​សៀមរាប​: ធ្លាប់តែ​រស់នៅក្នុង​ភូមិ​ឋាន​ដាច់ស្រយាល និង​ចុះទូក​នេសាទ​ជា​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​លោក ឌើ ហ្វី​ត​ទ្រី និង​ភរិយា​បាន​ប្រឈម​បញ្ហា​ក្នុង​ការនាំយក​កូនប្រុស​មាត់​ឆែប​ទៅ​ទទួល​ការព្យាបាល​។​


​លោក ហ្វី​ត​ទ្រី បាន​រៀបរាប់​អំពី​ស្ថានភាព​កូនប្រុស​ទី២ ថា​៖ «​ពេល​ឃើញ​មុខ​កូន​កើតមក អស់កម្លាំង​រលីង​តែម្ដង​។ ប៉ុន្ដែ​ធ្វើ​ម៉េច​បើ​គាត់​ជា​កូន​ហើយ​គាត់​ពិតជា​គួរឱ្យ​អាណិត​ណាស់​»​។​

​រយៈពេល​ ​៧​​ ថ្ងៃក្រោយ​ដោយ​ឮដំណឹង​អំពី​ការវះកាត់​មាត់​ឆែប​ដែល​អង្គការ Smile Cambodia ចេញ​បេសកកម្ម​នៅ​ខេត្ដ​កំពត​។ ប៉ុន្ដែ​ដោយសារ​ទារក​នៅ​តូច​ពេក ពួកគេ​ត្រូវបាន​ជូនដំណឹង​ឱ្យ​រង់ចាំ​ដល់​ទារក​គ្រប់​ ៤ ខែ​។ យ៉ាងណាក្តី​ប្ដី​ប្រពន្ធ​ជា​អ្នកនេសាទ​នៅ​សមុទ្រ​រូបនេះ មិនមាន​បំណង​នាំយក​ដំណើរ​ផ្លូវ​វែងឆ្ងាយ​ពី​ទីឋាន​ដាច់ស្រយាល​នៃ​ខេត្ដ​កំពត​ទៅកាន់​ខេត្ដ​សៀមរាប​នោះទេ ដោយ​ពួកគេ​និយាយថា មិន​ស្គាល់​គ្មាន​ថវិកា​និង​មិន​ជឿ​ពី​សមត្ថភាព​នៃ​ការព្យាបាល​ស្ថានភាព​កូន​របស់ខ្លួន​បាន​។

លោក​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​យើង​មិន​ជឿ​ទេ​! មាត់​របស់គាត់​ចំហ​ធំ​ណាស់ ហើយ​គេ​ប្រាប់ថា បើ​អាច​ដេរ​បាន ក៏​នៅតែ​មិន​ជិត​ល្អ​ទេ​។ ប៉ុន្ដែ​ដោយមាន​ការជំរុញ​ពី​ខាង​អង្គការ ជា​​ពិសេស​លោក​ចាន់ ដែល​ធានា​អះអាងថា អង្គការ​រ៉ាប់រង​ការ​​ចំណាយ និង​ទំនុកបម្រុង​សព្វ​បែបយ៉ាង ទើប​យើង​ប្រថុយ​នាំ​កូន​មក​ព្យាបាល​»​។​

​លោក ​ហ្វី​ត​ទ្រី ដែល​មើលមុខ​កូន​ខ្លួនឯង​មិន​ស្គាល់​ក្រោយពេល​វះកាត់​រួច បាន​និយាយថា បើ​លោក​មិន​នាំយក​កូន​មក​ធ្វើការ​វះកាត់​នោះទេ​លោក​ប្រាកដ​ជាមាន​វិប្បដិសារី​ហើយ​កូន​របស់លោក​នឹង​ប្រឈម​ការមើល​ងាយ មិន​ហ៊ាន​ប្រឈមមុខ​ក្នុងសង្គម ដែល​ធ្វើឱ្យ​ជីវិត​កូន​ជួប​បញ្ហា​ជាច្រើន​នាពេល​អនាគត​។


​លោក ​ចាន់ កុក​ឆ​យ ហៅ ​ចាន់ អនុប្រធាន​អង្គការ Smile Cambodia ថ្លែងថា បេស​ក​​កម្ម​វះកាត់​កុមារ​មាត់​ឆែប​ត្រូវបាន​ធ្វើឡើង​រយៈពេល ​២ ​ថ្ងៃ គឺ​ថ្ងៃទី ២១ និង​ទី ២២ ខែមីនា ហើយ​ព្រឹត្តិការណ៍​រៃអង្គាស​ថវិកា​ធ្វើ​ថ្ងៃទី​ ២៣​។

