​ភ្នំពេញៈ សង្ក្រាន្ដ​ឆ្នាំ​ថ្មី​កាន់តែ​ខិតជិត​មកដល់ អាវ​ថ្មីៗ​ត្រូវបាន​រចនា​ឡើង ដើម្បី​អបអរសាទរ​ភាពសម្បូ​រ​បែប​នៃ​វប្បធម៌​ខ្មែរ ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​នៃ​រូបភាព​តំណាង និង​ម៉ូដ​ទាន់​សម័យ​។ ​​អាវ​ទាំងនេះ​មិនមែន​គ្រាន់តែ​ជា​សម្លៀកបំពាក់​ប៉ុណ្ណោះ​ទេ វា​ជា​ផ្ទាំង​ក្រណាត់​ពណ៌នា​អំពី​ព្រលឹង​កម្ពុជា​។ ការ​រចនា​នីមួយៗ​បាន​ស្រោប​ធាតុ​នៃ​ប្រពៃណី និង​ភាព​ទំនើប​ចូលគ្នា​យ៉ាង​ល្អិតល្អន់ ដែល​ផ្តល់ឱ្យ​អ្នក​ពាក់​នូវ​ទិដ្ឋភាព​ដ៏​រស់​រវើក​ក្នុង​បេះដូង​នៃ​ស្មារតី​ខ្មែរ​។​


​អ្នកលេង​ហ្វេ​ស​ប៊ុ​ក Cen Chhornna បង្ហាញ​ចំណាប់​អារម្មណ៍​ដោយ​សរសេរថា វា​ពិតជា​ស្រស់ស្អាត ហើយ​បើ​អាច អាវ​នីមួយៗ​គួរតែមាន​ប្រាសាទ​ផ្សេងៗ​គ្នា​ដូចជា​ប្រាសាទព្រះវិហារ សំបូរ​ព្រៃ​គុក កោះ​កេរ ភ្នំ​ជី​សូរ ភ្នំ​តាម៉ៅ ភ្នំ​ឧដុង្គ វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ ទន្លេចតុមុខ ទន្លេសាប​។​

​ដោយ​ចោទ​សួរថា តើ​ផលិត​ផល​ទាំងនោះ​ពិតជា​របស់​ខ្មែរ ១០០​ ​ភាគរយ លោក​សរសេរថា​៖ «​មាន​ជាច្រើន​ទៀត រូប​ផ្លែ​ឈើ​ខ្មែរ រូប​នំ​ប្រពៃណី​ខ្មែរ រូប​ដើមត្នោត ដើម​រំដួល ដើម​វ​ល្លិ៍​ខ្លូត​ជាដើម​ឱ្យបាន​ច្រើនជាង​ទៀត​កាន់​ទាក់ទាញ​កាន់តែ​ល្អ អាវ​ស្អាត​ខ្ញុំ​ដូចជា​ត្រូវការ​ពាក់​ពេល​រដូវក្តៅ​នាពេល​ស​ង្រា្ក​ន្ត​ចូលឆ្នាំថ្មី​»​។ ក្ដៅៗ ការ​រចនា​ដ៏​លេចធ្លោ​មួយ​បង្ហាញ​ពី​ភាព​អស្ចារ្យ​គ្មាន​ ២ ​នៃ​ប្រាសាទអង្គរវត្ត​ជាមួយ​បាតុភូត​សម​រាត្រី​។ កំពូល​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ ជះ​ពន្លឺ​ផ្ទៃ​ក្រោយ​ពណ៌​លឿងទុំ ជា​និមិត្តរូប​នៃ​បេតិកភណ្ឌ​កម្ពុជា ដែល​ស្ថិត​ស្ថេ​រ រំឭក​អំពី​ប្រវត្តិសាស្ត្រ និង​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេសជាតិ​។ អាវ​នំអន្សម​ប្រពៃ​ណី​ខ្មែរ​ចង​វេច​ស្លឹកចេក​ពណ៌​បៃតង​ស្រស់ ជាការ​រចនា​អបអរ​មុខម្ហូប​ខ្មែរ និង​បង្ហាញ​ពី​សិល្បៈ​ដ៏​ស្មុគស្មាញ​បង្កប់​នៅក្នុង​នោះ​។​

