​ភ្នំពេញៈ ការចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា គឺ​កសិករ​ច្រើនតែ​ចិញ្ចឹម​តាមទម្លាប់ មិនមាន​ការជ្រើសរើស​ពូជ​ឡើយ តែ​សម្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​បាន​ប្រើ​បច្ចេកទេសប្តូរ​ភេទ​ត្រី​ទី​ឡា​ព្យ៉ា​ញី ទៅជា​ត្រី​ឈ្មោល​ស្ទើរ​ ១០០​ ភាគរយ​ ដើម្បីឱ្យ​វា​មានការ​លូតលាស់​លឿន​និង​ធន់​នឹង​ជំងឺ​។​


​មាន​ពណ៌​ក្រហម នៅ​តូចៗ​កំពុង​ហែល​ជា​ហ្វូង​វិល​ទៅមកៗ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​សំណាញ់​ជ័រ​នោះ​ជា​វិធី​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា របស់​និស្សិត​កសិកម្ម​ (​ចំការ​ដូង​) ១​ ក្រុម​។ ការចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​ដែល​ប្រើ​បច្ចេកទេស​ប្តូរ​ភេទ​ពី​ត្រី​ញី​ទៅ​ឈ្មោល​នេះ​ក៏​កំពុងមាន​តម្រូវ​ការទិញ​កូន​ត្រី​យកទៅ​ចិញ្ចឹម​ច្រើន​ពី​កសិករ​នៅតាម​បណ្តា​ខេត្ត​។ ​ពាក់ព័ន្ធ​វត្ត​មាននៃ​ការចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​នៅក្នុង​ប្រទេស​កម្ពុជា​ គឺមាន​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ តែ​ការចិញ្ចឹម​នោះ​នៅ​មិនទាន់​ទូលំទូលាយ​ហើយ​ម្យ៉ាងទៀត​បច្ចេកទេស​នៃ​ការចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា ក៏​មិនទាន់ ច្បាស់លាស់​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វណ្ណ ណា​ពន្ធ និស្សិត​ឆ្នាំ​ទី៣ មហា​​វិទ្យាល័យ​ជលផល និង​វារីវប្បកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

​លោក ​វណ្ណ ណា​ពន្ធ ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ថា មូលហេតុ​ដែល​ក្រុម​លោក​ផ្តោតទៅលើ​ការ​បង្កាត់​ពូជ​ប្តូរ​ភេទ​តាម​បច្ចេកទេស​ឱ្យទៅជា​ត្រី​ឈ្មោល​ភាគច្រើន​នោះ ដោយសារតែ​ក្រុមនិស្សិត​របស់លោក​មើលឃើញថា ពីមុនមក​ក៏ដូចជា​បច្ចុប្បន្ន ប្រជា​កសិករ​ចិញ្ចឹម​ត្រី​មិន​មានការ​​លូតលាស់​លឿន​ឡើយ​។ មានន័យថា ត្រី​ញី​មានការ​លូតលាស់​យឺត​ជាង​ត្រី​ឈ្មោល ដែលជា​ទូទៅ​បើ​គេ​បង្កាត់​តាម​ធម្មជាតិ​របស់​ពួកវា​ ១​ សំបុក​ហើយ​ដែល​អត្រា​របស់​វាច​ន្លោះ​ពី ​៥០ ​ទៅ​ ៦០ ​ភាគរយ​នៃ​កូន ​គឺ​ញី រីឯ​កូន​ត្រី​ឈ្មោល​បាន​ប្រហែល​តែ ​៣0 ​ភាគរយ​ប៉ុណ្ណោះ​។​