លោក​ចាន់​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ចំពោះ​លទ្ធផល​នៃ​បេសកកម្ម​វះកាត់​នៅ​សៀមរាប​។ ជាមួយនឹង​អ្នកជំងឺ​ចំនួន​ ៤៤​ នាក់​ត្រូវបាន​ព្យា​បាល​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អ្នកស្ម័គ្រចិត្ត​ពេទ្យ​កម្ពុជា​ និង​ម៉ាឡេស៊ី​ការគាំទ្រ​ដ៏​ល្អ​ពី​ម្ចាស់ជំនួយ​ក្នុងស្រុក ​និង​ក្រៅប្រទេស​ជាច្រើន​ក៏ដូចជា​ការគាំទ្រ​ដ៏​ធំ​ធេង​ពី​រដ្ឋាភិបាល​អាជ្ញាធរខេត្ត​សៀមរាប​ម​ន្ទីរ​ពេទ្យ​ក្រសួងសុខាភិបាល​និង​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​»​។​

​លោក ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ទៅពិនិត្យ​ការវះកាត់​បបូរមាត់ និង​ក្រអូមមាត់​ឆែប​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​សៀមរាប បានឱ្យដឹងថា លោក​បាន​អរគុណ​ដល់​អង្គការ Smile Cambodia ដែល​ផ្ដល់​ការវះកាត់​មាត់​ឆែប​ដល់​កុមារ​កម្ពុជា​។

លោក​បាន​ថ្លែង​ក្រោយពេល​ចូល​ទស្ស​នា​ការវះកាត់​ផ្ទាល់​ថា សកម្ម​ភាព​នេះ​ពិតជា​ល្អ​និង​បាន​ជួយ​សម្រាល​បន្ទុក ជាមួយ​ការ​វះ​​កាត់ និង​ព្យាបាល​កុមារ​កម្ពុជា​បាន​ច្រើន​នាក់​ហើយ​ជា​លទ្ធផល​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ កុមារ​ទទួល​ការវះកាត់​បាន​ច្រើន​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សកម្មភាព​មនុស្សធម៌​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមគ្រូពេទ្យ​កម្ពុជា ដែល​ធ្វើឱ្យ​គ្រូពេទ្យ​កម្ពុជា​ទទួលបាន​កិច្ច​សហការ​ជាមួយ​គ្រូពេទ្យ​បរទេស ដើម្បី​ផ្ដល់​បទពិសោធ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ក្នុងនាម​ក្រសួងសុខាភិបាល​ខ្ញុំ​យល់ថា បេស​ក​​កម្មនេះ​អាចជួយ​បាន​ទាំង​ការបណ្ដុះបណ្ដាល ទំនាក់ទំនង និង​សុខភាព​ប្រជាពលរដ្ឋ​»​។​

​លោក​ កាង បាន​ថ្លែង​ទទួល​ស្គាល់​អំពី​ការលើកឡើង​របស់​ប្រធាន​អង្គការ Smile Cambodia ដែល​កោតសរសើរ​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា​ក្នុងការ​វះកាត់​បញ្ហា​មាត់ និង​ក្រអូមមាត់​ឆែប​។

លោក​បន្ដថា ក្រសួងសុខាភិបាល​បាន​ជួយ​គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ​ជាស​កម្ម​ភាព​មនុស្សធម៌ ហើយ​ក្រសួងសុខាភិបាល ក៏ដូចជា​គ្រូពេទ្យ​កម្ពុជា​បាន​ចូលរួម​ជាច្រើន​។​

​លោក កាង​ លើកឡើងថា​៖ «​យើង​ចង់ឃើញ​គ្រូពេទ្យ​យើង​ជាច្រើន​ទៀត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត​»​។​

