ភ្នំពេញ៖ ការចូលប្រើប្រាស់ ចុះឈ្មោះ និងដាក់ប្រាក់ជាមួយក្រុមហ៊ុនល្បែងអនឡាញនៅកម្ពុជា មានភាពសាមញ្ញ។ អ្នកប្រើត្រូវបានណែនាំតាមរយៈដំណើរការចុះឈ្មោះដែលងាយស្រួល។ ការដាក់ប្រាក់សម្រាប់ភ្នាល់ត្រូវបានធ្វើឡើងតាមរយៈគណនេយ្យធនាគារក្នុងស្រុក។
ព័ត៌មានសំខាន់ៗ ដូចជា ចំនួនទឹកប្រាក់ និងវិធីភ្នាល់ល្បែង ត្រូវបានផ្ដល់ជាជំនួយបន្ថែមពីក្រុមបុគ្គលិកក្រុមហ៊ុនផ្ទាល់ ២៤ម៉ោងលើ ២៤ម៉ោង។
ការសម្រួលនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមចូលរួមក្នុងសកម្មភាពលេងល្បែងអនឡាញដោយមានភាពងាយស្រួលបំផុត។
ដើម្បីការពារភាពឯកជន បុរសម្នាក់អាយុ ៣៦ ឆ្នាំបង្ហាញតែឈ្មោះថា ប្រុស ជាអ្នកនិយមលេងភ្នាល់កីឡាក៏មិនរំលងឱកាសព្រឹត្ដិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបនេះដែរ។
ប្រុស បានដាក់ការភ្នាល់ជាច្រើនតាមរយៈក្រុមហ៊ុនភ្នាល់អនឡាញដែលអាចទុកចិត្តបាន ដោយជឿជាក់លើភាពជឿជាក់របស់ពួកគេ ខណៈដែលពួកគេបានបង់ការឈ្នះរបស់គាត់ជាបន្តបន្ទាប់។
លោកបានសារភាពថា៖ «ការទូទាត់ប្រាក់មិនមានបញ្ហានោះទេ នៅពេលខ្ញុំឈ្នះ ដែលបានបង្កើតទំនុកចិត្តលើពួកគេ»។
ទោះជាយ៉ាងណាក៏ដោយ ប្រុស នៅមានភាពស្រពិចស្រពិលខ្លះដែរចំពោះការឈ្នះប្រាក់ច្រើន។
លោកបានឱ្យដឹងថា៖ «ខ្ញុំមិនប្រាកដទាំងស្រុងថាតើពួកគេនឹងសងប្រាក់ទេប្រសិនបើខ្ញុំឈ្នះចំនួនទឹកប្រាក់ដ៏ច្រើន»។ នេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភទូទៅក្នុងចំណោមអ្នកភ្នាល់ជាច្រើននាក់ ដោយសារក្រុមហ៊ុនទាំងអស់នោះសុទ្ធតែខុសច្បាប់។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) មិនមានផ្ដល់អាជ្ញាបណ្ណល្បែងតាមប្រព័ន្ធអនឡាញទេ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះ ល្បែងតាមប្រព័ន្ធអនឡាញទាំងនោះ ជាល្បែងស៊ីសងខុសច្បាប់ ដែលត្រូវរងការបង្ក្រាបអនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង»។
ទោះបីជាល្បែងស៊ីសងជាទង្វើខុសច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏គេហទំព័រភ្នាល់អនឡាញជាច្រើនដំណើរការដោយសេរីដោយគ្មានការជ្រៀតជ្រែកពីអាជ្ញាធរ។ យោងតាម Nostrabet គេហទំព័រភ្នាល់កំពូលទាំងប្រាំនៅក្នុងប្រទេសកម្ពុជាគឺ Betsson, 1xBet, 22Bet, Betway, និង 888Sport។
វេទិកាទាំងនេះផ្តល់ជូននូវជម្រើសភ្នាល់ចម្រុះ រួមទាំងកីឡា ការភ្នាល់កីឡាផ្សាយផ្ទាល់ និងហ្គេមកាស៊ីណូ។ កង្វះការអនុវត្តច្បាប់ល្បែងស៊ីសងយ៉ាងតឹងរ៉ឹង អនុញ្ញាតឱ្យគេហទំព័រទាំងនេះរីកចម្រើន បំពេញតម្រូវការល្បែងស៊ីសងរបស់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគ្មានផលប៉ះពាល់ផ្នែកច្បាប់យ៉ាងសំខាន់។
លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ខ្លីថា៖ «មន្ត្រីជំនាញកំពុងបន្តតាមដាន ស្រាវជ្រាវ និងស៊ើបបញ្ជាក់ ដើម្បីឈានចាត់វិធានការតាមច្បាប់ជាធរមាន»។