​យុវ​និស្សិត ​វណ្ណ ណា​ពន្ធ បាន​ពន្យល់​តាម​បច្ចេកទេស​ថា៖ «​ជាទូទៅ ប្រភេទ​ត្រី​ទី​ឡា​ព្យ៉ា​នៅពេល​កសិករ​យកទៅ​ចិញ្ចឹម ​គឺ​សម្បូរ​ត្រី​មេ​ច្រើន​ហើយ​វា​លូត​លាស់​តែ​ខែ​ទី​១ ដល់​ខែ​ទី​៣ ​ទេ លុះ​ចូលដល់​ខែ​ទី៤ វា​ចាប់ផ្តើម​ថយ​ការលូតលាស់​វិញ រីឯ​ត្រី​​ឈ្មោល​ចេះតែ​លូតលាស់​ទៅៗ​។ ម្យ៉ាង​ត្រី​មេ​បើ​ចូលដល់​ខែ​ទី​ ៣ គឺ​វា​ចាប់ផ្តើម​ដល់​វ័យ​បង្ក​កំណើត ពង និង​ចាប់ផ្តើម​លែង​ស៊ី​ចំណី ដូចនេះ​ត្រី​ដែល​យើង​ចិញ្ចឹម​មាន​ញី​មាន​ឈ្មោល​លាយ​គ្នា​ហ្នឹង​គឺ​អត្រា​លូតលាស់​របស់​វា​យឺត​ខុសពី​ត្រី​ដែល​យើង​ប្តូរ​ភេទ​រួច​»​។​

​បើតាម​និស្សិត​រូបនេះ ការចិញ្ចឹម​ត្រី​ដែល​រស់នៅ​លាយឡំ​គ្នា​មាន​ញី​មាន​ឈ្មោល​បែបនេះ គឺ​អត្រា​លូតលាស់​របស់​វា​មាន​ភាពយឺត ដូច្នេះហើយ​បានជា​ធ្វើឱ្យ​ប្រជាកសិករ​ចិញ្ចឹម​ច្រើនតែ​ខាត​។ លុះដល់​ពេល​ខាត​ទៅ គាត់​ច្រើនតែ​លើកឡើងថា​ចិញ្ចឹម​ត្រី​មិន​ដូច​ប្រទេស​ជិត​ខាង ដែល​គេ​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​ ១ ​ក្បាល​ជិត​ ១ ​គីឡូក្រាម ចំណែកឯ​ខ្មែរ​ធ្វើ មិនបាន​ដូច​គេ​។ ហេតុ​​ដូច្នេះហើយ ទើប​ក្រុមនិស្សិត​លោក​យល់ថា ជា​កត្តា​បញ្ហា​ហើយក៏​នាំគ្នា​ចាប់ផ្តើម​ប្រើ​បច្ចេកទេសប្តូរ​ភេទ​ត្រី​ទី​ឡា​ព្យ៉ា​ញី​មកជា​ឈ្មោល​វិញ​។


បច្ចេក​ទេស​នេះ​លោក​ វណ្ណ ណា​ពន្ធ​ ក៏បាន​សិក្សា​ពី​ប្រទេស​ថៃ​មក​ដែរ ហើយ​បន្ទាប់ពី​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​លោក​និង​ក្រុម​ ​និស្សិត​មួយចំនួនទៀត​បានចាប់ផ្តើម​អនុវត្ត​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​ដើម្បី​យក​គ្រាប់​ពង​សម្រាប់​បន្សុទ្ធ​ប្តូរ​ភេទ​ទើបតែ​អនុវត្តបាន​ប្រហែល​ ៥ ​ខែ​មក​ទេ​។ ចំពោះ​បច្ចេកទេស​ភ្ញាស់​កូន​ត្រី​វិញ គឺ​នៅពេលដែល​ត្រី​ទី​ឡា​ព្យ៉ា​ពង​រួច​ក្រុមការងារ​របស់លោក​ធ្វើការ​ប្រមូល​គ្រាប់​​ពង និង​យក​មេ​ពូជ​ចេញ​ឱ្យអស់ ហើយ​យក​ពងត្រី​ទៅ​ដាក់​ក្នុង​ប្រព័ន្ធ​ភ្ញាស់​។​

