ភ្នំពេញៈ វិស័យអចលនទ្រព្យនៅតំបន់ភាគខាងកើតនៃទន្លេមេគង្គនឹងមានសម្ទុះឡើងមួយកម្រិតទៀត បន្ទាប់ពីរដ្ឋាភិបាលសម្រេចអនុម័តឲ្យមានការសាងសង់ស្ពានឆ្លងទន្លេមួយភ្ជាប់ពីកោះពេជ្រឆ្ពោះទៅកាន់កោះនរានៃខណ្ឌច្បារអំពៅ។ នេះបើតាមក្រុមអ្នកជំនាញវិស័យអចលនទ្រព្យ។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៨ ខែឧសភាបានឲ្យដឹងថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកោះនរាដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានី-ភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ។
លិខិតបន្តថា៖ «តាមផែនការក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រទៅគម្រោងអភិវឌ្ឍន៍កោះនរា។ នៅពេលសាងសង់រួចស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ហេតុនេះដើម្បីជួយសម្រួលដល់ការស្ថាបនាស្ពាននេះក្រុមហ៊ុន OCIC ស្នើសុំគោលការណ៍ទៅនាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃសរុប ៤០,៨៨ លានដុល្លារដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញតាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗខាងមុខ»។
លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Towncity Real Estate Co., Ltd បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃពុធថា ការតភ្ជាប់ស្ពានពីកោះពេជ្រទៅកាន់កោះនរាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យតំបន់កោះនរា និងតំបន់ក្នុងខណ្ឌច្បារអំពៅទាំងមូលកាន់តែមានសក្តានុពលបន្ថែមទៀតក្នុងការទាក់ទាញឲ្យមានការចូលទៅវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ពិសេសការសាងសង់គម្រោងធំៗដែលផ្សារភ្ជាប់ជាមួយធម្មជាតិជាប់មាត់ទន្លេ។ លោកបានបន្ថែមថា ជាធម្មតាកន្លែងដែលទីផ្សារអចលនទ្រព្យមានភាពល្អប្រសើរគឺជាកន្លែងដែលអាចមានមនុស្សរស់នៅច្រើនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អមានសុវត្ថិភាព និងមានសេវាកម្មចម្រុះ។
លោកថ្លែងថា៖ «បើទោះបីពេលនេះតំបន់កោះនរាមានការរីកចម្រើនច្រើនហើយក៏ដោយ ប៉ុន្តែនៅពេលមានការសាងសង់ស្ពានពីកោះពេជ្រនោះ ខ្ញុំមានជំនឿថា វិស័យអចលនទ្រព្យនឹងមានការប្រែប្រួលខ្លាំងជាមិនខាន»។ លោកបន្តថា៖ «ការតភ្ជាប់ស្ពាននឹងធ្វើឲ្យទីនោះមានចម្ងាយកាន់តែកៀកតំបន់កណ្តាលរាជធានីភ្នំពេញ ហេតុនេះតម្លៃអចលនទ្រព្យក៏កើនឡើងទៅតាមនោះដែរ»។
បើតាមលោក ចាន់ថន បន្ទាប់ពីមានស្ពានតំបន់កោះនរានឹងក្លាយជាតំបន់ដែលមានប្រជាជនរស់នៅច្រើន តំបន់ពាណិជ្ជកម្ម និងជាតំបន់ដែលមានសំណង់ធំៗច្រើនប្រហាក់ប្រហែលនឹងកោះពេជ្រ។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខ បាននិយាយថា បើមានការសាងសង់ស្ពានចេញពីកោះពេជ្រ អចលនទ្រព្យនៅកោះនរានឹងកើនតម្លៃខ្ពស់ដូចតំបន់ជ្រោយចង្វារនាពេលនេះអ៊ីចឹង ព្រោះតំបន់នេះខណ្ឌជាមួយចំណុចកណ្តាលក្រុង ដោយសារតែទន្លេ ១ ប៉ុណ្ណោះ។
លោកថ្លែងថា៖ «បច្ចុប្បន្នមិនសូវខ្លាំងទេ តែបើមានស្ពាន តម្លៃអចលនទ្រព្យនៅតំបន់កោះនរានឹងផ្ទុះឡើង ព្រោះវាប្រៀបបាននឹងក្រុងរណបដែលជាប់នឹងចំណុចកណ្តាលភ្នំពេញ និងមានស្ថានភាពធម្មជាតិស្រស់បំព្រងទៀតផង»។
បើតាមលោក សុខនឿន បច្ចុប្បន្នអចលនទ្រព្យនៅតំបន់កោះនរាជាប់មាត់ទន្លេអាចមានតម្លៃលើសពី ១ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ចំណែកតំបន់ក្នុងៗអាចមានតម្លៃចន្លោះពី ១០០-៥០០ ដុល្លារ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC កាលពីថ្ងៃពុធបានបដិសេធធ្វើអត្ថាធិប្បាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ អំពីផែនការសាងសង់ស្ពាននេះ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុន OCIC គ្រោងនឹងប្រែក្លាយកោះនរាដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គត្រើយខាងកើតទល់នឹងទីក្រុងកោះពេជ្រឲ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបលាតសន្ធឹងលើទំហំផ្ទៃដីប្រមាណ ១០០ ហិកតា។
លោកបន្តថា នាពេលកន្លងមកក្រុមហ៊ុនបានធ្វើការសិក្សាលើជម្រើសចំនួន ២ ទាក់ទងនឹងការសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាដោយទី ១ ជាការសាងសង់ស្ពានឆ្លងកាត់ពីលើទឹកទន្លេ ដែលគ្រោងចំណាយថវិកាប្រហែល ៦០ លានដុល្លារ និងទី ២ សង់ផ្លូវកាត់ក្រោមទន្លេ ដែលមានតម្លៃប្រមាណ ២០០ លានដុល្លារ៕ LA
វីដេអូ៖