​ភ្នំពេញ​: មាន​សណ្ឋាន​ដូចជា​ថ្ម​ក្រួស​តូចៗ ដែល​ស្ថិតនៅ​រាយ​ប៉ាយ​ក្នុង​ប្រាសាទក្រហម​នៃ​តំបន់​ប្រាសាទ​កោះ​កេរ គ្មាន​នរណា​ចាប់អារម្មណ៍​ថា ក្រួស​ថ្ម​ទាំងនោះ​ជា​បំណែក​នៃ​ចម្លាក់​បុរាណ​កម្ពស់​ប្រមាណ ៥ ម៉ែត្រ​នោះទេ​។​

​នៅក្នុង​កិច្ចការ​អភិរក្ស​បេ​តិក​ភណ្ឌ​ក្រុម​បុរាណ​វិទូ​ខ្មែរ និង​បារាំង បាន​សហការគ្នា​បំពេញ​បេស​ក​​កម្ម​ដ៏​លំបាក​បំផុត​ក្នុងការ​នាំយក​ថ្ម​ក្រួស​ឱ្យក្លាយ​ទៅជា​ចម្លាក់ ព្រះ​ឥសូរ​រាំ ឬ​ព្រះ​សិវៈ​រាំ សត​​វត្សរ៍​ទី១០ ឈរ​ឡើងវិញ​។​

​កម្ទេច​ថ្ម​តូចធំ​ជាច្រើន​បន្សល់​តាំងពី​សតវត្សរ៍​ទី​​១០​ ត្រូវបាន​តម្រៀប​នៅលើ​តុ ដោយ​រាល់​ដុំថ្ម​នីមួយៗ​ត្រូវបាន​បង់​លេខ​សម្គាល់​ងាយស្រួល​ក្នុងការ​តម្រៀប​ផ្គុំ​ពី​បំណែក​កម្ទេច​តូចៗ​រហូតដល់​ការដំឡើង​រូបចម្លាក់​ដ៏​ធំ​មួយ​ឡើងវិញ​។ វា​ជា​បេសកកម្ម​ផ្គុំ ជួសជុល និង​តម្កើង​ចម្លាក់​ព្រះ​ឥសូរ​រាំ ឬ​ព្រះ​សិវៈ​រាំ​ពី​សំណាក់​អ្នក​អភិរក្ស​មកពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ (NAPV) និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) រួមគ្នា​។​


​លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ទទួលបន្ទុក​កា​រិ​យា​ល័យ​អភិរក្ស​អង្គរ​បានឱ្យដឹងថា​៖ «​ដំណើរការ​ផ្គុំ​ចម្លាក់​ព្រះ​​សិវៈ​រាំ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមការងារ​ខ្មែរ​និង​បារាំង ជាមួយ​ការ​ផ្គុំ​សាច់​ក្រៅ​នៃ​ចម្លាក់​ប្រមាណ ៦៥ ភាគរយ​»​។

លោក ចំរើន ជា​អ្នកដឹកនាំ​ក្រុមការងារ​ផ្គុំ​ចម្លាក់​ព្រះ​ឥសូរ ឬ​ព្រះ​សិវៈ​រាំ បាន​ចាប់​ផ្ដើម​ក្រោយ ក្រុមការងារ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​របស់​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ជាមួយ​សា​លា​បារាំង​ចុង​បូព៌ា (EFEO) ធ្វើ​កំណាយ​តាំងពី​ឆ្នាំ ​២០១២ នៅ​ប្រាសាទក្រហម​។​


​ចម្លាក់​ព្រះ​សិវៈ​រាំ ដែលមាន​កម្ពស់​ប្រមាណ​ ៥ ម៉ែត្រ​នេះ ត្រូវបាន​បំផ្លាញ​លែង​នៅ​សេសសល់​ទ្រង់ទ្រាយ​មើល​យល់ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រមែប្រមូល​កម្ទេច​ថ្ម​ចម្លាក់​ជាង ​១ ម៉ឺន​បំណែក​ទាំង​តូច​ទាំង​ធំ​។

