​ភ្នំពេញៈ​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៍​នឹងធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​នៃ​ការចូល​រួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ឱ្យ​កាន់តែខ្លាំង​ក្លា​និង​សកម្ម​ថែមទៀត​ ដើម្បី​ទាក់ទាញ​សហគ្រាស កម្មករនិយោជិត និង​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​ស្ថិតក្នុង​ក្រុម ​ឬ​វិស័យ​អាទិភាព​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូលមកក្នុង​ប្រព័ន្ធ​។​


​លោក​ ហេង សុ​គង់ អ្នក​នាំ​​ពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យា​​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​​វត្ត​ន៍ បាន​លើកឡើងថា យន្តការ​នៃ​ការផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់ ហើយក៏​ជា​បញ្ហា​ប្រឈម​មួយ​ក្នុងការ​ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ​។​

​លោក​ថា ក្នុងន័យនេះ​ក្រសួង​នឹង​ពង្រីក​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង អំពី​គោ​លន​យោ​បាយ និង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​លើកកម្ពស់​ការចូលរួម​របស់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សមាគម ឬ​អង្គ​ការ​ផ្សេងៗ​ដែលមាន​ការប្រមូលផ្តុំ​និង​ធ្វើ​សកម្មភាព​ផ្ទាល់​ជាមួយ​អ្នក​ប្រកបមុខរបរ​និង​ធ្វើ​ការងារ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​


​លោក​បាន​ថ្លែងថា​៖ «​យើង​អាច​នឹង​រៀបចំ​ជា​សម្ព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ដើម្បី​លើកកម្ពស់​កិច្ចសន្ទនា​និង​ការចូលរួម​នៅក្នុង​ការរៀបចំ​ជា​គោ​លន​យោ​បាយ​ផ្សេងៗ​ទៀត​ដើម្បី​លើក​កម្ពស់​ការជំរុញឱ្យ​បណ្តា​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នេះ អាច​យល់​ដឹង​បន្ថែម ហើយ​និង​ឈានចូល​ទៅក្នុង​ប្រព័ន្ធ​របស់​យើង​»​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​​ ២០២៣​ ​របស់​ក្រសួង​ឧស្សាហកម្ម កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​ក្រសួង​ឧស្សាហកម្ម វិទ្យា​​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការជួយ​គាំទ្រ​លើកកម្ពស់​ដល់​អ្នក​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យមាន​សមត្ថភាព ផលិតភាព​ព្រម​ទាំង​ព​ន្លឿ​ន​ការចូល​ក្នុង​សេដ្ឋ​​កិច្ច​ក្នុង​ប្រព័ន្ធ​ផងដែរ​។​


​លោក​បាន​លើកឡើងថា ដើម្បីឱ្យ​មូលដ្ឋាន​រីកចម្រើន លុះត្រាតែ​រាជរដ្ឋាភិបាល​អាច​ប្រមូល​អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ឱ្យ​ចូលមកក្នុង​ប្រព័ន្ធ​ដើម្បី​ចេញ​ជា​គោ​លន​យោ​បាយ​ក្នុង​ការជួយ​។​

លោក​ថ្លែងថា​៖«​នៅក្នុង​ការ​ជួយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ យើង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យដឹង​គាត់​នៅឯណា បាន​យើង​អាចជួយ​បាន អ៊ីចឹង​ការរៀបចំ​ប្រមូល​ទិន្នន័យ​ឱ្យបាន​ដើម្បី​ឱ្យដឹងថា តើ​មីក្រូ និង​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​យើង​នៅឯណា​ខ្លះ ប្រភេទ​អី​ខ្លះ ទាញ​គាត់​ឱ្យចូល​ក្នុង​ប្រព័ន្ធ​មិន​បង្ខំ​ទេ យើង​ធ្វើ​ការងារ​ដើម្បី​ទាក់ទាញ​តាមរយៈ​ការផ្សព្វផ្សាយ​ឱ្យបាន​យល់​ពី​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​រៀបចំ​ជូន​គាត់​»​។​

