល​ការ​​ប្រើប្រាស់​នោះ​ស្របច្បាប់​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​ការ​លើកឡើងថា យានយន្ត​ពាក់​ផ្លាក​ ន​.​ប តើ​បុគ្គល​ដែល​មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​ហ្នឹង​អាច​បើកបរ​លើផ្លូវ​សាធារណៈ​បាន​ឬ​អត់​?​ករណីនេះ​បានន័យថា យានយន្ត​មិនមែនជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទេ ពោល​គឺជា​កម្មសិទ្ធិ​រប​ស់​បុគ្គល​ឯកជន តែ​គាត់​ស្នើសុំ​ពាក់​ផ្លាក​ ន​.​ប​។ ករណីនេះ​បើ​និយាយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុងសង្គម​ខ្មែរ គឺ​ការខ្ចី​គ្នា​ ១ ពេលៗ វា​ចេះតែ​បាន​ហើយ​តែបើ​កាលណា​មានរឿង​គឺ​ត្រូវ​វែកញែក រក​ខុស រក​ត្រូវ រក​ការ​ទទួលខុសត្រូវ រក​សិទ្ធិ និង​រក​ភាពជា​ម្ចាស់​ហើយ​។​

​អ៊ីចឹង​ជា​ស្មារតី​របស់​វា​បើកាលណា​យាន​យន្ត​ពាក់​ផ្លាក​ន​.​ប លុះត្រាតែ​អ្នកនោះ​ជា​ម្ចាស់​យានយន្ត​ហើយ​ជា​មន្ត្រីនគរបាល​ដែរ​។​ ហេតុដូច្នេះ​បើ​ឱ្យ​បុគ្គល​ផ្សេង​ដែល​មិនមែនជា​ម្ចាស់ ហើយ​គាត់​ជា​ជន​ស៊ីវិល​ទៀត​ គឺ​វា​មានការ​ផ្ទុយគ្នា​ហើយ ហើយ​បើ​យក​ល្អ​ម្ចាស់​យានយន្ត​ដែល​ពាក់​ផ្លាក​ ន​.​ប ពុំ​គួរឱ្យ​អ្នកដទៃ​បើក​បរ​ទេ ពីព្រោះ​ទី​១ មិនមែនជា​មន្ត្រីនគរបាល​ជាតិ​កុំឱ្យ​បើកបរ រីឯ​ទី​២​ បើទោះជា​សាច់ញាតិ​ខ្លួន​ឯង​ក៏ដោយ ក៏​កុំឱ្យ​បើក​ដែរ​។​

​លោក​បាន​បន្ថែមថា​៖ «​ក្នុងនោះ​ក៏មាន​ការលើកលែង​ខ្លះ​ដែរ​ក្នុង​ទិដ្ឋភាព​បច្ចុប្បន្ននេះ​ប្រសិនបើ​យានយន្ត​នោះ​ពាក់​ផ្លាក ន​.​ប​ ហើយ​ម្ចាស់​យានយន្ត​ក៏​ជានគរ​បាល​តែ​គាត់​មិន​បើកបរ​ខ្លួនឯង​ទេ​គាត់​មាន​ជំនួយការ​ឬ​តៃកុង​។ ​អ៊ីចឹង​ករណីនេះ​ក៏មាន​ការលើក​លែង​ដែរ​បើ​តៃកុង​របស់គាត់​ជា​ជន​ស៊ីវិល​ក៏​អាច​បើកបរ​ឱ្យបាន​ដែរ​ក្នុង​ក្របខ័ណ្ឌ​បើក​ជូន​គាត់​ទៅធ្វើ​ការ​ឬក៏​ទៅនេះ​ទៅនោះ​គឺ​ក្រសួង​អាច​លើកលែង​បាន​ខ្លះ​ដែរ​»​។​