​ចំពោះ​កូន​ត្រី​ភ្ញាស់​ម្តង​បាន​ចន្លោះ​ពី​ ២ ​ម៉ឺន​ទៅ​ ៣ ​ម៉ឺន​កូន នៅពេលនោះ​ត្រូវ​ផ្តល់​អាហារ​បម្រុង​ឱ្យ​វា​ស៊ី ហើយ​ពេល​វា​ស៊ី​អស់​ត្រូវ​ប្តូរ​ចំណី​ដែលមាន​លាយ​សារ​ធាតុ​អ័រម៉ូន​ប្រើ​សម្រាប់​ប្តូរ​ភេទ​ឱ្យ​វា​ភ្លាម​។ ចំពោះ​អំឡុងពេល​ប្តូរ​ភេទ​តាម​បច្ចេកទេស​នេះ​កំណត់​តែ ​២១ ​ថ្ងៃ​ទេ ហើយក៏​មិនមាន​ការបន្ថែម​ថ្នាំ​ផ្សេងៗ​ដែរ ដែល​អនុវត្ត​ស្របទៅតាម​សុវត្ថិភាព​ចំណីអាហារ​។

លោក​បញ្ជាក់ថា ក្រោយ​ការប្តូរ​ភេទ​ចន្លោះ​ពី​ ៣​ ទៅ​ ៤​ សប្តាហ៍ គឺ​ឬ​កូន​ត្រី​មាន​ទម្ងន់​ចាប់ពី​ ៥​ ក្រាម​គេ​អាចយ​កវា​ទៅ​ចិញ្ចឹម​បាន​ហើយ ហើយ​បើ​ត្រី​ដែល​អាច​លក់បាន គឺ​គិតពី​ញាស់​រហូតដល់​ ៨​ ខែ​អាច​ចាប់​លក់បាន​ហើយ​។​

សកម្មភាពបំពេញការងាររបស់ក្រុមនិស្សិត​ប្រើបច្ចេកទេសប្តូរភេទត្រីទីឡាព្យ៉ា។ រូប សាកលវិទ្យាល័យ​កសិកម្មចំការដូង​

​ដើម្បីឱ្យ​ស្របទៅតាម​បច្ចេក​​ទេស កុំឱ្យ​ចិញ្ចឹម​ត្រី​ទៅ​ងាប់​ត្រូវបាន​លោក​ ណា​ពន្ធ ថា កសិករ​ខ្លះ​ចង់​ទិញ​កូន​ត្រី​ទៅ​ចិញ្ចឹម​តែ​មិនទាន់​យល់​ពី​បច្ចេកទេស​ចិញ្ចឹម​ត្រី ដូចនេះ​ត្រូវ​សិក្សា​ជាមុនសិន​។ បើ​កសិករ​ចង់​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​ក្នុង​ស្រះ​ក៏​ត្រូវតែ​កុំឱ្យ​មាន​ត្រី​រ៉ស់​ត្រី​អណ្តែង​ដែល​ត្រី​នេះ​វា​ស៊ី​កូន​ត្រី​ទី​ឡា​ព្យ៉ា​។ ចំពោះ​កូន​ត្រី​ដែល​កសិករ​ចង់​ទិញ​យកទៅ​ចិញ្ចឹម​គឺ ​១ ​ក្បាល​ចាប់ពី​ ១២០ ​រៀល​ដល់​ ៣០០​ រៀល​។​