​យ៉ាងណាក៏ដោយ ការច្នៃប្រឌិត​មិន​ឈប់​ត្រឹមនេះ​ទេ​។ អាវ​ដែល​តុបតែង​ដោយ​រូប​គោព្រៃ​ពណ៌​ស លើ​ក្រណាត់​ពណ៌​ខៀវ ក្រហម និង​ខ្មៅ ត្រូវបាន​បន្ថែម​ដោយ​និមិត្តសញ្ញា​ជាច្រើន ដូចជា ចេក​​ពងមាន់ សត្វ​ត្រយង អណ្ដើក​ហ្លួង ផ្ការំដួល ដើមត្នោត និង​ត្រី​គល់រាំង​។

ផ្ការំដួល​ដ៏​ស្រស់ស្អាត ជា​បុប្ផា​តំណាង​ជាតិ​រីក​ស្គុសស្គាយ​ពេញ​អាវ​។ ផ្កា​ពណ៌​លឿង​ភ្លឺ​របស់​វា ផុស​ត្រដែត​អែប​ស្លឹក​បៃតង​ចាស់​ដែល​តំណាងឱ្យ​ភាពស្រស់​​បំព្រង និង​គុណ​តម្លៃ​នៃ​រុក្ខជាតិ​ធម្មជាតិ​របស់​ប្រទេស​។ នៅ​ពីក្រោយ​ការ​រចនា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ មាន​ក្រុមយុវជន​មកពី Ahsora World ដែលមាន​ចំណង់​ចំណូលចិត្ត​ក្នុងការ​រក្សា​អត្តសញ្ញាណ​ខ្មែរ​ឱ្យ​រះ​ចិញ្ចែង​នៅលើ​ក្រណាត់​អាវ​។​


​ដំណើរ​របស់​ពួកគេ​បាន​ចាប់​ផ្តើម​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដោយ​ពួក​គេ​បាន​រចនា​អាវ​ដែល​ចាប់យក​ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិ​សា​​ស្ត្រ​នេះ​។ ឥឡូវនេះ ពួកគេ​បន្ត​បេសកកម្ម​របស់​ពួកគេ​ដោយ​បញ្ចូល​អត្តសញ្ញាណ​ខ្មែរ​ទៅក្នុង​គ្រប់​ផលិតផល​។ បន្ទាប់មក យុវជន​ទាំងនេះ រចនា​អាវ​គំរូ​គុន​​ខ្មែរ មុននឹង​ដាក់បញ្ចូល​វត្ថុ​អត្ត​សញ្ញាណ​ខ្មែរ នៅលើ​អាវ​សម្រាប់​អបអរ​បុណ្យចូលឆ្នាំថ្មី​។​

​លោក តៃ​ធារ៉ា រិ​ទ្ធិ​រក្ស អាយុ ២៦ ​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារគមនាគមន៍ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ចំណោម​អាវ ៨​ នេះ គំរូ​សម​រាត្រី​មានការ​លំបាក​ជាងគេ ដោយសារ​រូបភាព​នៅលើ​អាវ​អាច​នឹង​ជ្រេ​បន្ដិចបន្ដួច ពិសេស​នៅ​កន្លែង​បត់​ដាក់​ឡេវ​»​។​

​ជា​ក្រុមយុវជន​ស្រឡាញ់​អត្ដ​សញ្ញាណ​ខ្មែរ ពួកគេ​ប៉ង​ផលិត​អាវ​ទាំងនេះ​ឡើង​ច្រើន​ឆ្នាំ​មកហើយ ដោយ​ពួកគេ​យល់ថា វា​ជា​អត្ដ​សញ្ញាណ​របស់​ខ្មែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ពាក់​អបអរ​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ជាជាង​ប្រើប្រាស់​ផលិត​ផល​របស់​បរទេស​។​

​យុវជន រិ​ទ្ធិ​រក្ស បាន​និយាយថា​៖ «​ផ្នត់គំនិត​របស់​យើង​ គឺជា​ការ​ឌី​ហ្សា​ញ​បែប​ខ្មែរ​សម្រាប់​យុវជន​សម័យថ្មី​យើង ដោយ​យើង​មាន​តាំងពី​អាវយឺត និង​ថ្មីៗ យើង​មាន​អាវ​សាច់​ក្រណាត់ ក្នុង​បំណង​សម្រាប់​ការដើរ​លេង​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​»​។​

