បាត់ដបំងៈ កាបូបយួរ កន្ត្រកបន្លែ ខ្សែយួរ កែវកាហ្វេ និងកាបូបដៃសម្រាប់សុភាពនារីដែលត្បាញដោយដៃ និងរចនាតាមបែបខ្មែរច្នៃពីសរសៃដើមចេកហាក់មានការនិយមពីពលរដ្ឋខ្មែរមួយចំនួន ជាពិសេសបានជួយកាត់បន្ថយការប្រើប្លាស្ទិកក្នុងសហគមន៍ ខណៈមានមនុស្សជាង ៥ លាននាក់ហើយដែលឈប់ប្រើថង់ប្លាស្ទិកនៅកម្ពុជា។
ដោយចង់អភិរក្សជំនាញត្បាញដោយដៃបន្តពីដូនតា និងមានចំណូលចិត្តស្រឡាញ់បរិស្ថានផងនោះអ្នកស្រី ឆាត សុឃឿប ជាម្ចាស់សិប្បកម្មយីហោ «អនុសារតម្បាញចេកខ្មែរ» ដែលកំពុងរស់នៅភូមិភ្នំសំពៅឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយស្ត្រីគ្នាឯងនៅក្នុងសហគមន៍ឱ្យមានការងារធ្វើចំនួន ៧ នាក់ទៀតផងដែរ។
ដោយបានចាប់ផ្តើមពីការសាកល្បងនិងបង្កើតគំនិតកែច្នៃដោយខ្លួនឯងនៅអំឡុងឆ្នាំ ២០១៩ អ្នកស្រី សុឃឿប បានប្រាប់ថា មុនដំបូងអ្នកស្រីបានដើរបេះផ្លែឈើក្នុងចម្ការក្រោយផ្ទះជាមួយប្អូនប្រុសអ្នកស្រីម្នាក់ទៀត។ ពេលនោះប្អូនរបស់អ្នកស្រីបានកាត់ស្រទបចេកច្រៀកជាចម្រៀកៗដើម្បីដាក់ផ្លែឈើ។ បន្ទាប់មកប្អូនប្រុសអ្នកស្រីបានច្នៃកន្ត្រកដែលត្បាញពីសរសៃចេកកាន់តែមានទម្រង់ស្អាតជាងមុនហើយអ្នកស្រីក៏គិតថានឹងយកធ្វើជាអាជីពតែម្តង។
អ្នកស្រី សុឃៀប បានប្រាប់ថា៖ «ពីដំបូងឡើយប្អូនខ្ញុំគាត់ត្បាញជាកន្ត្រកធម្មតាៗទុកដាក់បន្លែ និងផ្លែឈើទេ។បន្ទាប់មកខ្ញុំឃើញថា អាចយកជារបរបានក៏បែកគំនិតកែច្នៃទៅ»។
បើតាមអ្នកស្រី សុឃឿប អ្វីដែលល្បីមុនគេនោះគឺកាបូបដៃដែលអ្នកស្រីចាក់ក្រងពីសរសៃដើមចេកហើយកាន់ទៅចូលរួមក្នុងពិធីមង្គលការដែលអ្នកស្រីបានថតរូបកាន់កាបូបបង្ហោះតាមបណ្តាញសង្គម ហើយមិត្តភក្តិរបស់អ្នកស្រីឃើញក៏ចាប់អារម្មណ៍កុម្ម៉ង់ឱ្យអ្នកស្រីធ្វើតែម្តង។
ជាទូទៅប្រហែលជាអ្នកផងគិតថា ដើមចេកក្រៅតែពីយកផ្លែនិងត្រយូងរបស់វាហើយនោះវានឹងមិនមានប្រយោជន៍អ្វីទៀតទេ តែបន្ទាប់ពីអ្នកស្រីសិក្សាស្រាវជ្រាវបន្ថែមមកទើបដឹងថាដើមចេកមានប្រយោជន៍។ ម្យ៉ាងអ្នកស្រីចង់ថែរក្សាតម្បាញដោយដៃពីដូនតាដោយសារអ្នកស្រីមានបំណងចង់ជួយដល់ស្ត្រីក្នុងសហគមន៍ឱ្យមានការងារធ្វើផង ទើបអ្នកស្រីចាប់ផ្តើមធ្វើអាជីវកម្មក្នុងឆ្នាំ ២០២០ តែម្តង។ ប៉ុន្តែកាលនោះស្ថានភាពជំងឺកូវីដ ១៩ ក៏រារាំងដល់អាជីវកម្មរបស់អ្នកស្រីដែរ។
