ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាញ​​សង្គម ​ដូចជា Facebook និង TikTok បាន​នឹង​កំពុង​តែ​​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សង្គម​​កម្ពុជា​។​


ចាប់​ពី​បដិវត្តន៍​ពាណិជ្ជកម្ម ដល់​ការ​បញ្ចេញ​មតិ​នយោបាយ​ វេទិកា​ទាំងនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​​នៃ​​ទំនាក់ទំនង ទិញ​ទំនិញ និង​បញ្ចេញមតិ​របស់​ពួកគេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ  ការ​ជឿជាក់​លើ​បណ្ដាញ​​សង្គម​យ៉ាង​ឆាប់រហ័ស​ក៏​បង្ហាញ​ពី​បញ្ហា​ប្រឈម​ផងដែរ ចំពោះ​បញ្ហា​​ស្មុគស្មាញ និង​ជួន​កាល​ផ្ទុយ​គ្នា​ពី​ទិដ្ឋភាព​ជាក់ស្ដែង​​ក្នុង​សង្គម។


បណ្ដាញ​សង្គម​គឺជា​អាវុធ​មុខ​ពីរ​ ដោយ​ម្ខាង​​​វា​ផ្តល់​សិទ្ធិអំណាច​ដល់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ​ និង​កេង​យក​អត្ថប្រយោជន៍​ផ្សេង​ ខណៈ​ម្ខាង​ទៀត​វា​ក៏​បង្ក​ចលាចល​សង្គម​ផងដែរ។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​សេរីភាព​ទូលំទូលាយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្ដល់​ជូន​ក្នុង​ប្រទេស​កម្ពុជា ដោយ​កត់​សម្គាល់​ថា ​ប្រជាជន​ប្រើប្រាស់​វេទិកា​ទាំងនេះ​ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា ចាប់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម រហូត​ដល់​ការ​បញ្ចេញ​មតិ​នយោបាយ។


លោក បូណា បាន​និយាយថា៖ «វាផ្ដល់​ផលវិជ្ជមាន និង​អវិជ្ជមាន​ ដោយ​វាជា​ទីលាន​មួយ​ដែល​បើក​សិទ្ធិសេរីភាព​ឱ្យ​ពលរដ្ឋ​បាន​ប្រើ​ប្រាស់​ទៅ​តាម​គោលបំណង​រៀងៗ​ខ្លួន ទាំងការ​ប្រាស្រ័យ​ទាក់ទង ទិញ​ទំនិញ បញ្ចេញ​មតិ​លើ​បញ្ហា​ផ្សេងៗ ឬ​ជាការ​កម្សាន្ដ​សប្បាយ​ និង​ទុក្ខព្រួយ»។

លោក​បន្ដថា​ នៅលើ​បណ្ដាញ​សង្គម​នេះ អ្នក​ខ្លះ​ប្រើ​ប្រាស់​គ្រាន់តែ​ធ្វើការ​ទំនាក់ទំនង​ អ្នក​ខ្លះ​ប្រើ​ក្នុង​គោល​បំណង​មុខ​ជំនួញ ផល​ប្រយោជន៍​ពាណិជ្ជកម្ម ហើយ​អ្នក​ខ្លះ​ទៀត​ប្រើ​ប្រាស់​ក្នុង​ផល​ប្រយោជន៍​នយោបាយ​ ទាំង​នៅក្នុង TikTok, Facebook ឬ Telegram ជាដើម​ គ្រប់​មុខ។ 

យោងតាម​របាយការណ៍​ថ្មីៗ​នេះ​ដោយ DataReportal បាន​បង្ហាញថា ​ទិដ្ឋភាព​បណ្ដាញ​​សង្គម​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​ បង្ហាញ​ពី​កំណើន​គួរឱ្យ​កត់​សម្គាល់​នៅ​ទូទាំង​វេទិកា​ឌីជីថល​សំខាន់ៗ។