លោក​ ចំរើន បាន​និយាយថា ចំពោះ​បំណែក​សាច់​ខាងក្រៅ ក្រុម​ស្រាវជ្រាវ​ប្រមូលបាន​ជាង ២ ៥០០ ដុំ​ហើយ​ ពួកគេ​ចាប់ផ្ដើម​ការងារ​ផ្គុំ​នៅ​ឆ្នាំ​ ២០១៩ ដោយ​ការ​ផ្គុំ​លើកដំបូង ត្រូវការ​ពេលវេលា​៨ ខែ​មុនពេល​វិបត្ដិ​ជំងឺ​រាតត្បាត​សកល​បង្អាក់ការងា​រទាំ​ង​ស្រុង​។​

​លោក​សាស្ដ្រាចារ្យ​ប្រ​វ​ត្ដិ​វិទ្យា សំបូរ មា​ណ្ណា​រ៉ា បានឱ្យដឹងថា ប្រាសាទ​កោះ​កេរ​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្សរ៍​ទី ១០ នៃ​ការ​គ្រង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៤ ហើយ​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន ក៏​ស្ថិតក្នុង​រង្វង់​សតវត្សរ៍​ទី ​១០ ដែរ​នៃ​អំឡុង​ឆ្នាំ​ ៩៤០​។

លោក​សា​​ស្ដ្រា​ចា​រ្យ​ប្រ​វ​ត្ដិ​វិទ្យាប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ដូច្នេះ ចម្លាក់​ទាំងអស់នេះ គឺជា​ចម្លាក់​ដែល​ចាប់ផ្ដើម​ដោយ​កម្រ ពីព្រោះ​ប្រទេស​យើង​បែក​ជា​ ២ គឺ​ប្រទេសមួយ​នៅឯ​កោះ​កេរ និង​ប្រទេសមួយ​នៅឯ​យ​សោធ​បុ​រៈ (​រាជធានី​អង្គរ​)​។ ការ​ប្រសិទ្ធ​ចម្លាក់​ទាំងអស់នេះ​តាម​រចនាប័ទ្ម​ខ្មែរ​តាម​ការចាត់​ចែង​ដោយ​វិចិត្រករ អ្នក​សិល្បករ​ខ្មែរ វា​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​ណាស់​អំឡុង​សតវត្សរ៍​ទី១០»​។​

​ក្រុម​បុរាណ​វិទូ​បារាំង មាន​អ្នក​ជំនាញ​បច្ចេកទេស ដូចជា អ្នក​ជំនាញ​ខាង​ថ្ម ខាង​ដែក និង​អ្នក​ជំនាញ​ខាង​កាវ​ចំនួន ​៨ នាក់ ​ដែល​ដឹកនាំ​ដោយ​លោក Eric Bourdonneau ខណៈ​ក្រុមការងារ​ក្នុងស្រុក ដឹកនាំ​ដោយ​លោក ចំរើន និង​បុរាណ​វិទូ​ខ្មែរ​រួមទាំង​ប្រមាណ ១០ នាក់ ដោយ​ចូល​​រួម​ពី​ព្រះវិហារ សារមន្ទីរ​ជាតិ​ភ្នំ​ពេញ​និង​កម្មករ​ខ្មែរ​ក្នុង​ក្រុម​បា​រាំង​។ លោក ​ចំរើន ឱ្យដឹងថា​៖ «​ក្រុមការងារ​ខ្មែរ​យើង​មាន​ចំនួន​ខ្ទង់​ ១០ នាក់ និង​ខាង​បារាំង​មាន​ចំនួន​ ៨​នាក់​ ដោយបាន​ផ្លាស់​វេន​គ្នា​ទៅតាម​ជំនាញ​របស់​ពួកគេ​»​។​

​ជាមួយ​កិច្ចសហការ​នេះ ដែល​អាស្រ័យ​លើ​វេលា​របស់​ភាគី​បា​រាំង ដោយសារ​ពួកគេ​ជា​អ្នក​ដឹក​នាំ​គម្រោង ការ​ផ្គុំ​ចម្លាក់​ព្រះ​ឥសូរ​រាំ ​(​ព្រះ​សិវៈ​រាំ​) ដោយ​ប្រើប្រាស់​បំណែក​ថ្ម​ដើម​របស់​វា អាច​គ្រប​ដណ្ដប់​បាន​ប្រមាណ ៧០ ភាគ​​រយ ដែល​បំណែក​ដទៃទៀត​អាច​បែក​ខ្ទេចខ្ទី​អស់​ឬ​ក្មេង​ឃ្លា​ល​គោ​គប់​លេង​ទៅ​ឆ្ងាយ​។ នៅពេល​បំណែក​តូចៗ​នៃ​ចម្លាក់​ត្រូវបាន​ផ្គុំ ក្រុមការងារ​បារាំង​ចាប់ផ្ដើម​ផ្ដល់​សម្ភារ​ជំនួយ​តាម​ក្រោយ ដើម្បីឱ្យ​វា​ឈរ​ឡើងវិញ​។​