​ជា​វេជ្ជបណ្ឌិត​សកម្ម​ម្នាក់​ដែល​បាន​ចូលរួម​បេសកកម្ម​ជាមួយ​អង្គការ Smile Cambodia លោក ទា សុខ​ឡេង វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​មាត់​ឆែប​ និង​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​អង្គការ​នៅ​កៀន​ឃ្លាំង បានធ្វើការ​វះកាត់​បញ្ហា​មាត់ និង​ក្រអូម​ឆែប រាប់ពាន់នាក់ ទាំង​នៅក្នុង​ស្រុក និង​អន្ដរជាតិ​។ លោក​ថ្លែងថា ក្នុងការ​វះកាត់​មាត់​ឆែប​នៅ​សៀមរាប​នេះ ក្រុមគ្រូពេទ្យ​ខ្មែរ​មាន​ចំនួន​ ៤ ​នាក់​ និង​ក្រុមគ្រូពេទ្យ​មកពី​ម៉ាឡេស៊ី​ចំនួន ៥ នាក់​។​

​លោក​បានឱ្យដឹងថា ប្រទេស​កម្ពុជា​ នៅមាន​ករណី​មាត់​ឆែប​នេះ​ច្រើន ដោយ​កត្ដា​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​ទាំង​ចំណីអាហារ​ការប្រើប្រាស់​ឱសថ​ពេល​មាន​ផ្ទៃពោះ​ និង​រង​នូវ​សារធាតុពុល​ពី​បរិស្ថាន​ជុំវិញ​ជាដើម​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ដំណោះស្រាយ​ចម្បង​គឺ​ការផ្សព្វផ្សាយ​ទៅដល់​មូលដ្ឋាន​ដាច់ស្រយាល​ពីព្រោះ​កុមារ​មាន​មាត់​ឆែប​នេះ ភាគច្រើន​ចេញពី​គ្រួសារ​ក្រីក្រ ដែល​ម្ដាយ​ប្រើប្រាស់​ឱសថ​ពេល​មានគភ៌ ទទួលទាន​អាហារ​មិន​ស្អាត និង​ការបំពុល​ដោយ​ថ្នាំ​សម្លាប់សត្វ​ជាដើម​»​។​

​លោកស្រី Mathilda Ma ប្រធាន​អង្គការ Rotary Club of Likas Bay បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​ភាពជោគជ័យ​នៃ​បេសកកម្ម​វះកាត់ Smile Cambodia នៅ​សៀមរាប​ដែលមាន​ការចូលរួម​ពី​ប្រតិភូ​ចំនួន​ ៣០​ នាក់ ​មកពី​ប្រទេស​ម៉ាឡេស៊ី​ និង​សមាជិក ៣ នាក់​មកពី​តៃវ៉ាន់​។

លោកស្រី Ma បានឱ្យដឹងថា​៖ «​ក្នុងនាម​ក្លឹប​Rotary Club of Likas Bay យើងខ្ញុំ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ Smile Cambodia ដែល​ដឹក​នាំ​ដោយ​លោក​ចាន់​ចំពោះ​ជោគ​ជ័យ​ក្នុង​បេសកកម្ម​នេះ​»​។​

​ក្លឹប Rotary ofLikas Bay (RCLB) គឺជា​អង្គការ​សេវាកម្ម​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ Rotary International ដែលមាន​ទីតាំងនៅ Likas Bay ប្រទេស​ម៉ាឡេស៊ី​។ ដូច​ក្លឹប Rotary ផ្សេងទៀត​នៅ​ជុំវិញ​ពិភព​​លោក ​RCLB ផ្តោតលើ​សេវា​សហគមន៍​គម្រោង​មនុស្សធម៌​និង​ការលើកកម្ពស់​សុច្ឆន្ទៈ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​

​ជាធម្មតា​ពួកគេ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដូចជា​កម្ម​​វិធី​អប់រំ​យុទ្ធនាការ​សុខភាព​គម្រោង​បរិស្ថាន ​និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សហគមន៍​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​។​

​លោកស្រី​ Ma បាន​និយាយថា ​គំនិត​ផ្តួចផ្តើម​នេះ​បាន​នាំមក​នូវ​ក្តីសង្ឃឹម​ និង​ជីវិត​ថ្មី​ដល់​អ្នកជំងឺ​ចំនួន​ ៤៤​ នាក់​នៅក្នុង​ខេត្ត​សៀមរាប ​ដោយ​បង្ហាញ​ពី​កិច្ចសហការ​ដ៏​គួរឱ្យកត់សម្គាល់​ និង​ការងារ​ជា​ក្រុម​ក្នុងចំណោម​ក្រុមគ្រូពេទ្យ​ក្នុងស្រុក​ និង​អន្តរជាតិ​។​

