​ភ្នំពេញៈ ជា​បុគ្គល​ម្នាក់ ដែល​ធ្លាប់បាន​ហែល​ឆ្លង​ការលំបាក និង​ឧបសគ្គ​រាប់មិនអស់ តាំង​ពី​នៅ​ជា​កីឡាករ រហូត​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​អ្នកជំនាញ​កីឡា​កម្រិត​ខ្ពស់​តំណាងឱ្យ​ប្រទេស​កម្ពុជា​នោះ លោក វ៉ា​ត់​ ចំរើន បាន​មើលឃើញ​យ៉ាងច្បាស់​ពី​គុណ​តម្លៃ​ដែល​ទទួល​​បាន​ពី​ការលេង​កីឡា ហើយ​រឹត​តែមាន​ភាពច្បាស់លាស់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ធន​ធាន​កីឡាករ កីឡាការិនី ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ធំ គឺ​ការ​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជូន​ប្រទេសជាតិ​។​


​យ៉ាងណាក៏ដោយ តាមរយៈ​បទពិសោធន៍​ការបំពេញ​ការ​​ងារ​ក្នុងនាម​ជា​អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា (NOCC) ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស​ការសម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជូន​កម្ពុជា ចំពោះ​ការរៀប​ចំការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ក្នុងនាម​ជា​អគ្គលេខាធិការ​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស កន្លងមកនេះ លោក វ៉ា​ត់ ចំរើន បាន​អះអាងថា ឱកាស​ប្រកួតប្រជែង​ដណ្តើមយក​មេដាយ​របស់​កីឡាការិនី គឺ​លេចធ្លោ​ជាង ឬ​មានឱកាស​ច្រើន​កីឡាករ​។​

​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា​៖ «​យើង​ឃើញថា នៅក្នុង​ប្រទេស​កម្ពុជា​យើង កីឡាការិនី​ដណ្តើមបាន​មេដាយមាស​ច្រើនជាងគេ​។ ជាក់ស្តែង​ការ​​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ដណ្តើមបាន​មេ​​ដាយ​មាស​ ៨១ ប្រាក់​ ៧៤ និង​មេដាយ​សំរឹទ្ធ​ ១២៧ សរុប​ ២៨២​ មេដាយ​នោះ គឺ​កីឡាការិនី​របស់​យើង ដណ្តើមបាន​មេដាយមាស​ច្រើន ហើយ​សុទ្ធ​​តែ​ជា​មេដាយ​ល្អៗ​ទៀត អ៊ីចឹង​ស្ត្រី​មាន​ទេពកោសល្យ​ល្អ និង​លេចធ្លោ​ជាង​បុរស​»​។​


 លោក វ៉ា​ត់ ចំរើន បាន​លើកយក​តួលេខ​នៃ​ការធ្វើ​ស្ថិតិ​ចំនួន​ប្រជាជន ក្នុងអំឡុងពេល​បោះ​​ឆ្នោត​ពេលកន្លងមក ដែល​បាន​បង្ហាញថា នៅ​ប្រទេស​កម្ពុជា​យើង ចំនួន​ស្ត្រី​មាន​រហូតដល់​ ៥៣​ ភាគរយ​ច្រើនជាង​បុរស គឺ​ខុសពី​នៅ​អឺរ៉ុប ដែល​ចំនួន​ស្ត្រី​មាន​ប្រមាណ ​២០ ​ទៅ​ ៣០ ​ភាគ​​រយ តិចជាង​បុរស​។

​លោក​បាន​បន្ថែមទៀតថា​៖ «​ដោយ​មើលឃើញ​ពី​ចលនា​នេះហើយ ទើប​យើង​មានការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពួកគាត់ ឱ្យ​ចាប់យក​ការលេង​កីឡា ព្រោះ​ស្ត្រី​មានឱកាស​ស្វែងរក​មេដាយ​ច្រើនជាង​បុរស ព្រោះ​នៅក្នុង​ការប្រកួត គឺ​បុរស​មានការ​ប្រជែង​ខ្ពស់ ព្រោះ​មាន​ចំនួន​អ្នកចូលរួម​ច្រើន​។ ឧទាហណ៍​ការប្រកួត​ប្រដាល់ ក្នុង​ទម្ងន់ ​៥៥ ​គីឡូ​ក្រាម គឺ​ផ្នែក​បុរស មាន​អ្នក​​ចូលរួម​ពី ២០ ​ទៅ​ ៣០ នាក់ តែ​ផ្នែក​ស្ត្រី​មាន​ត្រឹម ​ ៤​ ទៅ​ ៥​ នាក់​ទេ អ៊ីចឹង​ឱកាស​ប្រជែង​ដណ្តើមយក​មេដាយ គឺ​ល្អ​ជាង និង​ងាយ​ជាង​បុរស​»​។​