​លោក​ ចំរើន ទទួលស្គាល់ថា ទោះបីជា​ចម្លាក់​ត្រូវបាន​បញ្ឈរ និង​ផ្គុំ​ឡើងវិញ​យ៉ាងណាក៏ដោយ ក៏​គុណភាព​នៃ​ចម្លាក់​ដែល​ផ្គុំ​ដោយ​ការប្រើប្រាស់​កាវ​មិនល្អ​ដូច​ចម្លាក់​ថ្ម​ដើម​របស់​វា​នោះទេ ដោយ​វា​អាស្រ័យទៅលើ​សុពលភាព​របស់​កាវ និង​ទីកន្លែង​ទុកដាក់​ផង​។​

​ក្នុងនាម​ជា​អ្នក​ជួសជុល និង​អភិវឌ្ឍ​សំណង់​បុរាណ​លោក ចំរើន បានបង្ហាញ​ពី​អារម្មណ៍​ថា កូន​ខ្មែរ​គ្រប់រូប​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស​ទាំងស្រី​គួរតែ​ចូលរួម​ថែរក្សា​សម្បត្ដិ​ដូនតា ដោយ​កុំ​ជឿ​លើ​កលឧបាយ​មក​បំផ្លិច​​បំផ្លាញ​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ និង​អន្ដរជាតិ​។

លោក​និយាយថា​៖ «​នេះ ​គឺជា​ស្នាដៃ​ដូនតា​យើង​មួយ​ដ៏​ល្អ ស្ទើរតែ​អាច​និយាយថា វា​ល្អ​ឯក ដោយសារ​ចម្លាក់​នេះ​ធំ កម្ពស់​ប្រមាណ​ ៥ ម៉ែត្រ​។ វា​ទំនងជា​ចម្លាក់​ព្រះ​ឥសូរ​រាំ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ បើតាម​ខ្ញុំ​ដឹង គឺ​មិនមាន​ចម្លាក់​ណា​ធំ​ជាង​នេះ​ទេ​»​។ លោក​បានលើកឡើង​ពី​ស្ថានភាព​ស្រុកទេស មាន​សន្ដិ​ភាព​ដែល​អនុញ្ញាតឱ្យ​លោក ក៏ដូចជា បុរាណ​វិទូ​ដទៃទៀត​ធ្វើការ​ជួសជុល​វត្ថុ​បុរាណ ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម និង​ស្នាដៃ​មនុស្ស​អំឡុងពេល​ជួប​វិបត្ដិ​សង្គ្រាម​។​

​ការ​ផ្គុំ​ចម្លាក់​ព្រះ​សិវៈ​រាំ​ជា​កិច្ច​ការលំបាក​បំផុត​ជាមួយ​បទពិសោធន៍​បង្គុំ​ចម្លាក់​បាក់បែក​ក្នុង​ក្រុម​មូលនិធិ​ប្រា​​សាទ​ពិភពលោក ការងារ​ផ្គុំ​ចម្លាក់​ព្រះ​សិវៈ​រាំ​នេះ​ជា​កិច្ចការ​ដ៏​លំបាក​បំផុត​។

លោក​ ចំរើន​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​វា​ជា​កិច្ចការ​លំបាក​ជាង​ការ​ផ្គុំ​បំណែក​នៅ​ប្រាសាទ​ណា​ណា​ទាំងអស់​ប្រហែលជា ១០០ ដង​។ សឹងតែ​មួយជីវិត​នេះ តាំងពី​ខ្ញុំ​បាន​ដើរ​រៀនសូត្រ និង​ជួសជុល​ចម្លាក់​ជាច្រើន​កន្លងមក ប្រហែលជា​រូបចម្លាក់​នេះហើយ​ដែល​លំបាក​ជាងគេ​។ សូម្បីតែ​ក្រុមការងារ​ជំនាញ​បារាំង​ដែល​ដើរ​ធ្វើការ​ជួសជុល​ប្រាសាទ​នៅ​តំបន់​អាស៊ី​កណ្ដាល និង​អាស៊ី​​អាគ្នេយ៍ មិនដឹងថា ត្រូវធ្វើ​ពី​ណា​ទៅណា​មុន​នោះទេ​»​។​