គិត​ត្រឹម​ខែមករា ឆ្នាំ២០២៤ Facebook នៅតែ​ជា​វេទិកា​លេចធ្លោ​នៅ​​កម្ពុជា ដែល​មាន​អ្នក​ប្រើប្រាស់ ​១១,៦៥​លាន​នាក់​​ តំណាង​ឱ្យ ៦៨,៤ភាគរយ​នៃ​ចំនួន​ប្រជាជន​។ នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​អ្នក​ប្រើប្រាស់ ១,២ លាននាក់ ឬ​កើនឡើង ១១,៥ភាគរយ​ បើ​ធៀប​នឹង​ខែមករា ឆ្នាំ២០២៣។

TikTok ក៏​មាន​ការ​កើនឡើង​​យ៉ាងខ្លាំង​ផងដែរ ជាពិសេស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​។ ឥឡូវនេះ​វេទិកា​នេះ​មាន​អ្នកប្រើប្រាស់ ៩,៩៦ លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ ដែល​ឈានដល់ ៨៨,៤ភាគរយ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​។ 

ការ​ឈាន​ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ TikTok បាន​កើន​ឡើង​ដោយ​អ្នក​ប្រើប្រាស់ ២,៩ លាន​នាក់ ​ជា​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់ ៤១​ភាគរយ​ ក្នុង​ឆ្នាំ​កន្លង​ទៅ។

DataReportal បាន​ឱ្យ​ដឹង​ថា​៖ «ចំពោះ Instagram ទោះ​បី​ជា​មាន​ទំហំ​តូច​ក៏ដោយ ក៏​នៅតែ​បន្ត​កើន​ឡើង​ជា​លំដាប់​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​នឹង​អ្នក​ប្រើប្រាស់ ១,៨៥ លាន​នាក់​គិត​ត្រឹម​ខែមករា​ ២០២៤ វេទិកា​នេះ​គ្រប​ដណ្តប់ ១០,៩ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង ៥,៧​ភាគរយ​នៅ​ក្នុង​មូលដ្ឋាន​អ្នក​ប្រើប្រាស់​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០២៣»។

ឧទាហករណ៍​នៃ​ឥទ្ធិពល​​គួរឱ្យ​កត់​សម្គាល់​បំផុត​មួយ​នៃ​បណ្ដាញ​​សង្គម​នៅ​​កម្ពុជា​គឺ​ការ​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​បែប​ប្រពៃណី​។​

អាជីវកម្ម​អន​ឡាញ​បាន​រីកចម្រើន​នៅលើ​វេទិកា ​ដូចជា Facebook ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល និង​ឆាប់​រហ័ស​​សម្រាប់​​ការទិញ​ដូរ​លើ​អនឡាញ​នេះ​​។​

បណ្ដាញ​​សង្គម​ក៏បានផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ដើម្បី​ទទួលបាន​ការទទួលស្គាល់ និង​ការគាំទ្រ​តាមរបៀប​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

ឧទាហរណ៍​នាពេល​ថ្មីៗ​នេះ គឺ​ការកើនឡើង​កិត្តិនាម​របស់សិស្ស​​ស្រី​ម្នាក់​មកពី​ខេត្តព្រៃវែង ដែល​បាន​បកស្រាយ​បទ​ចម្រៀង​ ជា​ស្នាដៃ​និពន្ធ​របស់​​ប្រធានព្រឹទ្ធសភា លោក​ ហ៊ុន សែន ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​។​

ការសម្តែង​របស់​សិស្ស​រូប​នេះ​​ដែល​ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្ដាញ​​សង្គម​មិន​ត្រឹមតែ​នាំមក​នូវ​ការអបអរសាទរ​ផ្ទាល់ខ្លួន​​ប៉ុណ្ណោះ​ទេ ​ថែមទាំង​​​វិទ្យាល័យដែល​យុវតីរូប​នេះ​សិក្សា​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ផង​ដែរ​​។​

