
រូបដើមរណាយន្ត ធ្វើពីវត្ថុតាងបទល្មើសព្រៃឈើ ត្រូវបានដាក់តាំងនៅ ការិយាល័យដែនជម្រកសត្វព្រៃកែវសីមា។ រូបថត ផាក់ ស៊ាងលី
ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងចំណោមតំបន់ការពារធនធានធម្មជាតិផ្សេងទៀត ដែលមានទំហំជាង១លានហិកតា ក្នុងខេត្តមណ្ឌលគិរី។ គម្រោងរេដបូកកែវសីមាកំពុងតែអនុវត្តនៅលើផ្ទៃដីព្រៃទំហំ ១៦៦ ៩៨៣ហិកតា ក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតា នៃដែនជម្រកសត្វព្រៃកែវសីមានេះ ក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាន និងអង្គការWCS។
លោកផាក់ ស៊ាងលី អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍បានធ្វើកិច្ចសម្ភាសមួយ ជាមួយនឹងលោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាពីការគ្រប់គ្រងវត្ថុតាងរាប់ពាន់ ដែលត្រូវបានរឹបអូសពីបទល្មើសក្នុងតំបន់នេះ។
តើវត្ថុតាងដែលត្រូវបានចាប់រឹបអូសបាននាពេលកន្លងមកនេះ មានប្រភេទអ្វីខ្លះដែរ?
ប្រភេទវត្ថុតាង ដែលយើងប្រមូលបាន ទីមួយវត្ថុតាង នៃបទល្មើស គឺឈើនេះឯង។ វត្ថុតាងមួយទៀតជាធម្យោបាយមានដូចជាម៉ូតូ រថយន្ត គោយន្តកន្រ្តៃ។ វាជាវត្ថុតាងដូចគ្នា តែវាជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។ វត្ថតាងផ្សេងទៀតមួយចំនួន មានដូចជា ខ្សែអន្ទាក់ រណាយន្ត អាវុធកែច្នៃផ្សេងៗ គឺសុទ្ធតែជាវត្ថុតាង ដែលយើងបានចាប់ឃាត់ដកហូតកន្លងមក។ វត្ថុតាងជាម៉ូតូទាំងនោះ គឺជាប្រភេទម៉ូតូកែច្នៃ។
តើវត្ថុតាងទាំងអស់នេះ តាមការប៉ាន់ស្មាន មានប្រហែលជាប៉ុន្មានដែរ? ហើយវត្ថុតាងអ្វីដែលច្រើនជាងគេ?
ចំពោះចំនួនវត្ថុតាង យើងមិនអាចធ្វើការប៉ាន់ស្មានដឹងនោះទេ ព្រោះត្រូវបានប្រមូល ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែក្នុងឆ្នាំ២០២៤កន្លងមក ប្រភេទរថយន្ត ក៏ដូចជាគោយន្តកន្រ្តៃ មានចន្លោះ ពី១០ទៅ ២០គ្រឿង ហើយម៉ូតូកែច្នៃមានច្រើន គឺរហូតដល់ទៅជិតក្បែរ១០០គ្រឿង។ រណាយន្តដែលយើងដកហូតបានគឺរាប់រយគ្រឿង។ វត្ថុតាងដែលមានច្រើនជាងគេ គឺរណាយន្ត និងម៉ូតូកែច្នៃ។

រូបដំរីដែកមួយ ធ្វើវីវត្ថុតាង ដែលរឹបអូសពីបទល្មើស ហើយកំពុងតែដាក់តាំង នៅក្នុងក្រុងសែនមនោរម្យ។ រូបថត Din Bunthoeun
ក្រោយពីបង្រ្កាបបានហើយ មន្រ្តីត្រូវយកវត្ថុតាងទាំងនោះទៅ រក្សាទុកថែមទៀត។ តើការងារនេះ មានការលំបាកយ៉ាងណាដែរ?