​ការ​ផ្គុំ​បំណែក​ថ្ម​តូចៗ​ទៅជា​ដុំ​ធំ តែងតែមាន​បាត់​ចំណែក​ណាមួយ ដែល​ធ្វើឱ្យ​ការ​ផ្គុំ​ជួប​ការ​លំបាក​យ៉ាងខ្លាំង​។ ជាក់ស្ដែង ចម្លាក់​ដៃ​ទាំង ៦ លើ​រូប​ព្រះ​សិវៈ​រាំ​នេះ បាត់​បំណែក​កំភួនដៃ​ទាំង​អស់​ដែល​ធ្វើឱ្យ​ក្រុមការងារ​ពិបាក​ប៉ាន់​ដាក់​ប្រអប់ដៃ​ប្រវែង​ប៉ុន្មាន និង​បែរ​បង្វិល​ទៅ​ចំណុច​ណា​នោះទេ​។ បំណែក​ចម្លាក់​ត្រូវបាន​ព​ន្យួ​រ​រយីងរយោង និង​ដើរ​ឆ្វែល​ជុំវិញ​ស្វែងរក​ទីតាំង​សមរម្យ​បំផុត និង​ធ្វើការ​ពិភាក្សាគ្នា​ជាមួយ​ក្រុមការងារ ដាក់​ឡាស៊ែ​បញ្ចាំង​បញ្ឈរ និង​ផ្ដេក មុននឹង​សម្រេច​កំណត់​ទីតាំង​។ ចំពោះ​ជំហរ​ដៃ ពួកគេ​ក្រឡេក​ទៅ​មើល​រូបភាព​ក្នុង​សម័យកាល​ជាមួយគ្នា និង​ប្រភេទ​រូប​ឥសូរ​រាំ​ដូចគ្នានេះដែរ​ថា តើ​វា​ស្ថិតក្នុង​ជំហរ​របៀប​ម៉េច​។​

​លោក​លើកឡើងថា​៖ «​ការ​ផ្គុំ​ចម្លាក់​មួយ​នេះ ខ្ញុំ​គិតថា វា​មិន​ត្រឹមតែ​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​ខ្ញុំ​នោះទេ ទាំង​រូបខ្ញុំ និង​អ្នក​បានមក ឃើញ​ទាំងអស់​មាន​អារម្មណ៍​មិន​ខុសគ្នា​នោះទេ​។ វា​កើតឡើង​ពី ការស្រឡាញ់ និង​តស៊ូ​ខ្លាំងណាស់ ទម្រាំ​តែ​បាន​រូបនេះ​ឈរ​ឡើងវិញ​។​

​យោងតាម​គម្រោងការ​ផ្គុំ​ចម្លាក់​ព្រះ​សិវៈ​រាំ​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤ នេះ​។ ប៉ុន្ដែ​លោក ចំរើន បានឱ្យដឹងថា វា​ទំនងជា​មិនអាច​បញ្ចប់​តាម​គម្រោង​នោះទេ ដោយ​វា​នឹង​ចប់​នៅ​ដើមឆ្នាំ​ ២០២៥ ឯនោះ​។ ភាគី​បារាំង បានស្នើ​យក​ចម្លាក់​នេះ​ទៅ​រក្សាទុក​នៅក្នុង​រោង​ពិព័រណ៍​មួយ​នៅក្បែរ​ប្រា​​សាទ​ក្រហម​កោះ​កេរ​សម្រាប់​ភ្ញៀវទេសចរ​បាន​ទស្សនា​។​

​យ៉ាងណាក្តី​អាជ្ញាធរ​ព្រះវិហារ​មានបំណង​បង្កើត​ភាព​អស្ចារ្យ​សម្រាប់​ចម្លាក់​ដើម្បីឱ្យ​ស័ក្ដិសម​ទៅនឹង​វត្ថុ​បុរាណ​ជាតិ ជាមួយ​គោលបំណង​នៃ​ការបង្កើត​សារ​មន្ទីរ​។ លោក​ចំរើន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​វា​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច​។ ប្រហែលជា​ចម្លាក់​នេះ ត្រូវយក​ទៅកាន់​កោះ​កេរ​វិញ តែ​មិន​អាចដាក់​ក្នុង​ប្រាសាទ​នៅ​កន្លែង​ដើម​នោះទេ​»​។​

