ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កម្មវិធីចែករំលែកចំណេះដឹង (KSP) បានបង្ហាញថា កម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងនូវសមត្ថភាពគ្រប់គ្រងកាកសំណល់ឧស្សាហកម្មរបស់ខ្លួនតាមរយៈគំនិតផ្តួចផ្តើម KSP ឆ្នាំ ២០២៣/២៤ ដែលផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់របស់សហគ្រាសធុនតូច និងមធ្យម និងរោងចក្រធំៗ។
កិច្ចខិតខំប្រឹងប្រែងសហការជាមួយកូរ៉េខាងត្បូងនេះបានផ្តល់លទ្ធផលគួរឱ្យចាប់អារម្មណ៍រួចហើយ ដោយបានផ្លាស់ប្តូរប្រទេសកម្ពុជាចាប់វិធីសាស្ត្រកែច្នៃកាកសំណល់ឧស្សាហកម្ម។
នៅឆ្នាំ ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់សំណើកម្មវិធីចែករំលែកចំណេះដឹង (KSP) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានពិនិត្យ និងបង្កើតជាគម្រោង «ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងសមត្ថភាពរោងចក្រធំៗលើការគ្រប់គ្រងកាកសំណល់»។
ចាប់តាំងពីការបើកដំណើរការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ ២០២៣ KSP បានរួមបញ្ចូលសិក្ខាសាលា និងការប្រជុំនានានៅក្នុងទីក្រុងភ្នំពេញ និងទីក្រុង សេអ៊ូល។ សិក្ខាសាលារាយការណ៍ចុងក្រោយឥឡូវនេះកំពុងបង្ហាញពីលទ្ធផលនៃអនុសាសន៍គោលនយោបាយ។
លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិយាយថា៖ «យើងទទួលស្គាល់ការខិតខំប្រឹងប្រែង និងការចំណាយពេលវេលារបស់ភាគីកូរ៉េចំពោះគម្រោងនេះ ចាប់តាំងពីការទំនាក់ទំនងលើកដំបូងតាមរយៈអនឡាញជាមួយក្រុម MISTI កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំមុន»។
លោក ស៊ីនី បាននិយាយក្នុងអំឡុងពេលជាអធិបតីក្នុងសិក្ខាសាលា «ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងសមត្ថភាពរោងចក្រធំលើការគ្រប់គ្រងកាកសំណល់ (២០២៣-២០២៤)» ដែលគាំទ្រដោយដៃគូអភិវឌ្ឍន៍កូរ៉េក្រោមកម្មវិធីចែករំលែកចំណេះដឹង (KSP) នៅសណ្ឋាគារ Hyatt Regency Phnom Penh ថ្ងៃទី ១៧ ខែមិថុនាថា៖ «ដូច្នេះគម្រោងដែលបានខិតខំរួមគ្នានោះ ត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលាថ្ងៃនេះ»។
បន្ទាប់ពីដំណើរទស្សនកិច្ចពីរលើកពីក្រុមកូរ៉េមកកម្ពុជា ការរកឃើញរបស់ពួកគេត្រូវបានចងក្រងជារបាយការណ៍បណ្តោះអាសន្នមួយ ដែលត្រូវបានបង្ហាញនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េក្នុងខែមេសាឆ្នាំនេះ។
ការទស្សនាដល់ទីតាំងផ្ទាល់មានសារៈសំខាន់ណាស់សម្រាប់ប្រតិភូកម្ពុជា ដោយសារពួកគេបានផ្តល់នូវការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មតាមរយៈឡដុត ការកែច្នៃទឹកសំណល់ កន្លែងចាក់សំរាម និងកម្មវិធី «Mallboro» ដែលបម្រើជាគំរូសម្រាប់សេដ្ឋកិច្ចនៅអាស៊ី។
យោងតាមលោក Kim Young-rae អ្នកឯកទេសបរិស្ថានមកពីសមាគមវិស្វករវិជ្ជាជីវៈបរិស្ថានកូរ៉េ បានឱ្យដឹងថា ការកើនឡើងនៃរោងចក្រថ្មីៗ និងសហគ្រាសធុនតូច និងមធ្យមបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការបង្កើតកាកសំណល់ ដោយមានសហគ្រាសជាង ៥០ម៉ឺនកំពុងដំណើរការ។
