​ភ្នំពេញៈ ជា​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ធ្វើឱ្យ​ប្រ​សើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ប្រព័ន្ធ​ភ័ស្តុភារ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​វិនិយោគ​ដ៏​ទាក់ទាញ​ក្នុង​តំបន់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ចំនួន ១៧៤ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៣៦,៦៨ ​ពាន់​លាន​ដុល្លារ​ នៅ​ចន្លោះ​ឆ្នាំ​​ ២០២៣-២០៣៣​។ ការណ៍​នេះ​នឹង​ផ្តល់នូវ​ភាព​ទាក់​​ទាញ​សម្រាប់​ការវិនិយោគ​ប្រកបដោយ​សក្តានុពល​ដ៏​ធំ​មួយ​។​

​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​រយៈពេល ​១០ ​ឆ្នាំ​លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ភ័ស្តុភារ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ


​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ផែនទី​បង្ហាញផ្លូវ​រយៈពេល ១០​ ឆ្នាំ នៃ​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ប្រព័ន្ធដឹកជញ្ជូន​និង​ភ័ស្តុភារ​កម្ពុជា ឆ្នាំ​ ២០២៣-២០៣៣ លើ​គម្រោង​អាទិភាព​ចំនួន​ ១៧៤ ដែលមាន​តម្លៃ​វិនិយោគ​តាម​ការប៉ាន់ប្រមាណ​ ៣៦,៦៨​ ពាន់​លាន​ដុល្លារ​។

ក្នុងនោះ​គម្រោង​ផ្លូវថ្នល់ ៩៤, គម្រោង​ផ្លូវដែក ៨, គម្រោង​ដឹកជញ្ជូន​នៅតាម​ផ្លូវទឹក ២៣, គម្រោង​ដឹកជញ្ជូន​តាម​សមុទ្រ ២០, គម្រោង​ដឹកជញ្ជូន​ផ្លូវអាកាស ១០, គម្រោង​ប្រព័ន្ធ​ភ័ស្តុភារ ១៥, និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៤ ​ផ្សេងៗ​ទៀត​។​


​នៅក្នុង​ចំណោម​គម្រោង​ទាំងអស់​គឺមាន​ប្រហែល ៩០​ ជា​គម្រោង​អភិ​​វឌ្ឍន៍​រយៈពេល​ខ្លី និង​មធ្យម និង ៩១​ ផ្សេងទៀត​ជា​គម្រោង​អភិវឌ្ឍន៍​រយៈ​​ពេល​វែង​។ គម្រោង​ទាំងនេះ​ត្រូវបាន​ត​ភ្ជាប់​គ្រប់​មធ្យោបាយ​ទាំងអស់​នៃ​ការដឹកជញ្ជូន និង​បាន​ត​ភ្ជាប់​ជាមួយ​មជ្ឈមណ្ឌល​ភ័ស្ដុភារ​ផងដែរ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានឱ្យដឹងថា​៖ «​ទោះបីយ៉ាងណា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​កនៅ​កម្ពុជា គឺ​នៅ​ពុំទាន់​អាចឆ្លើយតប​បាន​ពេញលេញ និង​គ្រប់គ្រាន់​តាម​តម្រូវការ ព្រមទាំង​ជា​កម្លាំងចលករ​រុញច្រាន​ការអភិវឌ្ឍ​ផ្នែក​សង្គម​សេដ្ឋកិច្ច ជាពិសេស​ដំណាក់កាល​នៃ​ការ​ប្រែ​​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់​។​

ក្នុងន័យនេះ ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ និង​ភ័ស្តុភារ​កម្ម​កម្ពុជា ឆ្នាំ ​២០២៣-២០៣៣ ដាក់ចេញ​នូវ​ចក្ខុ​វិស័យ​ដោយ​បន្ត​កែលម្អ និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​កដោយ​ផ្តោតលើ​ការជំរុញ​ការកសាង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រូបវន្ត និង​អរូប​វន្ត​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​មាន​ការតភ្ជាប់​ខ្ពស់ និង​ភាព​ប្រទាក់ក្រឡា​ទាំង​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់​ដែល​នឹង​បន្ត​ចូលរួមចំណែក​ជំរុញ និង​ទ្រទ្រង់​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំង​សេចក្តីត្រូវការ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​»​។​

​ការខិតខំ​របស់​រដ្ឋា​ភិ​បាល​លើ​ការ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​

អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់​លើកឡើងថា កម្ពុជា​បានរៀបចំ​ផែនការមេ​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅលើ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក​ជាពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ប្រ​ទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ផែនការមេ​លើ​ការ​កែសម្រួល​ផ្លូវថ្នល់ ការពង្រីក​និង​លើក​កម្រិត​គុណភាព​ផ្លូវ ២ ទៅ ៤​ គន្លង ការបង្កើន​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹក​ជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស​។ ផែន​ការ​មេនោះ​ក៏​រួមទាំង​ការរៀបចំ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រូបវន្ត តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស ជិតខាង​សំដៅ​ជំរុញ​ការដឹកជញ្ជូន និង​ការធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​មាន​ភាពងាយស្រួល ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បង្កើន​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជា​ពិសេស កាត់បន្ថយ​ចំណាយ​ភ័ស្តុភារ​កម្ម និង​ដឹកជញ្ជូន និង​ទាក់ទាញ​វិ​និ​យោគ​ផងដែរ​»​។​

​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការកសាង​ឧត្តមភាព​ប្រកួតប្រជែង​

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍​ថា ការវិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​នេះ គឺ​ប្រាកដជា​នៅក្នុង​គោលបំណង​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​កាន់តែ​ល្អ​ជាង​មុន ដោយ​អាច​បង្រួម​រយៈពេល​ដឹកជញ្ជូន និង​ជួយ​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ទាប​ជាង​មុន​ជាដើម​។

លោក​បន្តថា ប្រទេស​កម្ពុជា​ពេលនេះ​មានការ​ខ្វះខាត​ច្រើន​ទាក់​​ទង​នឹង​វិស័យ​ឡូ​ជី​ស្ទិ​ក និង​ដឹកជញ្ជូន ដោយ​មិនទាន់មាន​គ្រឿង​បរិក្ខារ​ទំនើប​ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​កម្ពុជា​ក៏​មិនទាន់មាន​កំពង់ផែ​ទឹក​ជ្រៅ​ឱ្យ​នាវា​អន្តរជាតិ​ធំៗ​ចូល​ចត​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ថា​៖ «​វិស័យ​ដឹកជញ្ជូន គឺ​ប្រៀបបាន​ទៅនឹង​ដំ​ណឹ​ក​នាំ​សម្រាប់​លំហូរ​សកម្មភាព​សេដ្ឋកិច្ច ព្រោះ​បើ​ការដឹកជញ្ជូន​ដំណើរ​ការល្អ ចរន្ត​សេដ្ឋ​កិច្ច​ក្នុងប្រទេស​ក៏​ដើរ​ល្អ​ដូចគ្នា ហើយ​ចំនួន​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​ក៏​កើនឡើង​ដែរ​»​។​

សកម្មភាពជួសជុលផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)។ រូបថត MPWT

​ទោះជា​យ៉ាងណា លោក ចាន់​ដា​រ៉ា អះអាងថា កន្លងមក​លោក​ធ្លាប់​ដឹងថា ក្រសួង​មាន​ផែនការ​សាងសង់​ម​ជ្ឈ​មណ្ឌល​ឡូ​ជី​ស្ទិ​ក​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ទីនោះ​ជា​កន្លែង​ប្រមូលផ្តុំ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន ឃ្លាំង​ស្តុក ព្រម​​ទាំង​មាន​បំពាក់​នូវ​ប្រព័ន្ធ​ទំនើបកម្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ដឹកជញ្ជូន​ជាច្រើន​ទៀតផង​។​

​អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិ​​រញ្ញ​វត្ថុ Cambodian Investment Management លោក Anthony Galliano បានឱ្យដឹងថា ការចំណាយ​របស់​រដ្ឋា​ភិ​បាល​លើ​គម្រោង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​មាន​ភាពច្បាស់លាស់​និង​ល្អិតល្អន់​។

លោក​ថ្លែងថា​៖ «​វិ​និ​យោ​គិ​នប​រទេស​ក្នុង​វិស័យ​ផលិតកម្ម និង​ភ័ស្តុភារ​ផ្តោត​ជាពិសេស​លើ​ផ្នែក​យុទ្ធ​សាស្ត្រ និង​វិស័យ​សំខាន់ៗ​។ ទាំងអស់នេះ​នឹង​បង្កើត​ការទាក់ទាញ​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​»​។​

​លោក​បញ្ជាក់ថា​៖ «​ការពិត​ដែលថា​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ នឹងមាន​ព្រ​លាន​យន្តហោះ​ថ្មី​ចំនួន ២ ដែលមាន​ចំណុះ និង​សមត្ថ​ភាពខ្លាំង​ត្រៀម​រៀបចំ​ប្រទេសមួយ​នេះ សម្រាប់​ការវិល​ត្រឡប់​ទៅរក​ការរីកចម្រើន​ផ្នែក​ទេស​ចរណ៍ និង​វិ​វត្ត​ទៅជា​ការតភ្ជាប់​ម​ជ្ឈ​មណ្ឌល​ក្នុង​តំបន់​ទៀតផង​»៕