​ទោះយ៉ាងណា សម្រាប់​ជន​បរទេស​បើ​យោងទៅតាម​ភាពជា​ប្រជាពលរដ្ឋ​ពោលគឺ​សញ្ជាតិ​យោងតាម​ភាពជា​មន្ត្រីរាជការ​ដែល​គាត់​មិនមែនជា​មន្ត្រីរាជការ​នៃ​អង្គភាព​ក្រសួងមហាផ្ទៃ​អ៊ីចឹង​គាត់​មិនអាច​បើកបរ​យានយន្ត​មាន​ពាក់​ផ្លាក ន​.​ប ឬក៏​អង្គភាព​រដ្ឋ​ណាមួយ​បានទេ​គឺ​វា​ប្រាស​ចាក​អំពី​គោលការណ៍​ទាំង​ ២ ​ខាងលើ និង​ច្បាប់​តែម្តង​។ នេះ​បើតាម​ការអះអាង​របស់​លោក​ទូច សុ​ខៈ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជាគោលការណ៍​ទូទៅ​ការទទួល​​ខុសត្រូវ​គឺ​ផ្អែកទៅលើ​អំពើ​ប្រព្រឹត្ត​របស់​បុគ្គល​។ មិនមែន​មានន័យថា​អង្គភាព​រដ្ឋ​ជា​អ្នក​ទៅ​បើករថយន្ត​នាំឱ្យ​បុក​គេ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ឬក៏​ខូចខាត​ទេ​។ មានន័យថា​ អង្គ​ភាព​គ្រាន់តែ​ផ្តល់​ផ្លាកលេខ​ ន​.​ប​ ទៅតាម​សំណូមពរ​ដោយ​បំពេញ​តាម​នីតិវិធី​ស្របតាម​ច្បាប់​ប៉ុណ្ណោះ​។ មិន​មានន័យថា ​ជា​យ័ន្ត​ ១ ​ថា​ យើង​ទៅ​ប្រ​​ព្រឹ​ត្ត​បទល្មើស​ឬក៏​មាន​គ្រោះ​​ថ្នាក់​ចរាចរណ៍​ត្រូវ​រួច​ផុតពី​ការ​​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ឬក៏​រដ្ឋប្បវេណី​នោះទេ​។ បើទោះជា​យានយន្ត​របស់​អង្គភាព​ក៏ដោយ​ទោះបីជា​រថយន្ត​ផ្ទាល់​ខ្លួន​ក៏ដោយ​គឺ​ត្រូវ​ទទួលខុស​​ត្រូវ​ទាំង​ព្រហ្មទណ្ឌ​ទាំង​រដ្ឋប្បវេណី​ដែល​មិនមែនជា​ការទទួល​​ខុសត្រូវ​របស់​អង្គភាព​ទេ​»​។​

​ពាក់ព័ន្ធ​យានយន្ត​ពាក់​ផ្លាក​លេខ​ ន​.​ប ​នេះដែរ​កាលពីពេល​ថ្មីៗ​នេះ​លោក​ឧបនាយក​រដ្ឋ​​មន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏បាន​ក្រើនរំឭក​ទៅដល់​កងកម្លាំង​នគរបាលជាតិ​មួយចំនួន ដែល​ប្រើប្រាស់​ផ្លាក​លេខ​ន​.​ប​ខុស​រឿង​ផងដែរ​។​