យោងតាមទំព័រហ្វេសប៊ុកអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបង្ហាញថា អង្គភាពបានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក គេហទំព័រ និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។
ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ។
ប្រយ័ត្នស៊ីសៀង
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កាលពីថ្ងៃ២៨មិថុនា២០២៤ លោកទស្សទាយថា អាល្លឺម៉ង់នឹងឈ្នះ ដែលលោកសំដៅលើការឈ្នះក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃបាត់ទាត់អឺរ៉ុប២០២៤។
លោកបានសរសេរថា៖«ពេលនេះវគ្គ១៦ក្រុមនៃ៨ប្រកួតបានឆ្លងផុតហើយខ្ញុំមិននិយាយថាអាល្លឺម៉ង់ឈ្នះទៀតទេដូចនេះសូមកុំបន្ទោសខ្ញុំប្រសិនបើមានអ្នកគាំទ្រអាល្លឺម៉ង់ភ្នាល់ចាញ់»។
លោកបានបន្ថែមចុងក្រោយថា៖«បាល់មូលសូមជ្រើសរើសដោយសេរី តែសូមកុំលេងភ្នាល់ដាក់លុយប្រយ័ត្នស៊ីសៀង»។
ឆ្លើយតបទៅនឹងសភាពការណ៍នេះ លោក សុខសេនសាន បានថ្លែងថា គ.ល.ក. បាននិងកំពុងអនុវត្តវិធានការពង្រឹងយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងទីតាំងកាស៊ីណូ និងគ្រប់គ្រងការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «(គ.ល.ក) ស្រាវជ្រាវ និងតាមដានគេហទំព័រ Facebook សារតាមទូរស័ព្ទ និង Telegram ជាដើម ដែលផ្សព្វផ្សាយពាណិជ្ជកម្មពីល្បែងអនឡាញ និងបានបញ្ជូនតំណភ្ជាប់សម្រាប់លេងល្បែងខុសច្បាប់ទាំងនោះទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបិទ និងកាត់ផ្ដាច់ចោល»។
លោកបានបន្ដថា៖ «អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ធ្វើការបង្ហោះផ្សព្វផ្សាយលើ Facebook Page ដើម្បីលើកកម្ពស់ការយល់ដឹង និងអំពាវនាវដល់សាធារណៈជនកុំឱ្យចូលរួមក្នុងសកម្មភាពល្បែងអនឡាញខុសច្បាប់នេះ ព្រមទាំងសារអប់រំរំលឹកផងដែរ»។
នៅមានវិធានការ និងការផ្សព្វផ្សាយមួយចំនួនទៀត ដូចជា ប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធបានចំនួន ៩ខេត្ត និង ១៤ខណ្ឌ នៅរាជធានីភ្នំពេញ។
លោក សុខសេនសាន បានបន្ដថា៖ «(គ.ល.ក) សហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអគ្គស្នងការនគរបាលជាតិ ក្នុងការស៊ើបអង្កេត តាមដាន រកទីតាំងដំណើរការល្បែងអនឡាញខុសច្បាប់ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបយ៉ាងក្ដៅគគុកជាបន្តបន្ទាប់»។
រូបភាពកម្ពុជាលើឆាកអន្ដរជាតិ
ការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យល្បែងស៊ីសងរបស់កម្ពុជា។
បើយោងតាម AGB Asia ក្នុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ២ ពាន់លានដុល្លារ ដែលស្មើនឹង ៦៩ភាគរយ នៃការវិនិយោគសរុបនៅក្នុងប្រទេសនេះ។
លំហូរនៃការវិនិយោគនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសក្នុងខេត្តព្រះសីហនុ ដែលឃើញមានការកើនឡើងនៃកាស៊ីណូគ្រប់គ្រងដោយជនជាតិចិន និងប្រតិបត្តិការល្បែងអនឡាញ។