​ជាមួយ​ការមើលឃើញ​ពី​កត្តា​អំណោយផល​របស់​ស្ត្រី នៅក្នុង​វិស័យ​កីឡា​នេះ គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ តែងតែ​រៀបចំ​ឱ្យមាន​យុទ្ធនាការ​កីឡា​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​កៀរគរ ក៏ដូចជា​ទាញ​ការ​​ចាប់អារម្មណ៍​របស់​ស្ត្រី ដែលជា​យុវតី​ជំនាន់​ក្រោយ ឱ្យចូល​លេង​កីឡា ដើម្បី​សុខភាព និង​អាច​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​អ្នក​ហាត់​កីឡា​ជំនាញ​។ ទន្ទឹមនឹងនេះ នៅ​រៀងរាល់ថ្ងៃ​ទិវា​នារី​អន្តរ​ជាតិ ៨​ មីនា គឺ NOCC តែង​​តែ​សហការ​ជាមួយ​វិស័យ​ឯក​ជន ដើម្បី​រៀបចំ​ទិវា​រត់ប្រណាំង ដើម្បី​លើកកម្ពស់​សិទ្ធិនារី​។ 

​ជាក់ស្តែង នៅ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំនេះ NOCC បាន​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន ដើម្បី​រៀប​ចំ «​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​» នៅ​បរិវេណ​ខាងមុខ​សួនច្បារ​មុខ​វត្ត​បទុម​​វ​តី ដោយមាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ ២ ៥០០ ​នាក់ ហើយ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស ដើម្បី​លើកទឹកចិត្ត​ស្ត្រី ឱ្យចូល​រួម​លេង​កីឡា​។

ជាមួយគ្នានេះ ស្ថាប័ន​កីឡា​អន្តរជាតិ​ធំៗ ក៏បាន​ដាក់ចេញ​នូវ​គោល​ការណ៍ ក្នុងការ​ជំរុញឱ្យមាន​ចំនួន​ស្ត្រី​ចូល​លេង​កីឡា និង​ដឹកនាំ​កីឡា​ឱ្យបាន​កាន់តែច្រើន​ផងដែរ ព្រោះ​ចំនួន​ស្ត្រី ដែល​បាន​ចូលរួម​ហាត់​កីឡា​ជំនាញ​រហូតមក​ដល់ពេលនេះ នៅមាន​ចំនួន​តិច​នៅឡើយ​ទេ ខណៈ​ប្រភេទ​កីឡា​ខ្លះ សឹងតែ​គ្មាន​កីឡាការិនី​ផង​។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា ការចូល​​រួម​របស់​ស្ត្រី នៅក្នុង​វិស័យ​កីឡា គឺមាន​ឱកាស​ស្វែងរក​ភាព​ជោគ​ជ័យ នៅក្នុង​ជីវិត​បាន​ច្រើន អ៊ីចឹង​ឥឡូវនេះ តាម​គោលការណ៍​ជា​អន្តរជាតិ គេ​ជំរុញឱ្យមាន​ចំនួន​ស្ត្រី ចូលរួម​លេង​កីឡា និង​ដឹកនាំ​ក្នុង​វិស័យ​កីឡា​ឱ្យបាន​ ៤០ ​ភាគរយ ចាប់ពី​ពេល​ឆ្នាំនេះ​ទៅ អ៊ីចឹង​យើង​ត្រូវមាន​ការលើកទឹកចិត្ត​ចំពោះ​ស្ត្រី ហើយ​នៅពេលណា មាន​ចំនួន​ស្ត្រី​បាន​ចូលរួម​ច្រើន គឺ​មូល​​ដ្ឋា​ន​ការអភិវឌ្ឍ​កីឡា ឬ​ឧ​ត្ត​ម​ភាព​កីឡា​របស់​យើង នៅលើ​ឆាក​អន្តរជាតិ កាន់តែ​ទទួល​បាន​ខ្ពស់​»​។​