​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហ​កម្ម លោក​ ហេង សុ​គង់ បានឱ្យដឹងថា កន្លងមក​ក្រសួង​បាន​យកចិត្តទុកដាក់​រៀបចំ​ឱ្យមាន​យន្តការ​ជាច្រើន ក្នុង​គោលដៅ​គាំពារ​ដល់​បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដើម្បីឱ្យ​អ្នកធ្វើការ​នៅ​ផ្នែក​នោះ មាន​សមត្ថភាព ចំណេះ​ជំនាញ ក៏ដូចជា ការបង្កើន​ខ្សែ​ច្រវាក់​ផលិតកម្ម ឈានចូល​ជា​បន្តបន្ទាប់​ទៅក្នុង​កម្រិត​មួយ​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង និង​ក្រៅ​ស្រុក​ផង​។​

​លោក​បាន​បញ្ជាក់ថា យន្ត​ការដែល​បាន​បង្កើតឡើង​នោះ រួមមានការបង្កើតឱ្យមាន​ម​ជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី “​តេ​ជោ​”​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ក៏ដូចជា​ការជំរុញ​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង​សហគ្រិន​ខ្មែរ​សុទ្ធតែជា​យន្ត​​ការសំខាន់ៗ​។​

​លោក​ថ្លែងថា​៖ «​បន្ថែម​លើ​ហ្នឹង​គឺ​យើង​មាន​ធនាគារ​សហ​​គ្រាស​ធុន​តូច​និង​មធ្យម​ដែលជា​ធនាគារ​មួយ​ដ៏​សំខាន់​នៅក្នុង​ការផ្តល់​ការគាំទ្រ​ជា​ហិរញ្ញវត្ថុ​សម្រាប់​បណ្តា​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់ អាចមាន​លទ្ធភាព​នៅក្នុង​ការពង្រីក និង​ពង្រឹងសមត្ថភាព​និង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់គាត់​កាន់តែ​ប្រសើរ​»​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ជាមួយគ្នា​នោះ​ក្រសួង​ឧស្សា​​ហក​ម្ម ក៏​កំពុងតែ​រៀបចំ​គោល​នយោបាយ​ស្តីពី​ការលើកទឹកចិត្ត សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​យន្តការ​មួយ​ច្បាស់លាស់ សម្រាប់​ការលើកកម្ពស់ សហ​​គ្រាស​ធុន​តូច​និង​មធ្យម​។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏បាន​ត្រៀម​រៀបចំ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​​រៀបចំ​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​ហៅថា SME Cluster Zone​។​

​យ៉ាងណាក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម​បានបញ្ជាក់​ថា ការជំរុញ​លើកកម្ពស់​បណ្តា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ឈានចូល​ក្នុង​ប្រព័ន្ធ​នេះ មិនអាច​ធ្វើ​តែឯង​ហើយ​ប្រើ​រយៈពេល​ខ្លី​បានទេ​គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​លើកកម្ពស់ ព្រម​​ទាំង​បញ្ជ្រាប​ការយល់​ដឹងបាន​។​

​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ ​គិត​ចាប់ពី​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៨ រាជ​​រដ្ឋាភិបាល មាន​គោលដៅ​ធ្វើយ៉ាងណា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការឈាន​ចូលក្នុង​តំបន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា ឈានចូល​ក្នុង​ប្រព័ន្ធ​អភិវឌ្ឍន៍​អន្តរកាល​មួយ​មុននឹង​អាច​ចូល​​រួម​បាន​ពេញលេញ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​

​តាមរយៈ​យុទ្ធសាស្ត្រ​ជាតិ​នោះ បញ្ជាក់ថា ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ដែល​បាន​ឈានចូល​ក្នុង​ប្រព័ន្ធ​ដើម្បី​ធានាថា មិន​ធ្លាក់​ចូលទៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​វិញ ទោះបី​ក្នុងករណី​មិនអាច​ចូលរួម​ពេញលេញ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ក៏ដោយ​។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល​មាន​គោល​ដៅ ថែបំប៉ន អ្នក​ដែល​បាន​ឈានចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ឱ្យ​រីក​ធំធាត់​ពេញ​សមត្ថភាព​អាច​ចូលរួម​ពេញលេញ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​

