ភ្នំពេញៈ កាលពីចុងខែកុម្ភៈ មន្ត្រីការទូត និងការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលអ្នកវិភាគមើលឃើញថា ប្រទេសទាំង ២ ហាក់ដូចជាព្យាយាមស្វែងយល់អំពីគ្នាទៅវិញ-ទៅមកឱ្យច្រើនហើយថា សហរដ្ឋអាមេរិកហាក់ដូចជាបានដូរយុទ្ធសាស្ត្ររបស់ខ្លួនដែលពីមុនមិនសូវមានកិច្ចសន្ទនាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានថ្លែងថា៖ «សម្រាប់ខ្ញុំ មកដល់ពេលនេះខ្ញុំមិនទាន់ឃើញមានសញ្ញាណាមួយដែលថាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានភាពប្រសើរឡើងស៊ីជម្រៅជាងមុនអីទេ។ គ្រាន់តែអាចនិយាយបានថា ភាគីទាំង ២ ហាក់ដូចជាព្យាយាមស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យច្រើនហើយជាពិសេសសហរដ្ឋអាមេរិកហាក់ដូចជាបានដូរយុទ្ធសាស្ត្ររបស់ខ្លួនដែលពីមុនមិនសូវមានកិច្ចសន្ទនាច្រើនជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសកម្ពុជា។ ឥឡូវយើងហាក់ឃើញមានការសន្ទនាគ្នាច្រើនជាងមុន ព្យាយាមស្វែងយល់អំពីគ្នាច្រើនជាងមុន។ គេប្រើយុទ្ធសាស្ត្រEngagement approach មានន័យថា ព្យាយាមភ្ជាប់ទំនាក់ទំនងកិច្ចសន្ទនាគ្នា»។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Jed Royal ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៦ កុម្ភៈ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក-កម្ពុជា មានភាពស៊ីជម្រៅ និងដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម។ នេះបើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់លើបណ្តាញសង្គមថា ភាគីទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងមាន ហើយលោក Kritenbrink បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេ ក្នុងការចង់ឱ្យប្រទេសរបស់ពួកគេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេឮ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។
ពាក់ព័ន្ធចំណុចនេះ លោក គិន ភា ថ្លែងថា សហរដ្ឋអាមេរិកនៅតែ «មិនចោល» អំពីការលើកឡើង ឬការអះអាងរបស់ខ្លួនពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែលសហរដ្ឋអាមេរិកបានប្រើប្រាស់បញ្ហាទាំងអស់នេះជាលក្ខខណ្ឌភ្ជាប់មួយសម្រាប់ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា។
លោក គិន ភា បន្ថែមថា៖ «សហរដ្ឋអាមេរិកក៏នៅតែនិយាយពាក់ព័ន្ធជាមួយនឹងអធិបតេយ្យជាមួយនឹងឯករាជ្យប្រទេសកម្ពុជា ហើយតាមពិតភាសាហ្នឹងគ្រាន់តែជាភាសានៅខាងក្រៅស្បៃវាំងននទេ។ ខាងក្នុងមែនទែនគឺសហរដ្ឋអាមេរិកចង់សំដៅថា កម្ពុជាកុំឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅទឹកដីរបស់ខ្លួន ដែលសហរដ្ឋអាមេរិកចង់និយាយថា ការពារអធិបតេយ្យ ឯករាជ្យកម្ពុជាហ្នឹងគឺសហរដ្ឋអាមេរិកចង់សំដៅដល់មូលដ្ឋានទ័ពដែលគេធ្លាប់ចោទប្រកាន់កម្ពុជាថា មានមូលដ្ឋានទ័ពចិននៅកម្ពុជាអីជាដើមហ្នឹង គឺបញ្ហាមូលដ្ឋានយោធានៅរាមហ្នឹងឯង។ ហ្នឹងជាអ្វីដែលសហរដ្ឋអាមេរិកចង់សំដៅដល់»។
លោកលើកឡើងថា ដំណើរទស្សនកិច្ច និងការជួបគ្នានេះគឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាការពង្រឹងជំហររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថាកម្ពុជាតែងតែស្វាគមន៍រាល់ជំនួបពិភាក្សាប្រកបដោយការស្ថាបនា និងបើកចំហជាមួយសហរដ្ឋអាមេរិក បើទោះបីជាបញ្ហាមួយចំនួនដូចជាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យគឺជាឧបសគ្គក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំង ២។