​ជា​កីឡាការិនី​ឆ្នើម ដែលមាន​ជំនាញ​ទាំង​ផ្នែក​កីឡា​យូ​ដូ តេ​ក្វាន់​ដូ (ITF) និង​ចុងក្រោយ​ជា​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម ប៉ាល់ ឆរ​ស្ម៊ី បានដឹង និង​យល់​យ៉ាងច្បាស់​ពី​មោទនភាព និង​កិត្តិយស ដែល​ខ្លួន​ទទួលបាន​តាមរយៈ​ការចាប់យក​អាជីព​ជា​អ្នកកីឡា តាំងពី​ឆ្នាំ​ ១៩៩៦ រហូតដល់​បច្ចុប្បន្ន​។ បើទោះបីជា ការហាត់​កីឡា មានការ​លំបាក ហើយ​ពេលខ្លះ​ក៏មាន​របួសធ្ងន់​រហូត​ដល់​គ្រេច ឬ​បាក់​ដៃជើង ប៉ុន្តែ​គុណ​តម្លៃ​ដែល​ទទួលបាន​តាមរយៈ​កីឡា ត្រូវបាន ឆរ​ស្ម៊ី អះអាងថា ពិតជា​ធំធេង​ខ្លាំងណាស់​។​

​កីឡាការិនី​វ័យ ៣៦ ​ឆ្នាំ ប៉ាល់ ឆរ​ស្ម៊ី បាន​និយាយថា​៖ «​ការ​ចាប់យក​អាជីព​ជា​អ្នកកីឡា​ច្រើន​ឆ្នាំ​មកនេះ មិនមែន​ងាយ​ស្រួល​ទេ ដោយ​យើង​ត្រូវ​ឆ្លង​​កាត់​ការពិបាក និង​ពុះពារ​ឧ​បសគ្គ​ជាច្រើន ប៉ុន្តែ​ឆ្លងកាត់​ការ​ពិបាក​ទាំងអស់​ហ្នឹង អ្វីដែល​យើង​ទទួលបាន​ត្រឡប់មកវិញ គឺ​ភាពរឹងមាំ​ផ្លូវកាយ ផ្លូវចិត្ត និង​ឱកាស​យ៉ាងច្រើន​ក្នុងការ​បាន​ទៅ​ប្រកួត​បង្ហាញ​សមត្ថភាព សាង​ស្នាដៃ ទទួលបាន​ជោគ​​ជ័យ​លើក​មុខមាត់ និង​កិត្តិ​យស​ប្រទេសជាតិ​»​។​

​តាមរយៈ​ការចាប់យក​ជំ​​នា​ញ​កីឡា​នេះ ប៉ាល់ ឆរ​ស្ម៊ី ធ្លាប់បាន​សាង​ស្នាដៃ និង​លើក​មុខមាត់​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើនលើក តាមរយៈ​ការ​ដណ្តើមបាន​មេដាយមាស​សរុប​ ២៦ រួម​ជា​មួយ​មេដាយប្រាក់ និង​សំរឹទ្ធ​ជាច្រើន​ទៀត ពី​គ្រប់​ការប្រកួត​អន្តរជាតិ ជាពិសេស​ការប្រកួត​ជើងឯក​ពិភពលោក និង​ស៊ី​ហ្គេម ខណៈ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ឆរ​ស្ម៊ី​ឈ្នះ​បាន​មេដាយមាស​ ៤ ប្រាក់ ​១ និង​សំរឹទ្ធ​ ១ និង​ទទួលបាន​ពាន​ជា​អត្ត​ព​លិ​ក​ឆ្នើម​ផ្តាច់​គេ ប្រចាំ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ប៉ាល់ ឆរ​ស្ម៊ី បា​បញ្ជាក់ថា​៖ «​សម្រាប់​សមិទ្ធផល​មេដាយ ដែល​ខ្ញុំ​ដណ្តើមបាន​កន្លងមកនេះ វា​ជា​កាដូ​ដ៏​ពិ​សេសមួយ សម្រាប់​ការព្យាយាម​ខិតខំ​ប្រឹង​ប្រែង​សម្រាប់​ខ្លួនឯង នៅលើ​វិថី​មួយ​នេះ គឺ​ការលះបង់​របស់​យើង មិន​អត់​ប្រយោជន៍​ឡើយ​។ ផលប្រយោជន៍ និង​គុណ​ប្រ​យោជន៍ ដែល​ទទួលបាន​ពី​ការប្រឹងប្រែង​នេះ គឺ​ការប្រកួត​ខ្លះ​វា​លើសពី​ក្តី​រំពឹងទុក និង​អ្វីដែល​យើង​ចង់បាន​ទៅទៀត​។ ជាក់ស្តែង​ស៊ី​ហ្គេម​ថ្មីៗ​នេះ ខ្ញុំ​មិន​ត្រឹមតែ​ដណ្តើមបាន​មេដាយ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ពាន​ជា​កីឡាការិនី​ឆ្នើម​ទៀត ដែល​វា​ជា​មហា​កិត្តិយស និង​មានតម្លៃ​បំផុត​»​។​

