សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​បាន​នឹង​កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​មន្រ្តី​ពាក់ព័ន្ធ ​និង​សហគមន៍​មូលដ្ឋាន​ចុះ​ល្បាតព្រៃ ​និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​ផល​ប្រយោជន៍​រួម​នៅ​តំបន់​ជួរភ្នំ​ឱរ៉ាល់​អស់​រយៈពេល​៦​ឆ្នាំមក​ហើយ។ 


កាល​ពីពេល​ថ្មីៗនេះ ​ពួកគេ​បាន​សហការ​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ធ្វើ​ការ​បំបែក​សំបុក​បទ​ល្មើស​កាប់​ឈើ​ដ៍​ធំ​ដុះ​ស្លែ​រាប់ឆ្នាំ​មក​ហើយ​នៅ​ស្រុក​ភ្នំក្រវាញ។ មេក្លោង​ដែល​នៅ​ពី​ក្រោយ​បទ​ល្មើស​នេះ​បាន​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​នឹង​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​បុគ្គល​ម្នាក់​នេះ។ 

លោក ​ផាក់ ស៊ាងលី ​អ្នក​យក​ព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​បានធ្វើ​កិច្ច​សម្ភាស​មួយ​ជាមួយ​នឹង​លោក​ តាន់ គឹមសួរ ប្រធាន​សមាគម​យុវជន​នេះ ទាក់​ទង​នឹង​ស្ថានភាព​ព្រៃឈើ និង​សកម្មភាព​ចុះល្បាត​ការពារ​ព្រៃឈើ​នៅ​តំបន់​ភ្នំឱរ៉ាល់​នោះ។ 


តើ​លោក​ប្រឡូក​ក្នុង​ការ​ការពារ​ព្រៃឈើ​នេះ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ? ហេតុអ្វី​ដែល​ជំរុញ​ឱ្យ​លោក​ធ្វើ​កិច្ចការ​សង្គម​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​នេះ?

ខ្ញុំ​បាន​ប្រឡូក​ក្នុង​ការងារ​នេះ​អស់​រយៈពេល​ ៦​ឆ្នាំមក​ហើយ។ តំបន់​ដែល​ក្រុម​យើង​ខ្ញុំ​ផ្តោត​ការងារ​ចុះ​ល្បាត​ខ្លាំង​គឺ​ភ្នំឱរ៉ាល់ ​ដែល​ជាប់​ព្រំប្រទល់​ខេត្តចំនួន៣ ​ដូចជា​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ ​និង​កំពង់ឆ្នាំង​ ដែល​មាន​ទំហំផ្ទៃ​ដី​ជិត​ ២០​ម៉ឺន​ហិកតា។ 


មូលហេតុ​ស្នូល​ដែល​ធ្វើឱ្យ​ខ្ញុំ​ប្រឡូក​ចូល​ការងារ​ទាំងអស់​ហ្នឹង​រហូត​មក​ដល់​ពេល​នេះ ក៏​ដោយសារ​តែ​ជន​ជាតិ​បរទេស​មួយ​ក្រុម​គ្រួសារ គឺ​ក្រុម​គ្រួសារ​លោក បេន ដេវីស ដែល​គាត់​កំពុង​តែ​ធ្វើ​ការ​ការពារ​ព្រៃឈើ​នៅ​ស្រុក​សង្គមថ្មី ខេត្ត​ព្រះ​វិហារ។ ​នៅ​ឆ្នាំ​២០១៨ ពេលខ្ញុំ​ចុះ​ទៅ​ទី​នោះ ខ្ញុំ​បាន​ឃើញ​ពី​ការ​លះបង់​របស់​ពួកគាត់ ហើយ​ក៏ទទួល​បាន​អារម្មណ៍​ខ្មាស​អៀន​ខ្លាំង​មែនទែន ហើយ​ក៏​ចោទ​ជា​សំណួរ​សួរខ្លួន​ឯងថា ទឹកដី និង​ព្រៃឈើ​របស់​យើង ហេតុអី​បាន​ជា​យើង​ក្នុង​នាម​ជា​ម្ចាស់​ទឹកម្ចាស់​ដី មិន​បង្ហាញ​ការ​ខ្វាយខ្វល់ បែរ​ជា​ឱ្យ​ជន​បរទេស​ជា​អ្នក​ឈឺឆ្អាល​ជំនួស​ទៅវិញ។ 