លោកបន្តថា លោក ហ៊ុន ម៉ាណែត គឺជាសិក្ខាកាមមួយរូបដែលបានបញ្ចប់ការសិក្សានៅសាលាយោធាកំពូលសហរដ្ឋអាមេរិក West Point ហើយលោកក៏មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិកមួយចំនួនផងដែរ។ ជំនួបរវាងភាគីទាំង ២ នេះនឹងផ្តល់ឱកាសឱ្យប្រទេសទាំង ២ ស្វែងយល់អំពីតម្រូវការយោធា និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង ២ ជាពិសេសប្រទេសទាំង ២ អាចនឹងចាប់ផ្តើមសមយុទ្ធឆ្មាំអង្គរសាជាថ្មីក្នុងវេលាសមស្របណាមួយ ដើម្បីពង្រឹង និងកសាងសមត្ថភាពកងទ័ពកម្ពុជានិងសហរដ្ឋអាមេរិក។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកយុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់ ឈ្លាសវៃ បត់បែន និងប្រាកដនិយម។ ដូចនេះហើយសម្តេចយល់យ៉ាងច្បាស់អំពីការស្តារ និងបង្កើនទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការមិនទុកចិត្ត ស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ច្បាប់ និងយោធា»។
លោកបន្តថា៖ «កម្ពុជាមិនស្វាគមន៍រាល់មតិចោទប្រកាន់កម្ពុជា ថាជាកូនអុកបរទេសឬប្រឆាំងនឹងបរទេសណាមួយឡើយ។ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាចង់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសហរដ្ឋអាមេរិកនិងចិន ដែលមហាអំណាចទាំង ២ មានតួនាទី និងឥទ្ធិពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសកល»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិក វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថាដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីប៉ាស៊ីហ្វិកសេរី និងបើកចំហ ដើម្បីរក្សាការពារផលប្រយោជន៍សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា អាមេរិកព្យាយាមបោះដៃមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញដើម្បីផលប្រយោជន៍នៃប្រទេសទាំង ២ និងដើម្បីស្របផលប្រយោជន៍អាមេរិកនៅក្នុងតំបន់។ ប៉ុន្តែយ៉ាងណា ការខ្វែងគំនិតគ្នានៅតែមានលើបញ្ហារបៀបវារៈប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ថែមលើបញ្ហាសន្តិសុខដែលអាមេរិកនៅតែបន្តព្រួយបារម្ភពីវត្តមាន និងឥទ្ធិពលរបស់ចិននៅកម្ពុជា ជាពិសេសជាមួយមេដឹកនាំកម្ពុជា»។
យោងតាម Telegram លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត លោក Kristenbrink ក៏បានបង្ហាញពីគោលជំហររបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសកម្ពុជាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិកចាប់ពីខែកក្កដា ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ ២០២៧។
Telegram ដដែលបន្តថា៖ «ឯកឧត្តម Daniel Kristenbrink ក៏បានវាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ។ ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម Daniel Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ បន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខ ជាដើម»។
យោងតាមបណ្តាញសង្គម X អតីត Twitter របស់ការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Kritenbrink បានថ្លែងក្រោយជំនួបជាមួយលោក ហ៊ុន ម៉ាណែត ថា៖ «យើងមានជំនួបពិភាក្សាប្រកបដោយលទ្ធផលផ្លែផ្កាអំពីរបៀបដែលសហរដ្ឋអាមេរិកអាចធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជា និងដោះស្រាយបញ្ហាដែលជាកង្វល់រួម»។
យោងតាមបណ្តាញសង្គម X របស់ការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Kristenbrink បានបញ្ជាក់ក្រោយជំនួបនាថ្ងៃទី ២៦ កុម្ភៈជាមួយលោកទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថា៖ «សហរដ្ឋអាមេរិកទន្ទឹងរង់ចាំឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំកម្ពុជាលើបញ្ហាសន្តិសុខដែលកំពុងប្រឈមក្នុងតំបន់»។
គេហទំព័រអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនាថ្ងៃទី ២៦ កុម្ភៈ នេះដែរ លោក Jed Royal បានលើកឡើងពីការកែលម្អឱ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
លោក វង្ស ពិសេន បានស្នើភាគីសហរដ្ឋអាមេរិកបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ចដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា។ លោក Jed Royal បានបញ្ជាក់ពីទំនាក់ទំនងរវាងកងទ័ពប្រទេសទាំង ២ ដែលមិនសូវល្អដែលត្រូវធ្វើឱ្យប្រសើរឡើងវិញ៕