 កីឡាការិនី​រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ អ៊ីចឹង​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​កម្ពុជា​លេង​កីឡា​ឱ្យបាន​ច្រើន ព្រោះ​ពេល​យើង​មាន​ជំនាញ និង​សមត្ថភាព​គ្រប់​​គ្រាន់ យើង​នឹង​មានឱកាស​សាង​ស្នាដៃ​ជូន​ជាតិ នៅលើ​ឆាក​អន្តរជាតិ ខណៈពេល​នេះ ធនធាន​ស្ត្រី​អត់​សូវ​សម្បូរ​ទៅទៀត ដូច្នេះ​វា​ជា​ឱកាស​ដ៏​ល្អ សម្រាប់​ស្ត្រី​យើង​ចាប់ផ្តើម និង​ចូលរួម​ប្រកួតប្រជែង ហើយ​ខ្ញុំ​ជឿថា ស្ត្រី​ដែលជា​អ្នក​ជំនាន់​​ក្រោយ នឹងមាន​សមត្ថ​ភាពល្អ និង​ពូកែ​ជាង​ខ្ញុំ​ទៅទៀត ដើម្បី​ប្រកួត​ដណ្តើមយក​មេដាយ​ជូន​ជាតិ​»​។​

​នៅក្នុង​ផែន​ការជំរុញឱ្យ​ស្ត្រី​ចូល​លេង​កីឡា​នេះ លោក វ៉ា​ត់​ ចំរើន ថ្លែងថា លោក​មាន​ក្តី​ស្រមៃចង់ឃើញ​កីឡាការិនី​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ ដែល​អាច​ទៅ​ដណ្តើមបាន​មេដាយ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម ព្រោះ​ការប្រកួតប្រជែង​ផ្នែក​បុរស គឺមាន​ការពិបាក​ខ្លាំង ក្នុងការ​អាច​ឈានទៅ​សម្រេច​គោលបំណង​នេះ​បាន​ណាស់​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្មែរ​យើង មិនទាន់​ធ្លាប់បាន​មេដាយ នៅ​អូឡាំពិក​ហ្គេម​ទេ អ៊ីចឹង​ក្នុងនាម​ជា​អ្នកជំនាញ​កីឡា​ម្នាក់ ខ្ញុំ​មាន​ក្តី​សុបិន​ចង់ឃើញ​ស្ត្រី​ទី​ ១ ដែល​ទៅយក​មេដាយ​នៅ​អូ​ឡាំ​ពិ​ក​ហ្គេម ហើយ​បើ​កីឡាការិនី​រូប​ណា​អាច​ធ្វើបាន គាត់​នឹង​ក្លាយទៅជា​វីរនារី​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដោយ​ត្រូវបាន​ចារ​ឈ្មោះ​រាប់រយឆ្នាំ​បន្ត​ទៅមុខទៀត ហើយ​គ្រប់កន្លែង​កីឡា​ទាំងអស់ គេ​អាច​ឆ្លាក់​រូបគាត់ ជា​វីរនារី ឬ​ជា​និមិត្តរូប​ដ៏​កំពូល​នៃ​វិស័យ​កីឡា​របស់​ប្រទេស​យើង​»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​មិនទាន់មាន​ទេ ប៉ុន្តែ​ការ​មិនទាន់មាន​ភាព​អស្ចារ្យ​នេះហើយ ដែល​យើង​ចង់​ជំរុញ​ឱ្យ​វា​មាន​ ១ ​នឹង​គេ ព្រោះ​ប្រទេស​គេ​ធ្វើបាន រឿង​អី​យើង​ធ្វើ​មិនបាន អ៊ីចឹង​រឿងនេះ​វា​ជា​ការងារ​រួម ដែល​យើង​ត្រូវធ្វើ​ទាំងអស់គ្នា ហើយ​សុំឱ្យ​បុរស ដែលជា​ឪពុក ជា​បងប្រុស និង​ជា​ប្តី​របស់គេ សូម​ចូលរួម​លើកទឹកចិត្ត​ជំរុញ​ឱ្យ​ស្ត្រី​ចូល​លេង​កីឡា និង​ធ្វើ​​ចលនា​រាងកាយ​របស់គាត់ ដើម្បី​សុខភាព​ផង ហើយ​បើ​គាត់​មាន​ទេពកោសល្យ​ល្អ យើង​ជួយ​រុញ​គាត់​ឱ្យទៅដល់​កីឡា​អាជីព ជា​កីឡា​ជំនាញ​ល្អ​ទៅ​ថ្ងៃ​អនាគត​»​។​

