នៅក្នុង​របត់​ទីផ្សារ​ដែ​ល​បន្ត​កើនឡើង និង​ធ្លាក់ចុះ​មិន​ទៀងទាត់ វិនិយោគិន​មួយចំនួនធំ បាន​បង្វែរ​ការចាប់​អា​រ​ម្មណ៍​របស់​ពួកគេ​ទៅរក​ទីផ្សារ​ភាគ​ហ៊ុន​ដែលមាន «​សុវត្ថិភាព ស្ថិរភាព និង​ភាព​ធន់​»​។​

​បច្ចុប្បន្ននេះ ភាគហ៊ុន Blue Chip មាន​ភាពរឹងមាំ អាច​រក្សា​តម្លៃ និង​បង្កើត​ប្រាក់ចំណេញ​សន្ធឹក​សន្ធាប់​ទាំង​ក្នុង​ទីផ្សារ​គោ និង​ទីផ្សារ​ខ្លាឃ្មុំ​។ ភាគហ៊ុន Blue Chip នេះ ភាគច្រើន​ជា​ក្រុមហ៊ុន​ស្ថិតក្នុង​វិស័យ​វិនិយោគ​ដែលមាន​ភាពចាស់ទុំ ឧ​ទា​​ហរ​ណ៍​៖ ភាគហ៊ុន​ធនាគារ និង​ភាគហ៊ុន នៃ​សាជីវកម្ម​ខ្នាត​ធំ​។ បច្ចុប្បន្ននេះ ភាគហ៊ុន Blue Chip មាន​វិសាល​ភាព​នៅ​ទូទាំង​ពិភពលោក ដែល​គ្រប់គ្នា​គួរ​យល់ដឹង ជាពិសេស​ស​វិ​និ​យោគិន​វ័យក្មេង​។​


​តើ​ភាគហ៊ុន Blue Chip ជា​អ្វី​?

​ភាគហ៊ុន Blue Chip គឺជា​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ធំៗ ដែលមាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ និង​មាន​ប្រវត្តិ​នៃ​ដំណើរការ​ហិរញ្ញវត្ថុ​រឹងមាំ ហើយ​ជារឿយៗ​ផ្តល់​ភាគលាភ​ដល់​វិ​និ​យោគិន​។ ប្រភេទ​ភាគហ៊ុន​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា​មាន​សមត្ថភាព​អាច​ស៊ូទ្រាំ​នឹង​ស្ថានភាព​ទីផ្សារ​ដ៏​លំបាក​បាន​ដោយ​ជោគជ័យ ហើយ​ផ្តល់​ផលចំណេញ​ខ្ពស់​នៅពេលដែល​ទីផ្សារ​ដំណើរ​ការល្អ​។ ឧទាហរណ៍​មួយចំនួន​នៃ​ភាគហ៊ុន Blue Chip គឺ Coca-Cola, Walmart, Nike, PepsiCo, Microsoft Corp, Apple, NIKE និង Tesla ជាដើម​។


​ប្រវត្តិ​នៃ​ភាគហ៊ុន Blue Chip

​នៅ​ឆ្នាំ​ ១៩២៣ លោក Oliver Gingold ដែលជា​បុគ្គលិក​នៃ​ក្រុម​​ហ៊ុន Dow Jones បាន​បង្កើត​ពាក្យ «​ភាគហ៊ុន Blue Chip» នៅពេលដែល​គាត់​តាមដាន​ការដេញថ្លៃ​ភាគ​ហ៊ុន​នៅ Merrill Lynch ដែលជា​ការិយាល័យ​គ្រប់គ្រង​ការវិនិយោគ និង​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​អាមេរិក ដោយ​គាត់​សង្កេតឃើញថា កិច្ច​ព្រម​​ព្រៀង​តម្លៃ​ភាគហ៊ុន​ជាច្រើន​មានតម្លៃ​ចាប់ពី ២០០ ​ដុល្លា​អាមេរិក ឬ​ច្រើនជាង​នេះ​ក្នុង ១​ ហ៊ុន​។

បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ លោក Oliver Gingold ​បាន​សរសេរ​ពី​តម្លៃ​ភាគហ៊ុន​ខ្ពស់​នេះ​ដោយ​ឱ្យ​ឈ្មោះថា​ «Blue Chip»​ ដែលជា​ការប្រៀបធៀប​ទៅនឹង​ល្បែង​​ភ្នាល់ Poker Chip ដែល​ក្នុង​ល្បែង​នេះ​កាក់​ពណ៌​ខៀវ​មានតម្លៃ​ខ្ពស់​លើស គេ​។ ចាប់តាំងពី​ពេលនោះ​មក ពាក្យ​នេះ​បាន​ក្លាយជា​ពាក្យ​សម្រាប់​ពណ៌នា អំពី​ភាគហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​។​

លក្ខណពិសេស​របស់​​ភាគហ៊ុន Blue Chip

​ភាគហ៊ុន Blue Chip មាន​ប្រជាប្រិយ​​ភាព​ក្នុងចំណោម​វិនិយោគិន ជាពិសេស សម្រាប់​វិនិយោគិន​ដែល​មិន​មានការ​ប្រថុយ​នឹង​ហានិភ័យ​ដោយសារ​ស្ថិរភាព និង​ភាព​ដែល​អាច​ទុកចិត្តបាន​របស់​វា​។ ភាគហ៊ុន Blue Chip ភាគច្រើន​ជា​ផ្នែក​នៃ​ទីផ្សារ​សាជីវកម្ម​ខ្នាត​ធំ​ដែលមាន​ការវាយតម្លៃ​ស​ន្ទ​ស្សន៍ ទីផ្សារ​ចំនួន ១ ​ពាន់​លាន​ដុល្លា​អាមេរិក​ឬ​ច្រើនជាង​នេះ​។ ភាគហ៊ុន Blue Chip មាន​លក្ខណពិសេស​៣​យ៉ាងដូច​ខាងក្រោម​៖

១). កេរ្តិ៍ឈ្មោះ​៖ ភាគហ៊ុន Blue Chip ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ ដែលមាន​ប្រវត្តិ​ជោគជ័យ​យូរអង្វែង​។​

២).​ហិរញ្ញវត្ថុ​៖ ភាគហ៊ុន​ទាំងនេះ​មាន​តារាង​តុល្យការ​រឹងមាំ ប្រាក់ចំណូល ជាប់លាប់ និង​លំហូរ​សាច់ប្រាក់​ដែលមាន​សុខភាព​ល្អ​។​

៣). ស្ថិរភាព​៖ ដោយសារ​ភាគហ៊ុន Blue Chip ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ​ដែលមាន​ប្រវត្តិ​ប្រតិ​ប​ត្តិ​ការ​យូរអង្វែង  ​វា​មាន​ស្ថិរភាព​ខ្ពស់​ហើយ​ត្រូវបានធ្វើ​ពិពិធ​កម្ម​ច្រើន​ក្នុង​វិស័យ​ដែល​ធ្វើឱ្យ​ភាគហ៊ុន Blue Chip ជា​ជម្រើស​ដ៏​គួរឱ្យ​ទាក់ទាញ​សម្រាប់​អ្នក​ដែល​ចង់បាន​ផលចំណេញ ដែលមាន​ស្ថិរភាព​៕ 

​រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល​ 
​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​
​អ៊ីមែ​ល​៖ international@serc.gov.kh | ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១

​ឯកសារយោង​៖
https://www.investopedia.com/terms/b/bluechipstock.asp
https://www.investopedia.com/terms/b/bluechip.asp