លោក បេន ដេវីស ​កំពុង​តែ​ធ្វើ​ការ​ការពារ​ព្រៃឈើ​នៅ​ស្រុក​សង្គមថ្មី ខេត្ត​ព្រះ​វិហារ។​ រូបថត សហការី

យើង​ក៏​ខ្ញុំ​នឹក​ឃើញ​ដល់​តំបន់​ឱរ៉ាល់ ដែល​ខ្ញុំ​ធ្លាប់​ឡើង​ទៅ​ក្នុង​ឆ្នាំ ២០១៧ ឃើញ​ថា​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ហ្នឹង​មាន​ភាព​អាណាធិបតេយ្យ​ខ្លាំង​មែនទែន ហើយ​ក៏​សម្រេច​ចិត្ត​ថា ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ណា​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល ទោះ​បី​មិន​បាន​ច្រើន យ៉ាងណា​ក៏​ដោយ ក៏​អាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់ ជារឿង​មួយ​ដែល​យើង​បាន​រួម​ចំណែក ហើយ​វា​ជា​រឿង​មួយ​ជា​ការ​ឆ្លើយតប​ទៅ​លើ​អ្វី​ដែល​យើង​មាន​ការ​ខ្មាស​អៀន​ចំពោះ​ជន​បរទេស​មួយ​ក្រុម​គ្រួសារ​នេះ​ដែរ។ កាល​ពី​ដំបូង ខ្ញុំ​គិត​ថា ខ្ញុំ​ចូល​រួម​តែ​១ ​ឬ ​២​ឆ្នាំ​បាន​ហើយ ដោយសារ​តែ​លុយ​ក្នុង​កុង​ធនាគារ​យើង​នៅ​សល់​តិច​ដែរ តែ​ពេល​កាន់​តែ​ចូល​ប្រឡូក កាន់តែ​ប្រឡូក​ជ្រៅ​ កាន់តែ​ដុះ​មនោសញ្ចេតនា កាន់​តែ​ឃើញ​រឿង​អី​ជា​ច្រើន​ដែល​ត្រូវ​ការ​ឱ្យ​មាន​វត្តមាន​យើង​នៅ​ទីនោះ​បន្ត​ទៀត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​តែម្តង។

តើ​នៅ​ពេល​ចុះល្បាត​ព្រៃ​ម្តងៗ លោក​មាន​ការ​លំបាក​ ឬ​ការ​គំរាម​កំហែង​អី្វ​ខ្លះ​ដែរ?

នៅ​ពេលចុះ​ល្បាត​ម្តងៗ ​ពួក​យើង​ជួប​ប្រទះ​ការ​លំបាក​ដូច​ជាទី១ ​បញ្ហា​មធ្យោបាយ​ធ្វើ​ដំណើរ។ ទី២ ពួកយើង​ប្រឈម​គ្រោះ​ថ្នាក់​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​នានា ហើយ​ទី៣ ពាក់ព័ន្ធ​នឹង​ជំងឺ​នានា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ព្រៃ។ ការ​ប្រឈម​ខ្លាំង​មួយ​ទៀត​នោះ​គឺ​ការ​វង្វេង​ព្រៃ។ ក្នុង​រយៈពេល​កន្លងមក ពេល​ចុះ​ល្បាត​នេះ ពួកយើង​វង្វេង​​ព្រៃ​មិន​តិច​ជាង​១០​ដង​មក​ហើយទេ។

ចំពោះ​ការ​លំបាក​ធ្ងន់ធ្ងរ​ខ្លាំង នៅ​ពេល​ដែល​យើង​ចុះ​ល្បាត​បំផ្លាញ​ឆ្នាំង​បាយ​គេ រំខាន​គេ​តែងតែ​ធ្វើ​ឱ្យ​គេ​មិន​សូវ​សប្បាយ​ចិត្ត​ទេ​រហូត​ដល់​ថ្នាក់​មាន​ការ​គំរាមកំហែង​ដាក់​ឈ្មោះ​ផ្លូវ​មរណៈ តាន់ គឹមសួរ ផ្លូវ​មជ្ជរាជ​របស់ តាន់ គឹមសួរ​ជាដើម។ ដល់​ថ្នាក់​គំរាម​ថា ហ៊ាន​តែ​មក​ហ្នឹង​ទៀត​បន្សល់​ទុក​សាកសព​ទៅ​វិញ​ទេ។ ហើយ​ក៏​គំរាម​ក្រុម​ការងារ​មួយ​ចំនួន​ធំ​ដែរ​ថា បើ​នៅតែ​បន្ត​ទៀត​ប្រយ័ត្ន​ខ្លួន។ ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​បើ​ធ្វេស​ប្រហែស​អីហ្នឹង គឺ​នឹង​អាច​មាន​បញ្ហា​ដូចជា ការ​ចោល​ដុំ​ថ្ម ឬ​ការ​ប៉ុនប៉ង​យាយី​អ្វីផ្សេងៗ។ 