​យោងតាម​ភាពជាក់ស្ដែង ចម្លាក់​ព្រះ​សិវៈ​រាំ ទំនងជា​ត្រូវ​រក្សាទុក​នៅ​អភិរក្ស​ឋាន​អង្គរ​ខេត្ដ​សៀមរាប​ ៣-៤ ឆ្នាំ​មុន ពេល​មានការ​សម្រេច និង​កសាង​ទីកន្លែង​រក្សាទុក​ត្រឹមត្រូវ​។​

​អភិរក្ស​ឋាន​អង្គរ ជានា​យក​​ដ្ឋា​ន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បារាំង​រយៈពេល​ជាង ១០០ ឆ្នាំ​មកហើយ​។ រូបចម្លាក់​បុរាណ​នេះ​តំណាងឱ្យ​ការ​លាយ​បញ្ចូល​គ្នា​នៃ​សិល្បៈ​ដ៏​ល្អឥតខ្ចោះ និង​អត្ថន័យ​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ ដែល​បង្កប់​នូវ​ជំនឿ​វប្បធម៌ និង​សាសនា​របស់​ប្រជាជន​ខ្មែរ​នាពេលនោះ​។​

​លោក Eric ដឹកនាំ​ក្រុម​បារាំង​មកពី​សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​និយាយថា​៖ «[​ហេតុផល​ដែល​អ្នក​អភិរក្ស​បាននិងកំពុង​ធ្វើការ​ជួស​ជុល​ឡើងវិញ​] ពីព្រោះ​នៅពេល​ជាមួយគ្នានេះ​វា​មាន​លក្ខណៈ​ប្លែក​ និង​មាន​អត្ថន័យ​ខ្ពស់​សម្រាប់​ការយល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ​ជាពិសេស​ការយល់ដឹង​អំពី​ភាពជា​ស្តេច​នៅ​សម័យអង្គរ​។

​លោក​បន្ដថា​៖ «​ចម្លាក់​នេះ​ជា​មូលដ្ឋាន​នូវ​អ្វីដែល​នឹងដាក់​ឈ្មោះ​នៅ​សតវត្សរ៍​ទី​១១​ ជាការ​គោរព​ដល់​លិ​ទ្ធិ​ទេវរាជ (​ការគោរព​ចំពោះ​ព្រះ​ដែល​ទទួលខុសត្រូវ​លើ​ការការពារ​ព្រះរាជាណាចក្រ​និង​ស្តេច​)»​។

លោក Eric ដែល​បានធ្វើការ​ជាមួយ EFEO នៅ​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ផ្តោតលើ​ការអភិរក្ស​វត្ថុ​បុរាណ​កម្ពុជា និង​សង្គម​ក៏ដូចជា​ការ​​អភិវឌ្ឍ និង​ការជួសជុល​ឡើងវិញ​ចំពោះ​ប្រាសាទបុរាណ​នៅ​អាស៊ីអាគ្នេយ៍​។​

​មូលហេតុ​ចម្លាក់​ព្រះ​សិវៈ​រាំ​ក្លាយជា​កម្ទេច​បំណែក​ថ្ម​ការ​សម្គាល់​ជា​ចម្លាក់​ឥសូរ​រាំ ដោយ​សំអាង​លើ​ឯកសារ​ទស​​វត្សរ៍​ ១៩៥០ និង​ ១៩៦០ ក៏ដូចជា រូបថត​ចោរ​បំផ្លិចបំផ្លាញ​អំឡុង​ឆ្នាំ​ ១៩៩២ ពេល​ពួកគេ​លួច​ព្រះ​ភក្ដ្រ​របស់​ព្រះ​ឥសូរ ដែលមាន​មុខ ៥ និង​ព្រះ​កេស​ពីរ​ជាន់​។​

​ក្រុមការងារ​បារាំង បាន​យកមុខ​មួយ​ខាងឆ្វេង​និង​ប្រអប់ដៃ ៦ ទៅ​រក្សា និង​ជួសជុល​សារមន្ទីរ​ជាតិ​ភ្នំពេញ ហើយដោយ​ឡែក មុខ​ ៣ ទៀត​ដងខ្លួន និង​បំណែក​ផ្សេងៗ​ស្ថិតនៅ​កោះ​កេរ​។