​ជាមួយគ្នានេះ កីឡាការិនី​មាន​សែស្រឡាយ​ជា​រាជវង្ស ព្រះ​នាង​តូច នរោត្តម អ​ម្រិ​តា ក៏​បាននិងកំពុង​ដាក់​គោលដៅ ជម្នះ​ការលំបាក ក្នុងការ​ពង្រឹង​ពី​ជំនាញ​កីឡា​ជិះសេះ លើ​វិញ្ញាសា​លោត​ផ្លោះ​របារ​របស់ខ្លួន ដើម្បី​អាចមាន​លទ្ធផល​ដណ្តើម​បាន​មេដាយមាស នៅ​ស៊ី​ហ្គេម និង​ក្លាយជា​កីឡា​កា​រិ​-​នី​ជិះសេះ​របស់​កម្ពុ​ជាដំបូង​គេ ដែល​អាចមាន​ឱកាស​បាន​ទៅ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​។​

​កីឡាការិនី​វ័យ ១៥ ​ឆ្នាំ អ​ម្រិ​តា បាន​និយាយថា​៖ «​ក្រៅពី​ចង់​ដណ្តើមបាន​មេដាយមាស​ស៊ីហ្គេម នៅ​ឆ្នាំ ​២០២៥ គឺ​ខ្ញុំ​មានបំណង​ចង់​ទទួលបាន​ឱកាស​ទៅ​ប្រកួត​យុវជន​អូឡាំពិក​អន្តរ​ជាតិ​។ នេះ​ជា​គោលបំណង​ធំជាងគេ​របស់ខ្ញុំ ដោយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​វា​ឱ្យបាន ហើយ​ជាមួយ​ការដាក់​គោលដៅ​នេះ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា ខ្ញុំ​នឹង​អាច​ផ្តល់​ជា​ភាព​​គំរូ​មួយ​ដល់​កីឡាការិនី​របស់​កម្ពុជា​ផ្សេងៗ​ទៀត​ឱ្យ​ខិតខំ​ពង្រឹង​ជំនាញ​របស់ខ្លួន​ដូចគ្នា ព្រមទាំង​ជាការ​លើកទឹកចិត្ត​ដល់​ស្ត្រី​ខ្មែរ​ផ្សេងៗ​ទៀត ឱ្យចូល​​រួម​លេង​កីឡា និង​អភិវឌ្ឍ​ខ្លួន​ទៅជា​កីឡា​អាជីព​ផងដែរ​»​។​

​លោក វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវ​​ជន និង​កីឡា ទទួលបន្ទុក​ផ្នែក​កីឡា​ផង​នោះ​ថ្លែងថា ការធ្វើ​លំ​ហាត់ប្រាណ​អប់រំ​កាយ ក៏បានផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​ស្ត្រី ឱ្យមាន​កម្លាំងកាយ​រឹងមាំ និង​មាន​សុខភាព​ល្អ​។​

​លោក​ថា​៖ «​ស្ត្រី​មាន​សុខភាព​ទន់ខ្សោយ​ជាង​បុរស ប៉ុន្តែ​បើ​ស្ត្រី​លេង​កីឡា គឺ​ពួកគាត់​បង្កើនបាន​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត​កាន់តែ​ល្អ ព្រោះ​វិទ្យាសាស្ត្រ​ខាង​កីឡា គេ​ស្រាវជ្រាវ​ឃើញថា ស្ត្រី​ដែល​លេង​កីឡា ជា​ស្ត្រី​ដែល​មិន​ប៉ះពាល់​ដល់​ជំងឺ​កំប៉ិកកំប៉ុក​នោះទេ​។ ហេតុនេះហើយ​ខ្ញុំ​សូម​ផ្តាំ​ទៅ​ស្ត្រី​នៅ​កម្ពុជា ចូលរួម​លេង​កីឡា​ឱ្យបាន​ច្រើន ក្នុងការ​ជំរុញ​វិស័យ​កីឡា​របស់​យើង​»៕