វត្ថុតាងយើងមានបញ្ហាប្រឈមខ្លះ ដោយសារតែសព្វថ្ងៃនេះ យើងមិនទាន់មានជាឃ្លាំង ឬក៏រោងសម្រាប់ទុកដាក់វត្ថុតាងហ្នឹងឱ្យបានសមរម្យនៅឡើយទេ។ យើងមានបញ្ហាប្រឈមកន្លែងនេះដែរ។ ប៉ុន្តែបញ្ហាប្រឈមផ្សេងៗ គឺយើងមិនមាននោះទេ ដោយសារតែ នៅទីតាំងស្នាក់ការនីមួយៗ គឺសុទ្ធតែមន្រ្តីយើងឈរជើង ហើយមានសុវត្ថិភាព។ វត្ថុតាងតូចៗ ដូចជាម៉ូតូ អន្ទាក់ អាវុធកែច្នៃ ឬរណាយន្តនេះ អត់ត្រូវការប្រើឃ្លាំងធំទេ។ បើយើងមានឃ្លាំងល្មមៗ យើងអាចដាក់បាន។ តែដោយឡែក វត្ថុតាង ដូចជាឈើ ឡាន និងគោយន្តអីជាដើមហ្នឹង យើងអត់មានឃ្លាំងសម្រាប់ដាក់វាទេ។
យើងមានវត្ថុតាងផ្សេងទៀត មានទាំងរណាយន្ត មានទាំងម៉ូតូកែច្នៃ ដែលយើងដកហូតមកមួយចំនួនយកទៅកាត់បញ្ជូលគ្នា ដើម្បីធ្វើជារូបដំរីដែកដ៏ធំមួយ ដាក់នៅក្នុងក្រុងសែនមនោរម្យ។ ហ្នឹងយើងយកគ្រឿងវត្ថុតាងមួយចំនួនដែលយើងបង្រ្កាបបានយកទៅកែច្នៃធ្វើជារូបដំរីដែកនេះ។ ក្រៅពីនោះ មានរូបដើមរណាយន្តដែរ ដែលបានពីការរឹបអូសពីការអនុវត្តច្បាប់របស់មន្រ្តីយើង យកមកធ្វើ ដាក់បង្ហាញនេះ ដើម្បីបងប្អូន ប្រជាពលរដ្ឋដឹងថា រណាយន្តនេះហើយគឺជាដើមចម នៃការកាប់ទន្រ្ទាន ឬក៏ការបំផ្លាញធនធានធម្មជតិយើង។ រូបនេះធ្វើនៅឆ្នាំ២០២២ដោយអង្គការសប្បុរសធម៌ឡៃហ្គឺLiger Leadership។

លោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា។ រូបថត ផាក់ ស៊ាងលី
តាមនិតីវិធីច្បាប់ តើវត្ថុតាងទាំងអស់នេះត្រូវមានចំណាត់ការយ៉ាងណាដែរ?
ក្រោយពេលមានសកម្មភាពបទល្មើសធនធានធម្មជាតិកើតឡើង ហើយត្រូវបានបង្រ្កាប និងរឹបអូសវត្ថុតាងទាំងអស់ មន្រ្តីនគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងទៅតុលាការ។ អញ្ជឹងវត្ថុតាងទាំងអស់ហ្នឹង គឺត្រូវរក្សាទុកនៅទីតាំងមានសុវត្ថិភាពនៅតាមស្នាក់ការគោលដៅយើងទាំងអស់។ រង់ចាំការដេញថ្លៃ ហើយប្រសិនជាអត់មានការដេញថ្លៃទេ វត្ថុតាងទាំងអស់ត្រូវរក្សាទុកបន្ត។ វត្ថុតាងយើងញ៉ែកជា២។ មួយវត្ថុតាងដែលវាងាយពុកផុយ គឺមានឈើ។ អញ្ជឹងវត្ថុតាងឈើនេះជាទូទៅ គឺរយៈពេល១ឆ្នាំ គឺមានក្រុមហ៊ុនដាក់ពាក្យស្នើសុំដេញថ្លៃម្តង។ដោយឡែកពាក់ព័ន្ធវត្ថុតាងជាមធ្យោបាយវិញ មានម៉ូតូ រថយន្ត និងរណាយន្តជាដើមអីហ្នឹង តាមនីតិវិធីទោះបីជាមិនមានការដេញថ្លៃមួយឆ្នាំម្តងក៏ដោយ ក៏វាទុកអត់មានការពុកផុយអីទេ។ អាចរយៈពេលយូរជាងហ្នឹងធ្វើការដេញថ្លៃក៏នៅតែដេញថ្លៃបានធម្មតា លើកលែងតែឈើទេ។ ឈើត្រូវដេញថ្លៃម្តង ក្នុងរយៈពេល១ឆ្នាំ ដើម្បីកុំឱ្យវាពុកផុយបាត់គុណភាព។
តើបទល្មើសក្នុងតំបន់ការពារធនធានធម្មជាតិ មានស្ថានភាពយ៉ាងម៉េចដែរមកដល់ពេលនេះ?