លោក​បាន​រំឭកថា​៖ «​ក្រោយមក​ក្រុម​អ្នកស្រាវជ្រាវ​នៅ​កោះ​កេរ​បាន​ទទួលទាន​ស្រាស​ជាមួយ​អ្នក​​ស្រុក​អ្នកភូមិ ហើយ​ចៃដន្យ បាន​ជួប​អ្នក​បំផ្លាញ​ចម្លាក់​នេះ​ម្នាក់ ក្នុងចំណោម​ ៣ នាក់ ដែល​ពីរ​នាក់​បាន​ស្លាប់​ហើយ​។ គាត់​និយាយ​ដំណើរ​ទំនង​មូលហេតុ​ដែល​ពួកគេ​បំផ្លាញ​ចម្លាក់​នេះ​ខ្ទេចខ្ទី​ដល់​ថ្នាក់​នេះ​»​។ លោក​បន្ដថា ពេល​ចោរលួច​ព្រះ​ភក្ដ្រ​ព្រះ​សិវៈ​រាំ ៣ និង​វត្ថុ​ផ្សេងៗ ហើយ​យោងតាម​ការនិយាយ​តៗ​គ្នា​ថា បុព្វបុរស​ខ្មែរ​ប្រើ​មន្ដអាគម​គាថា​បញ្ចុះ​ត្បូង​ពេជ្រ​ប៉ុន​ពងមាន់​ក្នុង​ចម្លាក់​។ ពួកគេ​ក៏​វាយកម្ទេច​រូប​ចម្លាក់​ព្រះ​សិវៈ​រាំ​ដើម្បី​ស្វែងរក​ត្បូង​ពេជ្រ​នោះ​។​

​លោក ចំរើន បាន​បន្ដថា អ្នកខ្លះ​និយាយថា ចម្លាក់​ព្រះ​សិវៈ​រាំ​នេះ ត្រូវបាន​កម្ទេច​ដោយសា​រ​គ្រាប់មីន​។ ប៉ុន្ដែ​យោងតាម​ការ​​សិក្សា​របស់លោក​ក្នុង​ប្រាសាទក្រហម លោក​មិន​បានឃើញ​ស្លាកស្នាម​បំណែក​ប៉ើង​ទៅ​ប៉ះ​ជញ្ជាំង​ប្រាសាទ ដែល​បង្កឡើង​ដោយ​គ្រាប់មីន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​មើលឃើញ​ស្លាកស្នាម​មុខ​ដែក​ដាប់​ឡើង​សុះសាច់​ថ្ម​។ យោងតាម​សភាព​នេះ ពេល​គេ​ដាប់​ចេញ​មួយ​ដុំ​ធ្លាក់​ដល់​ដី​ហើយ គេ​យក​ដែក​ដាប់​ទៅ​ដាប់​បន្ថែមទៀត​ដើម្បី​ស្វែងរក​កំណប់​។ នេះ​ជាដើម​​ចម​ដែល​ធ្វើឱ្យ​ចម្លាក់​នេះ​ខ្ទេច​»​។​

​លោក Eric បាន​គូសបញ្ជាក់​ពី​គោលបំណង​របស់​គម្រោង​នេះ​។ ទី១ ​តាម​ទស្សនៈ​បេ​តិ​ក​ភណ្ឌ ការ​ផ្គុំ ជួសជុល និង​ដំឡើង​ឡើងវិញ​មាន​គោលបំណង​យក​ស្នាដៃ​ពី​អ្នកលួចយក​មកវិញ​និង​បង្ហាញ​ពី​ភាព​អស្ចារ្យ​ដល់​សា​ធា​​រណ​ជន​។ លោក Eric បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ទី២ តាម​ទស្សនៈ​វិទ្យាសាស្ត្រ និង​ប្រវត្តិ​សាស្ត្រ គោលដៅ​គឺ​ដើម្បី​កំណត់​ទីតាំង​ត្រឹមត្រូវ​នៃ​ចម្លាក់​ព្រះ​សិវៈ​រាំ និង​យល់​ពី​សារៈសំខាន់​នៃ​កាយវិការ​ដៃ និង​លក្ខណៈ​របស់​ចម្លាក់​។ វា​ចាំបាច់​ណាស់​ដែល​ត្រូវមាន​ការយល់ដឹង​ពិតប្រាកដ​អំពី​អត្ថន័យ​»៕