បទល្មើសទាក់ទងនឹងការលេងល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាសំខាន់មួយ ដោយមានករណីជាច្រើនពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានធ្វើការវាយឆ្មក់ និងចាប់ខ្លួនជាច្រើនលើកដែលផ្តោតលើសកម្មភាពឧក្រិដ្ឋកម្មទាំងនេះ។
ក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានធ្វើការចាប់ខ្លួនជាង ៤៥០ ករណី ពាក់ព័ន្ធនឹងការបោកប្រាស់ល្បែងអនឡាញខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ដែលជារឿយៗគេហៅថា "ទីក្រុងបាប" ដោយសារការប្រមូលផ្តុំខ្ពស់នៃសកម្មភាពបែបនេះ។
នៅក្នុងខែមេសា ឆ្នាំ ២០២៤ ជនសង្ស័យជនជាតិចិនចំនួន ១៣០ នាក់ត្រូវបានធ្វើបត្យាប័នពីប្រទេសកម្ពុជា ជាផ្នែកមួយនៃការបង្ក្រាបទ្រង់ទ្រាយធំលើល្បែងឆ្លងដែន និងការក្លែងបន្លំ។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏នៅតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីប្រសិទ្ធភាពនៃការបង្ក្រាបទាំងនេះ និងការបន្តកើតមាននៃឧក្រិដ្ឋកម្មបែបនេះនៅក្នុងប្រទេស។
លោក ស៊ុន ចាន់ថុល បានសម្ដែងការភ្ញាក់ផ្អើល ខណៈដែលអ្នកវិនិយោគជនជាតិជប៉ុនបានលើកឡើងត្រង់ៗពីក្តីបារម្ភរបស់ពួកគេចំពោះការរីកដុះដាលនៃល្បែងអនឡាញនៅកម្ពុជា។
ក្តីបារម្ភនេះត្រូវបញ្ចេញប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលលោកចុះពិនិត្យខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅទី២៤ ខែកុម្ភៈ ២០២៤។
សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម
ក្រៅពីកង្វល់ចំពោះបញ្ហាអសន្ដិសុខអន្ដរជាតិលើអំពើល្បែងស៊ីសង និងទង្វើឆបោក កម្ពុជាក៏ប្រឈមបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដែលកើតចេញពីល្បែងស៊ីសង ជាពិសេស ព្រឹត្ដិការណ៍កីឡាបាត់ទាត់អឺរ៉ុប ២០២៤ នេះ។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទាក់ទងតួនាទីរបស់សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួងមហាផ្ទៃ តាមជំនាញ តែងតែតាមដាននូវស្ថានការណ៍ទូទៅរួម ស៊ើបអង្កេត ស្រាវជ្រាវ ក៏ដូចជាប្រមូលនូវព័ត៌មានផ្សេងៗដើម្បីបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលក្របខណ្ឌបទល្មើសណាមួយហៀងនឹងកើតឡើង ឬក៏បានកើតឡើង។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ទាក់ទងនឹងបញ្ហាសុវត្ថិភាពថា៖ «នេះគឺជាកតាព្វកិច្ចជាប្រចាំរបស់នគរបាលចំណុះក្រសួងមហាផ្ទៃ។ ដូច្នេះ លើសពីកិច្ចការងារប្រចាំថ្ងៃ រាល់ព្រឹត្ដិការណ៍សំខាន់ៗ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ រួមមាន នគរបាលជាតិ និងអាជ្ញាធរដែនដី តែងតែបង្កើន និងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ដោយធ្វើផែនការការពារ បង្កា ទប់ស្កាត់ និងបង្ក្រាបក្នុងករណីបទល្មើសកើតឡើង»។
លោកបានលើកឡើងថា ពាក់ព័ន្ធរដូវកាលការប្រកួតបាល់ទាត់ Euro Cup នេះ សមត្ថភាពមានបទពិសោធកន្លងៗមករួចហើយ ដោយពួកគេធ្វើផែនការបង្កា ទប់ស្កាត់ និងបង្ក្រាបដូចគ្នាដែរ៕