ផ្ទុយទៅវិញ បណ្ដាញ​​សង្គម​ក៏បាន​ក្លាយជា​សមរភូមិ​សម្រាប់​បញ្ហា​ជម្លោះ ដូចជា​ គម្រោង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ជាដើម​។​

គម្រោង​នេះ​​ត្រូវបាន​ជជែក​ដេញដោល​គ្នា​យ៉ាង​ក្តៅគគុក​តាម​អ៊ីនធឺណិត ជាមួយនឹង​ការព្រួយបារម្ភ​អំពី​អធិបតេយ្យភាព​ទឹកដី ដែល​នាំទៅដល់​ការការ​រៀបចំ​គម្រោង​តវ៉ា​ និង​ការបង្ក្រាប​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​

លោក​បាន​បន្ដថា បណ្ដាញ​សង្គមជា​ប្រភព​ព័ត៌មាន​ក្លែងក្លាយ គ្មាន​ប្រភព​ច្បាស់លាស់ ដែលមិន​បាន​ផ្ទៀងផ្ទាត់​មាន​ចំនួន​ច្រើន ដោយ​វាធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលគ្មាន​មូលដ្ឋាន​ក្នុង​ការ​ផ្ទៀងផ្ទាត់​អាច​​ជឿ​ព័ត៌មាន​ទាំង​នោះ​។ 

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក បូណា ​បាន​ហៅព័ត៌មាន​ទាំង​នោះ​​ថាជា «​ព័ត៌មាន​​បំពុល​សង្គម​» ហើយ​លោក​បាន​លើក​ឡើង​អំពី​ចំណុច​អវិជ្ជមាន​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ថា វាជា​វេទិកា​បញ្ចេញ​មតិ​លើស​លស់​ជ្រុល​ខ្លាំង ជាពិសេស​ការ​បញ្ចេញ​មតិ​បែប​នយោបាយ​ ដោយ​មាន​ការ​ជេប្រមាថគ្នា​ ញុះញង់​ឱ្យ​ស្ងប់​គ្នាជាដើម​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​នេះ​ជា​វិញ្ញាសា​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ចរឹក​របស់​មនុស្ស ក្រុម​នយោបាយ​ដែលកំពុង​តែ​វល់ និង​ពុល​។ ប៉ុន្ដែ​មិន​យូរ​ និង​ឆាប់ ប្រជាពលរដ្ឋ​នឹង​យល់​ឃើញថា តើ​ធនធាន​មនុស្ស​របស់​គណបក្ស​នយោបាយ​នីមួយៗមាន​បែប​ណា​»។

លោក​បាន​បន្ដថា​៖ «​អ្នកដែល​​ចូលចិត្ដ​​ប្រើ​ប្រាស់វេទិកា​​បណ្ដាញ​សង្គម​សម្រាប់​ផល​ប្រយោជន៍​នយោបាយ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ចរឹក​លក្ខណៈ​របស់​គណបក្ស​នោះ​ថា តើ​ធនធាន​មនុស្ស​គេ​យ៉ាង​មេច និង​យុវជន​គេ​យ៉ាង​ដូច​ម្ដេច បាន​ចេះតែ​ជេ​ប្រមាថ ដោយ​មិន​មាន​បញ្ញា​ក្នុង​ការ​បញ្ចេត​មតិ​​មាន​ប្រយោជន៍​។ ប្រជាជន​នឹង​បានដឹង និង​វាយ​តម្លៃ​អំពី​រឿង​នេះ»។

លោក​បាន​បន្ដថា បណ្ដាញ​សង្គមជា​ប្រភព​ព័ត៌មាន​ក្លែងក្លាយ គ្មាន​ប្រភព​ច្បាស់លាស់ ដែលមិន​បាន​ផ្ទៀងផ្ទាត់​មាន​ចំនួន​ច្រើន ដោយ​វាធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលគ្មាន​មូលដ្ឋាន​ក្នុង​ការ​ផ្ទៀងផ្ទាត់​អាច​​ជឿ​ព័ត៌មាន​ទាំង​នោះ​។ 