​លោក​បាន​លើកឡើងថា បើតាម​លោកស្នងការ​នគរ​បាល​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ប្រាប់​លោក​ថា មាន​ម៉ូតូ​ពាក់​ផ្លាក​​លេខ​ន​.​ប​មួយចំនួន​ជិះ​ទៅធ្វើ​ការ​នៅ​កាស៊ីណូ ហើយពី​មុន​លោក​ក៏​ធ្លាប់​ឃើញ​ផ្លាកលេខ​ន​.​ប មួយចំនួន​ឈប់​នៅមុខ ​KTV ​ដែរ​។ អ៊ីចឹង​បើ​រថយន្ត​នោះ​មាន​ពាក់​ផ្លាកលេខ​ ន​.​ប គឺ​មិន​អាចឱ្យ​នរណាម្នាក់​ខ្ចី​បានទេ បុគ្គល​ណា​គឺ​បុគ្គល​នោះ​ហើយ ហើយ​សូមឱ្យ​ប្រើប្រាស់​ឱ្យចំ​មុខ ឬ​ចំ​នឹង​ជំនាញ​។ ទន្ទឹមនឹង​ការលើកឡើង​នេះដែរ លោក​ក៏​ជំ​រុញឱ្យ​អគ្គស្នងការ​ក៏ដូចជា​ស្នងការ​រាជធានី​ខេត្ត​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លាកលេខ ន​.​ប​។​

​លោក​ថ្លែងថា​៖ «​បើ​ចាំបាច់ បើ​ថា​អ្នកឯង​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​ដក​ផ្លាកលេខ​នោះមក​ហើយ​ឱ្យ​អ្នកឯង​ទៅ​បង់ពន្ធ​ធ្វើ​ម៉េច​ធ្វើទៅ ឱ្យ​ប្អូន​ឱ្យ​ក្មួយ​ឱ្យ​ចៅ​ប្រើ​រថយន្ត​នោះ​ចុះ​។ តែ​ក្នុងនាម​ផ្លាកលេខ​ន​.​ប គឺ​បម្រើ​សមត្ថ​កិច្ច បម្រើ​អង្គភាព​របស់ខ្លួន​។​ឥឡូវនេះ​យើង​ឃើញថា បញ្ហា​នេះ​ដូច​មានការ​កើនឡើង​បន្តិច​តាម​បណ្តា​ខេត្ត​ដែល​ប្រើប្រាស់​ខុស​មធ្យោបាយ​...​។ ការយល់​ដឹង​ច្បាប់​ការយល់ដឹង​ពី​ការប្រើ​ប្រាស់​មធ្យោបាយ​ផ្លាកលេខ ន​.​ប នេះ​វា​មិនគួរ​ឈឺក្បាល​ទៀត​ទេ​»​។​

​ជុំវិញ​ករណីនេះ​លោក អំ​ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ បាន​លើកឡើងថា រថយន្ត​ផ្លាកលេខ ​(​ខ​.​ម​) គឺ​ប្រើ​​ប្រាស់​បានតែ​មន្ត្រី​កងយោធពល​ខេមរភូមិន្ទ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​​ការពារជាតិ​សម្រាប់​បម្រើ​បេស​ក​កម្ម និង​ការងារ​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រថយន្ត​ផ្លាកលេខ​ប្រភេទ​នេះ​មិនត្រូវ​អនុញ្ញាតឱ្យ​ជន​ស៊ីវិល ឬ​ជនបរទេស​ប្រើប្រាស់​នោះទេ ព្រោះ​បើ​ជន​ទាំងនោះ​ប្រើប្រាស់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឬ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​គឺ​ប៉ះពាល់​កិត្តិ​យស​ដល់​កង​ខេមរភូមិន្ទ ឬ​ការប្រើប្រាស់​ផ្លាក​រថយន្ត​ប្រភេទ​នេះ​ដោយ​សេរី​ក៏បង្ក​ការ​​រិះគន់​នាំឱ្យ​ប៉ះពាល់​កិត្តិយស​នៃ​កង​ខេមរភូមិន្ទ​ដែរ​។ ដូច្នេះ​ក្រសួងការពារជាតិ​គួរ​ចាត់វិធានការ​លើ​ការប្រើប្រាស់​ផ្លាក​រថយន្ត​ខេមរភូមិន្ទ​ឱ្យបាន​ត្រឹមត្រូវ ចៀស​វាង​ការប្រើប្រាស់ និង​ការរិះគន់​ធ្វើឱ្យប៉ះពាល់​ដល់​កង​ខេមរភូមិន្ទ​»៕