​វិថី​ឆ្ពោះទៅ​កាន់ការ​រចនា​អាវ​ទាំងនេះ​មិន​ងាយស្រួល​ទេ​។ វា​តម្រូវឱ្យ​នាំចូល​ក្រណាត់​លាត និង​ប្រើប្រាស់​បច្ចេកទេស​ដេរ​យ៉ាង​ហ្មត់ចត់ ដើម្បី​នាំឱ្យ​ការ​រចនា​មានជីវិត​។ អាវ​នីមួយៗ​ គឺជា​កម្លាំង​ពលកម្ម​នៃ​ក្តី​ស្រឡាញ់ ដែល​ឆ្លុះបញ្ចាំង​ពី​ការយក​ចិ​ត្ដ​ទុកដាក់​របស់​យុវជន​ទាំងនេះ​ចំពោះ​សិប្បកម្ម និង​វប្បធម៌​របស់​ពួកគេ​។ បច្ចុប្បន្ន ក្រណាត់​បាន​ចូល​ស្ដុក​រួចហើយ ហើយ​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ប៉ាន់​គំរូ​ម៉ូដ មុនពេល​បោះពុម្ព​ជា​កី និង​ដេរ​ជា​អាវ សម្រាប់​ដឹកជញ្ជូន​ដល់​អតិថិជន ដែល​ធ្វើការ​កុម្ម៉ង់​ទុក​ក្នុងតម្លៃ ១៩,៩៩ ដុល្លារ និង​សម្រាប់​អតិថិជន​រង់ចាំ​ទិញ​ពេល​ផលិត​លក់​លើ​ទីផ្សារ​ក្នុងតម្លៃ ២២,៥០ ​ដុល្លារ​។​ 

​អាវ​អត្ដ​សញ្ញាណ​ខ្មែរ ត្រូវតែ​ចេញមក​ជាមួយ​ការ​វេច​ខ្ចប់​បែប​ប្រពៃណី​ខ្មែរ ដោយ​អតិថិជន​នឹង​ទទួលបាន​ប្រអប់​ជា​ស្មុគ​ខ្មែរ ចេញពី​ស្នាដៃ​របស់​សិប្បករ​នៅ​រុន​តា​ឯកនៃ​ស្រុក​បន្ទាយស្រី​។​

​អ្វីដែល​ធ្វើឱ្យ Ahsora World មាន​ភាព​វិសេស គឺ​ការប្តេជ្ញាចិត្ត​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​ការ​យកចិត្តទុកដាក់​រប​ស់​ពួកគេ​ក្នុង​ការគាំទ្រ​សហគមន៍​មូលដ្ឋាន​។ តាមរយៈ​ការចាប់​ដៃគូ​ជាមួយ​សិប្បករ​ក្នុងភូមិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ ដើម្បី​ប្រអប់​ស្មុគ​ប្រពៃណី​ខ្មែរ ពួកគេ​មិន​ត្រឹមតែ​ជួយ​ដល់​ជីវភាព​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ថែមទៀត​។​

​លោក រិ​ទ្ធិ​រក្ស បានឱ្យដឹងថា ក្រៅពី​ការ​ឌី​ហ្សា​ញ​គំរូ​រូបភាព​អត្ដ​សញ្ញាណ​ជាតិ ផលិតផល​របស់លោក​ក៏​ផ្ដោត​សំខាន់​លើ​គុណភាព​តាំងពី​សាច់​ក្រណាត់ ការប្រើប្រាស់​ទឹក​ថ្នាំ​ពណ៌ និង​ការ​រចនា​ម៉ូដ ជាពិសេស ការ​​វេច​ខ្ចប់​ដែល​គាំទ្រ​ដល់​សហ​គ​​មន៍​សិប្បករ​ខ្មែរ​។ ថ្វីដ្បិតតែ​ការ​ឌី​ហ្សា​ញ​អាវ​ទាំងនេះ​ក្នុង​គោល​-​បំណង​អបអរ​ឆ្នាំ​ថ្មី​ជាការ​បង្ហាញ​អត្ដ​សញ្ញាណ​បែប​ខ្មែរ​សម្រាប់​យុវជន​សម័យថ្មី​យ៉ាងណាក៏ដោយ ក៏​ផលិតផល​ទាំងនេះ​ស័ក្ដិសម​សម្រាប់​មនុស្ស​គ្រប់​វ័យ​។​ 