​បើតាម​លោក ​វណ្ណ ណា​ពន្ធ ត្រី​ទី​ឡា​ព្យ៉ា ដែល​ក្រុមការងារ​និស្សិត​របស់លោក​កំពុង​ភ្ញាស់​និង​ប្តូរ​ភេទ​ គឺជា​ពូជ​ត្រី​ទី​ឡា​ព្យ៉ា​ក្នុងស្រុក​តែម្តង​។ ជាទូទៅ​ប្រភេទ​ត្រី​ទី​ឡា​ព្យ៉ា​មួយចំនួន  ​ប្រជាកសិករ​ចេះតែ​ចិញ្ចឹម​តែ​មិន​គិតដល់​ការជ្រើសរើស​ពូជ ដែល​នេះ​ជា​បញ្ហា​ដែល​ធ្វើឱ្យ​ត្រី​មានការ​លូតលាស់​យឺត និង​មិន​ធន់​​នឹង​ជំងឺ​ជាដើម​។ ហេតុដូច្នេះ​ហើយ​ទើប​ក្រុម​របស់លោក​ជ្រើសរើស​ដើម្បី​បន្សុទ្ធ​ពូជ​ត្រី​ទី​ឡា​ព្យ៉ា​ប្រកបដោយ​គុណភាព​ល្អ​សម្រាប់​កសិករ​យកទៅ​ចិញ្ចឹម​ដែល​បច្ចុប្បន្ន​មាន​ខេត្ត​មួយចំនួន​ហើយ​ដែល​ក​សិ​​ករ​កុម្ម៉ង់​ទិញ​ពូជ​ត្រី​ទី​ឡា​ព្យ៉ាពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

​ត្រី​ទី​ឡា​ព្យ៉ា ជា​ប្រភេទ​ត្រី​លំដាប់​លេខ​​ ២ ដែល​ពេញនិយម​ចិញ្ចឹម និង​បរិភោគ​ក្នុង​ពិភព​លោក​។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចាត់ទុក ត្រី​ទី​ឡា​ព្យ៉ា​ជា​ប្រភេទ​ត្រី​សំខាន់​មួយ​សម្រាប់​ការចិញ្ចឹម​បម្រើឱ្យ​តម្រូវការ​ក្នុងស្រុក​។ ក្រសួង​បាននិងកំពុង​ជួយ​លើកទឹកចិត្ត​ក​សិ​ដ្ឋា​ន​បង្កាត់​ភ្ញាស់​កូន​ត្រី​ពូជ​ត្រី​ទី​ឡា​ព្យ៉ា ​និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យ៉ា​សាច់​។ ថ្មីៗ​នេះ​ក្រសួង​បាន​ពិភាក្សា និង​រៀបចំ​គម្រោង យក​ពូជ​ត្រី​ទី​ឡា​ព្យ៉ា ​GIFT របស់​មជ្ឈមណ្ឌល​ត្រី​ពិភពលោក នៅ​ទីក្រុង​ប៉េ​ណាំង​ប្រទេស​ម៉ាឡេស៊ី មក​ធ្វើជា​មេ​ពូជ​សម្រាប់​បង្កាត់​ភ្ញាស់​។​

​នេះ​ជាការ​បញ្ជាក់​ពី​លោក ​ឃឹម ហ្វី​ណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ក​សិ​​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ លោក​បាន​ថ្លែងថា​៖ «​ពីព្រោះត្រី​ទី​ឡា​ព្យ៉ា GIFT ជា​ប្រភេទ​ត្រី​​ទី​ឡា​ព្យ៉ា ​ដែល​បាន​ឆ្លងកាត់​ការ​បង្កាត់​ភ្ញាស់​ជាច្រើន​ជំនាន់​ដែល លូតលាស់​លឿន និង​ធន់​នឹង ជំងឺ​។ ប៉ុន្តែ​ការចិញ្ចឹម​ពូជ​ត្រី​នេះ​គឺ​ការពារ​មិនឱ្យ​រួច​ចូលក្នុង​ដែនទឹក​ធម្មជាតិ​ទេ​។ ជាគោលការណ៍ យើង​មិន​ចង់ឱ្យ​ពូជ​ត្រី​ចិញ្ចឹម​ចូលទៅក្នុង​ធម្មជាតិ​ទេ ព្រោះ​វា​អាច​ជះឥទ្ធិពល​ដល់​ពូជ​ត្រី​ធម្មជាតិ​»៕