អ្នកស្រី សុឃឿប លើកឡើងថា ចំពោះផលិតផលតម្បាញដើមចេកដោយដៃមានដូចជា កន្ត្រកយួរដៃ ខ្សែយួរសម្រាប់ទ្រកែវកាហ្វេ កាបូបដៃកាបូបស្ពាយ ខ្សែយួរសម្រាប់ដាក់ដបទឹកសុទ្ធឡើងភ្នំ។ ផលិតផលទាំងនេះត្រូវបានអ្នកស្រីរចនាឡើងតាមក្បាច់ខ្មែរដូចជា ក្បាច់ភ្ញីភ្លើងជាដើម។ សម្រាប់ផលិតផលកាបូបយួរអាចដាក់កុំព្យូទ័រយួរដៃ អាចដាក់ក្រដាសឯកសារឬស្រោមសម្រាប់ដាក់ទូរស័ព្ទបានផង។ ចំពោះតម្លៃវិញមានចាប់ពី ១០ ដុល្លាររហូតដល់ជាង ៤០ ដុល្លារអាស្រ័យទៅតាមផលិតផលតូចធំនិងតាមក្បាច់រចនារបស់សម្ភារនីមួយៗ។
អ្នកស្រីបានបញ្ជាក់ថា៖ «សម្រាប់គុណភាពនៃផលិតផលតម្បាញពីដើមចេកនេះអាចប្រើជាប់ស្វិតកាន់ឆ្នាំផង។ រីឯផលិតផលច្នៃពីដើមចេកនេះក៏មិនលាយសារធាតុគីមីអ្វីដែលអាចប៉ះពាល់ដល់សុខភាពដែរ»។
បច្ចុប្បន្នអ្នកស្រី សុឃឿប មានចម្ការដើមចេកខ្លួនឯងខ្លះ និងដើរប្រមូលទិញពីអ្នកភូមិខ្លះហើយដើមចេកប្រភេទអ្វីក៏អាចកែច្នៃបានដែរ។ ចំពោះរបៀបធ្វើវិញ អ្នកស្រីប្រាប់ថា ដំបូងយកដើមចេកមកច្រៀកជាចម្រៀកៗរួចហាលថ្ងៃឱ្យស្ងួត បន្ទាប់មកយកវាមកវេញត្បាញបញ្ចូលគ្នាដែលផលិតផលនីមួយៗអាចចំណាយពេលពី ២ ទៅ ៥ ថ្ងៃ ទើបសម្រេចបានអាស្រ័យទៅតាមតូចធំ។មានស្ត្រីវ័យចំណាស់ៗប្រមាណ ៧ នាក់នៅតាមផ្ទះក្នុងសហគមន៍កំពុងធ្វើការងារតម្បាញដើមចេកឱ្យអ្នកស្រីសុឃឿប។ ទាក់ទងនឹងផលិតផលរបស់អ្នកស្រីបានចូលរួមជួយដល់បរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានច្រើនជាងគេ គឺខ្សែយួរកែវកាហ្វេ។
អ្នកស្រីថ្លែងថា៖ «ឥឡូវអ្នកលក់កាហ្វេនៅក្នុងសហគមន៍ខ្ញុំគាត់កុម្ម៉ង់ឱ្យខ្ញុំធ្វើខ្សែយួរឱ្យគាត់ ព្រោះបើយើងប្រើថង់ប្លាស្ទិកកែវ ១ ដៃយួរ ១ អ៊ីចឹងបើកែវ ៥០ ដៃយួរក៏ ៥០ ដែរ។អ៊ីចឹងបើងាកមកប្រើខ្សែធ្វើពីសរសៃដើមចេក ១ ក៏កាត់បន្ថយថង់ប្លាស្ទិកបាន ១ ដែរ»។
បើតាមអ្នកស្រី សុឃឿប បច្ចុប្បន្នមានចំណាប់អារម្មណ៍ពីអតិថិជនច្រើនជាងមុនដូចជា ពីខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ និងនៅខេត្តបាត់ដំបងផ្ទាល់ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ពីព្រោះអតិថិជនដែលកុម្ម៉ង់ឱ្យអ្នកស្រីត្បាញជាខ្សែយួរកែវកាហ្វេគឺភាគច្រើនក៏សុទ្ធតែចូលរួមជួយថែរក្សាបរិស្ថានដែរ។
កន្លងមកប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានគាំទ្រ និងបានវាយតម្លៃខ្ពស់លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ការផលិតសម្ភារប្រើប្រាស់ពីដើមចេកឬរបស់កែច្នៃក្នុងស្រុក ដែលមិនប៉ះពាល់បរិស្ថានបានចូលរួមយ៉ាងសំខាន់ក្នុងយុទ្ធនាការនៃការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីសម្ភារមេត្រីបរិស្ថាន ហើយក៏ដូចជា បានជួយផ្សព្វផ្សាយចំណេះដឹងថ្មីទៀតជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប្រជាជនទេ តែពួកគាត់ថែមទាំងបានទទួលប្រាក់ចំណូលយ៉ាងសំខាន់ប្រចាំថ្ងៃបន្ថែមពីមុខរបរស្រែចម្ការផ្សេងទៀត។ នេះបើតាមលោកខ្វៃអាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកបានលើកឡើងថា ការផលិតសម្ភារធ្វើពីសរសៃដើមចេកបានជួយពង្រឹងការគិតគូរ ជាពិសេសអាជីវករ ជុំវិញគោលបំណង ទី១ គឺចូលរួមចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក, ទី២ គឺជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រៃ្ដយ៍នូវការផ្ដល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន និងទី៣ គឺចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ផលិតកន្ត្រកឬសម្ភារប្រើប្រាស់ពីដើមចេកដែលងាយស្រួលដាំដុះ និងផ្តល់ផលច្រើនធានាដល់អាជីវកម្មផលិតផងដែរ។
បើតាម អ្នកនាំពាក្យរូបនេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកទល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ គឺមានសាលារៀនចំនួន ៨ ១០០ សាលារៀន និងមនុស្សសរុបចូលរួមចំនួនជាង ៥ លាននាក់ក្នុងនោះសិស្សានុសិស្សបានចូលរួមចំនួនប្រមាណជាង ៣០ ម៉ឺននាក់។
លោកបានថ្លែងថា៖ «ខ្ញុំមានសង្ឃឹម និងជំនឿជឿជាក់ថា ស្មារតីនៃយុទ្ធការកាត់បន្ថយថង់ប្លាស្ទិកនាពេលនេះ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងនិងភ្ញាក់រឭកហើយយកការយល់ដឹងនេះមកប្រែក្លាយជាការអនុវត្តជាក់ស្តែងនិងអនុវត្តជាប្រចាំ ដើម្បីបុព្វហេតុបរិស្ថាន និងដើម្បីភាពស្អាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបរិស្ថានពិភពលោកឱ្យមាននិរន្តរភាព។ បន្ថែមពីនេះ ការមិនប្រើប្រាស់ប្លាស្ទិកឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាននិងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា»។
លោកបានបញ្ជាក់ថា៖ «ដើម្បីភាពស្អាតនិងធ្វើឱ្យកម្ពុជាស្អាត គ្មានការបំពុលលើដីលើទឹក និងខ្យល់ដោយសំណល់សំរាម និងប្លាស្ទិកដូចមានចែងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំបង្វិលសំខាន់ចំនួន ៣ គឺស្អាត បៃតង និងចីរភាព។ ការចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏ដូចជាចូលរួមជាមួយប្រជាជាតិលើសកលលោកដើម្បីបុព្វហេតុរួមចំណែកការពារនិងថែរក្សាគុណភាពបរិស្ថានភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាពនិងភាពស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត»៕