​យុវជន ដែល​រៀន​ឯកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបនេះបាន​បន្ដថា​៖ «​នៅ​ដើមខែ​មេសា យើង​នឹងធ្វើ​ការ​វេច​ខ្ចប់​ក្នុង​ស្មុគ​រួច​បញ្ជូន​ទៅកាន់​អតិថិជន​ដែល​បាន​កុម្ម៉ង់​ទុក​។ អាវ​ទាំងនេះ​អាច​ពាក់បាន​មនុស្ស​គ្រប់​វ័យ​ទៅតាម​គំរូ​រូបភាព និង​ពណ៌​ដែល​ពួកគាត់​ចូល​ចិ​ត្ដ​»​។​ 

​បញ្ហា​ប្រឈម​គឺ​ការ​ព្រី​ន​ជា​កី ដោយ​ទាមទារ​សិក្សា​អំពី​ទំហំ និង​ការ​ឌី​ហ្សា​ញ​គំរូ​រូបភាព (artwork) ដែល​មិន​សុទ្ធតែ​ការ​-​ឌី​ហ្សា​ញ​ទាំងអស់​អាច​ប្រើប្រាស់​បាន​នោះទេ​។ ទាក់ទង​ការប្រើ​ប្រាស់​រូបភាព​ឆ្លុះបញ្ចាំង​ពី​អត្ដ​សញ្ញាណ​ខ្មែរ​ទាំងអស់ រួមទាំង រូបចម្លាក់ ប្រាង្គ​ប្រាសាទ នំ​ខ្មែរ រូប​សត្វ និង​វត្ថុ​តំណាង​ជាតិ ក្រុម​​យុវជន Ahsora ចុះ​ថត និង​គូរ​ដោយផ្ទាល់​ដៃ​របស់​ពួកគេ​។​ 

​លោក រិ​ទ្ធិ​រក្ស បាន​អះអាងថា​៖ «​ការប្រើប្រាស់​គំរូ​រូបភាព​ទាំង​-​អស់​មិនបាន​ចម្លង​ស្នាដៃ​បន្ដ​ពី​នរណា​ផ្សេង​ទេ​។ ក្រុម​របស់​យើង​ជា​អ្នក​ចុះ​ថត និង​គូរ​ជា​ស្នាដៃ​ផ្ទាល់​របស់​យើង​»​។​ 

​លោក ឈឹម សុធី ប្រធាន​​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​និយាយថា ចំពោះ​លោក​ជា​សិល្បករ​ម្នាក់ ជា​អ្នក​ឌី​ហ្សា​ញ​ផង និង​វិចិត្រករ​ផង លោក​គាំទ្រ​ចំពោះ​ការយក​អ្វី​ដែលជា​រូបតំណាង​ជាតិ​យើង មិនមែន​ទង់ជាតិ និង​ប្រាសាទ​អង្គរ តុបតែង​លម្អ​សម្រាប់​គ្រឿង​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏ដូចជា​សម្លៀកបំពាក់​។

លោក ​សុធី យល់ថា វា​ជាការ​ឌី​ហ្សា​ញ​ថ្មី ដែល​យុវជន​ទាំងនេះ​ខិតខំ​ច្នៃ​​ប្រឌិត​ជាជាង​ការប្រើប្រាស់​ផលិតផល​ទម្រង់​ស្រដៀង​គ្នា​របស់​ប្រទេសជិតខាង ដើម្បី​បញ្ចៀស​ការ​ប្រទាញប្រទង់​គ្នា​។​

​លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ជឿថា ការ​ឌី​ហ្សា​ញ​បែប​ថ្មីៗ​ដូច្នេះ ពួកគាត់​អាច​លក់ដាច់​ដោយសារ​វា​ជាការ​ឌី​ហ្សា​ញ​តំណាង​ជាតិ ជាការ​ច្នៃប្រឌិត​ផង និង​ជាការ​រកប្រាក់​ចំណូល​ផង ដើម្បីឱ្យ​ពួកគាត់​មាន​ដើម​-​ទុន​បន្ដការងារ​ឌី​ហ្សា​ញ​ទៅមុខទៀត​។ បើ​គ្មាន​ទុន គ្មាន​ចំណូល ពួកគាត់​ក៏​ពិបាក​ក្នុង​ការបោះ​-​ជំហាន​ទៅមុខ​ដែរ​។ សិល្បៈ​ដើរទៅ​មុខ​បាន លុះត្រាតែ​សេដ្ឋកិច្ច​ដើរ​ផងដែរ​»៕