យើង​ទទួល​បាន​ការ​គំរាមកំហែង​ច្រើន។ កាល​ពី​ឆ្នាំ ២០១៩ យើង​ធ្លាប់​ត្រូវ​ប្រធាន​សហគមន៍​សាមគ្គី​នៅ​តំបន់​ឱរ៉ាល់ ព្យាយាម​គៀងគរ​ស្នាម​មេដៃ​ប្រជាជន​ដើម្បី​ធ្វើការ​បណ្តេញ​យើង​ចេញ​ពី​តំបន់​នោះ។ តែ​ក្រោយ​ពី​ពួក​យើង​តវ៉ា​រក​មូល​ហេតុ​ដែល​ចង់​បណ្តេញ​យើង​ចេញ​នោះ។ យើង​ចង់​ប្តឹង​បក​វិញ​ពី​រឿង​ញុះញង់​នោះ ក៏​បាន​ស្ងាត់​ទៅ​វិញ។ នៅ​ទី​នោះ ពួកយើង​បាន​ឃាត់ឃាំង​ពលរដ្ឋ​មិន​ឱ្យ​ទន្រ្ទាន​ដីព្រៃ កាប់​បំផ្លាញ​ព្រៃឈើ ឬ​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​បើកដៃ​របស់​ប្រធាន​សហគមន៍​នៅ​ទី​នោះ។ អញ្ចឹង​បាន​ធ្វើ​ឱ្យ​គេ​មិន​សូវ​សប្បាយ​ចិត្ត​ជាមួយ​ហ្នឹង​យើង។ 

លោក​ តាន់ គឹមសួរ ប្រធានសមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​ ថតរូបជាមួយក្រុម​ល្បាត​ព្រៃ។ រូបថត សហការី

កាល​ពី​ខែ​មេសា ឆ្នាំ ២០២៤ នេះ ក៏​មាន​ការ​លួច​ដុត​ម៉ូតូ​របស់​ក្រុម​ល្បាត​ឆេះ​ម៉ូតូ​ចំនួន ៤ ​គ្រឿង​ផងដែរ ​នៅ​ភូមិ​សំរោង ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​ជា​ការ​បង្ហាញ​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ខ្លាំង​ដែរ។ យើង​អត់​ដែល​ជួប​ប្រទះ​បែប​ហ្នឹង​ពី​មុន​មក​ទេ។ តែ​បាន​ត្រៀម​ផ្លូវ​ចិត្ត​ហើយ​ថា ថ្ងៃណា​មួយ​នឹង​មាន​រឿងរ៉ាវ​ហ្នឹង​កើតឡើង។ ពីមុន​មក តែងតែ​និយាយ​លួង​ទៅ​ក្រុម​ការងារ​ឱ្យ​ត្រៀម​ចិត្ត​ដែរ​ថា ថ្ងៃណា​មួយ​ពួក​ប្រព្រឹត្ត​បទល្មើស​គេ​លែង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​ហើយ។ គេ​អាច​ប្រើ​កាយវិការ​អី​ផ្សេងៗ​ក្នុង​ការ​គំរាម​យើង​វិញ។ លទ្ធផល​ចុង​ក្រោយ​គឺ​​ទទួល​បាន​ពិត​ប្រាកដ​មែន​គឺ​ការ​លួច​ដុត​ម៉ូតូ។ គិត​មក​ដល់​ពេល​នេះ​ ពួកយើង​នៅ​មិន​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​នៅ​ឡើយ​ទេ។

តើ​ការ​ចុះល្បាត​ធ្វើឡើង​ញឹកញាប់​ប៉ុន្មាន​ដែរ? ហើយ​មាន​ការ​ចូលរួម​ពី​ខាង​ណា​ខ្លះ​ដែរ?