​លោក ​ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា បានបង្ហាញ​ការយល់ឃើញថា ការយកចិត្តទុកដាក់​ចំពោះ​អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺជា​រឿង​សំខាន់ ព្រោះ​នៅក្នុង​ប្រទេស​បាន​អភិវឌ្ឍ​ហើយ​ក្តី​ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្តី កត្តា​សំខាន់បំផុត ​គឺ​មនុស្ស​ទាំងអស់​សុទ្ធ​តែមាន​ប្រយោជន៍​ក្នុងការ​​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហេតុនេះ​ការរៀបចំ​មនុស្ស​ឱ្យមាន​មុខរបរ​និង​ការងារ​ធ្វើ មាន​ប្រាក់ខែ​ខ្ពស់​គឺ​ដើម្បីឱ្យ​អ្នក​ទាំង​នោះបាន​រួមចំណែក​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​។  

​ផ្ទុយ​មកវិញ ប្រសិនបើ​មិនមាន​ការគិតគូ​រលើ​ចំណុច​ទាំងអស់នេះ​ទេ មានន័យថា យុវជន​ឬ​ពលរដ្ឋ​ដែល​ពេញកម្លាំង​ឬ​មុខរបរ​ទាំងឡាយ​ដែល​មិនមាន​ចំណូល​គ្រប់គ្រាន់ មិនបាន​រួម​ចំណែក​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​ទេ ពោលគឺ​អ្នក​ទាំងនោះ ធ្វើការ​ងារ​និង​ប្រកប​របរ​រកស៊ី​គ្រាន់តែ​សម្រាប់​រស់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ទាំង​នោះ​ក៏បាន​ប្រើប្រាស់​សេវា​សាធារណៈ​ផ្សេងៗ​ដូច​អ្នក​ដែលមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​បើសិន​ណា​យើង​អត់​មាន​គោលនយោបាយ​ជាក់លាក់​ដើម្បី​លើកកម្ពស់​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​ ឬ​អ្នក​ដែលមាន​ប្រាក់ចំណូល​ក្រោម​ការកំណត់​របស់​ជាតិ​យើង​មាន​​ន័យ​ថា រដ្ឋ​ខាត ព្រោះ​បាន​ប្រើ​សេវាសាធារណៈ​របស់​រដ្ឋ ប៉ុន្តែ​មិនបាន​រួមចំណែក​ជួយ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ​បញ្ជាក់ថា រដ្ឋ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួលបន្ទុក​លើ​ការងារ​នេះ ត្រូវតែកំណត់​ឱ្យបាន​ច្បាស់​ថា អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​នរណា នៅទីណា​ខ្លះ មាន​ប្រភេទ​មុខរបរ​អ្វីខ្លះ ហើយ​ត្រូវ​ផ្តល់ជំនួយ​គាំទ្រ​ក្នុង​កម្រិត​ណាមួយ​ ដើម្បីឱ្យ​អ្នក​ទាំង​នោះបាន​រីក​ធំធាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ចូលទៅក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​អាចធ្វើឱ្យ​រាជរដ្ឋាភិបាល​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ចសង្គម​បាន​ច្រើន​។​

​លោក​ថ្លែងថា​៖ «​បើ​រដ្ឋ​មិនបាន​ចំណូល​ពន្ធ​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​គាត់​មាន​ចំណូល​ខ្ពស់​សមរម្យ​ឧបមា​ថា ប្រសិនបើ​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ដែល​គាត់​អាច​រកបាន​ក្នុង​ ១ ​ខែ ៤០០ ​ដុល្លារ ​ឬក៏ ៣៥០ ​ថេរ អ៊ីចឹង​នៅពេល​គាត់​រកបាន​ថេរ ហិរញ្ញវត្ថុ​គាត់​ថេរ គឺ​គាត់​អាចមាន​លទ្ធភាព​ចាយវាយ​ច្រើនជាង​មុននឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ចសង្គម​រស់​រវើក​ជាង​មុន​»​។​

​លោក វន់ ពៅ ប្រធាន​សមា​​គម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បានឱ្យដឹងថា សព្វថ្ងៃ​សមាគម​របស់លោក​មាន​សមាជិក​ ២​ ម៉ឺន​នាក់ ដែល​ចំនួន​នេះ​គិត​ជា​ភាគរយ​នៅមាន​ចំនួន​តិចតួច​នៅឡើយ ព្រោះ​វិសាលភាព​អ្នកធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុ​ជាមាន​រហូតដល់​ជាង​ ៧ ​ម៉ឺន​នាក់ ឯណោះ​។​