​លោកស្រី​បាន​សង្កត់ធ្ងន់​លើ​ភាពជា​ដៃគូ​ដ៏​យូរអង្វែង​រវាង​ក្លឹប Rotary Club of Likas Bay និង​ Smile Cambodia ដែលមាន​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ដើម្បី​ជា​សក្ខីភាព​នៃ​ការលះបង់​ដែល​មិន​ផ្លាស់ប្តូរ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​រួមទាំង​អ្នក​ឧបត្ថម្ភ​អ្នក​គាំទ្រ​អ្នកស្ម័គ្រចិត្ត​ និង​ក្លឹប ​Rotary ផ្សេងទៀត​ដូចជា ​RC Senawang​ និង​ RC KK Mandarin​។​

​ការទទួល​បដិសណ្ឋារកិច្ច​របស់ ​Smile Cambodia និង​ការ​គាំទ្រ​ពី​ក្រសួងសុខាភិបាល​ និង​ទីស្តីការ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ធ្វើឡើង​រយៈពេល ​៥ ​ថ្ងៃ ​ក្នុង​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី ​២០ ​ដល់​ថ្ងៃទី​ ២៤ ​ខែមីនា​ ដែលជា​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​និង​ជាទី​នឹករឭក​។​

​ប្ដី​ប្រពន្ធ​មកពី​ខេត្ដ​តាកែវ​ ដែល​កំពុងតែ​បីកូន​ដំបូង​ដើរ​បន្លប់​ការ​ស្រែកយំ​ពី​ការឈឺចាប់​មុខរបួស​វះកាត់​បាន​និយាយថា ពួកគេ​ត្រូវបាន​ប្រាប់​ដំណឹង​ទៅ​អង្គការ​ Smile Cambodia នៅ​មន្ទីរ​ពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត ឬ​ពេទ្យរុស្ស៊ី ក្នុងការ​ព្យាបាល​បញ្ហា​ឆែបមាត់​របស់​កូនស្រី​។​

​ក្នុង​បេសកកម្ម​វះកាត់​មាត់ និង​ក្រអូមមាត់​ឆែប​របស់​អង្គការ​ Smile Cambodia នៅ​ខេត្ដ​សៀមរាប លោក ស៊ឹម វិបុល ជា​ឪពុក​ទារិកា វិបុល ចន្ទ្រា​និយាយថា​៖ «​ខាង​អង្គការ​បាន​ជូនដំណឹង​នៅពេល​គាត់​អាយុ​បាន ៤ ខែ ឬ​ប្រមាណ ៥ គីឡូក្រាម​។ ដូច្នេះ យើង​ត្រូវ​ធ្វើដំណើរ​ពី​ខេត្ដ​តាកែវ​នៅ​ថ្ងៃទី​ ១៩ ដើម្បី​ត្រៀម​ការ​វះកាត់​នៅ​ថ្ងៃទី ​២១ ខែមីនា​»​។​

​លោក ឡៃ នី​ន ឬ រិ​ទ្ធិ អាយុ ៤២ ឆ្នាំ ជា​កម្មករសំណង់ បានដឹង​ពី​ការវះកាត់​មាត់​ឆែប​តាម​​រយៈ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ដ​ព្រះសីហនុ បាន​នាំ​កូន​ទី​ ៥ ​អាយុ​ ១០ ​ខែ មកកាន់​មន្ទីរ​ពេទ្យរុស្ស៊ី​កាលពី​ខែកុម្ភៈ និង​ទទួល​ការ​ណាត់​របស់​អ្នករៀបចំ​កម្មវិធី​វះកាត់​នៅ​ខេត្ដ​សៀមរាប​។​

​ស្ដ្រី​ជា​ម្ដាយ ភរិយា​លោក រិ​ទ្ធិ បាន​និយាយថា​៖ «​អំឡុងពេល​រង់ចាំ​កូន​ចូល​បន្ទប់វះកាត់ ខ្ញុំ​បារម្ភ​ខ្លាំងណាស់ ដើរ​ឆ្លេឆ្លា​ចុះឡើង​រហូតដល់​គ្រូពេទ្យ​បាន​ប្រាប់ថា ការវះកាត់​រួចរាល់​ហើយ ទើប​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ និង​រំភើប ពេល​បានឃើញ​មាត់​កូន​ត្រូវបាន​ដេរ​ភ្ជិត​។ ខ្ញុំ​អរគុណ លោកគ្រូ​ដែល​បាន​ជួយ​កូន​ខ្ញុំ​»​។​