ពេលខ្លះ​ទៅ​ការ​ចុះ​ល្បាត​របស់​ពួកយើង​មាន​ស្នើសុំ​កម្លាំង​ពី​មន្រ្តី​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង ដូចជា មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន។ ពេលខ្លះ​ក៏យើង​ស្នើ​សុំការ​ចូល​រួម​សហការ​ពី​ខាង​អង្គការ​មួយ​ចំនួន​ ដែល​បាន​ចុះ​ MoU ​ជាមួយ​ក្រសួង​បរិស្ថាន។ ពេល​ខ្លះ​ទៅ ពួក​យើង​គឺ​ចុះ​ទៅ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាសហគមន៍​នៅ​ខាង​តំបន់​ឱរ៉ាល់​តែ​ម្តង។

តែ​យើង​សង្កេត​ឃើញ​ថា រាល់​ពេល​ចុះ​បង្រ្កាប​បទល្មើស​តែងតែ​មិន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ ពេល​ចុះ​ជាមួយ​មន្រ្តី​មូលដ្ឋាន។ ធ្វើឱ្យ​ខ្ញុំ​សម្រេច​ចិត្ត​ស្នើសុំ​ការ​ចូលរួម​ពី​ខាង​អង្គការ Wildlife Alliance (សម្ព័ន្ធ​មិត្ត​សត្វព្រៃ) ទៅ​វិញ ដែល​មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ​មន្រ្តី​ជំនាញ​បរិស្ថាន​ចុះ​មក​ផ្ទាល់ ឃើញ​ថា​មាន​ការ​ខុស​ប្លែក​គ្នា រវាង​មន្រ្តី​មូលដ្ឋាន និង​ការ​ចូលរួម​ពី​អង្គការ បាន​ន័យ​ថា​ពេល​ចូលរួម​ពី​អង្គការ ទៅ​ទី​ណា​ក៏​យើង​ឃើញ​បទល្មើស​ដែរ។ តែ​ពី​មន្រ្តី​មូលដ្ឋាន​ទៅ​ទីណា​ក៏​មិន​សូវ​ជួប​បទល្មើស​ដែរ។

ពួក​យើង​តែង​តែ​ចុះល្បាត​រៀង​រាល់​៣​ថ្ងៃ​ម្តង។ ប៉ុន្តែ​ពេល​ខ្លះ​មាន​បទ​ល្មើស​ច្រើន​ មាន​ការ​ផ្តល់​ដំណឹង​មក​មាន​បទ​ល្មើស​នៅ​កន្លែង​ផ្សេងៗ​គ្នា គឺពួក​យើង​អាច​ចុះ​ទៅ​ជាប់​គ្នា​ក្នុង​រយៈពេល​មួយ​អាទិត្យ ​១០​ថ្ងៃ ​ឬ​កន្លះ​ខែ ​ជាប់​គ្នា​តែ​ម្តង​ក៏​មាន​ដែរ។

ចាប់​តាំង​ពី​បាន​ចាប់​ផ្តើម ​រហូត​មក​ដល់​នឹង​ពេល​នេះ ​តើ​លោក​សង្កេត​ឃើញ​ថា​ បទ​ល្មើសព្រៃ​ឈើ​មាន​ស្ថាន​ភាព​យ៉ាង​ដូច​ម្តេច​ដែរ?​ ដោយ​សារ​តែ​មូល​ហេតុ​អ្វី​ដែរ?

យោង​ទៅ​លើ​អ្វី​ដែល​ពួក​យើង​សង្កេត​ឃើញ ​មុន​ពេល​ដែល​ពួក​ខ្ញុំ​បាន​ចុះ​ទៅ ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តាម​តំបន់​នានា​គឺ​ហាក់​បី​ដូច​ជាមាន​ការ​ដឹក​ជញ្ជូន​យ៉ាង​អាណាធិបតេយ្យ ​ដោយ​មាន​ការ​បើក​ចំហ​តែ​ម្តង។ ពេល​ខ្លះ​ទៅ​យើង​អាច​ឃើញ​គោយន្ត​តម្រង់​ជួរ​គ្នា​ដូច​ហែរ​កឋិន​អញ្ជឹង។ ពេល​ខ្លះ​អាច​លោត​ទៅ​ដល់​ ១០០​គោ​យន្ត ​មាន​ទាំង​រទេះ​គោ មាន​ទាំង​ឡាន ដឹក​ជញ្ជូន​ឈើ​គឺ​មិន​មាន​ការ​ខ្លាច​រអា​អ្វី​ទាល់​តែ​សោះ។ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ការ​ដឹក​ជញ្ជូន ឬ​បទ​ល្មើស​ព្រៃ​ឈើ​គឺ​ហាក់​ដូច​ជា​មិន​សូវ​គគ្រឹង​គគ្រេង មិន​មាន​អាណា​ធិបតេយ្យ ​ដូច​ពី​មុន​ទៀត​នោះ​ទេ។ 