​លោក​បាន​បន្តថា ដើម្បីឱ្យ​សមាជិកសមាគម​បាន​យល់ដឹង​ជ្រួតជ្រាប​ពី​បំណង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជួយ​គាំទ្រ​ដល់​អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សព្វថ្ងៃនេះ សមាគម​បាន​បង្រៀន​ពី​គោលការណ៍​ខ្លះៗ​ដែល​រដ្ឋាភិបាល​ចេញ​ថ្មី​នេះ​ដូចជា​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ច្បាប់​ស្តីអំពី​របប​សន្តិសុខ​សង្គម បង្រៀន​ឱ្យ​យល់​ពី​ប្រព័ន្ធ​ជំនួយ​សង្គម របៀប​ចុះឈ្មោះ​ដើម្បី​ទទួលបាន​បណ្ណ​ (​ប​សស​)​ និង​គោលនយោបាយ​ជាច្រើន​ទៀត​របស់​រដ្ឋ​។​

​លោក​បាន​បន្តថា មិន​តែ​​ប៉ុណ្ណោះ សមាគម​ក៏បាន​សហ​ការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុម​​ប្រឹក្សាជាតិ​ជំនួយ​សង្គម ក៏​ដូច​ជា​ក្រសួង​កិច្ចការនារី​ ដើម្បី​ធ្វើ​កិច្ចការ​ឆ្លើយតប​តម្រូវ​ការ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាពិសេស​សម្រាប់​ស្ត្រី​ផងដែរ​។​បន្ថែម​លើ​នេះ សមាគម​រីករាយ​ស្វាគមន៍ គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ប្រសិន​បើ​មាន​ភាពចាំបាច់​ណាមួយ​តម្រូវឱ្យ​សមាគម សហការ​ផ្តល់​ទិន្នន័យ​ឬ​អត្តសញ្ញាណ​ដើម្បី​រៀបចំ​ផ្តល់​ការគាំទ្រ​បំពេញបន្ថែម​ដល់​អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ស្វាគមន៍​នូវ​ការសហការ​ជាមួយ​ក្រសួង​ស្ថាប័ន របស់​រដ្ឋាភិបាល ប្រសិនបើ​ចង់បាន​អត្តសញ្ញាណ​របស់​ពួកគាត់ ក្រសួង​អាច​សហការ​ជាមួយ​យើង​គឺ​យើង​ស្វា​គម​ន៍​ជានិច្ច ពីព្រោះ​នេះ​ជា​ការជួយ​រដ្ឋាភិបាល​ផង​ជួយ​ជាតិ​យើង​ផង ជួយ​ប្រទេស​យើង​ផង​ជាពិសេស​ជួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជា​អ្នក​ងាយ​រងគ្រោះ​ហ្នឹងឯង​»​។​

​លោក និល សុជាតិ អាយុ​ ៥០ ​ឆ្នាំ ជា​អ្នក​ប្រកបមុខរបរ​រត់​កង់ ​៣ ​នៅ​រាជធានី​ភ្នំពេញបាន​និយាយថា លោក​មិនដឹង​ពី​ការចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នោះ​យ៉ាងណាទេ ប៉ុន្តែ​លោក​គាំទ្រ​ប្រសិនបើ​មានការ​យកចិត្តទុកដាក់​ចំពោះ​អ្នក​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​មាន​ភាព​រីកចម្រើន កើន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។  

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា ការចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ហ្នឹង វា​មាន​អត្ថប្រយោជន៍​អី​ខ្លះ​ទេ ហើយក៏​មិនដឹងថា គេ​ចូលរួម​ម៉េច​ដែរ​។ តែបើ​សិន​ជាមាន​ការលើក​កម្ពស់ ការជួយជ្រោមជ្រែង​ដល់​អ្នក​ប្រកបរ​បរដូច​ពួក​ខ្ញុំ​នេះ គឺជា​រឿង​ល្អ​ណាស់ សូមឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ងារ​ដោយ​សុក្រឹត​ច្បាស់លាស់ កុំឱ្យ​ថា​ខាងលើ​គេ​ឱ្យធ្វើ​ប៉ុណ្ណេះ ហើយ​នៅ​ខាងក្រោម​បែរជា​ធ្វើ​ប៉ុណ្ណោះ​វិញ​»៕