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក បូណា ​បាន​ហៅព័ត៌មាន​ទាំង​នោះ​​ថាជា «​ព័ត៌មាន​​បំពុល​សង្គម​» ហើយ​លោក​បាន​លើក​ឡើង​អំពី​ចំណុច​អវិជ្ជមាន​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ថា វាជា​វេទិកា​បញ្ចេញ​មតិ​លើស​លស់​ជ្រុល​ខ្លាំង ជាពិសេស​ការ​បញ្ចេញ​មតិ​បែប​នយោបាយ​ ដោយ​មាន​ការ​ជេប្រមាថគ្នា​ ញុះញង់​ឱ្យ​ស្ងប់​គ្នាជាដើម​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​នេះ​ជា​វិញ្ញាសា​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ចរឹក​របស់​មនុស្ស ក្រុម​នយោបាយ​ដែលកំពុង​តែ​វល់ និង​ពុល​។ ប៉ុន្ដែ​មិន​យូរ​ និង​ឆាប់ ប្រជាពលរដ្ឋ​នឹង​យល់​ឃើញថា តើ​ធនធាន​មនុស្ស​របស់​គណបក្ស​នយោបាយ​នីមួយៗមាន​បែប​ណា​»។

លោក​បាន​បន្ដថា​៖ «​អ្នកដែល​​ចូលចិត្ដ​​ប្រើ​ប្រាស់វេទិកា​​បណ្ដាញ​សង្គម​សម្រាប់​ផល​ប្រយោជន៍​នយោបាយ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ចរឹក​លក្ខណៈ​របស់​គណបក្ស​នោះ​ថា តើ​ធនធាន​មនុស្ស​គេ​យ៉ាង​មេច និង​យុវជន​គេ​យ៉ាង​ដូច​ម្ដេច បាន​ចេះតែ​ជេ​ប្រមាថ ដោយ​មិន​មាន​បញ្ញា​ក្នុង​ការ​បញ្ចេត​មតិ​​មាន​ប្រយោជន៍​។ ប្រជាជន​នឹង​បានដឹង និង​វាយ​តម្លៃ​អំពី​រឿង​នេះ។

លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និង​អ្នក​ជំនាញ​ទស្សនវិទ្យា​នៃ រាជបណ្ឌិតសភាកម្ពុជា បាន​ឱ្យដឹងថា ទាំងពិភពលោក និង​នៅកម្ពុជា ប្រជាជន​និយម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កាន់តែ​ច្រើន​ ខណៈ​នៅ​កម្ពុជា​ ប្រជាពលរដ្ឋ​មាន​សេរីភាព​គ្រប់​គ្រាន់​។ 

លោក​បាន​និយាយថា ប្រជាពលរដ្ឋប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជូន​ព័ត៌មាន សុំ​អន្ដរាគមន៍​​ ដែល​អាជ្ញាធរ​អាច​មិន​ទាន់​បាន​ដឹង​។ ដូច្នេះ បណ្ដាញ​សង្គម​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ រួមទាំង ការ​ប្រកប​អាជីវកម្ម​ផង​ដែរ។ 

លោក ប៊ុនថង បាន​បន្ដថា​៖ «​ទន្ទឹម​នឹង​នេះ បង​ប្អូន​យើង​ខ្លះ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ក្នុង​ភាព​អវិជ្ជមាន​ បំប៉ោង​ព័ត៌មាន បំពុល​ព័ត៌មាន​ ក្លែង​ព័ត៌មាន ជេ​ប្រទេច គំរាម​កំហែង បំភិត​បំភ័យ បោកប្រាស់​គ្នា​ក៏​មាន​ដែរ។ បណ្ដា​ប្រទេស​ផ្សេងៗ ក៏​មាន​ដែរ ចំពោះ​ការ​បង្ក​ចលាចល ការ​ញុះ​ញង់ បំផុស​បំផុល​ឱ្យ​មាន​ស្អប់​ខ្ពើម​គ្នា ប្រឆាំង​គ្នា រួមទាំង​ការ​ប្រឆាំង​រដ្ឋាភិបាល​ ខណៈ​នៅប្រទេស​យើង ក៏​មាន​ទម្រង់​បែប​នេះដែរ​»។ 