លោកនិយាយថា ក្នុងចំណោមនោះ សហគ្រាសធំៗចំនួន ១៨០០ ឬត្រឹមតែ ០,៣៦ភាគរយប៉ុណ្ណោះ ខណៈដែលសហគ្រាសតូចៗមាន ៩៩,៦៤ភាគរយ ឬចំនួន ៤៥២៨៣ សហគ្រាស។
លោក Young-rae បាននិយាយថា៖ «គួរកត់សម្គាល់ ប្រហែល ៦៦ភាគរយនៃផលិតកម្មសហគ្រាសធុនតូច និងមធ្យមទាំងនេះបានចូលរួមក្នុងឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ ដោយប្រមូលផ្តុំគ្នាបង្កើតកាកសំណល់ចំនួន ២៤១ម៉ឺនតោន ភាគច្រើនជាទឹកសំណល់ឧស្សាហកម្ម»។
ជាងនេះទៅទៀត កាកសំណល់វាយនភណ្ឌ និងកាត់ដេរ រួមទាំងស្បែកជើង និងសម្ភារស្បែក មានប្រហែល ៧០ភាគរយនៃកាកសំណល់ឧស្សាហកម្មទាំងអស់ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនទៅកន្លែងចាក់សំរាម។
លោក Baek Nam-soo ទីប្រឹក្សាជាន់ខ្ពស់នៃ «គម្រោងចែករំលែកចំណេះដឹង (KSP) ស្តីពីការកែច្នៃកាកសំណល់ឧស្សាហកម្មនៅកម្ពុជា» ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានកត់សម្គាល់ការវាយតម្លៃជាវិជ្ជមានពីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ។
លោកបាននិយាយថា លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់កូរ៉េក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងចេតនាធ្វើឱ្យទំនាក់ទំនងទ្វេភាគី និងពហុភាគីកាន់តែស៊ីជម្រៅ។
កិច្ចព្រមព្រៀងសំខាន់ៗរួមមានការបង្កើនមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ពី ១,៥ពាន់លានដុល្លារដល់ ៣ពាន់លានដុល្លារ និងការផ្តួចផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងផ្លូវក្នុងស្រុកនៅឆ្នាំក្រោយ។
លោក Nam-soo បានថ្លែងថា៖ «ទោះបីគម្រោងគ្រប់គ្រងកាកសំណល់ឧស្សាហកម្មបច្ចុប្បន្ននេះមិនមានទ្រង់ទ្រាយធំក៏ដោយ ខ្ញុំជឿជាក់ថា វានឹងក្លាយជាជំហានដ៏មានន័យសម្រាប់ភ្ជាប់ប្រទេសកូរ៉េ និងកម្ពុជា»។
គំនិតផ្តួចផ្តើមនេះនាំទៅដល់ការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ដ៏ទំនើប រួមទាំងមជ្ឈមណ្ឌលប្រមូលសំរាម និងកន្លែងបំប្លែងកាកសំណល់ទៅជាថាមពលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (SEZ)។
ការប៉ាន់ប្រមាណនៃការបង្កើតកាកសំណល់នៅតំបន់ភ្នំពេញមានចាប់ពី ១០ម៉ឺន ទៅ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ ទីកន្លែងទាំងនេះអាចកែច្នៃសំរាមប្រមាណ ៦ម៉ឺនតោននៃកាកសំណល់ឧស្សាហកម្មក្នុងមួយឆ្នាំ ដោយកាត់បន្ថយបរិមាណកាកសំណល់ដែលបានបញ្ជូនទៅកន្លែងចាក់សំរាម និងកាត់បន្ថយការបំពុលបរិស្ថានយ៉ាងខ្លាំង។
កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ត្រូវការប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន។
តំបន់សេដ្ឋកិច្ចពិសេស (SEZs) គឺជាតំបន់ឧស្សាហកម្មសំខាន់ៗដែលទាមទារដំណោះស្រាយគ្រប់គ្រងកាកសំណល់តាមតម្រូវការ។
តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា រួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន Kerry World Bridge តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង តំបន់សេដ្ឋកិច្ចពិសេស Sanco Poipet តំបន់សេដ្ឋកិច្ចពិសេស Poi Pet PP តំបន់សេដ្ឋកិច្ចពិសេសកំពត តំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាដើម។
គន្លឹះនៃការផ្លាស់ប្តូរនេះគឺការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរបាយការណ៍កាកសំណល់ឌីជីថល បានសម្រួលដល់ការតាមដានកាកសំណល់ និងបង្កើនប្រសិទ្ធភាពរួម។
លើសពីនេះទៀត ការបញ្ចូលកម្រិតវាយតម្លៃស្ដង់ដាបរិស្ថាន Higg Index ធានាថា ឧស្សាហកម្ម ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ គោរពតាមស្តង់ដានិរន្តរភាពសកល។
លោក Seo Myung-won សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ សេអ៊ូល បាននិយាយថា៖ «កិច្ចសហការទទួលបានផ្លែផ្កាដ៏អស្ចារ្យ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តល្អបំផុត យើងបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់នៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា៖ «ប្រព័ន្ធរបាយការណ៍កាកសំណល់ឌីជីថល និងការរួមបញ្ចូល Higg Index គឺជាអ្នកផ្លាស់ប្តូរហ្គេម។ វាផ្តល់ទិន្នន័យតាមពេលវេលាជាក់ស្តែង និងស្តង់ដាដែលជួយឧស្សាហកម្មរក្សាបាននូវស្តង់ដាខ្ពស់នៃការអនុវត្តបរិស្ថាន»។
លោក ង៉ែត វិបុល អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ចប់សុន្ទរកថា បន្ទាប់ពីសិក្ខាសាលារយៈពេលកន្លះថ្ងៃ ដោយបញ្ជាក់ថា របាយការណ៍ចុងក្រោយនេះ បង្ហាញពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងកាកសំណល់នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ថា ការកើនឡើងនៃរោងចក្រថ្មីៗអាចនាំឱ្យមានកាកសំណល់ឧស្សាហកម្មលើស។
លោកបន្តថា កម្ពុជាបានជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មច្រើនប្រភេទ។
ដូច្នេះ ចំណុចសំខាន់ចំនួនបួនត្រូវតែត្រូវបានដោះស្រាយ៖ ការរាយការណ៍ទិន្នន័យរួមគ្នា និងការគ្រប់គ្រង គោលការណ៍ណែនាំច្បាស់លាស់សម្រាប់លក្ខណៈវិនិច្ឆ័យសំណល់ ការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ និងការយល់ដឹងជាសាធារណៈ ក៏ដូចជាការអប់រំស្តីពីការកាត់បន្ថយកាកសំណល់ និងការចោលឱ្យបានត្រឹមត្រូវ។
លោក វិបុល បានបន្ដថា ការធ្វើសកម្មភាពលើចំណុចទាំងនេះ គឺមានសារៈសំខាន់សម្រាប់ការកែលម្អការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មនៅកម្ពុជា។ លើសពីនេះ ការបង្កើតកន្លែងកែច្នៃកាកសំណល់ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងកម្មវិធី ដើម្បីរៀបចំការគ្រប់គ្រងកាកសំណល់មានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាធនធានធម្មជាតិ។
លោកបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ការផ្តល់នេះនឹងជួយបង្កើនភាពជោគជ័យយ៉ាងខ្លាំងនៃការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំឧស្សាហកម្ម និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព»៕