បាទ​គឺ​ពួកគាត់​មាន​ការ​ខ្លាច​រអា មាន​ការ​លួច​លាក់​ធ្វើ។ ពួក​គាត់​តែង​តែ​ធ្វើ​ការ​ដឹក​ជញ្ជូន​ចេញ​នៅ​ពេល​យប់​ស្ងាត់​តែ​ម្តង។ នេះគឺ​ជាការ​ខុស​ប្លែក​[ពីមុន] ហើយ​ចំពោះ​ថាបទ​ល្មើស​មាន​ការថយចុះ​ ឬ​ក៏កើន​ឡើង​ជាង​មុន​នោះ​ ពួក​យើង​អត់​ដឹង​ដែរ ​ដោយសារ​តែ​ពួក​យើង​ជា​ក្រុមល្បាត​អត់​មាន​ស្ថិតិ​ច្បាស់​លាស់​ទាក់​ទង​នឹង​បទ​ល្មើសនោះ​ទេ។  

លោក​ តាន់ គឹមសួរ ថត​ជាមួយ​ម៉ូតូ​សម្រាប់​ល្បាត​ព្រៃ ត្រូវ​បាន​ជន​ល្មើស​លួច​ដុតបំផ្លាញ​ចោល រូបថត សហការី

នៅ​ពេល​ដែល​រក​ឃើញ​ជន​ល្មើស ​ឬ​វត្ថុ​តាង ​ដូច​ជា៖ ឈើ ​រណាយន្ត ​រថយន្ត​កែច្នៃ​ជាដើម ​តើលោក​ធ្វើ​យ៉ាង​ម៉េច​ដែរ?​ ឈើ​ដែល​រក​ឃើញ​ម្តងៗ​មាន​ចំនួន​ប្រហែល​ប៉ុន្មាន​ដែរ? 

នៅ​ពេល​ដែល​ពួក​យើង​ឃើញ​ជន​ល្មើស​កំពុង​តែ​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ ​ឬក៏​បំផ្លិច​បំផ្លាញ​ឈើ ​គឺពួក​យើង​តែង​តែ​បង្ហាញ​ការ​ណែ​នាំ​ពួក​គាត់ លើក​ទី១ ​លើក​ទី២ ​ប៉ុន្តែ​ប្រសិន​បើ​លើក​ទី៣ ​នៅតែ​ឃើញ​វត្ត​មាន​របស់​គាត់​នៅទី​នោះ​ទៀត គឺ​មន្រ្តី​ជំនាញ​ដែល​ចុះ​ទៅ​ជាមួយ​យើង​នឹង​ក៏សាង​សំណុំ​រឿង​បញ្ជូន​គាត់​ទៅ​តុលា​ការ​តែម្តង។ ​ចំពោះ​ឈើ ​​ឬ​រណាយន្ត ​ដែល​ពួក​យើង​ជួប​ប្រ​ទះ ឬ​ក៏​ដក​ហូត​បាន​ពីបទ​ល្មើស ​បើ​ក្នុង​ករណី​មួយ​ថា ​ផ្លូវ​អត់​ពិបាកទេ ​យើង​ចូល​ទៅ​អត់​ជ្រៅ​ទេ ​អាហ្នឹង ​ប្រសិន​បើ​បទ​ល្មើស​នៅ​យើង​ឱ្យ​គាត់​ជួយ​ជញ្ជូន​ចេញ។ តែ​ក្នុង​ករណី​បទ​ល្មើស​អត់​នៅ ​ហើយ​រណាយន្ត​យើង​ចាប់​បាន គឺ​យើង​ត្រូវ​តែ​ដុត​កំទេច​ចោល​នៅ​ទីនោះ​តែម្តង​ហើយ​បាទ។