​លោក Kevin Lua​ សហ​ស្ថាបនិក​ក្រុមហ៊ុន​វ័ន​រ៉ូ​ដ​គ្រុប រួមទាំង​អង្គការ​មូលនិធិ​សប្បុរស​ធម៌​វ័ន​រ៉ូ​ដដែល​បាន​ចូលរួម​បេស​ក​កម្ម​វះកាត់​នៅ​សៀមរាប និង​ជា​អ្នក​ឧបត្ថម្ភ​គម្រោង​មួយ​ផង​នោះបាន​ឱ្យដឹងថា នេះ​ជាការ​ជួយ​ដែល​អាច​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ជួប​បញ្ហា​សុខភាព​កាយសម្បទា​បែបនេះហើយ​ចៃដន្យ​អង្គការ​ Smile Cambodia អាចជួយ​ពួកគេ​និង​នាំមក​នូវ​ការផ្លាស់ប្តូរ​ជោគវាសនា​ពេញ​មួយជីវិត​របស់​ពួកគេ​។​

​លោក​បាន​និយាយថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ជន​ជាតិចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ខ្ញុំ​មានកា​​ត​ព្វ​កិច្ច​ និង​មានការ​ទទួលខុស​​ត្រូវ​ក្នុង​ការជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​បែបនេះ​បន្ថែមទៀត​។​ដូច្នេះ​ការដែល​ខ្ញុំ​អាច​ចូលរួម​ក្នុង​សកម្មភាព​បែបនេះ​ក៏មាន​អត្ថន័យ​ពិសេស​សម្រាប់​ខ្ញុំ​ផងដែរ​»​។​

​ថ្វីដ្បិតតែ​នេះ​ជា​លើក​ទី​៣ ​ហើយ​ដែល​លោក Kevin បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បែបនេះ​លោក​មាន​អារម្មណ៍​រំជួលចិត្ត​យ៉ាងខ្លាំង​ពេលដែល​មើលឃើញ​ក្រសែភ្នែក​របស់​កុមារ​ទាំងនោះ​ដែល​ដឹងគុណ​អស់ពី​ចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​វេជ្ជ​បណ្ឌិត​និង​ដៃគូ​របស់​មូលនិធិ​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​តំណាង​អង្គ​​ការ​មូលនិធិ​សប្បុរសធម៌​វ័ន​រ៉ូ​ដ​ខ្ញុំ​ក៏​សង្ឃឹម​ផងដែរ​ថា អាច​នឹងមាន​សកម្មភាព​បែបនេះ​បន្ថែមទៀត​នាពេល​អនាគត​ ដើម្បី​ជួយ​ដល់​ពួកគេ​គ្រប់គ្នា​»​។​

​លោក​ ចាន់​ បាន​និយាយថា​ សកម្មភាព​របស់ ​Smile Cambodia គឺអាច​ធ្វើទៅបាន​ដោយមាន​ការរួមចំណែក​ដ៏​សប្បុរស​ពី​អ្នក​ឧបត្ថម្ភ​និង​ម្ចាស់ជំនួយ​ហើយ​វត្តមាន​របស់លោក​ស្រី ​ទុយ ឈី ជា​ភរិយា​អភិបាលខេត្ត​សៀមរាប​ក្នុង​ពិធី​បិទ​រួម​ជាមួយនឹង​ឥស្សរជន​ក្នុងស្រុក​ជាច្រើន ​គឺ​ពិតជា​មានការ​លើកទឹកចិត្ត​យ៉ាងខ្លាំង​។​

​លោក​បាន​ថ្លែងថា​៖ «​ពួកគេ​ក៏បាន​បង្កើន​ការបរិច្ចាគ​យ៉ាងច្រើន​ដល់​អង្គការ​ Smile Cambodia​។ យើង​ក៏មាន​សេចក្តីសោមនស្ស​រីករាយ​ផងដែរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯក​ឧត្ដម ង៉ូ​វ​ កាង​ ដល់​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​»​។

លោក​បានឱ្យដឹងថា រហូតដល់​ខែធ្នូ ឆ្នាំ​ ២០២៣ អង្គការ Smile Cambodia ធ្វើការ​វះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកមាន​បញ្ហា​មាត់ បបូរមាត់​ឆែប និង​កែទម្រង់​ត្រចៀក​ជិត ៦ ពាន់​នាក់​៕