លោក​បាន​ទទួល​ស្គាល់ថា បណ្ដាញ​សង្គម​ផ្ដល់​ភាព​វិជ្ជមាន​ច្រើន​ជាង​បញ្ហា​អវិជ្ជមាន​។ ចំពោះ​បញ្ហា​សេរីភាព លោក​បាន​ដាក់​សិទ្ធិ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ក្នុង​កម្រិត​ល្អ​មធ្យម។

លោក ប៊ុនថង បាន​ឱ្យដឹងថា ការ​ទទួល​ព័ត៌មាន​រហ័ស​លើ​បណ្ដាញ​សង្គម ដែល​លឿន ខ្លីៗ​ និង​មិន​មានទឡ្ហី​ករណ៍ ខុស​ពី​សារព័ត៌មាន​អាជីព​​ នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ឆាប់​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ទៅលើ​សាច់​រឿង​នោះ​។ 

លោក​បាន​និយាយថា​៖ «​ជា​ការ​ពិត បណ្ដា​ញ​សង្គម​បា​ន​ជួយ​យើង​ច្រើន តែ​ក៏​មាន​ហានិភ័យ​ផង​ដែរ ដែល​ទាមទារ​ឱ្យ​យើង​ប្រយ័ត្ន​ប្រយែង​បំផុត​ពីព្រោះ​ការ​បញ្ចេញ​ទស្សនៈ និង​ការ​យល់​ឃើញនោះ មិន​មែន​ជា​អ្នក​អាជីព តែ​ពឹង​លើ​ថ្វីមាត់​ច្រើន​ជាង។ 

ក្នុង​នាមជា​អ្នក​មាន​បទពិសោធផ្ទាល់ លោក ប៊ុនថង បាន​មើលឃើញថា ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​យោបល់ បញ្ចេញ​រូបភាពសិចស៊ី រឿង​សម្ងាត់ផ្ទាល់​ខ្លួន ឈ្លោះគ្នា​ប្ដីប្រពន្ធ មិត្ដភក្ដិ​ ហើយ​រឿង​នយោបាយ​ ពួកគេ​ក៏ហ៊ាន​បញ្ចេញ​មតិ​រិះគន់​បុគ្គល ឬ​អាជ្ញាធរ​ជាដើម​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​មើល​ឃើញថា ប្រជាពលរដ្ឋ​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​នេះ​ដោយសារតែ​បណ្ដាញ​សង្គម​។ ខ្ញុំ​គិត​ថា ការ​បញ្ចេញ​មតិ​យោបល់​ឈឺ​ឆ្អើលរឿង​ជាតិ រឿង​អធិបតេយ្យ​ជាតិ រឿង​វប្បធម៌ សេដ្ឋកិច្ច សង្គម​ សន្ដិសុខក្នុង​ប្រទេស វាជា​រឿង​ល្អ។ ប៉ុន្ដែ​សំខាន់ សុំ​កុំ​ឱ្យ​ដូរ​សារជាតិ ​​ដូរ​តែ​ទម្រង់ ដោយ​បង​ប្អូន​និយាយ​ពីរោះពិសា មិន​បំផ្លើស មិន​បំប៉ោង និង​កុំ​ចាញ់​កលអ្នក​នយោបាយ ឬ​ MMO ដែល​គេបំប៉ោង​រឿង​ដោយ​ចង់​ល្បី​ pages របស់​គេ​»។ 