ទាក់ទង​នឹង​ឈើ​វិញ​ទៀត​សោត បើ​ស្ថិត​ក្នុង​ស្ថានភាព​ផ្លូវ​មួយ​ដែល​ស្រួល​ដឹក​ជញ្ជូន​ចេញ ហើយ​ពួក​យើង​អាច​ដឹក​ជញ្ជូន​ចេញ​បាន​ ពួក​យើង​នឹង​ដឹក​ជញ្ជូន​ចេញ ​ព្រោះ​ថាពួក​យើង​ក៏​មាន​ការ​ស្តាយ ​ស្រណោះ​ដូច​គ្នា​ដែរ ​មិន​ខុស​ពី​មតិ​មហាជន​ទេ ​គឺ​យើង​ស្តាយ​ណាស់​មិន​ចង់​ដុត​កំទេច​ចោល​ទេ។ ប្រសិន​បើ​យក​ទៅ​ទុក​ជា​សម្បត្តិ​រដ្ឋ​ អាច​ជួយ​ដល់​ប្រជាជន​បាន​ច្រើន​ដែរ។ អញ្ជឹង​បើ​ក្នុង​ករណី​ចាំបាច់​ដូចជា​ឡើង​ភ្នំ ​ចំណត​ចោត​ខ្ពស់​ខ្លាំង​ ពួក​យើង​គ្មាន​មធ្យោបាយ ​គ្មាន​លទ្ធ​ភាព នៅ​ក្នុង​ការយក​ចុះ​មក​ទេ ​គឺចង់​មិន​ចង់ គឺ​ពួក​យើង​ធ្វើ​ការ​ដុត​កំទេច​ចោល​ហើយ។ បើយើង​នៅ​ទុក​ គឺបទ​ល្មើស​នឹង​ឡើង​មក​យក​ជញ្ជូន​ចេញ​បន្ត​ទៀត​តែ​ម្តង។ 

ជាទូទៅ​ឈើ​ដែល​ពួក​យើង​ប្រទះ​ឃើញ​នោះ​គឺ​មាន​ចាប់​ពី ២​ម៉ែត្រ​គូប​ឡើង​ទៅ ​ហើយ​ចុង​ក្រោយ​នេះ​ គឺ​យើង​ប្រទះ​ឃើញ​ឈើ​ច្រើន​តែ​ម្តង ​គឺ​ជាង​ ៣០​ម៉ែត្រ​គូប​តែ​ម្តង។ 

តើ​អាជ្ញាធរ​ពាក់​ព័ន្ធ​មាន​ការ​ចូលរួម​សហការ​ទប់​ស្កាត់​បទល្មើស​ក្នុង​កម្រិត​ណា​ដែរ? 

ចំពោះ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គឺ​អាស្រ័យ​លើ​តំបន់​ ឬ​ខេត្ត​ដែរ​។ ដូច​ជា​ពួក​ខ្ញុំ​មក​ខាង​តំបន់​ទឹក​ដី​ពោធិ៍​សាត់​នេះ ​គឺ​អាជ្ញាធរ​គាត់​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​ដុត​ដៃ​ដុត​ជើង ​រួម​សហការ​គ្នា​ខ្លាំង​មែន​ទែន។ បើ​ធៀប​នឹង​ការ​ចូល​រួម​របស់​ខេត្ត​ផ្សេង​គឺ​ខុស​គ្នា។ នៅ​ខេត្ត​ពោធិ៍សាត់​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ ខេត្ត​ផ្សេង​ដូចជា​ព្រងើយ​កន្តើយ ទាល់​តែ​មាន​ហេតុ​ការណ៍​ធំ​ដុំ​ហើយ​ទើប​បង្ហាញ​ការ​ចូលរួម​តាម​ក្រោយ។ 

ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ ការ​បញ្ឈប់​បទល្មើស​ព្រៃឈើ​នៅ​តាម​តំបន់​នានា លុះត្រាតែ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ប្រចាំ​តំបន់​តែ​ម្តង បើ​មិន​ដូច្នេះ​ទេ ទោះបី​មាន​ តាន់ គឹមសួរ ១០០​នាក់ ១​ពាន់​នាក់​ ១​ម៉ឺន​នាក់​ទៀត​ក៏​ការ​បង្រ្កាប​អត់​មាន​ប្រសិទ្ធភាព​ដែរ​បាទ។ 

បើ​តាម​លោក​យល់ ​តើ​ត្រូវ​ធ្វើយ៉ាង​ដូចម្តេច ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​នេះ​បាន?