សកម្មភាពបទល្មើសជាក់ស្តែង នៅក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២៤ ឃើញថា មានការថមថយច្រើន ជាពិសេសករណីកាប់រានដីព្រៃ រឹតតែមានការថមថយ។ នេះគ្រាន់តែជាការសន្និដ្ឋានមួយផ្នែក ជាជំហានដំបូង នូវអ្វីដែលខ្ញុំកំពុងតែអនុវត្ត។ យើងនឹងមានការពិនិត្យមើលតាមក្រុមការងារបច្ចេកទេស។ គេនឹងធ្វើការប្រៀបធៀបថា តើសកម្មភាពបទល្មើស នៅឆ្នាំ២០២៣ និងសកម្មភាពបទល្មើសឆ្នាំ២០២៤ មានការប្រែប្រួល ឬថមថយរបៀបម៉េច។
តើលោកធ្វើយ៉ាងដូចម្តេច ដើម្បីពង្រឹងប្រសិទ្ធភាព ក៏ដូចជាកាត់បន្ថយ បទល្មើសក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ?
យើងក៏មានទិសដៅថា ធ្វើម៉េចដើម្បីការពារ អភិរក្សតំបន់យើងហ្នឹងឱ្យបានគង់វង្សតទៅមុខទៀត ឱ្យមាននិរន្តភាព។ ទី១ គឺយើងពង្រឹងការអនុវត្តច្បាប់នេះឱ្យបាន១០០ភាគរយ។ ទី២ យន្តការនៃការផ្សព្វផ្សាយ ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធវិស័យបរិស្ថាន ជាពិសេស ក្រមបរិស្ថានធនធានធម្មជាតិថ្មី ដែលយើងទើបតែប្រកាសដាក់ឱ្យអនុវត្តចាប់ពីខែ៦មក ដល់ឥលូវនេះ។ អញ្ជឹងចំណុចនេះសំខាន់ ហើយការផ្សព្វផ្សាយនេះ មិនមែនធ្វើឡើងតែនៅទីប្រជុំជន ទីរួមស្រុក ទីរួមខេត្តនោះទេ គឺយើងផ្សព្វផ្សាយរហូតទៅដល់ភូមិគោលដៅទាំង២០ក្នុងតំបន់កែវសីមាយើងនេះ ដើម្បីឱ្យគាត់ បានយល់ បានជ្រាបពីសារៈសំខាន់នៃព្រៃឈើនិងច្បាប់ពាក់ព័ន្ធទាំងអស់ហ្នឹង។ នេះក៏ទាញគាត់មកវិញដែរ។ ទី៣ គឺតាមរយៈការអនុវត្តគម្រោង រេដបូកនេះ គឺ លើកស្ទួយជីវភាពសហគមន៍ ជាពិសេសជីវភាពសហគមន៍នៅក្នុងមូលដ្ឋានទាំង២០ភូមិហ្នឹង ឱ្យមានជីវភាពសម្យរម្យ។ ឥលូវនេះ យើងកំពុងតែអនុវត្តគម្រោងរេដបូកនេះ អញ្ជឹង ការបែងចែកផលប្រយោជន៍ពីគម្រោងរេដបូកនេះ ភូមិខ្លះបាន៣ម៉ឺនដុល្លារ ខ្លះបាន៤ម៉ឺន ខ្លះបានរហូតដល់ទៅ៥ម៉ឺនដុល្លារ។ ៣ចំណុចនេះសំខាន់។ ចំណុចសំខាន់មួយទៀតយើងប្តេជ្ញាចិត្តអនុវត្តយុត្តិសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឱ្យបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក។ នេះជាអាទិភាព៤សំខាន់។
តើលោកមានការអំពាវនាវយ៉ាងណាដែរ ដើម្បីឱ្យមានការចូលរួមការការពារធនធានធម្មជាតិក្នុងតំបន់នេះកាន់តែច្រើនឡើង?
ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ គឺយើងអត់ចង់ឱ្យមានសកម្មភាពបទល្មើសកើតឡើងនោះទេ។ អ្វីដែលយើងចង់បានធំបំផុតគឺអ្នកដែលនៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ហ្នឹង ឱ្យគាត់ចូលរួម បង្វែរពីការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ មកចូលរួមសហការជាមួយយើង ការពារធនធានធម្មជាតិវិញ ព្រោះនេះជាអាទិភាពមួយ។ ការអនុវត្តច្បាប់១០០ ភាគរយ គឺយើងនៅតែធ្វើ ប៉ុន្តែអ្វីដែល យើងចង់បាន គឺយើងអត់ចង់យកច្បាប់ទៅអនុវត្ត ដែលយើងឃើញហើយ ការចាប់ចង មិនមែនលទ្ធផលល្អនោះទេ។ សកម្មភាពបទល្មើសខ្លះ មកពីកត្តាជីវភាពរបស់ពួកគាត់។ អញ្ជឹងបានជាគាត់ទៅប្រព្រឹត្តបទល្មើស ដើម្បីយកមកផ្គត់ផ្គង់ជីវភាព តែយើងចង់ឱ្យគាត់ឈប់ប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង មកចូលរួមការការពារទាំងអស់គ្នាវិញ៕