ការ​ចូលរួម​របស់​យុវជន​ពិត​ជាសំខាន់ ដោយ​ពួកគេ​អាច​បញ្ចេញ​មតិ​យោបល់​លើ​បណ្ដាញ​សង្គម ដែលជា​ប្រយោជន៍​ទៅដល់អាជ្ញាធរ​ក្នុងការ​ដោះស្រាយ​ព្រួយ​កង្វល់​របស់​ពួកគេ​។ 

លោក​ បូណា បាន​ថ្លែងថា​៖ «​ឥឡូវ​នេះ អ្នក​នយោបាយ​នៅគឃ្លើន​ នៅ​សប្បាយ​ចិត្ដ​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ បោកប្រាស់ កុហក់ដើម្បី​បង្ក​បញ្ហា​ដល់​សង្គម​ រួច​អះអាង​ពី​ភាព​ជោគជ័យ​របស់​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​យើង​ជួប​ការលំបាក​អភិវឌ្ឍ​ប្រទេស។

លោកបាន​លើកឡើងថា​៖ «​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ក្រឡុក​សភាពការ​បាន​ទេ ហើយ​តាម​រយៈ​សកម្មភាព​ទាំង​អស់​នេះ ក្រុម​ប្រឆាំង​ discredit ខ្លួន​ឯង។ យូរៗទៅ ប្រជាពលរដ្ឋ​មើល​ឃើញថា ក្រុម​នេះ​ជា​ក្រុម​ចោរម្សៀត​ បង្កើត​តែ​ព័ត៌មាន​ក្លែងក្លាយ កុហក់ មួល​បង្កាច់ លាបពណ៌ ដែល​គ្មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​ដឹកនាំ​នោះទេ​»។ 

ទោះបី​ជាមាន​បញ្ហា​ប្រឈមខ្លះៗ​​ក៏ដោយ ​បណ្ដាញ​​សង្គម​នៅតែ​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​​ទំនាក់ទំនង និង​ការបញ្ចេញមតិ​នៅ​កម្ពុជា​។​

លោក បូ​ណា បាន​ទទួលស្គាល់ថា​៖ «បណ្ដាញ​សង្គម​ជា​កញ្ចក់​មួយ​ទៀត​ក្នុង​ការ​ឆ្លុះ​បញ្ចាំង ជួយ​ផ្ដល់​ព័ត៌មាន​ពីភាព​អវិជ្ជមាន​នានា​របស់​មន្ដ្រី​ផង​ដែរ»។

ដូចដែល​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​សង្គម ​បាន​កត់សម្គាល់ថា ​បណ្ដាញ​សង្គម​ផ្តល់នូវ​វេទិកា​មួយ​សម្រាប់​ការពិត និង​គំនិត​ស្ថាបនា ទោះបីជា​វា​ងាយ​នឹង​ប្រើប្រាស់​ខុស​សម្រាប់​ការបរិហារកេរ្តិ៍ និង​ការផ្សាយ​ភូតកុហក​ក៏ដោយ​។​

លោក ម៉ុង ហៃ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖«រាល់​ការ​បញ្ចេញ​មតិ​ត្រូវ​ឈរលើ​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ ​ហើយ​រដ្ឋាភិបាល​ត្រូវ​គោរពតាម​ការ​ធ្វើ​សច្ចា​ប្រណី​ធាន​របស់​ខ្លួន​»។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «មិនគួរ​គិត​អំពី​រឿង​មាន​ឥទ្ធិពលរបស់​បណ្ដាញ​សង្គម​នោះទេ​។ យុវជន​​មាន​គំនិត​ផ្ទាល់​ខ្លួន​ដែរ ហើយ​ប្រហែលជា​ល្អ​ជាង​គំនិត​យើង​ផង​។ ជួយ​អរ​គេ​ទៅ​។  អ្នក​ចង់ឱ្យ​គេ​យកគំនិត​ខ្លួន គឺមាន​និន្នាការ​ផ្តាច់ការ»៕