តាម​យោបល់​ខ្ញុំ ​អ្វីដែល​អាច​ធ្វើ​ឱ្យ​មាន​ដំណោះ​ស្រាយ​ ឬលុប​បំបាត់​បាន​នូវបទ​ល្មើស​ព្រៃ​ឈើ​នេះ​បាន ​គឺ​ត្រូវ​ពង្រឹង​មន្រ្តី​ពាក់ព័ន្ធ​ទាំង​អស់​តែ​ម្តង​ គឺ​ដាក់​វិន័យ ​ឱ្យបាន​ធ្ងន់ធ្ងរ​ បើសិន​ជា ​រក​ឃើញ​មន្រ្តី​ណា​ដែល​គាត់ ​មាន​ការ​ឃុប​ឃិត​ជាមួយ​នឹងបទ​ល្មើសព្រៃ​ឈើ​ទាំង​អស់​ហ្នឹង។

រាល់​ថ្ងៃ​នេះ ​បទ​ល្មើស​ព្រៃឈើ​កើត​ឡើង​ក៏​ដោយសារ​តែ​ការ​បើក​ដៃ ឬ​ក៏​មាន​ការ​ឃុបឃិត​ពី​មន្រ្តីមួយ​ចំនួន​ផងដែរ។ ប្រសិន​បើ​មន្រ្តី​គាត់​អនុវត្ត​ច្បាប់​បាន​ត្រឹម​ត្រូវ​ អញ្ជឹង​បទ​ល្មើស​ព្រៃឈើ ​ខ្ញុំ​ជឿ​ជាក់​ថា នឹងអាច​កាត់​បន្ថយ​បាន ​ឬ​ក៏​លុប​បំបាត់​បាន​តែម្តង។ ដោយ​សារអី?​ ដោយ​សារតែ​ការ​ចរាចរណ៍​ចេញ​ចូល​ឈើ​ហ្នឹង​គឺ​មិន​ជា​ច្រើន​ផ្លូវ​ប៉ុន្មាន​ទេ ហើយ​ឈើ​ទាំងអស់​ហ្នឹង​ក៏មិន​អាច​បត់​ដាក់​ក្នុង​ហោប៉ាវ​យក​ចេញ ​ឬក៏​អាច​ជ្រែក​ដី ហោះ​លើ​អាកាស​អី​បាន​ដែរ គឺ​តែងតែ​ឆ្លង​កាត់​ប៉ុស្តិ៍ចាំ​យាម​របស់​មន្រ្តី​ពាក់ព័ន្ធ​តាម​តំបន់​នានា​តែ​ម្តង។

ជា​ចុង​ក្រោយ ​តើ​លោក​មាន​សំណូម​ពរ ឬមា​ន​អ្វីចង់​បន្ថែម​ដែរ​ទេ?

ជា​ចុង​ក្រោយ គឺខ្ញុំ​សុំសំណូមពរ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ជា​ពិសេស​គឺ​មហាជន​ សូម​មេត្តា​ចូល​រួម​យក​ចិត្ត​ទុក​ដាក់ ​និង​ចូល​រួម​ខ្វាយខ្វល់​ទាំងអស់​គ្នា​ជាមួយ​នឹង​កិច្ច​ការងារ​ទាំងអស់​នេះ។ ខ្ញុំក៏​សូម​ស្នើ​សុំ​ក្រសួង​ពាក់​ព័ន្ធ​បង្កើត​នូវ​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​ធ្វើការ​តាមដាន​ រក​ឱ្យ​ឃើញ​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ដែល​កំពុង​តែ​អនុវត្ត​ការងារ​នៅតាម​មូលដ្ឋាន​ទាំង​អស់​ និង​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​មាន​វិធាន​ការ​យ៉ាង​តឹង​រឹង​ ធ្ងន់ធ្ងរ​ជាមួយ​មន្ត្រី​ដែល​មាន​ការ​ឃុបឃិត​បើដៃ​ឱ្យ​មាន​ការ​ចរាចរណ៍​ឈើ​យ៉ាង​អាណាធិបតេយ្យ។ បើមិន​ដូចច្នេះ​ទេ គឺ​ហាក់បី​ដូចជា​វែក​ចក​អញ្ជឹង បាន​ន័យ​ថា យើង​ឃើញ​ហើយ យើង​ណែនាំ វា​មក​វិញ​ដដែល​ហ្នឹង៕